អានតួអត្ថបទ
អាមេរិក-អន្តោប្រវេសន៍

អាមេរិក៖​លោក​ដូណាល់ ត្រាំ​ចង់​រឹតបន្តឹង​លក្ខខណ្ឌ​សុំ​សិទ្ធិជ្រកកោន​របស់​ជនអន្តោប្រវេសន៍​ខុសច្បាប់

នៅ​អាមេរិក រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចង់​រឹតបន្តឹង​លក្ខខណ្ឌ​សុំសិទ្ធិ​ជ្រកកោន​របស់​ជនអន្តោប្រវេសន៍​ដែល​បាន​ចូល​ទឹកដី​អាមេរិក​ដោយ​ខុស​ច្បាប់។ ជាមួយ​នឹង​លក្ខខណ្ឌ​ថ្មី អន្តោប្រវេសន៍​ដែល​បាន​ចូល​ទឹកដី​អាមេរិក​ដោយ​ខុស​ច្បាប់​នឹង​មិន​អាច​សុំសិទ្ធិ​ជ្រកកោន​នយោបាយ​ទេ។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ការកែប្រែ​​​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ ១៩៧៥។

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ
លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ច្បាប់​អាមេរិក​ក្នុង​ឆ្នាំ ១៩៧៥ បាន​អនុញ្ញាត​ឲ្យ​ជនអន្តោប្រវេសន៍​គ្រប់​រូប​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​សិទ្ធិជ្រកកោន​នយោបាយ ទោះ​បី​ជា​ពួក​គេ​បាន​ឆ្លង​ដែន​ពី​ប្រទេស​ម៉ិចស៊ិក​ចូល​ក្នុង​ទឹកដី​អាមេរិក​តាម​ច្រក​ផ្លូវការ​ ឬ​មួយ​លួច​ឆ្លង​ចូល​ដោយ​ខុស​ច្បាប់​ក៏​ដោយ។ តែ​ជាមួយ​នឹង​ច្បាប់​ដែល​លោក​ដូណាល់ ត្រាំ​ចង់​បាន​ពេល​នេះ គឺ​មាន​តែ​ជនអន្តោប្រវេសន៍​ដែល​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​អាមេរិក​តាម​ច្រក​ផ្លូវការ​ទេ​ទើប​អាច​សុំសិទ្ធិជ្រកកោន​នយោបាយ​បាន។ ក្រសួង​សន្តិសុខផ្ទៃក្នុង​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ វិច្ឆិកា​ថា ច្បាប់​សុំសិទ្ធិជ្រកកោន​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​អាមេរិក​ទទួល​ពាក្យ​សុំសិទ្ធិជ្រកកោន​ច្រើនជ្រុល និង​ដែល​មាន​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​ខ្លះ​គ្មាន​ហេតុផល និង​ភស្តុតាង​ត្រឹមត្រូវ​ទេ។

តាម​ក្រសួង​សន្តិសុខផ្ទៃ​អាមេរិក​ដដែល ច្បាប់​សុំសិទ្ធិជ្រកកោន​បច្ចុប្បន្ន​ក៏​បាន​រារាំង​អាមេរិក​ក្នុង​ការ​ពិនិត្យ និង​សម្រេច​ភ្លាមៗ​លើ​ករណី​បន្ទាន់​ចំពោះ​អ្នក​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ក្នុង​ទទួល​បាន​សិទ្ធិជ្រកកោន​នយោបាយ។ ផ្អែក​តាម​តួលេខ​របស់​រដ្ឋបាល​អាមេរិក ចំនួន​អ្នក​ដាក់​ពាក្យ​សុំសិទ្ធិជ្រកកោន​នយោបាយ​ក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើន​ចំនួន ២ ០០០%។ ក្នុង​នោះ មាន​តែ ១០% ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​យល់ព្រម និង​មាន ៧០០ ០០០ករណី​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ។

យ៉ាង​ណា​ក៏​ដោយ មាន​ក្រុម​អង្គការ​ការពារ​សេរីភាព​ជា​ច្រើន ពិសេស​អង្គការ ACLU ដ៏​មាន​ឥទ្ធិពល​បាន​ចោទ​សួរ​ពី​ភាព​ស្របច្បាប់​នៃ​ការ​រឹតបន្តឹង​សិទ្ធសុំជ្រកកោន។ អ្វី​ដែល​ក្រុម​អង្គការ​ការពារ​សេរីភាព​ប្រផ្នូល​ទុក គឺ​ការ​ប្រទាញប្រទង់​ក្នុង​ផ្លូវតុលាការ​ជា​ថ្មី​នៅ​ជុំវិញ​នយោបាយ​ប្រឆាំង​អន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ។ តែ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ដោយ​គ្មាន​មន្ទិលសង្ស័យ​ថា ច្បាប់​ថ្មី​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​រឹតបន្តឹង​លំហូរ​អន្តោប្រវេសន៍​ចូល​ក្នុង​ទឹកដី​អាមេរិក ប្រសិន​បើ​សន្តិសុខជាតិ​បាន​ទទួល​ការ​គំរាមកំហែង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ