អានតួអត្ថបទ
បច្ចេកវិទ្យា

អគ្គនាយកTesla និងSpace X បង្ករឿងអាស្រូវ ដោយហៅមេក្រុមសង្រ្គោះកុមារក្នុងរូងភ្នំនៅថៃ ថា “Pedophile”

ជាថ្មីម្តងទៀត លោកមហាសេដ្ឋី Elon Musk អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា Tesla និង Space X បានបង្កឲ្យមានរឿងអាស្រូវ តាមរយៈសម្តី ដែលចាត់ទុកអ្នកជំនាញសង្រ្គោះ ជនជាតិអង់គ្លេស ដែលបានដឹកនាំ ការ​សង្គ្រោះ​កុមារ ក្នុងរូងភ្នំនៅប្រទេសថៃ ​ថាជា បុរសរំលោភបំពានផ្លូវភេទលើកុមារ។ សម្តីចោទប្រកាន់ ដែលបានសរសេរលើទំព័រTwitter នេះ គឺលោកElon Musk បានធ្វើឡើង បន្ទាប់ពីអ្នកជំនាញសង្រ្គោះរូបនោះ បានបដិសេធ មិនទួលយកជំនួយរបស់លោក Elon Musk ដែលចង់បញ្ជូនយានមុជទឹកបាតសមុទ្រខ្នាតតូចមួយគ្រឿង មកជួយក្នុងប្រតិបត្តិការ។​

លោក Elon Musk អគ្គនាយក និងជាស្ថាបនិក Tesla និង Space X
លោក Elon Musk អគ្គនាយក និងជាស្ថាបនិក Tesla និង Space X REUTERS/Bobby Yip/File Photo
ផ្សាយពាណិជ្ជកម្ម

នៅលើ ទំព័រ Twitter របស់ខ្លួន លោក Elon Musk បានចាត់ទុកលោក Vernon Unsworth បុរសជនជាតិអង់គ្លេស អាយុ៦៣ឆ្នាំ ដែលជាអ្នកជំនាញដឹកនាំការសង្រ្គោះកុមារ ចេញពីរូងភ្នំនៅថៃ ថាជាបុរសបំពានផ្លូវភេទលើកុមារ។ សំណេរចោទប្រកាន់ ដែលបង្កជារឿងអាស្រូវនេះ ត្រូវបានលោក Elon Musk លប់ចោលវិញ ប៉ុន្មានម៉ោងក្រោយមក។ ក៏ប៉ុន្តែអ្វីៗ​ បានយឺតពេលអស់ទៅហើយ ដោយដំណឹងនេះ ត្រូវបានចុះផ្សាយព្រោង​ព្រាត។ លោក Vernon Unsworth បានបញ្ជាក់ពីបំណង ចង់ដាក់ពាក្យប្តឹង ទៅនឹងការចោទប្រកាន់មាក់ងាយនេះ។

សូមបញ្ជាក់ថា លោក Elon Musk គឺជាអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា២ដ៏ធំ គឺក្រុមហ៊ុន Tesla ដែលផលិត​រថយន្ត​ ដើរដោយប្រព័ន្ធភ្លើងអាគុយ និងក្រុមហ៊ុនSpace X ដែលមានយានអវកាសដឹកជញ្ជូនសម្ភារៈទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ លោក Elon Musk បានស្នើទៅកាន់ក្រុមប្រតិបត្តិការសង្រ្គោះកុមារ ក្នុងរូងភ្នំនៅថៃ ថាសុំបញ្ជូនយានមុជទឹកបាតសមុទ្រខ្នាតតូចមួយគ្រឿង របស់ក្រុមហ៊ុនលោក ដើម្បីទៅជួយរំដោះកុមារចេញមក។ តែសំណើរនេះ ត្រូវបានលោក Vernon Unsworth ដែលជាប្រធានក្រុមសង្រ្គោះ បដិសេធមិនទទួលយក ដោយចាត់ទុកថា វាមិនមានប្រយោជន៍ និងថា ក្រុមការងារសង្រ្គោះ មិនចង់ផ្តល់ឱកាស ឲ្យក្រុមហ៊ុនលោក Elon Musk កេងចំណេញផ្សាយពាណិជ្ជកម្មនោះទេ។

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១ទេ ដែលលោកមហាសេដ្ឋី Elon Musk នេះ បានប្រើពាក្យសម្តី ​បង្កជារឿងរ៉ាវមិនសមរម្យ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុនដ៏ធំបែបនេះ។ ក៏ប៉ុន្តែលើកនេះ សម្តីគ្មានការពិចារណា ដូចកូនក្មេងរបស់លោក Elon Musk នេះ ត្រូវបានអ្នកវិភាគជាច្រើន ចាត់ទុកថា វាហួសហេតុពេកណាស់ ហើយវានឹងជះផលមិនល្អ ដល់មុខមាត់របស់ក្រុមហ៊ុន។

ជាក់ស្តែង នៅថ្ងៃចន្ទទី១៧កក្កដានេះ ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះដល់​ទៅ​២,៧៥%​ នៅ​លើ​ផ្សារ Wallstreet។ បញ្ហានេះ កាន់តែបន្ថែមការលំបាកដល់ក្រុមហ៊ុននេះ ដែលកំពុងតែជួបការលំបាកស្រាប់ទៅហើយ ជាមួយនឹងភាពយឺតយ៉ាវ ក្នុងការផលិតឲ្យបានរថយន្ត Tesla Model 3។ ភាពយឺតយ៉ាវនេះ បានធ្វើឲ្យម្ចាស់ភាគហ៊ុន បាត់បង់ជំនឿចិត្ត លើរូបលោក Elon Musk។

បណ្តាញព័ត៌មាន​ជាច្រើន បានលើកឡើងថា លោក Elon Musk មានចរិកកាន់តែដូចកូនក្មេង មិនសមជាអគ្គនាយកក្រុមហ៊ុន ព្រោះលោកមិនចូលចិត្តឲ្យគេរិះគន់ ឬសួរនាំច្រើន ពីចំណុចអវិជ្ជមានអ្វីទេ។ លោក Elon Musk ចូលចិត្តឲ្យគេសរសើរ ហើយតែងតែនិយាយសម្តីជេរប្រមាថមកវិញ នៅពេលណាគេរិះគន់។ នៅលើបណ្តាញសង្គម អ្នកខ្លះបានប្រដូចលោក Elon Musk ទៅនឹងលោកដូណាល់ ត្រាំទៀតផង ព្រោះមានមាត់អត់គំរប និយាយគ្មានការពិចារណាដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ