កូរ៉េទាំងពីរជួបគ្នាដើម្បីកាត់បន្ថយភាពតានតឹង
គណប្រតិភូកូរ៉េខាងជើងនិងគណប្រតិភូកូរ៉េខាងត្បូងបានជួបគ្នា នៅថ្ងៃអង្គារទី៨កុម្ភៈនេះ។ គឺជាលើកទីមួយហើយ តាំងពីមានការបាញ់ផ្លោងដោយកូរ៉េខាងជើង ទៅលើកោះមួយរបស់កូរ៉េខាងត្បូង កាលពីខែវិច្ឆិកាឆ្នាំទៅមិញ ដែលប្រទេសបងប្អូនគូសត្រូវទាំងពីរបានជួបចរចាគ្នា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
គោលដៅនៃកិច្ចប្រជុំថ្ងៃនេះដែលប្រព្រឹត្តទៅ នៅភូមិPanmunjun ក្នុងតំបន់ទ្រនាប់គ្មានកងទ័ព គឺរៀបចំជំនួបថ្នាក់រដ្ឋមន្ត្រី នាពេលខាងមុខរវាងកូរ៉េទាំងពីរ។
ជំនួបនៅថ្ងៃនេះរវាងគណប្រតិភូនៃប្រទេសបងប្អូនគូសត្រូវទាំងពីរ ជាឱកាសមួយសម្រាប់កូរ៉េខាងត្បូងក្នុងការស្ទង់មើលឆន្ទៈពិតប្រាកដរបស់កូរ៉េខាងជើង ស្ទង់មើលថាតើកូរ៉េខាងជើងពិតជាមានបំណងចង់រំងាប់ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េមែនឬទេ។
ចូរកុំភ្លេចថា នៅក្នុងអំឡុងឆ្នាំ២០១០កន្លងទៅនេះ ឧប្បត្តិហេតុធ្ងន់ធ្ងរពីរបានកើតឡើង។ ទីមួយ គឺការបាញ់ពន្លិចដោយទ័ពកូរ៉េខាងជើង នាវាមួយគ្រឿងរបស់កូរ៉េខាងត្បូង ជាហេតុបានបណ្តាលឲ្យមានស្លាប់នាវិក៤៦នាក់។
ទីពីរ គឺការបាញ់ផ្លោងដោយកូរ៉េខាងជើង ទៅលើកោះមួយរបស់កូរ៉េខាងត្បូង ជាហេតុបានបណ្តាលឲ្យមានស្លាប់ស៊ីវិលពីរនាក់និងទាហានពីរនាក់។
ជាច្រើនខែមកហើយ ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសចិន បានជម្រុញកូរ៉េទាំងពីរឲ្យជួបគ្នានិងផ្តើមកិច្ចសន្ទនាសាឡើងវិញ។ គឺប្រហែលជាអ៊ីចឹងហើយ បានជានៅថ្ងៃនេះ កូរ៉េទាំងពីរបានផ្តើមជួបចរចាគ្នាត្រឹមថ្នាក់ឧត្តមមន្ត្រី។ បើសិនជាបានផលល្អ អង្គប្រជុំដើមដំបូងនេះ អាចនឹងត្រូវបន្តនាពេលឆាប់ៗខាងមុខ លើកនេះរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ