ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

អធិរាជ​ជប៉ុន​សំដែង​វិប្បដិសារី នៅថ្ងៃ​ប្រារព្ធខួប ជប៉ុន​សុំ​ចុះចាញ់​សង្រ្គាម

media  
ព្រះចៅអធិរាជ​ជប៉ុន អាគីហ៊ីតូ (ស្តាំ) នៅក្នុង​ពិធិស្មឹងស្មាធ នៅថ្ងៃ​ប្រារព្ធ​ខួប​៧៣​ឆ្នាំនៃថ្ងៃ​ប្រកាស​ចុះចាញ់​សង្រ្គាម​របស់​ជប៉ុន នៅ​សង្រ្គាម​លោកលើកទី ២ នៅទីក្រុង​តូក្យូ ថ្ងៃទី ១៥ សីហា ២០១៨ ©REUTERS/Toru Hanai

ព្រះចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតូ នៅ​ថ្ងៃ​ពុធ​នេះ បាន​សំដែង​វិប្បដិសារី​ដ៏ជ្រាលជ្រៅ​របស់​ព្រះអង្គ នៅក្នុង​ឱកាស​ដែល​ជប៉ុន ប្រារព្ធ​ខួប ៧៣​ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ចុះចាញ់សង្រ្គាម​របស់​ជប៉ុន កាលពី​ថ្ងៃទី ១៥ សីហា ឆ្នាំ១៩៤៥។ អធិរាជ​ជប៉ុន​សង្ឃឹមថា សង្រ្គាម​ដ៏ឈឺចាប់​ដូចគ្នានេះ នឹង​មិនអាច​ត្រលប់មក​កើតមាន​សាជាថ្មី​នោះទេ។

 

នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី ៧៣ នៃ​ការប្រកាស​ចុះចាញ់​សង្រ្គាម​របស់​ជប៉ុន ព្រះចៅ​អធិរាជ អាគីហ៊ីតូ​បាន​សំដែង​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់​ប្រទេស​ជាតិ​របស់​ព្រះអង្គ នៅក្នុង​សម័យ​សង្រ្គាម​លោកលើកទី២។ ព្រះរាជវត្តមាន​របស់​អធិរាជ អាគីហ៊ីតូ នៅក្នុង​ពិធីរំលឹក​ខួប នៃ​ថ្ងៃ បិទបញ្ចប់​សង្រ្គាម​នៅ​ជប៉ុន អាច​ជា​ឱកាស​លើក​ចុងក្រោយ​របស់​ព្រះអង្គ ដែល​ត្រូវ​ផ្ទេរ​រាជបល្ល័ង្ក មុនកាលកំណត់​ទៅ​ឲ្យ​ព្រះរាជបុត្រ​ស្នងរាជ្យ នៅ​ខែ​មេសា​ឆ្នាំក្រោយ។

នៅ​ចំពោះ​មុខ​មហាជន​ជប៉ុន​ជាង​៦ពាន់​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​របស់​អ្នកស្លាប់ នៅក្នុង​សម័យ​សង្រ្គាម ព្រះចៅអធិរាជ​អាគីហ៊ីតូ បានមាន​ព្រះបន្ទូល មិន​ចង់​ឲ្យ​សង្រ្គាម​ត្រលប់​មក​កើតមាន​ជាថ្មី​នោះទេ។ ព្រះអង្គ​បាន​បន់ស្រន់​សុំ​ឧទ្ធិស​កុសល ដល់​ព្រលឹង​អ្នកដែល​បាន​ស្លាប់​នៅក្នុង​សមរភូមិ នៅគ្រប់កន្លែង និង​សុំ​ឲ្យ​មាន​សុខសន្តិភាព ក្នុង​ពិភពលោក។

អាគីហ៊ីតូ បុត្រ​របស់​អធិរាជ​ជប៉ុន ហ៊ីរ៉ូហ៊ីតូ ដែល​បាន​ប្រកាស​លើក​ទង់ជ័យស​របស់​កងទ័ពជប៉ុន នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ធ្លាប់​បាន​សំដែង​វិប្បដិសារី ជាលើកទី១ នៅ​ឆ្នាំ ២០១៥។ តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ ព្រះអង្គ​តែង​តែថ្លែង​ការសោកស្តាយ​រហូតមក​របស់​ព្រះអង្គ​ចំពោះ​ទង្វើ​របស់​ទាហាន​ជប៉ុន នៅក្នុង​សម័យសង្រ្គាម។ ទោះបី​ជា​គ្មាន​អំណាច និង​ឥទ្ធិពល ក្នុង​ផ្នែក​នយោបាយ ប៉ុន្តែ ព្រះចៅអធិរាជ អាគីហ៊ីតូ មាន​ជំហរ​គាំទ្រ​សន្តិភាព គឺ​ផ្ទុយស្រឡះ​ពី​បិតា​របស់​ព្រះអង្គ ដែល​ធ្លាប់​អនុវត្ត​នយោបាយ​វាតទី​និយម ទៅលើ​ប្រទេស​ជិតខាង​នៅ​អាស៊ី នៅក្នុង​សង្រ្គាមលោកលើកទី២។

សូមអាន៖ សង្រ្គាមលោក​លើកទី២៖ ​សកម្មភាព​យោធា​ជប៉ុន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

 

ព្រះចៅ​អាគីហ៊ីតូ​ធ្លាប់​បាន​ធ្វើ​ឲ្យ​ក្រុមអភិរក្ស ស្តាំនិយម​ខឹង​ម្តងហើយ នៅពេល​ព្រះអង្គ​បាន​ថ្លែង​ថា ប្រទេស​របស់​ព្រះអង្គ ជប៉ុន​បាន​បង្ក​ឲ្យ​មាន​ការឈឺចាប់ នៅ​ប្រទេស​ចិន។ កាលណោះ ព្រះចៅ​អាគីហ៊ីតូ​បាន​សំដែង​ការសោកស្តាយ​ផងដែរ ចំពោះ ការដឹកនាំ​ដ៏កម្រោល​របស់​ជប៉ុន នៅ​ឧបទ្វីបកូរ៉េ។

ឡើង​ថ្លែង​ផង​ដែរ នៅក្នុង​ពិធី​រំលឹក​ខួប ថ្ងៃ​បិទបញ្ចប់​សង្រ្គាម នៅថ្ងៃ​នេះ លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​វិញ បានសន្យា​ជំរុញ​ឲ្យ​មាន​ការចងចាំ ពី​ការឈឺចាប់​ដោយសារ​សង្រ្គាម ហើយ​និង​កសាង​សន្តិភាព​ទៅ​អនាគត ប៉ុន្តែ លោក​មិន​បាន​សំដែងការសោកស្តាយ​ណាមួយនោះទេ។ លោក​អាបេ ដែល​មក​ពីក្រុមអភិរក្ស និង​ជាតិនិយម ត្រូវ​បានគេមើលឃើញថា ជាអ្នក​ចង់សើរើ កែប្រែ​ប្រវត្តិសាស្រ្ត។ នៅ​ឆ្នាំ ២០១៣ ដើម្បី​កត់សំគាល់​ការវិលត្រលប់​របស់​លោក មក​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន លោក​អាបេ បាន​ចូល​ទៅ​ម្តង ទៅ​វិហារ យ៉ាស៊ូគូនី កន្លែង​ដ៏ចម្រូងចម្រាស ព្រោះ​មាន​ដាក់​អដ្ឋិធាតុ​របស់​ទាហាន​ជប៉ុន ដែល​តុលាការ​អន្តរជាតិ​កាត់ទោស​ជា​ឧក្រិដ្ឋជន​សង្រ្គាម នៅក្រោយ​សង្រ្គាម​លោកលើក​ទី២។

ប៉ុន្តែ នៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ លោក​អាបេ​លែង​ទៅ​វិហារ​យ៉ាស៊ូគូនីវិញ ដើម្បី​កាត់បន្ថយ​ភាពតានតឹង​ជាមួយ ​ចិន និង​កូរ៉េ ដែល​តែង​ខឹងក្រោធ នៅរាល់​ពេល​អ្នកនយោបាយ​ជប៉ុន លើកគ្នា ទៅ​គោរព​ព្រលឹង​សព​ទាហាន​ជប៉ុន ដែល​ចិន និង​កូរ៉េ​ចាត់ទុក​ជាឧក្រិដ្ឋជន សង្រ្គាម សម្លាប់​ប្រជាជន​ចិន និង​កូរ៉េ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ