អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

អាមេរិកដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើក្រុមហ៊ុនកូរ៉េខាងជើងពីបទបានវាយប្រហារតាមអ៊ីនធ័រនែត

នៅ​ថ្ងៃ​សុក្រ ទី១៣ កញ្ញា រដ្ឋបាល​អាមេរិកាំង​បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​ក្រុមហ៊ុន​កូរ៉េខាងជើង​ចំនួន ៣ ដែល​បាន​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​មន្ទីរពេទ្យ​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១៧ ឬ​មួយ​លើ​ធនាគារកណ្តាល​នៃ​ប្រទេស​បង់ក្លាដែស​ក្នុង​ឆ្នាំ ២០១៦។ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ខ្លួន​ថា ក្រុមហ៊ុន​ចោរ​ព័តមានវិទ្យា​កូរ៉េខាងជើង​ទាំង ៣ ជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង
លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង Korea Summit Press Pool / AFP
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ទាំង ៣ក្រុមហ៊ុន​មាន​ឈ្មោះ Lazarus Group Bluenoroff និង​ក្រុមហ៊ុន Andariel។ លោក Sigal Mandelker អនុរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​នឹង​ហិរញ្ញប្បទាន​ភេរវនិយម​បាន​បញ្ជាក់​ថា បេសកកម្ម​របស់​ក្រុមហ៊ុន​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​ទាំង ៣ក្រុមហ៊ុន​គឺ​ស្វែង​រក​លុយ​ដើម្បី​គាំទ្រ​លើ​កម្មវិធី​អាវុធ និង​គ្រាប់ស៊ីល​ខុសច្បាប់​របស់​ក្រុង​ព្យុងយ៉ាង។ តាម​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ក្រុមហ៊ុន Lazarus Group ដែល​រដ្ឋអំណាច​កូរ៉េខាងជើង​បង្កើត​ក្នុង​ឆ្នាំ ២២០៧ បាន​ប្រើ​មេរោគ​ឈ្មោះ WannaCry ២.០ វាយប្រហារ​លើ​ម៉ាស៊ីនកុំព្យូទ័ព​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​លោក ពិសេស​នៅ​សហរដ្ឋអាមេរិក កាណាដា នូវែលហ្សេឡង់ និង​ប្រទេស​អង់គ្លេស។ ជា​សរុប មាន​ម៉ាស៊ីនកុំព្យូទ័រ​ប្រមាណ ៣០០ ០០០គ្រឿង​ក្នុង​លោក​បាន​រង​ការ​វាយប្រហារ​ដោយ​មេរោគ WannaCry ២.០។

នៅ​ក្នុង​ប្រទេស​អង់គ្លេស ម៉ាស៊ីនកុំព្យូទ័រ​ចំនួន ១ភាគ៣ របស់​មន្ទីរពេទ្យ​បាន​រង​ការ​វាយប្រហារ ហើយ​ភាព​រអាក់រអួល​ផ្នែក​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខាតបង់​គិត​ជា​ទឹកប្រាក់​ចំនួន ១១២លានដុល្លារ។ ចំណែក​ក្រុមហ៊ុន Bluenoroff ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​បង្កើត​ឡើង​ដើម្បី​ស្វែង​រក​ថវិកា​ឲ្យ​រដ្ឋាភិបាល​ដែល​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ ក្រុមហ៊ុនBluenoroff នេះ​ត្រូវ​បាន​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធ័រនែត​ចាប់​អត្តសញ្ញាណ​បាន​ចាប់​ពី​ឆ្នាំ ២០១៤។ កាល​ណោះ Bluenoroff បាន​ព្យាយាម​លួច​លុយ​ជាង ១ ១០០លានដុល្លារ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​លោក​តាំង​ពី​ម៉ិចស៊ិក​ដល់​ប៉ាគីស្ថាន​ដោយ​ឆ្លង​កាត់​តួកគី ឈីលី និង​ប្រទេស​វៀតណាម។

ចុងក្រោយ​គឺ​ក្រុមហ៊ុន​ចោរព័ត៌មានវិទ្យា​កូរ៉េខាងជើង​ឈ្មោះ Andariel ដែល​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ចាប់​ពី​ឆ្នាំ ២០១៥។ Andariel បាន​ផ្តោត​ការ​​វាយប្រហារ​លើ​រដ្ឋាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កូរ៉េខាងត្បូង។ ទង្វើ​លេចធ្លោ​របស់​ក្រុមហ៊ុន Andariel គឺ​ការ​​ចូល​លួច​ព័ត៌មាន​ឯកជន​នៅ​ក្នុង​ម៉ាស៊ីន ATM របស់​ធនាគារ រួច​យក​ព័ត៌មាន​ឯកជន​ទាំង​នោះ​ទៅ​លក់​នៅ​ទីផ្សារ​ងងឹត។ ទន្ទឹម​គ្នា​នេះ Andariel ក៏​ល្បី​ខាង​បង្កើត​កម្មវិធី​មួយ​ដែល​អាច​បង្វែរ​ទឹកប្រាក់​លេង​ល្បែងបៀ​អនឡាញ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ