អានតួអត្ថបទ
ឥណ្ឌា

កិច្ចសន្យា​​ទិញ​យន្តហោះ​ចម្បាំង បារាំង Rafale ១២៦​គ្រឿង អាច​ស្លាប់​មុន​កើត

កិច្ចសន្យា​ប្រចាំសតវត្សរ៍​របស់​ក្រុមហ៊ុន​បារាំងDassaultដែល​ត្រូវ​លក់​យន្តហោះ​ចម្បាំង​ប្រមាណ ១២៦​គ្រឿង​ទៅ​ឲ្យ​ឥណ្ឌា ហាក់​​បាត់​ពន្លឺ​បណ្តើរៗ។ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ម្សិលមិញ​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​​ឥណ្ឌា បាន​ប្រកាស​ ពី​នយោបាយ​ថ្មី ដែល​ថា រាល់​ការចរចា​ទិញ​យន្តហោះ​ចម្បាំង នឹង​ធ្វើឡើង រវាង​រដ្ឋាភិបាល និង រដ្ឋាភិបាល គឺ​លែង ឆ្លងកាត់ តាម​ការដេញថ្លៃ​​របស់​ក្រុមហ៊ុន​​ដូចមុនទៀតហើយ។ 

យន្តហោះ​ចម្បាំង Rafaleនៅ​រោងចក្រ​ផលិតក្នុង​ប្រទេស​បារាំង
យន្តហោះ​ចម្បាំង Rafaleនៅ​រោងចក្រ​ផលិតក្នុង​ប្រទេស​បារាំង REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ជាជាង​ការដាក់​ឲ្យ​ដេញ​ថ្លៃ កិច្ចសន្យា ទិញ​យន្តហោះ​ចម្បាំង ដែល​ជាញឹកញយ បង្ក​ឲ្យ​មាន​ការភ័ន្តច្រលំ ឬ បញ្ហា​ចលាចល រដ្ឋាភិបាល​​ឥណ្ឌា បាន​សម្រេច​ទិញ យន្តហោះ ​​Rafale ៣៦គ្រឿង ដែល​ផលិត​រួចជាស្រេច​ក្នុង​ប្រទេស​បារាំង។ រាល់​កិច្ចសន្យា​ទិញ​យន្តហោះ​​ចម្បាំង​Rafale​បារាំង ផ្សេងទៀត នៅ​ថ្ងៃ​ខាងមុខ ​នឹង​ធ្វើឡើង ​តាមរយៈ​ការចរចា​ដោយ​ផ្ទាល់ រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ នេះ​បើតាម​ការអះអាង​របស់​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌា ម៉ានូហា ប៉ារីការ។ ការប្រកាស​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌា​ទំនង​​មាន​ន័យថា ​គម្រោង​​ការទិញ​យន្តហោះ​​Rafale ទាំង​១២៦​គ្រឿង ​ដែលឥណ្ឌា និង​ក្រុមហ៊ុន​បារាំង​Dassault បាន​ចរចា​គ្នាអស់​៣​ឆ្នាំមកហើយ នឹង​ត្រូវ​រដ្ឋាភិបាល​ឥណ្ឌា​បិទកប់​ចោល​មួយ​កន្លែង។

 

 
កាលពី​សប្តាហ៍មុន នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ក្នុង​ប្រទេស​បារាំង នាយក​រដ្ឋមន្រ្តីឥណ្ឌា​​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ ដោយ​បានប្រកាស​ទិញ យន្តហោះ​ចម្បាំង បារាំង ៣៦​គ្រឿង ​សម្រាប់​បំពាក់ភ្លាមៗ​ឲ្យ​កងទ័ព​អាកាស​ឥណ្ឌា​។ ដោយ​ទិញ​យន្តហោះ​ផលិត​រួចជា​ស្រេច នៅក្នុង​ទឹកដី បារាំង ឥណ្ឌាដែល​ចង់​ធ្វើ​ទំនើបកម្ម​ជាបន្ទាន់វិស័យ​កងទ័ព ចង់​​​ធ្វើការ​សន្សំសំចៃ​ក្នុង​កញ្ចប់​ថវិកា​យោធា​របស់ខ្លួន​។ តម្លៃ​សរុប​របស់​​យន្តហោះ ទាំង​១២៦​គ្រឿង បាន​កើនឡើងពី​ ១២​ពាន់ លាន​ទៅ ២០​ពាន់​លាន​អឺរ៉ូ។

ចាប់តាំង​ពី​ឆ្នាំ ២០១២ ឥណ្ឌា និង​ក្រុមហ៊ុនរដ្ឋបារាំង Dassault បាន​បើក​ការចរចា​​លើ​​កិច្ចសន្យា​លក់​យន្តហោះ​​Rafale១២៦ ដែល​នៅក្នុង​នោះ ១០៨​គ្រឿង ត្រូវ​ផលិត​ឡើង នៅក្នុង​ទឹកដី​ឥណ្ឌា ដោយ​ក្រុមហ៊ុន​រដ្ឋបារាំង និង​ក្រុមហ៊ុន​រដ្ឋឥណ្ឌា។ តាម​រដ្ឋមន្រ្តីការពារ​ជាតិ ឥណ្ឌា ការចរចា​លើ​កិច្ចសន្យា​ទិញ​​​Rafale ១២៦​គ្រឿង​បាន​ជួប​ឧបសគ្គ​យ៉ាងច្រើន។ រដ្ឋាភិបាល​ឥណ្ឌា ​ចំណេញ​ពេល​ច្រើន ដោយ​ទិញ​យន្តហោះ​ចម្បាំង​​​Rafale ដែល​ផលិត​រួចស្រេច ក្នុង​ទឹកដី​បារំាង។ ប៉ុន្តែ ធ្វើដូច្នេះ រដ្ឋាភិបាល​​ឥណ្ឌា នឹង​ខកខាន មិន​បាន​ទទួល​បច្ចេកវិទ្យា​របស់​បារាំង ដើម្បី​ផលិត​យន្តហោះ​​​Rafale ក្នុង​ប្រទេស​ឥណ្ឌា។ នយោបាយ​ផលិត​​ក្នុង​ស្រុក Made in India ដែល​លោកនាយករដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី បាន​សន្យា​ធ្វើ​នៅក្នុង​អាណត្តិ​របស់លោក​ក៏​ត្រូវ​រលាយ​សាបសូន្យដែរ។

អ្នកជំនាញ​ខ្លះ​វាយតម្លៃថា ឥណ្ឌា​ទំនង​បោះបង់​ចោល​កិច្ចសន្យា​ចាស់ ដោយសារ​តែ​ ការ​ផ្ទេរ​បច្ចេកវិទ្យា ហើយ​និងការផលិត​​យន្តហោះ​ចម្បាំង​​Rafale​ក្នុង​ទឹកដី​ឥណ្ឌា មាន​តម្លៃ​ថ្លៃ ជាង​ការផលិត នៅក្នុង​ប្រទេស​បារាំង​ទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ