អានតួអត្ថបទ
បារាំង-ឥណ្ឌា

នាយករដ្ឋមន្រ្តី​ឥណ្ឌា​ផ្តើម​ទស្សនកិច្ច​នៅ​អឺរ៉ុប ដោយ​ចាប់ផ្តើម​ជាមួយ​បារាំង

ពី​មនុស្ស​ដែល​គេ​មិន​ស្វាគម​ឲ្យ​ជាន់ទឹកដី​បារាំង មក​ជា​មេដឹកនាំ​ឥណ្ឌា ដែល​ប្រទេស​បារាំង លា​កម្រាលព្រំ​ក្រហម​ចាំទទួល។ នៅថ្ងៃ សុក្រនិង​ថ្ងៃ​សៅរ៍ ទី ១១ មេសា នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នឹង​ចាប់ផ្តើម​ទស្សនកិច្ច​ជាលើក​ទីមួយ ក្នុង​ប្រទេស​បារាំង មុន​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃ​អាទិត្យ។ លោក​នាយករដ្ឋមន្រ្តី នឹង​ប្រើ​ទស្សនកិច្ច​មួយ​ជុំ​នៅ អឺរ៉ុប ដើម្បី អូសទាញ​ក្រុម​វិនិយោគ​បរទេស ទៅក្នុង​ប្រទេស​ឥណ្ឌា។  

Indian Prime Minister Narendra Modi attends a ceremony in Paris, 10 April 2015.
Indian Prime Minister Narendra Modi attends a ceremony in Paris, 10 April 2015. Reuters/Ian Langsdon/Pool
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ប្រមុខដឹកនាំ​ឥណ្ឌា គ្រោង​នឹង​លើក​និយាយ​ជាមួយ​សមភាគី​បារាំង ពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​អវកាស និង​កម្មវិធី​នុយក្លេអ៊ែរ។

 
ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ជា​ឱកាស​បើក​ផ្លូវ ធ្វើ​ឲ្យ​លោក​ណារិនដ្រា ម៉ូឌី​ផ្ទាល់​ត្រូវ​ត្រលប់​ទៅ​ជា​នឹង​រដ្ឋាភិបាល​បារាំង​ឡើងវិញ។ លោក​ណារិនដ្រា ម៉ូឌី ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​បារាំង ប្រកាស​មិន​ស្វាគម​ឲ្យ​ជាន់​ទឹកដី ដោយសារ​តែ​ លោក​ម៉ូឌី ក្នុង​នាម​ជា ប្រធានរដ្ឋ គូចារ៉ាត់ ធ្លាប់​ចូលរួម ជំរុញ ឲ្យ​មាន​កុបកម្ម ឈ្លោះ​គ្នា​ដ៏​ហិង្សា រវាង​អ្នកកាន់​សាសនា​ហិណ្ឌូ និង​អ៊ីស្លាម ដែល​បាន​សម្លាប់​មនុស្ស ប្រមាណ ២ពាន់​នាក់ កាល​ពី​ឆ្នាំ ២០០២។

១២ ឆ្នាំ​ក្រោយ លោក​ណារិនដ្រា ម៉ូឌី បាន​ឈ្នះឆ្នោត ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា រដ្ឋាភិបាល​បារាំង​បើកដៃ ស្វាគម​លោក យ៉ាង​ពេញទំហឹង នៅ​ក្នុង​ទឹកដី​បារាំង។ សក្តានុពល​សេដ្ឋកិច្ច​របស់​ឥណ្ឌា ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ បន្ទាប់ ពី​ចិន នៅ​អាស៊ី ជាកត្តា​មួយសំខាន់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ត្រូវ​បិទទំព័រ​ចាស់ និង​បោះដៃ​រាក់ទាក់​លោក​ណារិនដ្រា ម៉ូឌី។

ក្នុង​ទឹកដី​បារាំង លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា គ្រោង​នឹង​ពិភាក្សា ជាមួយ​ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់​ពី​ការសហការ​រវាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​ការពារ​ជាតិ នុយក្លេអ៊ែរ និង​ឧស្សាហកម្ម ជាពិសេស កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង របស់​បារាំង Rafale ដែល​ឥណ្ឌា និង​បារាំង បាន​ចរចា​គ្នា អស់​៣​​ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ឥណ្ឌា​កំពុង​ស្វែងរក​ទិញ​យន្តហោះ​ចម្បាំង​ទំនើបៗ ដើម្បី​ជំនួស​យន្តហោះ​ចម្បាំង​ចាស់ៗ​របស់ខ្លួន ធុន Sukhoi របស់​រុស្ស៊ី។ នៅ​ឆ្នាំ ២០១២ ឥណ្ឌា​បាន​បើក​ការចរចា ទិញ​យន្តហោះ​ចម្បាំង​បារាំង ធុន Rafale ចំនួន ១២៦​គ្រឿង ក្នុង​តម្លៃ ២០​ពាន់​លាន​អឺរ៉ូ។ ក្នុង​ចំណោម ១២៦​គ្រឿអ ១៨​គ្រឿង ត្រូវ​ផលិត​នៅ​បារាំង ចំណែក ១០៨​គ្រឿង​ទៀត ត្រូវ​ផលិត​នៅ​ឥណ្ឌា ក្រោម​កិច្ច​សហប្រតិបត្តិការ​ផលិត​រួមគ្នា រវាង​ក្រុមហ៊ុន​រដ្ឋ​បារាំង និង​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌា។

រដ្ឋាភិបាល​ឥណ្ឌា​ត្រូវការ​បច្ចេកវិទ្យា និង​ការវិនិយោគ​របស់​អឺរ៉ុប ជាពិសេស បារាំង ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន។ ការផលិត​យន្តហោះ​ចម្បាំង មួយភាគធំ នៅក្នុង​ទឹកដី​ឥណ្ឌា នឹង​ធ្វើ​ឲ្យ​ឥណ្ឌា​បាន​ទទួល​ចំណេះ​បច្ចេកវិទ្យា​អវកាស​ពី​បារាំង និង​បង្កើត​ការងារ​ធ្វើ រាប់ម៉ឺន​សម្រាប់​ប្រជាជន​ឥណ្ឌា។ រហូតមក កិច្ចសន្យា​ហាក់​ជាប់គាំង ដោយសារ​ឥណ្ឌា​វាយតម្លៃ​ថា យន្តហោះ​ចម្បាំង​បារាំង​មាន​តម្លៃ ថ្លៃ​ជាង​យន្តហោះ​របស់​ក្រុមហ៊ុន​ប្រកួតប្រជែង​ផ្សេងទៀត។

យោងតាម​កាសែត​ក្នុង​ស្រុក​ឥណ្ឌា រដ្ឋាភិបាល​ឥណ្ឌា​ទំនង​នឹង​ជំរុញ​ឲ្យ​ការចរចា​កិច្ចសន្យា​ទិញ​យន្តហោះ Rafale បោះជំហាន​ទៅមុខ ដោយ​ឥណ្ឌា អាច​ពិចារណា ទិញ​យន្តហោះ ចម្បាំង ៤០​គ្រឿង ជាជាង ១៨គ្រឿង ដើម្បី​ទៅ​បំពាក់ភ្លាមៗ កងទ័ព​អាកាស​ឥណ្ឌា។ នៅថ្ងៃ​សៅរ៍ លោកនាយករដ្ឋមន្រ្តី​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​ទូលូស ភាគខាងត្បូង​បារាំង ដើម្បី​ទស្សនា រោងចក្រ​ផលិត​យន្តហោះ​Airbus ដែល​មាន​រោងចក្រ​ដំឡើង មួយដែរ នៅប្រទេស​ឥណ្ឌា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ