អានតួអត្ថបទ
ចិន-ភូមា

ហេតុអ្វី​បាន​ជា​ថ្នាក់ដឹកនំា​ចិន​ក្រាល​ព្រំក្រហម​ទទួល​ប្រមុខ​បក្សប្រឆំាង​ភូមា​លោកស្រី​អ៊ុង សានស៊ូជី ?

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា​ដែល​ជា​បក្សប្រឆំាង​ដ៏​ធំ​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មិន​ធ្លាប់​មាន​​រយៈពេល ៥ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ពី​ថ្ងៃ​ពុធ ទី១០ ដល់​ថ្ងៃ​អាទិត្យ ទី១៤ មិថុនា។ នេះ​ជា​លើកទី១ ដែល​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​ភូមា​បាន​ទៅ​ទស្សនកិច្ច​នៅ​ស្រុក​ចិន​តាម​ការ​អញ្ជើញ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​ប្រមុខ​បក្សប្រឆំាង​ភូមា​នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង និង​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​កំពុង​ស្គាល់​ភាព​តានតឹង​យ៉ាង​ខ្លំាង។

លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា
លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា REUTERS/Soe Zeya Tun/Files
ផ្សាយពាណិជ្ជកម្ម

ជាផ្លូវការ លោកស្រី​អ៊ុង សានស៊ូជី​បាន​ទៅ​ចិន តាម​ការ​អញ្ជើញ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ពោល​មិនមែន​រដ្ឋាភិបាល​ចិន​ទេ មាន​ន័យ​ថា គណបក្ស​កុម្មុយនិស្ត​ចិន​ចង់​រឹត​ចំណង​ទាក់ទង​ជាមួយ​គណបក្សជាតិ​ដើម្បី​លទ្ធិប្រជាជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា នេះ​គ្រាន់​តែ​ជា​រូបភាព​សំបកក្រៅ​ប៉ុណ្ណោះ ព្រោះ​ចង់ ឬ​មិន​ចង់ វត្តមាន​របស់​លោកស្រី​អ៊ុង សានស៊ូជី​នៅ​ស្រុក​ចិន​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​មិន​អាច​ប្រកែក​បាន ពី​ការ​ផ្លាស់ប្តូរ​ជំហរ​របស់​ចិន​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ភូមា​ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់​ទឹកមិន​លេច​របស់​ខ្លួន។

នៅ​ក្នុង​អតីតកាល ពោល​ក្នុង​ពេល​ដែល​ភូមា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របបសឹក និង​ក្នុង​ពេល​ដែល​ភូមា​បាន​ទទួល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍អន្តរជាតិ​ដោយសារ​តែ​ការ​ឃុំ​រូប​លោកស្រី​អ៊ុង សានស៊ូជី​នៅ​ក្នុង​គេហដ្ឋាន​អស់​រយៈពេល​ជាង ១៥ឆ្នំា ចិន​គឺ​ជា​ផ្លូវដង្ហើម​សេដ្ឋកិច្ច​របស់​ភូមា​តែ​មួយ​គត់ ឬ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា សេដ្ឋកិច្ច​ភូមា​បាន​ពឹងផ្អែក​សឹង​តែ​ទំាង​ស្រុង​លើ​វិនិយោគ​របស់​ជនជាតិ​ចិន។ ក៏​ប៉ុន្តែ តំាង​ពី​របបសឹក​បាន​រលត់រលាយ​ក្នុង​ឆ្នំា ២០១១ និង​បង្កើត​ចេញ​នូវ​រដ្ឋាភិបាល​ស៊ីវិល​មក ភូមា​របស់​លោក​ប្រធានាធិបតី​ថេន សេន​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ច្រើន​ណាស់ ពិសេស​បើក​ផ្លូវ​ឲ្យ​ក្រុមអ្នកវិនិយោគ​បរទេស​ចូល​ទៅ​រកស៊ី​នៅ​ភូមា។ សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប និង​អាមេរិក​ក៏​បាន​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ចេញ​ពី​ភូមា​ដែរ។

ចិន​ព្យាយាម​ការពារ​ភូមា​កុំ​ឲ្យ​ធ្លាក់​ក្នុង​ក្នុង​ឥទ្ធិពល​អាមេរិក

អ្វី​ដែល​ចិន​កំពុង​សម្លឹង​ឃើញ​ប្រយោជន៍​ពី​លោកស្រី​អ៊ុង សានស៊ូជី គឺ​មិន​មែន​បច្ចុប្បន្ន​ទេ តែ​សម្លឹង​ទុក​សម្រាប់​ថ្ងៃ​ខាង​មុខ។ សម្រាប់​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រទេស​ចិន ការ​ផ្លាស់ប្តូរ​ជំហរ​ជា​រឿង​មួយ​ធម្មតា​ប្រសិន​បើ​ចិន​យល់​ថា ចំាបាច់ និង​អាច​ផ្តល់​ប្រយោជន៍​ចំពោះ​ខ្លួន។ អ្វី​ជា​ការ​កត់សម្គាល់ វត្តមាន​របស់​មេបក្សប្រឆំាង​ភូមា​លោកស្រី​អ៊ុង សានស៊ូជី​នៅ​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​នឹង​ហេតុការណ៍​ចំនួន ៣៖

ទី១ ចំ​ពេល​ដែល​ចិន​កំពុង​សម្គាល់​ឃើញ​ផលប្រយោជន៍​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ភូមា​សព្វថ្ងៃ​ទទួល​ការ​គំរាមកំហែង​យ៉ាង​ខ្លំាង។ ជាក់ស្តែង ដំណើរការ​សាងសង់​មហាទំនប់វារីអគ្គសនី​ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆំាង​របស់​ប្រជាជន​ភូមា និង​អាជីវកម្ម​អណ្តូងរ៉ែ​ទង់ដែន​ត្រូវ​បាន​ព្យួរ​មួយ​រយៈ។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ​ពី​ជម្លោះ​ប្រដាប់អាវុធ​នៅ​តាម​ព្រំដែន​រវាង​ទ័ពភូមា និង​ពួក​ឧទ្ទាម​កូកាង​ដែល​បាន​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ភូមា​រាប់សិប​ពាន់នាក់​ឆ្លង​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ចិន។ ជម្លោះ​ផ្ទៃក្នុង​ភូមា​ក៏​បាន​បណ្តាល​ឲ្យ​ស្លាប់​កសិករ​ចិន​ចំនួន ៤នាក់​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

ទី២ ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​សម្លឹង​ឃើញ​ផលប្រយោជន៍​នៅ​ភូមា ពិសេស​អាមេរិក​ដែល​នា​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ភូមា​កន្លង​ទៅ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​យក​ចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ​ខ្លំាង​ចំពោះ​បុគ្គល​លោកស្រី​អ៊ុង សានស៊ូជី​ជាជាង​ថ្នាក់ដឹកនំា​ភូមា​សព្វថ្ងៃ។

ទី៣ នៅ​ខែ​វិច្ឆិកា​ខាង​មុខ ភូមា​នឹង​រៀបចំ​បោះឆ្នោត​សភា​ដែល​គណបក្ស​របស់​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ទទួល​បាន​សម្លេង​គំាទ្រ​ច្រើន។

គឺ​ហេតុផល​ទំាង ៣ខាង​លើ​នេះ​ហើយ​ដែល​បាន​ជម្រុញ​ឲ្យ​ចិន​មិន​អាច​បន្ត​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​លោកស្រី​អ៊ុង សានស៊ូជី ដោយ​ទុក​បណ្តោយ​ឲ្យ​អ្នក​ផ្សេង​តាម​ចែចង់​ផ្តាច់​មុខ​ទៀត​ទេ។ ចិន​បាន​សម្លឹង​ឃើញ​ទុក​ជា​មុន​ថា អនាគត​អ្នកដឹកនំា​ភូមា​ប្រហែល​គ្មាន​នរណា​ក្រៅ​ពី​លោកស្រី​អ៊ុង សានស៊ូជី​ឡើយ។ ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា ចិន​កំពុង​លេង​ល្បែង​ប្រថុយប្រថាន ដោយ​គ្រាន់​តែ​ឮ​ផ្គរលាន់ ចាក់ទឹក​ពាង​ចោល។ តែ​ចិន​បាន​ឆ្លើយ​ថា រឿង​ចាញ់​អត់​ទេ មាន​តែ​ឈ្នះ ឬ​មួយ​ក៏​រួច​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ