អានតួអត្ថបទ
កម្ពុជា

លោក​សម រង្ស៊ី៖ ព្រម​ស្បថ​រឿង​សន្លឹក​ឆ្នោត​ និង​ប្រើ​វប្បធម៌​សន្ទនា​រឿង​ព្រំដែន​ តែ​អ្វី​ៗ​ផ្អែកលើ​ការ​ពិត

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០ ​មិថុនា​នេះ​ បាន​មក​ដល់​កម្ពុជា​វិញ​ហើ់យ​ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ។ តប​តាម​ការ​បបួល​ពី​លោក​នាយក​រដ្ឋមន្ត្រី លោក​សម រង្ស៊ី នឹង​ស្បថ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទាំង​រឿង​បន្លំ​សន្លឹក​ឆ្នោត​ និង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ប៉ុន្តែ​ថា​ ការ​ស្បថ​ជា​រឿង​អបិយ​ជំនឿ។

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​សម​រង្សី​​ប្រធានបក្សប្រឆាំង
លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​សម​រង្សី​​ប្រធានបក្សប្រឆាំង © RFI
ផ្សាយពាណិជ្ជកម្ម

ស្បថ​ជា​រឿង​អបិយ​ជំនឿ​ ការ​បន្លំ​សន្លឹក​ឆ្នោត​ និង​បញ្ហា​ព្រំដែន ​ត្រូវ​ផ្អែក​លើ​បច្ចេក​ទេស​វិទ្យាសាស្ត្រ ​និង​ការ​ពិត​នៅ​តាម​ព្រំដែន។ នេះ​គឺ​ជា​ការ​លើក​ឡើង​ពី​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ សម្លេង​លោក សម រង្ស៊ី៖

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​បន្ថែម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ជជែក​រឿង​ព្រំដែន​ជាមួយ​វៀតណាម។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​នឹង​ប្រកាន់​គោល​ជំហរ​រួម​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ ការ​ឆ្លើយ​តប​នេះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​បាន​បបួល​លោក​ស្បថ​នៅ​មុខ​ព្រះអង្គ​ដង្កើរ​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ បក្ស​កាន់​អំណាច​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត និង​បាន​ប្រើប្រាស់​ផែន​ទី​ក្លែង​ក្លាយ​ក្នុង​រឿង​ព្រំដែន​នោះ។

សូម​គូស​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ​បាន​ស្នើ​ទៅ​កាន់​សមាជិក​ការិយាល័យ​នយោបាយ​ជាន់​ខ្ពស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ ឱ្យ​ប្រទេស​នេះ​ បន្ត​រក្សា​ភាព​ស្ងៀម​ស្ងាត់​នៅ​តំបន់​ព្រំដែន​ជា​ពិសេស ខេត្តរតនៈគីរី។ ខេត្តរតនៈគីរី​ដែល​បញ្ហា​ព្រំដែន​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ និង​បាន​ផ្ទុះ​ឡើង​វិញ​បន្ទាប់​ពី​ភាគី​វៀតណាម​បាន​ជីក​ស្រះ នៅ​តំបន់​ព្រំដែន។ បក្ស​ប្រឆាំង សង្គមស៊ីវិល និង​សមាគមន៍​នានា បាន​រិះគន់​ខ្លាំង​ៗ​លើ​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច​ថា​ ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ។

បន្ថែម​ពី​បញ្ហា​រសើប​ទាំង​ពីរ​ លោក​សម រង្ស៊ី​បាន​សំដែង​ការ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក​ជាស៊ីម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ បើ​តាម​លោក ​សម រង្ស៊ី បើ​ទោះបី​ជា​ធ្លាប់​មាន​ប្រវត្តិ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប៉ុន្តែ​អំពើ​ល្អ​នៅ​ពេល​មាន​ជីវិត​គឺ​អ្វី​ដែល​ត្រូវ​ចងចាំ។ នៅ​ថ្ងៃ​ទី​១១ មិថុនា​ស្អែក​លោក​ សម រង្ស៊ី​នឹង​ដឹកនាំ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ ទៅ​រំលែក​ទុក្ខ​លោក​ជាស៊ីម​ដល់​គេហដ្ឋាន។

គួរ​កត់​សំគាល់​ថា ក្នុង​សំណុំ​រឿង​ព្រំដែន និង​លទ្ធផល​បោះឆ្នោត​គឺ​ជា​បញ្ហា​រសើប​ ដែល​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ តែងតែ​ប្រកាន់​គោល​ជំហរ​ផ្សេង​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ