អានតួអត្ថបទ
កម្ពុជា

អាមេរិក​នឹង​រក​អន្តរាគមន៍​ជួយ​លោក ​មាជ ​សុវណ្ណារ៉ា​

ស្ថាន​ទូត​អាមេរិក​នៅ​ថ្ងៃ​ទី២៥ ​ខែ​កក្កដា​នេះ ​តាម​រយៈ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន ​បាន​ឲ្យ​ដឹង​ថាក្រសួងការបរទេស​អាមេរិក​នឹង​ជួយ​ដល់​ លោក ​មាជ​ សុវណ្ណារ៉ា ​ជា​ពល​រដ្ឋ​អាមេរិក​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ ​ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា​ការ​បង្គាប់​បញ្ជា​របស់​អាមេរិក​មក​កម្ពុជា ​គឺ​ហាក់​ដូច​ជា​បង្ហាញ​ការ​ដើរ​ថយ​ក្រោយរបស់​សហ​រដ្ឋអាមេរិក​ ដែល​ចង់​ឃើញ​កម្ពុជា​មាន​នីតិរដ្ឋ។​

លោក មាជ សុវណ្ណារ៉ា ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​
លោក មាជ សុវណ្ណារ៉ា ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិក​ ត្រូវ​បាន​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​ថា​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ពល​រដ្ឋ​របស់​ខ្លួន​នៅ​បរទេស​។ក្រោយ​ពេល ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដាក់​ទោស​លោក ​មាជ ​សុវណ្ណារ៉ា ​និង​សកម្មជន​ទាំង​១០​នាក់ផ្សេង​ទៀត​របស់​គណបក្ស​សង្រ្គោះ​ជាតិ មន្ត្រី​កុង​ស៊ុល​អាមេរិក​ នៅ​ថ្ងៃ​សុក្រ​ ទី​២៤​ កក្កដា ​ក៏​បាន​ទៅ​មើលលោក​ សុវណ្ណារ៉ា ​ផង​ដែរ​។ ​ហើយ​អាមេរិក​នឹង​បន្ត​គាំទ្រ​ផ្នែក​កុង​ស៊ុល​ទាំង​អស់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្នុង​លិខិត​នោះ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ មាន​ក្តី​កង្វល់​ចំពោះ​ដំណើរ​ការ​ដាក់​ទោស ​ដល់​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១​នាក់​នោះ។​ ហើយ​ស្ថាន​ទូត​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​ ឲ្យ​បានហ្មត់​ចត់​ចំពោះ​ការ​កាត់​ទោស​របស់​តុលាការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​កាត់​ទោស​មាន​លក្ខណៈ​ពេញ​លេញ មាន​តម្លាភាព​ ស្រប​ទៅ​នឹង​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ។

គួររំលឹក​ដែរ​ថា ​សកម្មជន ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ រួម​ទាំង​លោក​ មាជ​ សុវណ្ណារ៉ា ​ផង​នោះ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស ​កាល​ពី​ថ្ងៃទី២១ ខែកក្កដា ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ ​ពី​៧​ទៅ​២០ឆ្នាំ​ ពី​បទ​ដឹក​នាំ​កុប្បកម្ម បង្ក​ឲ្យ​មាន​ហិង្សា​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤ កន្លងទៅ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ការ​ស្វែង​រក​អន្តរាគមន៍​ជួយ ​លោក ​មាជ ​សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិក​ គឺ​ជាកាតព្វកិច្ច​របស់​រដ្ឋាភិបាល​អាមេរិក។​ ក៏ប៉ុន្តែ ​លោក​ មាជ ​សុវណ្ណារ៉ា ​មាន​ដើមកំណើត​នៅ​កម្ពុជា ​ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា​។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ទៀត​ថា​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាមេរិក​ បង្គាប់​បញ្ជា​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​គឺ​ជា​ការ​បាត់​បង់​តម្លៃ ​និងឧត្តម​គតិ​ លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។ ហើយ​លោក​បន្ថែម​ថានេះ ហាក់​ដូច​ជាការ​ដើរ​ថយ​ក្រោយ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ចង់​ឃើញ​កម្ពុជាមាន​នីតិរដ្ឋ​ តែបែរ​ជា​បង្គាប់​បញ្ជា​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការយុត្តិធម៌​របស់តុលាការ​ទៅវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ