អានតួអត្ថបទ

ខ្មាន់​កាំភ្លើង​វាយប្រហារ​នៅ​មហាវិថី​ស្ហង់ស៍អេលីហ្សេ​ ធ្លាប់​ជាប់​ពន្ធនាគារ​ពីបទ​ប៉ុនប៉ង​សម្លាប់​ប៉ូលិស

រដ្ឋអាជ្ញា​មិន​បង្ហើប​​លម្អិត អំពី​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​​ទេ ដោយ​ហេតុ​តែ​ការ​ស៊ើប​អង្កេត​កំពុង​ដំណើរការ​ នៅ​ឡើយ។ ប៉ុន្តែ​តាម​រយៈ​ព័ត៌មានមក​ពី​ខាង​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​​ស្នាដៃ​វាយប្រហារ​យប់​មិញ និង​ផ្តល់​អត្តសញ្ញាណ​កូន​ទាហាន​របស់​ខ្លួន គេ​​​អាចសន្និដ្ឋាន​​ដឹង​និង​រកឃើញ​​ប្រវត្តិ​ជន​ដៃ​ដល់ម្នាក់​នេះ​បាន។

យោធា​រក្សា​រង្វង់​សុវត្ថិភាព​ក្រោយ​ហេតុការណ៍​បាញ់​ប៉ូលិស​នៅ​Champs-Élysées
យោធា​រក្សា​រង្វង់​សុវត្ថិភាព​ក្រោយ​ហេតុការណ៍​បាញ់​ប៉ូលិស​នៅ​Champs-Élysées REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

ភេរវជន​រូប​នេះ​ជា​ជនជាតិ​បារាំង មាន​អាយុ ៣៩​ឆ្នាំ ដែល​ប៉ូលិស​ស្គាល់​ច្បាស់​លាស់ ថា​ជា​ជន​ល្មើស ​ធ្លាប់​ប្រើ​អំពើ​ហិង្សាច្រើន​មក​ហើយ​​ ប្រឆាំង​នឹង​ប៉ូលិស និង​ចង់​សម្លាប់​ប៉ូលិស។ នៅ​ឆ្នាំ​២០០១ នៅ​ពេល​ជាប់​ឃុំបណ្តោះ​អាសន្ន ជន​នេះ​​បាន​​​កញ្ឆក់​កាំភ្លើងពី​ប៉ូលិស​យកម​ក​បាញ់ ធ្វើ​ឱ្យ​ភ្នាក់ងារ​នគរបាល​រង​របួស​ផង។ ជន​នេះ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ នៅ​ឆ្នាំ​២០០៥ ពី​បទ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប៉ូលិស។

នៅថ្ងៃទី ២៣​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ ក្នុង​ក្របខ័ណ្ឌ​អង្កេត​ប្រឆាំងភេរវកម្ម ប៉ូលិស​បាន​ឃាត់​ខ្លួន​ហៅ​ខ្មាន់​កាំភ្លើង​ដដែល​នេះ​​មក​សួរ​ចម្លើយ​​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថា​ជន​នេះ​ស្វែង​រក​ទិញ​អាវុធ។ ប៉ុន្តែ​ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក ទើប​អាជ្ញាធរ​ត្រូវ​តែ​ដោះលែង​ទៅ​វិញ។

ថ្វី​បើ​ជន​នេះ មាន​ដាន មាន​ឈ្មោះ​ក្នុង​កំណត់ហេតុ​​​ប៉ូលិស​មែន ប៉ុន្តែ​មិនស្ថិតនៅ​ក្នុង​បញ្ជី​ S បញ្ជីភេរវជន​សង្ស័យ​ត្រូវ​តាមដាន​ឡើយ និង​ក៏​គ្មាន​ដែរ​សញ្ញាថា​ជាជន​​ផ្តាច់​ខ្លួន​​​ជ្រុលនិយម​ បំរើ​ឱ្យ​អង្គការ​អ៊ីស្លាម​ កាល​នៅ​ក្នុង​ពន្ធនាគារ។ អាជ្ញាធរ​បារាំង​បាន​ទទួល​ដំណឹង​ថា​ ខ្មាន់​កាំភ្លើង​ធ្លាក់​ក្នុង​ភាព​ជ្រុលនិយម នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ប៉ុណ្ណោះ និង​ចាប់​ផ្តើម​តាម​ដាន​ជន​នេះ កាន់​តែ​កៀក​ខ្លាំង​ ចាប់​ពី​ខែ​មីនាមក។ 

នៅកន្លែង​កើត​ហេតុ ជិត​សាកសព​ខ្មាន់​កាំភ្លើង ក្រុម​អ្នក​អង្កេត​បាន​រក​ឃើញ​សំបុត្រ​សរសេរ​ដោយ​ដៃ​មួយ បង្ហាញ​ពី​ការ​គាំទ្រ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប៉ុន្តែ​រដ្ឋអាជ្ញា​មាន​ហេតុផល​ច្រើន​ដែល​មិន​ព្រម​បញ្ចេញ​អត្តសញ្ញាណ​ភេរវជន​នេះ ព្រោះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម ​លើ​ទំព័រវិបសៃត៍ ​គេ​បាន​សរសេរថា​​ខ្មាន់​កាំភ្លើង​នោះ​ជា​កូន​ទាហាន​របស់​គេ ជា​ជនជាតិ​បែលហ្សិក​ ដែល​ហាក់​ដូច​ជា​មិនមែន​ខ្មាន់​កាំភ្លើង​នៅ​ស្ហង់សេលីហ្សេ​ទេ។ តើ​ជា​ជន​ម្នាក់ទៀត ដែល​ប៉ូលិស​បែលហ្សិក​ផ្តល់​សញ្ញា​ឱ្យ​​បារាំង​ឱ្យជួយ​​​តាម​ចាប់ ហើយ​បាន​ចូល​សារភាព​ចំពោះ​ប៉ូលិស​បែលហ្សិក​កាលពី​ព្រឹក​មិញ​ ​ឬ​យ៉ាង​ណា ? ការ​អង្កេត​កំពុង​ដំណើរការ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ