អានតួអត្ថបទ
បារាំង

លោក​សាកូហ្ស៊ី​បរិហារ​លើ​ការបង្ខូច​ឈ្មោះ​លោក និង​ថា លោក​មិនដែ​ល​ក្បត់​សេចក្តីទុកចិត្ត​របស់​ពលរដ្ឋ​បារាំង​ទេ

នៅ​ក្នុង​ប្រទេស​បារាំង លោក​អតីត​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី​បាន​ចេញ​មុខ​ការពារ​ខ្លួន​លើ​ការ​ចោទ​ប្រកាន់​ក្នុង​បទ​ពុករលួយ​ទទួល​លុយ​ពី​អតីត​មេដឹកនាំ​លីប៊ី​លោក​កាដាហ្វី​សម្រាប់​ប្រើ​ក្នុង​សម័យ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​បារាំង​ឆ្នាំ ២០០៧។ នៅ​ក្នុង​បទសម្ភាសន៍​រយៈពេល ២៥នាទី​ជាមួយ​ទូរទស្សន៍​បារាំង TF1 នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២២ មីនា លោក​សាកូហ្ស៊ី​បាន​បរិហារ​ពី​ការ​មូលបង្កាច់បង្ខូច​ឈ្មោះ​លោក និង​ថា លោក​មិន​ដែល​ក្បត់​សេចក្តីទុកចិត្ត​របស់​ពលរដ្ឋ​ចំពោះ​លោក​ទេ។

លោក​អតីត​ប្រធានាធិបតី​បារាំង Nicolas Sarkozy ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ TF1 យប់​ថ្ងៃទី២២ មីនា
លោក​អតីត​ប្រធានាធិបតី​បារាំង Nicolas Sarkozy ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​ TF1 យប់​ថ្ងៃទី២២ មីនា Handout / AFP
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដើម្បី​វាយរំលំ​របប​កាដាហ្វី​ដែល​បាន​សន្យា​បង្ហូរ​ឈាម​ដូច​ជា​ទឹក​ទន្លេ​នៅ​ក្នុង​ទីក្រុង​បេនហ្កាហ្ស៊ី។ អន្តរាគមន៍​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មីនា ឆ្នាំ ២០១១ និង​មាន​រយៈពេល ៨ខែ ហើយ​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​លោក​កាដាហ្វី​បាន​ស្លាប់​ក្នុង​ខែ​តុលា ឆ្នាំ ២០១១។ ឃើញ​ថា​ពី​ខែ​មីនា​ដល់​ថ្ងៃ​ស្លាប់​ក្នុង​ខែ​តុលា លោក​កាដាហ្វី​មាន​រយៈពេល ៧ខែ​ដើម្បី​លើក​បង្ហាញ​នូវ​ភស្តុតាង​ដែល​លោក​បាន​ថត​ទុក​រួម​មាន ឯកសារ រូបថត ទឹកលុយ​បញ្ជូន និង​ឈ្មោះ​ក្រុមហ៊ុន ប្រសិន​បើ​មាន។

ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ?។ លើស​ពី​នេះ​ទៀត កូនប្រុស​របស់​គាត់ គឺ​សៃ កាដាហ្វី​បាន​ថ្លែង​ក្នុង​ថ្ងៃទី១៦ មីនា ឆ្នាំ ២០១១ ថា សាកូហ្ស៊ី​ត្រូវ​សង​លុយ​វិញ។ សៃ កាដាហ្វី​និយាយ​ទៀត​ថា គេ​មាន​រូបថត ខ្សែអាត់សម្លេង ការ​បញ្ជូន​លុយ និង​គណនី។ ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃទី១៦ មីនា ២០១១ ហើយ​ពេល​នេះ​ជា​ខែ​មីនា ឆ្នាំ ២០១៨ គេ​មិន​បាន​​ឃើញ​ឯកសារ រូបថត ឬ​គណនី សូម្បី​ភស្តុតាង​តូចតាច​ក៏​គ្មាន​ដែរ។ គឺ​មាន​តែ​ភាព​ស្អប់ខ្ពើម ភក់ជ្រាំ ភាព​ល្ងង់ខ្លៅ អំពើ​អាក្រក់ និង​បង្កាច់បង្ខូច​ឈ្មោះ។

ខ្ញុំ​ខ្លួន​ឯង​ជា​ជនរងគ្រោះ តែ​មិនមែន​សម្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​មិន​សោកស្តាយ​សម្រាប់​ខ្ញុំ​ទេ តែ​សោកស្តាយ​សម្រាប់​ប្រទេស​របស់​ខ្ញុំ និង​សម្រាប់​តួនាទី​ដែល​ខ្ញុំ​បាន​បំពេញ។ គេ​គ្មាន​សិទ្ធិ​ឯណា​ដើម្បី​ច្រាន​មនុស្ស​ទៅ​ក្នុង​ភក់ជ្រាំ​ដោយសារ​តែ​ទង្វើ​របស់​មនុស្ស​មួយ​ក្រុម​ដែល​ជា​ឃាតករ និង​ជា​អ្នក​ឆបោក​បាន​ធ្វើ​នោះ​ទេ។ ខ្ញុំ​មក​ទីនេះ​មិន​មែន​ដើម្បី​និយាយ​ពី​នយោបាយ​ទេ តែ​មក​ទី​នេះ​ដើម្បី​និយាយ​ការ​ពិត​ប្រាប់​ពលរដ្ឋ​បារាំង។ ខ្ញុំ​មិន​ដែល​ក្បត់​នឹង​សេចក្តីទុកចិត្ត​របស់​ពួក​គេ​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ