អានតួអត្ថបទ
ចិន-អាមេរិក

៣៨ប្រទេស​អំពាវនាវ​ឲ្យ​លោក Antonio Guterres លើក​យក​រឿង​អ្នកទោស​អ៊ុយក្រែន​ទៅ​ជជែក​ជាមួយ​លោក​ពូទីន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មិថុនា សហរដ្ឋអាមេរិក បារាំង អង់គ្លេស និង ៣៥ប្រទេស​ផ្សេង​ទៀត​បាន​អំពាវនាវ​ដល់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ឲ្យ​លើក​យក​សំណុំរឿង​អ្នកទោស​ជនជាតិ​អ៊ុយក្រែន​ទៅ​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ ការ​អំពាវនាវ​របស់ ៣៨ប្រទេស​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Guterres ក្នុង​ប្រទេស​រុស្ស៊ី​នា​សប្តាហ៍​ក្រោយ។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres © AP Photo/ Khalil Senosi
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់ ៣៨ប្រទេស​បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​រួម​គ្នា​មួយ​ផ្ញើ​ទៅ​កាន់​លោក Antonio Guterres។ ប្រទេស​ទាំង​នោះ​រួម​មាន អូស្រ្តាលី កាណាដា តួកគី ម៉ុលដាវី ហ្សកហ្ស៊ី អ៊ុយក្រែន និង​ប្រទេស​សមាជិក​ក្នុង​សហភាព​អឺរ៉ុប។ លោក Volodimir leltchenko ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​នាំ​លិខិត​ទៅ​ជូន​លោក Guterres និង​ដែល​ក្នុង​លិខិត​នោះ មាន​ឈ្មោះ​អ្នកទោស​ជនជាតិ​អ៊ុយក្រែន​ប្រមាណ​ជា ១០នាក់​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ប្រទេស​រុស្ស៊ី រួមមាន​អ្នកសហជីព​លោក Oleksandr Koltchenko អ្នកប្រវត្តិសាស្រ្ត​លោក Stanislav Klykh អ្នក​នយោបាយ​លោក Mykola Karpiouk ឬ​មួយ​សមិទ្ធិករភាពយន្ត​លោក Oleg Sentsov ជា​ដើម។

គឺ​រូប​អ្នកទោស​លោក Sentsov ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង និង​ស្នើ​ឲ្យ​លោក Guterres លើក​ទៅ​និយាយ​ជា​មួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​យ៉ាង​បន្ទាន់​បំផុត ព្រោះ​លោក Sentsov បាន​ធ្វើ​កូដកម្ម​អត់អាហារ​តាំង​ពី​ថ្ងៃទី១៤ ឧសភា​មក​ម្ល៉េះ។ មាន​អាយុ ៤១ឆ្នាំ លោក Sentsov ជា​អ្នក​ប្រឆាំង​នឹង​ការ​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ពី​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤ ហើយ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​មូស្គូ​កាត់ទោស​ដាក់​គុក​ចំនួន ២០ឆ្នាំ​ក្នុង​បទ​ភេរវកម្ម និង​ការ​រត់ពន្ធអាវុធ។ សវនាការ​កាលណោះ​ត្រូវ​បាន​បរិហារ​ដោយ​អ៊ុយក្រែន អាមេរិក និង​សហភាព​អឺរ៉ុប ហើយ​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស Amnesty International ចាត់​ទុក​ជា​សវនាការ​បែប​ស្តាលីន។

នៅ​ក្នុង​បញ្ហា​អ្នកទោស​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​សមភាគី​អ៊ុយក្រែន​លោក​ប៉ូរ៉ូឆេនកូ​ធ្លាប់​បាន​លើក​ឡើង​ថ្មីៗ​នេះ​ពី​លទ្ធភាព​នៃ​ការ​ដោះដូរ​អ្នកទោស​រវាង​ប្រទេស​ទាំង​ពីរ។ តាម​គម្រោង លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres នឹង​ទទួល​ជួប​ដោយ​លោក​ពូទីន​ក្នុង​ទីក្រុង​មូស្គូ​នៅ​ថ្ងៃ​ពុធ ទី២០ មិថុនា​សប្តាហ៍​ក្រោយ និង​ដែល​នា​ឱកាស​នោះ​ដែល លោក និង​លោក​ពូទីន​នឹង​ចូលរួម​ទស្សនា​រួមគ្នា​ការ​ប្រកួតបាល់ទាត់​រវាង​ប្រទេស​ព័រទុយហ្កាល់ និង​ម៉ារ៉ុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ