នាវាល្បាតចិននៅតែមានវត្តមានក្បែរកោះជម្លោះជាមួយជប៉ុន
អស់រយៈពេលច្រើនថ្ងៃមកហើយ នាវាការពារឆ្នេរចិននៅតែមានវត្តមានជិតដែនកោះជម្លោះជាមួយជប៉ុន នៅសមុទ្រចិនខាងកើត។ នេះបើយោងតាមការបញ្ជាក់ប្រាប់ពីនាវាល្បាតឆ្នេររបស់ជប៉ុន។ ក្រុងប៉េកាំងទើបតែបានបង្ហាញពីមោទនភាពផ្ទាល់ខ្លួន កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅ ដោយសារនាវាចំបាំងខ្លួនចំនួន៥ បានបរជុំវិញប្រទេសជប៉ុន ដោយជោគជ័យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២១
យោងតាមនាវាល្បាតសមុទ្រជប៉ុន នៅថ្ងៃអាទិត្យនេះ នាវាចិន៣គ្រឿងនៅតែបន្តវត្តមាននៅប្រកិតដែនកោះជម្លោះ សេនកាគូ ដែលជាដែនកោះជម្លោះរវាងចិននិងជប៉ុន។ ជាច្រើនថ្ងៃមកនេះ ជប៉ុនបានសង្កេតឃើញវត្តមាននាវាចិន៤គ្រឿងនៅទីនោះ។
កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ នាវាចិនចំនួន៣ បានបរចូលមកក្បែរកោះជម្លោះ ហើយជប៉ុនក៏សង្កេតឃើញវត្តមានរបស់កប៉ាល់តូចមួយដែលមានដាក់ទង់ជាតិចិន ស្ថិតនៅជាង៥០ គីឡូម៉ែត្រ ភាគពាយព្យកោះជម្លោះនោះដែរ។ កប៉ាល់តូចនេះបានចូលទៅទីនោះ រយៈពេលខ្លី ដើម្បីទំលាក់ពោងមួយមានដោតទង់ជ័យក្រហម។
នេះជាលើកទី២ហើយ ដែលចិនបញ្ជូននាវាល្បាតក្នុងតំបន់ជម្លោះនេះ ចាប់ពីពេលក្រុងប៉េកាំងបានប្រមូលផ្តុំផ្នែកការងារខ្លួន មានដូចជារដ្ឋបាលនេសាទ ពន្ធដារ និងក្រុមត្រួតពិនិត្យដែនសមុទ្រ ដាក់បញ្ចូលក្នុងក្រុមការងារតែមួយ ហៅថា ក្រុមការពារឆ្នេរ។ អ្នកវិភាគនានាគិតថា ទង្វើទាំងអស់នេះ អាចអោយក្រុងប៉េកាំងបង្កើនចំនួននាវាយោធាខ្លួន ក្នុងតំបន់នេះ ហើយអាចនាំអោយមានការប៉ះទង្គិចធ្ងន់ធ្ងរជាមួយជប៉ុន។
កាលពីថ្ងៃសុក្រ ចិនទើបតែបានបង្ហាញពីមោទនភាពខ្ពស់ ដោយសារតែនាវាចំបាំងខ្លួនចំនួន៥ បានធ្វើដំណើរជុំវិញប្រទេសជប៉ុន ដោយជោគជ័យ។ នាវាទាំង៥គ្រឿងនេះ បានចូលរួមសមយុទ្ធយោធា ជាមួយរុស្ស៊ី នៅសមុទ្រជប៉ុន ហើយបានឆ្លងកាត់ដៃសមុទ្រឈ្មោះថា ឡា ប៉េរុស ដែលខ័ណ្ឌកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន អោយដាច់ចេញពីកោះ សាក់ខាលីន របស់រុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ