អានតួអត្ថបទ

តារា​ហូលីវូដ​ Natalie Portman បដិសេធ​មិន​ទៅ​ហ្សេរុយសាឡិម​ ដោយ​សារ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល

តារា​ហូលីវូដ​នាង​ Natalie​ Portman ​ឲ្យ​ដឹង​ថា​ នាង​មិន​បាន​ទៅ​ចូល​រួម​កម្ម​វិធី ​ដែល​នាង​ឈ្នះ​ពាន់​រង្វាន់​ចំនួន​ ២​ លាន​ដុល្លារ​ នៅ​ទី​ក្រុង​ហ្សេរុយ​សាឡិម​ឡើយ​។ ការណ៍​ដែល​នាង​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​បង្ហាញ​ជំហរ​ប្រឆាំង​ទៅ​នឹង​គោល​នយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ នេតាន់​យ៉ាហ៊ូ​

តារាស្រីហូលីវូដនាង  Natalie Portman
តារាស្រីហូលីវូដនាង Natalie Portman REUTERS/Mario Anzuoni
ផ្សាយពាណិជ្ជកម្ម

តារា​សម្តែង​ហូលីវូដ​នាង​ Natalie ​Portman បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​លើ​បណ្តាញ​សង្គម​ Instagram ​ថា​នាង​បាន​សម្រេច​ចិត្ត​មិន​ទៅ​ទទួល​ពាន់​វង្វាន់​ ដោយ​សារ​នាង​ចង់​បង្ហាញ​ចេតនា​មិន​គាំ​ទ្រ​ ចំពោះ​របៀប​ដឹក​នាំ​ប្រទេស​ របស់​នាយក​រដ្ឋ​មន្តី្រ​អ៊ីស្រាអែល​ លោក​ នេតាន់​យ៉ាហ៊ូ​ ដែល​ជា​អ្នក​ថ្លែង​សុន្ទរកថា​ក្នុង​កម្ម​ពិធី​នោះ​។

តារា​សម្តែង​អាមេរិក​ ដើម​កំណើត​អ៊ីស្រាអែល​ រូប​នេះ​ បាន​អះ​អាង​ថា​ នាង​មិន​មែន​ជា​អ្នក​មាន​មនោគម​វិជ្ជា​ ប្រឆាំង​បះបោរ​ នឹង​ប្រទេស​អ៊ីស្រាអែល​ឡើយ​។ ប៉ុន្តែ​ក្នុង​នាម​ជា​ជន​ជាតិ​អ៊ីស្រាអែល​ និង​សាសន៍​ជ្វីហ​ ម្នាក់​ នាង​មាន​សិទ្ឋិ​រិះគន់​មេ​ដឹក​នាំ​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​សុក្រ​ ខាង​មូល​និធិ​ពាន់​រង្វាន់​Genesis ​បាន​ប្រាប់​ថា​ នាង​ Natalie  Portman បាន​លុប​ចោល​ការ​ចូល​រួម​របស់​ខ្លួន​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ ដែល​គ្រោង​ធ្វើ​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម​ នា​ចុង​ខែ​មិថុនា​។

សូម​ជម្រាប​ថា​ ទី​ក្រុង​ហ្សេរុយសាឡិម​ គឺ​ជា​ទឹក​ដី​មាន​ជម្លោះ​ដណ្តើម​គ្នា​រុំារៃ​ រវាង​អ៊ីស្រាអែល​ និង​ ប៉ាឡេស្ទីន​។ ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​ ដឹក​នាំ​ដោយ​លោក​ដូណាល់​ ត្រាំ​  បាន​ប្រកាស​ទទួល​ស្គាល់​ក្រុង ​ហ្សេរុយសាឡឹម​ ជា​រដ្ឋធានី​ របស់​អ៊ីស្រាអែល​ កាល​ដើម​ខែ​ធ្នូ ​ឆ្នាំ២០១៧​។ ការ​ប្រកាស​របស់​អាមេរិក​នេះ​ បាន​ធ្វើ​ឲ្យ​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​សន្តិភាព​រវាង​ អ៊ីស្រាអែល​ និង​ ប៉ាឡេស្ទីន​ ត្រូវ​ធ្លាក់​ក្នុង​សភាព​ដុន​ដាប​ ដោយ​ជំនួស​មក​វិញ​នូវ​កម្តៅ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​។ ជាក់​ស្តែង​ ការ​ប៉ះ​ទង្គិច​រវាង​បាតុករ​ប៉ាឡេស្ទីន​ និង​កង​កម្លាំង​អ៊ីស្រាអែល​ បាន​បណ្តាល​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​កើន​ឡើង​ដល់​៣៨ នាក់​ នេះ​បើ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៣០​ ខែ​មីនា​។

អ្នក​តំណាង​តួ​ហូលីវូដ​នាង​ Natalie​ Portman​ បាន​ប្រាប់​ទៅ​ម្ចាស់​កម្ម​វិធី​ថា ​នាង​ Portman ​ខ្វល់​ខ្វាយ​ចំពោះ​ ព្រឹត្តិការណ៍​ថ្មីៗ​ ដែល​កើត​ឡើង​នៅ​អ៊ីស្រាអែល​ ដូច្នេះ​នាង​មិន​ចង់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​ណា​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ទេ​។ ពាក់​ព័ន្ឋ​រឿង​នេះ​ដែរ ​មូល​និធិ​ពាន់​រង្វាន់​Genesis ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ព្រឹត្តិការណ៍​ណា​មួយ​ឡើយ​ ដែល​ធ្វើ​ឱ្យ​នាង​Portman​ មាន​ការ​ព្រួយ​បារម្ភ​នោះ​។

គួរ​កត់​សម្គាល់​ថា​ មូលនិធិ​ Genesis​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៣​ ដើម្បី​ប្រគល់​ពាន់​រង្វាន់​ ដល់​បុគ្គល​ណា​ដែល​កសាង​ស្នា​ដៃ​ល្អ​ក្នុង​អាជីព​របស់​ខ្លួន​ ឬ​ជន​គំរូ​ដ៏​ល្អ​សម្រាប់​ក្មេងៗ​ជីហ្វ​ជំនាន់​ក្រោយ​។ កើត​នៅ​ក្រុង​យេហ្សេរុយសាឡិម​ ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​វេជ្ជបណ្ឌិត​ និង​ម្តាយ​ជា​អ្នក​សិល្បៈ​។ នាង​ Natalie ​Portman វ័យ ​៣៦​ ឆ្នាំ​ បាន​ឈ្នះ​ពាន់​រង្វាន់​អូស្ការ​ តារា​សម្តែង​ដ៏​ល្អ​បំផុត​សម្រាប់​ឆ្នាំ​ ២០១០​ ផ្នែ​ករបាំ​បា​ឡេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ