អានតួអត្ថបទ
ជម្លោះ​​អ៊ីស្រាអែល​-អ៊ីរ៉ង់

មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ដែល​​គាំទ្រ​អ៊ីរ៉ង់​រងការ​វាយប្រហារ​បំផ្ទុះ ស្លាប់​ម្នាក់ របួស​ច្រើននាក់

បន្ទាប់ពី​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​រងការវាយប្រហារកាលពី​ថ្ងៃសុក្រ​ ពេលនេះចូលដល់មូលដ្ឋាន​យោធាអ៊ីរ៉ាក់​ថែមទៀត​។ ទីបញ្ជាកម្លាំងយោធា​អ៊ីរ៉ាក់​១កន្លែងដែល​ផ្តុំ​ដោយ​ក្រុម​ប្រដាប់អាវុធ​គាំទ្រ​អ៊ីរ៉ង់ បាន​រង​ការ​វាយ​ប្រហា​រ​​នៅ​​ថ្ងៃសៅរ៍ ទី​២០មេសា​​ ដែល​បាន​បណ្តាលឲ្យស្លាប់​មនុស្ស​ម្នាក់ និង​របួស​៨នាក់។ នេះបើតាម​របាយ​ការណ៍​​បឋម​របស់​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់។ ភ្លាមៗ សហរដ្ឋអាមេរិកបាន​ប្រកាស​ថា​គ្មាន​ពាក់​ព័ន្ធ​នឹងខ្លួន​ទេ។ ចំណែក ​អ៊ីស្រាអែល សូម​មិន​បកស្រាយអ្វីទាំងអស់។ 

មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ដែល​​គាំទ្រ​អ៊ីរ៉ង់​រងការ​វាយប្រហារ​បំផ្ទុះ ស្លាប់​ម្នាក់របួស​ច្រើននាក់។
មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ដែល​​គាំទ្រ​អ៊ីរ៉ង់​រងការ​វាយប្រហារ​បំផ្ទុះ ស្លាប់​ម្នាក់របួស​ច្រើននាក់។ AFP - -
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ផ្ទុះនៅ​​អ៊ីរ៉ាក់ បានកើតឡើងវេលាម៉ោង​​ជាង​រំលងអធ្រាត្រ​យប់​​ថ្ងៃសៅរ៍​ ទី​២០មេសា​ នៅ​មូលដ្ឋាន​យោធា ​Kalsu ក្នុង​ខេត្ត​ Babylone ប៉ែក​ខាង​ត្បូងរដ្ឋធានី​បាកដាក។ ទីនោះជាជំរុំបណ្តុំ​​មូលដ្ឋាន​យោធាអ៊ីរ៉ាក់​ កងនគរបាល ហើយ​និង​ក្រុមចលនា​​កង​កម្លាំង Hachad al-Chaabi។ ក្រុម​ចុងក្រោយ​នេះ ជា​​ប្រដាប់អាវុធ ដែល​គេស្គាល់​ច្បាស់​ថា គាំទ្រ​កាន់ជើង​អ៊ីរ៉ង។​ នៅកន្លែង​ផ្ទុះ​កើត​ហេតុ មាន​ដី​ក្រហូង​ ជម្រៅ​ ៥ ម៉ែត្រ ហើយ ទំហំ​ប្រមាណ​ ១០ ម៉ែត្រ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់នាង​ Marie-Charlotte Roupie ​អ្នក​កាសែត​វិទ្យុ​បារាំង​នៅ​រដ្ឋធានី​បាក​ដាដ។​

មន្ត្រីជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​អ៊ីរ៉ាក់​ បានប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង​អាអែហ្វប៉េ ក្នុង​ក្របខណ្ឌ​សុំ​លាក់​ឈ្មោះ ឲ្យដឹងថា ការវាយប្រហារ​នេះសំដៅ​កម្ទេច​អង្គភាព​កង​រថគ្រោះ​របស់​​​កង​កម្លាំង Hachad al-Chaabi។ ដៃជើង​របស់​ក្រុម​នេះជាច្រើន នៅ​អ៊ីរ៉ាក់​និងនៅ​ស៊ីរី ជាក្រុម​គាំទ្រ​ខាង​អ៊ីរ៉ង់​​ ពួត​រួមគ្នា​ច្បាំង​ប្រឆាំងអាមេរិក​ និង​សម្ព័ន្ធមិត្ត​អន្តរជាតិ​។​

ក្រោយ​កើត​ហេតុនៅអ៊ីរ៉ាក់ ភ្លាមៗ សហរដ្ឋអាមេរិក​ចេញប្រតិកម្មភ្លេត​ដែរ​។​ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន, តាមរយៈ​ទីបញ្ជាការ​ទ័ព​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក ពុំ​មាន​ពាក់​ព័ន្ធ​នឹងការ​វាយប្រហារ​បំផ្ទុះ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ នោះឡើយ។ ចំណែក​ កង​កម្លាំង Hachad al-Chaabi ប្រកាស​នៅ​ថ្ងៃ​សៅរ៍ថា​នឹង​សងសឹក​វិញ​ឲ្យ​សាកសម​នឹងការ​ខូច​ខាត​របស់ខ្លួន

នៅគ្រានេះ មាន​សំណួរ​ជា​ច្រើន តែ​គ្មាន​ចម្លើយ​ច្បាស់លាស់។ តើ​គ្រោះថ្នាក់​នេះ​បង្កឡើងពីអ្វី? ត្រូវគ្រាប់ផ្ទុះ ព្រោះតែ​ការ​វាយប្រហារ​ពី​​យន្តហោះ​ដ្រូន ឬ​ដោយ​មីស៊ីល? ហើយ​តើ​នរណា​ជាអ្នក​បញ្ជា​? ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​បញ្ជាក់ថា​កំពុងតែ​ស៊ើប​អង្កេត​រក​មើល​មូលហេតុ​ដើមចមពិត ដើម្បីឆ្លើយតប​​ទៅ​នឹង​សំណួរ​ទាំងនេះ។ ម្លោះហើយ​ មជ្ឈដ្ឋាន​ទូទៅជាតិ​និងអន្តរជាតិ​ បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ភ្លាម ថា​ទំនង​ជា​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹងសំណុំរឿង​ អ៊ីស្រាអែល-អ៊ីរ៉ង់​ ដែល​ប្រទេស​ទាំង​២​កំពុង​តែ​សង្ក្រឺតធ្មេញ​ដាក់​គ្នា​។ ​ទីបញ្ជាការ​កងទ័ពអ៊ីស្រាអែល បាន​ត្រូវ​​ទីភ្នាក់ងារព័ត៌មាន​បារាំង​អាអែហ្វប៉េទាក់ទង​សាកសួរ ប៉ុន្តែ អ៊ីស្រាអែល​​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ព័ត៌មានចេញ​​ផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​​បរទេស។​

ជាការ​កត់សម្គាល់ ហេតុការណ៍​​ផ្ទុះ​នៅមូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នេះ បាន​កើតឡើង​​១ថ្ងៃ​បន្ទាប់ពី​ការ​វាយប្រហារ​ពីយន្តហោះដ្រូន​តូច​​ៗ ទៅ​​លើមូលដ្ឋាន​យោធា​អ៊ីរ៉ង់ ក្នុងខេត្តអ៊ីស្បាហាំង ប៉ែកកណ្តាលប្រទេសអ៊ីរ៉ង់។  ទីតាំងនោះ ជាមូលដ្ឋានយោធា​និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់​ផលិត​នុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទាំង​រដ្ឋាភិបាល​​អ៊ីស្រាអែល និងទាំង​ទីបញ្ជាការ​យោធា​អ៊ីស្រាអែល​ គ្មាន​បញ្ជាក់ ហើយ​ក៏​មិនច្រាន​ចោលថាជា​​ស្នាដៃ​របស់ខ្លួនដែរ​​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ