អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន-លីបង់

អ៊ីស្រាអែលអះអាងថា បានសម្លាប់​មេៗរបស់​ក្រុម​ហេសបូឡាចំនួន​​ពាក់​កណ្តាល​​ នៅខាងត្បូងលីបង់

ចាប់ពីថ្ងៃពុធ ទី​២៤មេសា​ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ​វាយ​ប្រហារតាមអាកាស និង​បាញ់​ប្លោងគ្រាប់កាំភ្លើងធំ នៅភាគខាងត្បូងលីបង់​។ ​ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាងថា គេបានសម្លាប់បាន​​ នូវមេមេរបស់​ក្រុមហេបូឡាលីបង់ ចំនួន​យ៉ាងហោចពាក់​កណ្តាល​​ កាលពីថ្ងៃពុធ​។ ជាមួយគ្នានេះ នៅ​ភាគខាងត្បូងតំបន់ហ្កាហ្សាឯនោះ កងទ័ពអ៊ីស្រាអែលនៅតែបន្ត​ប្រតិបត្តិការ តាមសម្លាប់​ក្រុមហាម៉ាស បើទោះបីជាមានការបារម្ភពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីនក៏ដោយ​។

ផ្សែងហុយទ្រលោម នៅភូមិ Alma al-Shaab in south ខាងត្បូងលីបង់ ថ្ងៃទី​២៥មេសា២០២៤
ផ្សែងហុយទ្រលោម នៅភូមិ Alma al-Shaab in south ខាងត្បូងលីបង់ ថ្ងៃទី​២៥មេសា២០២៤ AFP - -
ផ្សាយពាណិជ្ជកម្ម

ព្រឹកថ្ងៃព្រហស្បតិ៍ទី​២៥មេសា កងទ័ពអ៊ីស្រាអែលបាន​ឲ្យដឹងថា គេ​បាន​វាយប្រហារ​ទៅលើ​ទីតាំងរបស់​ក្រុម​ហេសបូឡាលីបង់ ត្រង់ចំណុច Maroun al-Ras និងបានវាយប្រហារទៅ​លើ​ទីតាំង​ឈ្លបយកការណ៍ជួរមុខ នៅ​Merkaba ដែលស្ថិតនៅ​ខាងត្បូងលីបង់ មិនឆ្ងាយប៉ុន្មានពីព្រំដែន​អ៊ីស្រាអែល​​។

ប្រភពពី​ក្រសួង​ការពារជាតិអ៊ីស្រាអែលដដែល​ បាន​ឲ្យដឹងថា កាលពីថ្ងៃពុធ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស​និង​បាញ់ប្លោងគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើ​ទីតាំងគោលដៅចំនួន​៤០ នៅភាគខាងត្បូងលីបង់ តំបន់ Aïta el-Chaab។ នៅក្នុង​លិខិតប្រកាស​ លោក Yoav Gallant រដ្ឋមន្ត្រី​ការពារជាតិអ៊ីស្រាអែល​ បានអះអាងថា ប្រតិបត្តិការកាលពីថ្ងៃពុធ បានអនុញ្ញាតឲ្យ​កងទ័ពអ៊ីស្រាអែល សម្លាប់​បានមេមេរបស់​ក្រុមហេសបូឡាលីបង់ ចំនួន​យ៉ាងហោចពាក់​កណ្តាល ខណៈពាក់​កណ្តាលទៀត កំពុងតែរត់រក​កន្លែង​លាក់ខ្លួន​។

ដោយ​ឡែក កងកម្លាំង​បណ្តោះអាសន្ន​នៃអង្គការសហប្រជាជាតិ ប្រចាំការនៅលីបង់ (Finul) បាន​ឲ្យដឹង​កាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែល​ពុំបាន​ឈានជើងឆ្លងព្រំដែន​ ចូលដីលីបង់ទេ​។ ចំណែក​ក្រុមហេសបូឡាលីបង់ បាន​ប្រាប់អ្នកយកព័ត៌មាន​បារាំងAFP នៅព្រឹកថ្ងៃព្រហស្បតិ៍​ថា អ៊ីស្រាអែល​បាន​ប្រើដ្រូន​ឲ្យ​មកវាយ​កំទេច រថយន្តដឹក​ប្រេងមួយរបស់​ក្រុមខ្លួន នៅ​ក្បែរ​ច្រកចូលទីក្រុង Baalbeck។

គួររំលឹកថា ចាប់តាំងពីសង្គ្រាម​នៅហ្កាហ្សាបានផ្ទុះឡើង ក្រោយ​ការវាយ​ប្រហាររបស់​ក្រុមហាម៉ាសនៅថ្ងៃទី​៧​តុលា ក្រុមហេសបូឡាលីបង់ ដែល​ជាកូនចៅរបស់អ៊ីរ៉ង់ តែងតែបាន​បាញ់ប្លោងគ្រាប់​មកលើ​អ៊ីស្រាអែល សឹងតែមិនលោះថ្ងៃ​។ យោងតាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP គិតចាប់ពីថ្ងៃ​៧តុលាមក ការបាញ់​ប្លោងតបគ្នារវាងអ៊ីស្រាអែល និង​ក្រុមហេសបូឡា បាន​សម្លាប់មនុស្សចំនួន​៣៨០នាក់នៅខាងលីបង់ ដែល​ភាគច្រើនគឺសុទ្ធតែជាសមជិក​កងកម្លាំងក្រុមហេសបូឡា និង​មាន​ជនស៊ីវីល​៧២នាក់។ ចំណែក​ខាងអ៊ីស្រាអែលវិញ មានស្លាប់​ទាហាន​១១នាក់ និង​ជនស៊ីវីល​​​៨នាក់​។​

សូមបញ្ជាក់ដែរថា ស្របពេល​ដែល​សមរភូមិនៅខាងកើត​អ៊ីស្រាអែល​កាន់តែក្តៅគគុក នៅខាងត្បូង​តំបន់ហ្កាហ្សាឯនោះ កងទ័ពអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការ​នៅតំបន់រ៉ាហ្វា ដើម្បី​​តាមសម្លាប់​ក្រុម​ហាម៉ាស​ បើទោះបីជាតំបន់នេះកកកុញដោយ​ជនភៀសខ្លួនប៉ាឡេស្ទីន​ប្រមាណ​១លាន​៥សែននាក់​។ លោក David Mencer អ្នក​នាំពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ បា​ន​ប្រកាស​កាលពីរសៀលថ្ងៃពុធទី​២៤មេសា ថា​កងកុម្មង់ដូ​ពិសេស២ក្រុម កំពុងតែបើកប្រតិបត្តិការថ្មើរជើង ដើម្បីតាមរក​សមាជិក ​និង​មេក្រុមភេរវកម្មហាម៉ាស ដែល​កំពុងលាក់ខ្លួននៅរ៉ាហ្វា។

ដោយឡែក ផ្អែកតាមមន្ត្រី​អេហ្ស៊ីប ដែល​កាសែត Wall Street Journal បានស្រង់ប្រភេព គឺ​អ៊ីស្រាអែល​មានផែនការ​ជម្លៀសជនភៀសខ្លួន​ប៉ាឡេស្ទីនចេញពីរ៉ាហ្វា​ យកទៅជិតក្រុង​ក្រុង Khan Younès ដោយ​អ៊ីស្រាអែល​បានត្រៀម​សាងសង់ជំរកបណ្តោះអាសន្ន និងមណ្ឌលចែកចាយ​ស្បៀងអាហារជាដើម​។ លោក Ismaïl  al-Thawabta មន្ត្រីម្នាក់​នៃអាជ្ញាធរគ្រប់គ្រងហ្កាហ្សា​ បាន​លើកឡើងថា ប្រតិបតិ្តការរបស់អ៊ីស្រាអែលនេះគឺជា​អំពើឧក្រិដ្ឋ ព្រោះថាក្រុង Khan Younès មិនអាច​ទទួលជនភៀសខ្លួនប៉ាឡេស្ទីន​១លាន​៥សែននាក់អស់ឡើយ​។ យោងតាមក្រុមហាម៉ាស គិតមកត្រឹមពេលនេះ សង្គ្រាមនៅហ្កាហ្សាបានផ្តាច់ជីវិតមនុស្ស​ចំនួន​ ៣៤២៦២នាក់ ភាគច្រើនជាជនស៊ីវីល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ