អានតួអត្ថបទ

ព្យុះភ្លៀង​មរណៈ សម្លាប់​មនុស្ស​ ​២០ នាក់ នៅ ​អេមីរ៉ាត​អារ៉ាប់​រួម និង​ ​បារ៉ែន

​ភ្លៀងដ៏​កាចសាហាវ បាន​សម្លាប់​ផ្តាច់​ជីវិតមនុស្ស​ ជិត​ ២០ ក្នុង​​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម និង​ប្រទេស​បារ៉ែន។ ​ក្រុង​​ឌូបៃ ​ថ្ងៃពុធទី១៧មេសា​ ភ្លៀង​ធ្លាក់តែក្នុង​រយៈ​ ២៤ ម៉ោងតែប៉ុណ្ណោះ​ ​ប្រៀប​ស្មើ​បាន​នឹងចំណុះ​ទឹក​​ភ្លៀង​រយៈពេល​ ២ ឆ្នាំ​ ក្នុង​កម្រិត​ធម្មតា​នៅ​អេមីរ៉ាត​អារ៉ាប់​រួម។ ចំណែក ក្រុង​អូម៉ង់ ភ្លៀង​នៅថ្ងៃអង្គារ បាន​បំបែក​កំណត់ត្រាភ្លៀង​គ្រោះថ្នាក់​ខ្លាំង​​ ក្នុងរយៈ​ពេល​ជិត​ ៣០ ឆ្នាំចុងក្រោយ​នេះ នៅ​​បារ៉ែន​។ សាលារៀន​ គ្រឹះស្ថាន​សាធារណៈ និងព្រលាន​យន្តហោះ ត្រូវ​បិទទ្វារ​ផ្អាក​ដំណើរការ។​​

ទិដ្ឋភាពក្រោយភ្លៀង​ ថ្ងៃទី​១៧មេសា​ នៅ​ឌូបៃ។
ទិដ្ឋភាពក្រោយភ្លៀង​ ថ្ងៃទី​១៧មេសា​ នៅ​ឌូបៃ។ AP - Jon Gambrell
ផ្សាយពាណិជ្ជកម្ម

ព្យុះភ្លៀង​បោកបក់​ខ្លាំង ​នៅ​​អេមីរ៉ាត​អារ៉ាប់​រួម ប៉ះពាល់ទៅលើ​សង្កាត់​ ៧ ក្រុង​ឌូបៃ ។ កម្រិត​ទឹកភ្លៀង​ធ្លាក់​ខ្លាំង រយៈកម្ពស់ខ្ពស់ ៤៥៤ មីលីម៉ែត្រ ចន្លោះ​ថ្ងៃអង្គារ​និង​ពុធ។ ចំនួន​ភ្លៀង​ច្រើនសន្ធឹកសន្ទាប់​​ខ្លាំងពេក​ សូម្បីតែ​ដែនដី​ដែល​សម្បូរ​វាលខ្សាច់​ដូច​​​អេមីរ៉ាត​អារ៉ាប់​រួមទៅហើយ​ ក៏នៅតែ​ពុំអាច​ស្រូប​ទឹក​ភ្លៀង​ទាន់​ដែរ។​ ភ្លៀងធ្លាក់​ត្រឹមតែ​ក្នុង​រយៈ​ពេល​២៤ម៉ោងប៉ុណ្ណោះ ត្រូវ​អ្នក​ជំនាញ​វាយ​តម្លៃ​ថា​ ស្មើ​នឹង​ចំនួនទឹក​ភ្លៀង​ធ្លាក់​រយៈពេល ២ឆ្នាំ​ឯណោះ នៅ​​អេមីរ៉ាត​អារ៉ាប់​រួម។​​ មហន្តរាយ​ភ្លៀងធំបែបនេះ អេមីរ៉ាត​អារ៉ាប់​រួម ពុំ​ដែល​ជួប​ប្រទះ​​នោះ​ឡើយ ជា​ង​៧ទសវត្សរ៍​ចុងក្រោយ។​

នៅប្រទេស​ក្បែរ​ខាង, បារ៉ែន​ ក៏ជំនន់ព្យុះ​ភ្លៀង​ដែរ។ នៅ​ក្រុង​អូម៉ង ភ្លៀង​​រយៈកម្ពស់ ​៩៦,៨៨ មីលីម៉ែត្រ ក្នុង​១ថ្ងៃ បាន​បំបែក​កំណត់ត្រាភ្លៀង​ខ្លាំង​ ឆ្នាំ១៩៩៥ ដែល​មាន​ត្រឹមតែ​ ៦៧,៩​ មីលីម៉ែត្រប៉ុណ្ណោះ។​

អាកាសយាន​ដ្ឋាននៅ​ឌូបៃជាប់​កក់ស្ទះ​ ដ្បិត​តែ​ជើង​ហោះហើរ​ជាច្រើន​ត្រូវ​បិទ​ផ្អាកដំណើរ​។ បន្ទាប់ពីលុបជើង​ហោះហើរ​ជាច្រើន​រួច​​​នៅថ្ងៃពុធ អាជ្ញាធរ​អាកាសចរណ៍ ក៏​​ប្រកាសប្រាប់​អ្នក​ដំណើរថា ​បើ​មិន​ចាំបាច់​បំផុត ទេ​នោះ សូម​កុំអញ្ជើញ​ហោះទៅ​ក្រុង​ឌូបៃ គ្រានេះ។​​

តុល្យការបឋម ​នៅ​ក្រុង​ឌូបៃ នគរបាល​អេមីរ៉ាត​អារ៉ាប់​រួម ឲ្យដឹងថា​​ យ៉ាងហោច​ណាស់​ មាន​បុរសចំណាស់ម្នាក់ វ័យ​ ៧០ ឆ្នាំ​ បាន​ទទួល​អនិច្ចកម្ម​ ព្រោះតែ​ឡាន​របស់​គាត់​ត្រូវ​ជំនន់ទឹក​ភ្លៀង​ហូរ​នាំ​យកទៅជាមួយ។​ ចំណែក នៅ​បារ៉ែន យ៉ាងតិច មនុស្ស​១៨-១៩​នាក់ ត្រូវ​បាត់​បង់​ជីវិត ដែល​ភាគច្រើន​ជា​កូន​ក្មេង​។​

ព្យុះ​ភ្លៀង​មរណៈ និងភ្លៀង​បង្កមហន្តរាយ​នៅពេលនៅក្រុង​ឌូបៃ និងក្រុង​អូម៉ង់ នៅពេល​នេះ ទំនង​ជា​ស្តែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់អំពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ប្រែប្រួល​អាកាសធាតុ បង្កឡើង​ដោយ​ស្នាដៃ​មនុស្ស​ជាតិ។ នេះបើតា​ម​​សាស្ត្រាចារ្យ Friederike Otto អ្នក​ជំនាញ​អាកាសធាតុ​នៅ​សាកលវិទ្យាល័យ​អង់គ្លេស ​Grantham Institute ក្នុងទីក្រុង​ឡុងដ្រ៍។

ក្រោយ​ភ្លៀង ទឹក​ជន់។ នៅ​ក្រុង​ឌូបៃ​​ សង្កាត់​ចំនួន​ ៤ នៅបន្ត​លិច​ទឹក​ ​ ហើយ​ពលរដ្ឋជាច្រើន​នាក់​ ដាច់​ចរន្តទឹក​ស្អាត​ប្រើប្រាស់។ ឡាន​នៅ​រាយប៉ាយ​តាម​ផ្លូវ​។ បណ្តាផ្លូវ​សំខាន់ៗ​​ ជន់លិចទឹក និងខ្លះ ​ដាច់​ផ្លូវ​ដោយ​កន្លែង។​​ សាលារៀន និង រថភ្លើង​ក្រោម​ដី ក៏​លែង​ដំណើរការ​។ ចំណែក​ នៅ​បារ៉ែន ​​ គ្រឹះស្ថានសិក្សា​ ត្រូវ​បិទទ្វា​រ​រហូត​ដល់​សប្តាហ៍​ក្រោយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ