អានតួអត្ថបទ
សហភាព​​អឺរ៉ុប​​

ប្រធានគណៈកម្មការ​អឺរ៉ុប​គាំទ្រ​អោយមាន​កងទ័ព​រួម​នៅ​អឺរ៉ុប​

នៅចំពោះ​មុខ​សភា​អឹរ៉ុប នៅ​ថ្ងៃពុធ​នេះ ប្រធានគណៈ​កម្មការ​អឺរ៉ុប ​លោកហ្សង់ក្លូត យ៉ុងកឺ បាន​បង្ហាញនូវគោលបំណង​ចង់អោយ​មានកងទ័ព​ការពារ​រួមមួយ​នៅអឺរ៉ុប​។ លោកយ៉ុងកឺ​បាន​​​គូសបញ្ជាក់​ពី​​អាទិភាព​នៃ​ការការពារ​សុវត្ថិភាព​សន្តិសុខ ដែល​​អឺរ៉ុប​​ត្រូវទទួលខុសត្រូវ​ទាំងអស់គ្នា។ ​កាលពី​ថ្ងៃអង្គារ ​ប្រធានាធិបតី​បារាំង​ក៏​បាន​​គាំទ្រ​ ​អោយ​មានការ​ពង្រឹង​សន្តិសុខ​​​​ និងផ្នែកយោធា​ ​នៅ​អឺរ៉ុប​ផងដែរ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ ​Jean-Claude Juncker នៅ​សភា​អឺរ៉ុប​ ថ្ងៃ១៤ កញ្ញា ២០១៦។
ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ ​Jean-Claude Juncker នៅ​សភា​អឺរ៉ុប​ ថ្ងៃ១៤ កញ្ញា ២០១៦។ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ប្រធានគណៈកម្មការ​អឺរ៉ុប​ លោក​ហ្សង់ក្លូត យ៉ុងកឺ ​បាន​​លើកឡើង​​នៅ​ចំពោះ​មុខសភា​អឺរ៉ុប ថ្ងៃពុធ​នេះនូវ​បំណង​​​ចង់អោយ​អឺរ៉ុប​មាន​កងទ័ព​រួមគ្នាមួយឡើង។ ​លោក​យ៉ុងកឺ​ចង់អោយ​អឺរ៉ុប​មាន​​ធនធាន​យោធា​​រួមគ្នា។

​​កង្វះ​​កិច្ចសហប្រតិបត្តិការ​​យោធា​រួមគ្នារបស់​អឺរ៉ុប​​ ក្នុង​ការការពារ​សុវត្ថិភាព​សន្តិសុខ ​​ធ្វើ​អោយ​​អឺរ៉ុប​ខាតបង់​ថវិកា​ពី​២០ពាន់លានអឺរ៉ូ ទៅ​១០០ពាន់លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំៗ។ ​យោងតាម​ប្រធានគណៈ​កម្មការ​អឺរ៉ុប ​ការដែល​សហភាព​អឺរ៉ុប​​ធនធាន​យោធា​រួម​ ​​ក៏អាច​ជាលក្ខណៈ​​​បំពេញ​​គ្នាទៅវិញទៅមក​ជាមួយ​អង្គការ​អូតង់​​ដែរ។

ថ្ងៃពុធនេះ​ ​​លោក​យ៉ុងកឺ ក៏​បាន​បង្ហាញការគាំទ្រ​សកម្មភាព​របស់​គណៈកម្មការ​អឺរ៉ុប ប៉ុន្មានខែ​ចុងក្រោយ​នេះ ​ក្នុង​ការការពារ​ព្រំដែន​ខាងក្រៅអឺរ៉ុប ដែល​កំពុង​រង​បញ្ហា​លំហូចូល​នៃ​ជនភៀសខ្លួន។ ​លោក​បានសន្យា​ពង្រាយ​កងការពារ​ព្រំដែន​នៅ​ក្រៅព្រំដែន​ប្រទេស​ប៊ុលហ្ការី​ ​យ៉ាងហោច​២០០នាក់ ចាប់ពី​ខែតុលា​ក្រោយនេះទៅ។ ​

ដោយឡែក ​​​ប្រធានគណៈកម្មការ​អឺរ៉ុបបានឆ្លៀត​​​ស្នើ​អោយ​មានការ​​​ពង្រឹង​ទីភ្នាក់ងារ​​​អឺរ៉ុបប៉ូល ដែល​ជា​ប៉ូលិស​ផ្នែក​​ឧក្រិដ្ឋ​អន្តររដ្ឋាភិបាល​។

កាលពី​ថ្ងៃអង្គារ​ ប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ ​ក៏ទើប​បាន​គាំទ្រ​អោយ​ពង្រឹង​អឺរ៉ុប​ឡើងវិញ ​តាមរយៈ​ផ្នែកសន្តិសុខ និង​ការពារជាតិ​នេះឯង។ ​សម្រាប់​លោក​ហូឡង់ ជាការ​ពិតណាស់ ​​ដែល​អឺរ៉ុប​មាន​អាមេរិក​​ជា​ដៃគូ​ការពារ​សន្តិសុខ​នៅ​អូតង់​ តែបើអឺរ៉ុប​ចង់​មា​ន​សម្លេង​ក្នុង​ឆាកអន្តរជាតិ ​​អឺរ៉ុប​ក៏ត្រូវតែ​ការពារ​ព្រំដែន​​ខ្លួនឯង​ដោយខ្លួនឯង ធានា​សុវត្ថិភាព​ខ្លួនឯង ប្រយុទ្ធនឹង​អំពើភេរវកម្មដែរ។ ​

ប្រធានាធិបតី​បារាំង​ចង់​លើក​យក​បញ្ហា​ការពារ​សុវត្ថិភាព​​អឺរ៉ុប​ ទៅ​ជជែក​​ក្នុង​​​ជំនួប​មិនផ្លូវការ​របស់អឺរ៉ុប នៅថ្ងៃសុក្រនេះ នៅ​ក្រុងប្រាទីស្លាវ៉ា ប្រទេស​ស្លូវ៉ាគី។ ជាជំនួប​ដែលគ្មាន​វត្តមា​ន​អង់គ្លេសចូលរួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ