អានតួអត្ថបទ

ក្រសួង​ហាម​រោង​ចក្រ​​បញ្ឈប់​កម្មករ​​ពេល​ព្យូរ​ការ​ងារ​ ខណៈ​រោង​ចក្រយ៉ាង​តិច​២​កន្លែង​បង្ខំ​កម្មករ​ឲ្យបញ្ចប់​កិច្ចសន្យា

ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​កាលពី​ម្សិលមិញ​ ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាសដែលប្រឈមនឹងការព្យួរការងារ មិន​ត្រូវ​យក​ហេតុ​ផល​នេះ​ដើម្បី​បញ្ចប់​កិច្ច​សន្យា​កម្មករ​ ​ដោយ​រើស​អើស​សហជីព​នោះឡើយ។​ ការ​អំពាវនាវនេះ​គឺ​ស្រប​ពេល​ដែល​សហជីព​រក​ឃើញ​ថា មានរោង​ចក្រ​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​ហើយ ដែល​បានប្រើ​ប្រាស់​ឱកាស​ព្យូរ​ការងារ​នេះ​ទៅ​ដាក់​សម្ពាធ​ឲ្យ​កម្មករ​យល់​ព្រម​ផ្តិត​មេដៃ​បញ្ចប់​កិច្ច​សន្យា​ដោយ​ខុស​នឹង​ច្បាប់​ការងារ។

ការតវ៉ារបស់កម្មកររោងចក្រ
ការតវ៉ារបស់កម្មកររោងចក្រ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ​បានចាត់ទុក​ការ​យក​ឱកាស​នៃការព្យូរការងារ​កម្មករ​ដោយ​សារ​អស់​វត្ថុ​ធាតុដើម​នោះ​ ទៅ​បញ្ចប់​កិច្ច​សន្យា​ការងារ​កម្មករ និង​រើស​អើស​សហជីពថាជាទង្វើ​ខុស​ច្បាប់។ ប៉ុន្តែ​ជាមួយ​គ្នានោះ​​ក្រសួង​ការងារ​ក៏បាន​ព្រមាន​ដល់បុគ្គល​ទាំង​ឡាយ​ដែល​ទាម​ទារ ​ឬ​ញុះញង់​ឲ្យ​ធ្វើ​ទង្វើ​នេះ​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជាធរមាន។​​នេះ​បើតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួង​ការងារ​ថ្ងៃ​ទី៦​មីនា។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃ​សៅរ៍នេះថា លោក​ទទួលបានព័ត៌មានថា ​មានរោងចក្រ​យ៉ាង​ហោច​ណាស់​ចំនួនពីរ​ បាន​ប្រើ​ប្រាស់​ឱកាសនេះ​ដើម្បី​​ដាក់​សម្ពាធ​ឲ្យ​កម្មករ​យល់​ព្រម​ផ្តិត​មេដៃ​បញ្ចប់​កិច្ចសន្យាការងារ គឺរោងចក្រ​គ្រីស្តាល់ ម៉ាទីន និង​រោងចក្រ​​សុង​យិន​ នៅខេត្ត​កណ្តាល។

បើតាម​មេ​ដឹកនាំ​សហជីពរូបនេះ នៅពេល​រោង​ចក្រ​បង្ខំឲ្យ​កម្មករ​យល់​ព្រម​បញ្ចប់​កិច្ច​សន្យា​ការងារ ​​គឺ​ត្រូវ​តែ​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​និង​ប្រាក់​សំណង​ចំនួន​៥ចំណុច​ទៅតាម​ច្បាប់​កំណត់។ ប៉ុន្តែ​លោក​កត់​សំ​គាល់​រោង​ចក្រ​ជាច្រើន​អាច​នឹងមិន​អនុវត្តពេញលេញទៅតាម​ច្បាប់ឡើយ ដោយ​សារ​មានលេស​អស់​វត្ថុ​ធាតុ​ដើមពីចិន។

​គិត​ត្រឹម​ថ្ងៃទី៣​មីនា​​គឺមាន​រោង​ចក្រចំនួន​៣៣ បាន​សុំ​ព្យូរ​ការងារ​កម្មករ​ក្រោម​ហេតុ​ផល​អស់​​វត្ថុ​ធាតុ​ដើម​នាំ​ចូល​ពីចិន ដោយរោង​ចក្រខ្លះ​​សុំ​ព្យូរ​២សប្តាហ៍ ខ្លះ​ទៀត​សុំព្យួរ​១ខែ និង​បាន​ប៉ះ​ពាល់​កម្មករ​ជាង ១៧ ០០០នាក់ ស្មើ​នឹង​១ភាគ៤​នៃ​កម្មករ​សរុប​ទាំង​៣៣​រោង​ចក្រ​នេះ​។

សម្រាប់​លោក​ប៉ាវ ស៊ីណា ប្រធានសហជីព​ចលនា​កម្មករ គឺម្ចាស់​​រោង​ចក្រមិនត្រូវយកឱកាសនេះ ធ្វើជាលេសក្នុងការបញ្ឈប់ឬបញ្ចប់កិច្ចសន្យាការងារកម្មករដើម្បីគេចវេស ពីការបង់ប្រាក់ឈ្នួល ៤០ភាគរយ ដល់​កម្មករនោះទេ។ លោក​លើក​ឡើងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ​ក្នុងការដាក់ពាក្យចូលរៀនជំនាញផ្សេងៗ និងទទួលបាននូវប្រាក់ឧបត្ថម្ភ ២០ភាគរយ បន្ថែមពីរដ្ឋាភិបាល ក្រសួងការងារ ត្រូវរៀបចំទីកន្លែងនិងផ្តល់គ្រូបណ្តុះបណ្តាលជំនាញផ្សេងៗ ទៅដល់ខេត្ត ក្រុង ដែលមានរោងចក្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ