អានតួអត្ថបទ
កម្ពុជា-សង្គម

លោក សេង សុមុនី៖ មេគណសង្ឃតាមខេត្តត្រូវណែនាំព្រះសង្ឃកុំឲ្យនិមន្តចូលកន្លែងប្រជ្រៀតក្នុងពិធីអុំទូក

លោក​ សេង សុមុនី​ អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ តាម​រយៈ​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​អំពាវនាវ​ឱ្យ​មេគណសង្ឃ​នៅ​តាម​បណ្តា​ខេត្ត​ ដែល​មាន​ការ​រៀបចំ​ពិធី​បុណ្យអុំទូក​ពេល​ខាង​មុខ​ ត្រូវ​ណែនាំ ​ភិក្ខុ​ សាមណេរ​ ហាម​និមន្ត​ទៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យអុំទូក​ ដែល​មាន​មនុស្ស​ច្រើន​កុះករ។​ តាម​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា ​ការ​និមន្ត​ចូល​ទៅ​កន្លែង​ប្រជ្រៀត​មនុស្ស​ច្រើន​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​គោរព​ប្រតិបត្តិ​ធម៌វិន័យ​សង្ឃ។​

បុណ​្យអ៊ុំទូកនៅភ្នំពេញ
បុណ​្យអ៊ុំទូកនៅភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ការ​ប្រារព្ធ​ពិធីបុណ្យអុំទូក​បណ្តែត​ប្រទីប​ និង​សំពះ​ព្រះខែ​ អក​អំបុក​ថ្នាក់​ជាតិ​ឆ្នាំ២០២២​នេះ ​ពុំ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ ប៉ុន្តែ​ពិធីនេះ ​ធ្វើ​ទៅ​បាន​នៅ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។​

ទន្ទឹម​នឹង​ការរៀបចំ​ពីធីបុណ្យអុំ​ទូកនេះ​ សាលា​គណខេត្ត​បាត់ដំបង​ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​មិន​អនុញ្ញាត​ឱ្យ​ព្រះសង្ឃ​គ្រប់​អង្គ​និមន្ត​ចូល​ក្នុង​កន្លែង​ប្រារព្ធពិធី​តាំងពិពណ៌​ បុណ្យ​អុំទូក​និង​បណ្តែត​ប្រទីប​នេះ​ទេ។​ តាម​សេចក្តី​ណែនាំ ​សកម្មភាព​ និង​រូបភាព​ចូលទៅ​កំសាន្ត​ប្រជ្រៀត​ចូល​ជាមួយ​គ្រហស្ថ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណតម្លៃ​នៃ​ព្រះពុទ្ធសាសនា​ សេចក្តីថ្លែថ្នូរ​ ភេទ​ជា​អ្នក​បួស​ និង​ធម៌វិន័យ​ ដែល​នាំ​ឱ្យ​ជះឥទ្ធិពល​ដល់​ជំនឿ​សាសនា​ ព្រម​ទាំង​ការ​មិនសប្បាយ​ចិត្ត​ពី​ពុទ្ធបរិស័ទ​ថែម​ទៀត​ផង។​

ដោយឃើញថាមានការរៀបចំពិធីបុណ្យអុំទូក​នៅតាមបណ្តាខេត្តជាច្រើន តែមានការចេញសេចក្តីណែនាំ​ឃើញនៅតែខេត្តបាត់ដំបង លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការនិង​សាសនាតាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០២២ អំពាវនាវ​ដល់មេ​គណសង្ឃនៅតាមបណ្តាខេត្តដែលមានការរៀបចំពិធីបុណ្យអុំទូកខាងមុខត្រូវ​ណែនាំ ភិក្ខុ សាមណេរ កុំឲ្យ​ទៅនិមន្តចូលរួមក្នុងកន្លែងប្រារព្ធពិធីបុណ្យអុំទូកនេះដែលមានមនុស្សកុះករ។ ក្រៅពីនេះ ​មេគណសង្ឃនិងមន្ទីរធម្មការ និងសាសនា គួរមានកិច្ចសហការជាមួយអាជ្ញាធរតំបន់​ ទប់ស្កាត់កុំអោយមានរូបភាពខាងលើនេះកើតឡើង។

លោក សេង សុមុនី បាន​គូសបញ្ជាក់ថា កន្លងមក ការប្រតិបត្តិ​ធម៌វិន័យសង្ឃនៅពុំទាន់ធ្វើទៅបានដោយត្រឹមត្រូវនៅឡើយទេ។ ដ្បិតថាព្រះសង្ឃនៅតាមបណ្តាខេត្តខ្លះ មាន​កាតព្វកិច្ចរួមចំណែកដឹកនាំ​ក្រុមប្រណាំងទូកមកប្រកួត មើលខុសត្រូវទូក និងមើលសមត្ថភាពក្រុមប្រណាំងទូកក៏ដោយ តែក្រសួងជារឿយៗតែងធ្វើការណែនាំ​ឱ្យសង្ឃអង្គនោះ​​សំងំនៅក្នុង​វត្តក្បែរនោះ ឬ ​នៅក្នុង​រោងពន្លាជ័យទូកដែល​ជាកន្លែងចំណុះទូកចត ដើម្បី​​កុំអោយមានការប៉ះពាល់វិន័យសង្ឃ និងដើម្បីលើក​កម្ពស់​កិត្តិយស​ ​និង​សេច​ក្តី​ថ្លៃថ្នូរ​​របស់​ព្រះពុទ្ធ​សាសនា​។ ​ប៉ុន្តែ​​នៅមានព្រះសង្ឃអង្គខ្លះ ​ នៅតាមតំបន់មួយចំនួន បានអនុវត្តន៍​ប្រាសចាកក្រមប្រតិបត្តិធម៌ មកកំសាន្ត ដោយការ​ចូលប្រជ្រៀតជាមួយគ្រហស្ថទូទៅ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ