អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រឹទ្ធ​សភា​អាមេរិក​សម្រេច​ឲ្យ​លោក​ដូណាល់​ ត្រាំ​រួច​ខ្លួន​​លើ​​​បទ​​ញុះញង់​​ឲ្យ​​​មាន​​អំពើ​​ហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹទ្ធ​សភា​អាមេរិក​បាន​សម្រេច​កាលពីថ្ងៃ​សៅរ៍ ទី១៣ កុម្ភៈ​ម្សិលមិញ​ថា​លោក​ដូណាល់​ ត្រាំ​ គ្មាន​ទោស​កំហុស​ឡើយ​ពាក់ព័ន្ធនឹង​បទចោទប្រកាន់​ថា​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​។ ជា​ការ​បះបោរ​សម្រុក​ចូល​លុកលុយ​ដោយ​ហិង្សា​នៅ​វិមាន​កាពីតូល​រហូត​បណ្តាល​ឲ្យ​មនុស្ស​ ៥ នាក់ស្លាប់​ កាលពី​ថ្ងៃ​ទី ៦ ​ខែ​មករា​កន្លងទៅ​។ ក្រោយ​ព្រឹទ្ធសភា​សម្រេច​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់​នេះ​តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត​ចំពោះ​លោក​ត្រាំ​ និង​សហរដ្ឋអាមេរិក​?

អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ AP - Carolyn Kaster
ផ្សាយពាណិជ្ជកម្ម

សវនាការ​ជំនុំ​ជម្រះ​ទោស​លោក​អតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ

ព្រឹទ្ធសភា​អាមេរិក​បាន​ចាប់ផ្តើម​ជំនុំ​ជម្រះ​ក្តី​ទម្លាក់​លោក​ដូណាល់ ត្រាំ​ ចេញពី​តំណែង​ចាប់​តាំង​ពី​ថ្ងៃអង្គារ​ទី ៩​ខែ​កុម្ភៈ ឆ្នាំ ២០២១ ​មក​។ ត្រឹមតែ​រយៈពេល​ដ៏ខ្លី​ពោល​គឺ​រយៈពេល​ត្រឹមតែ​ ៥ ថ្ងៃ​ ប៉ុណ្ណោះ​ ការជំនុំជម្រះ​ទោស​លោក​អតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ បាន​បញ្ចប់​កាលពី​រសៀស​ថ្ងៃសៅរ៍​ម្សិលមិញ​ ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក​។

រីឯ​លទ្ធផលវិញ​គឺ​វា​ដូចអ្វី​ដែល​ក្រុម​អ្នក​វិភាគ​បាន​ព្យាករណ៍​ទុកមែន​ គឺ​លោក​ ត្រាំ បាន​រួចខ្លួន​ គ្មានទោសកំហុសអ្វី​ឡើយ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​ ចូល​លុកលុយ​ដោយ​ហិង្សា​នៅឯ​វិមាន​កាពីតូល​ ដែល​ជា​និមិត្តរូប​នៃលទ្ធិប្រជាធិបតេយ្យ​អាមេរិក​កាលពីខែ​មុន​។

ជាថ្មីម្តងទៀត​លោក​និង​ជា​លើកទី២​ហើយ​ ដែល​លោក​ប្រធានាធិបតី​ទី៤៥​ របស់​អាមេរិករូបនេះ​បាន​រួច​ខ្លួនពី​ការ​ផ្តន្ទាទោស​ដោយ​ព្រឹទ្ធសភា​ ក៏ព្រោះតែ​សមាជិក​សភា​ភាគច្រើន​ មកពី​គណបក្ស​សាធារណៈរដ្ឋ​នៅតែ​បន្ត​គាំទ្ររូប​លោក​។

នេះ​គឺជា​មូលហេតុ​ដែលធ្វើឲ្យ​ព្រឹទ្ធសភា​មិនអាច​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​ចំនួន​ ២ ភាគ ៣ ឬស្មើនឹង​ ៦៧​សំឡេង​ ដើម្បី​អាច​កាត់ទោស​លោក​ដូណាល់ ត្រាំ​ ពីបទ​ញុះញង់​ឲ្យ​មាន​ការ​ចូល​លុក​លុយ​នៅវិមានកាពីតូល​កាលពីថ្ងៃទី ៦​ ខែមករា​បាន​។

នៅក្នុង​សវនាការ​កាលពី​រសៀលថ្ងៃសៅរ៍​ម្សិលមិញនេះ​ សមាជិក​ព្រឹទ្ធសភា​សរុប​ទាំងអស់​ចំនួន​ ១០០នាក់​ បាន​បោះឆ្នោត​ក្នុង​សំឡេង​ ៥៧ ទល់​នឹង៤៣​។ ក្នុង​ចំណោម​សំឡេងគាំទ្រ​ទាំង ៥៧​ មាន​ ៥០​ ជា​សំឡេង​ឆ្នោត​របស់​សមាជិកព្រឹទ្ធសភា​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ ៧ សំឡេង​ផ្សេងទៀត គឺ​ជា​របស់​សមាជិក​ព្រឹទ្ធសភា​មកពីខាង​គណបក្ស​សាធារណរដ្ឋ​របស់លោកត្រាំ​។

ជារួមមក​ ព្រឹទ្ធសភា​អាមេរិក​មិន​អាច​ផ្តន្ទាទោស​លោកត្រាំ​ពី​បទ​ចោទ​ប្រកាន់​ថា​បានញុះញង់​ឲ្យ​មាន​អំពើហិង្សា​បាន​ទេ​ដោយ​ខ្វះ​សំឡេង​គាំទ្រ​ចំនួន​ ១០ សំឡេង​។

ជាការគួរឲ្យកត់សម្គាល់​ដែរ​ក្រោយនីតិវិធី​ដក​តំណែង​លោក​បាន​បិទបញ្ចប់​ លោក​ដូណាល់ ត្រាំ​ បានចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​ដោយថ្កោលទោស​ការកាត់​ក្តីនេះថា​ជាការ​តាម​ប្រមាញ់​ធ្វើបាបលោក​មិន​លែង​ដៃ​និង​មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។

ក្រោយ​ព្រឹទ្ធសភា​សម្រេច​ទម្លាក់​ចោល​នូវ​បទចោទ​ប្រកាន់​នេះ​ តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត​ចំពោះ​លោក​ត្រាំ?

រួចខ្លួន​ពីការ​ផ្តន្ទាទោសជាលើកទី២​ ក្នុង​ដំណើរការ​ទម្លាក់​តំណែង​អាច​ចាត់​ទុកថា​លោក​ដូណាល់ ត្រាំ​ ទទួល​បាន​ជោគជ័យ​និង​ធូរស្រាលខ្លួន​បានខ្លះ​។ ក្រោយការ​សម្រេច​របស់​ព្រឹទ្ធសភា​បែបនេះ​ វាបង្ហាញថា​លោក​ដូណាល់ ត្រាំ​ នៅតែ​មាន​សិទ្ធិ​អាច​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ជាថ្មីម្តងទៀត​នាឆ្នាំ ២០២៤​ ខាងមុខ​ ប្រសិនបើ​លោកចង់​និង​ជ្រើសរើស​ធ្វើដូច្នោះ​។

ហើយ​នេះក៏​មានន័យថា​ ការប៉ុនប៉ង​របស់​ក្រុមអ្នក​ប្រជាធិបតេយ្យ​ ក្នុងការ​បិទផ្លូវ​លោកដូណាល់ ត្រាំ​ មិនឲ្យ​អាច​ឈរឈ្មោះ​សម្រាប់មុខតំណែង​សាធារណៈ​ផ្សេងៗ​ ជាពិសេស​ឈរ​ឈ្មោះជា​ប្រធានាធិបថ្មី​សាជាថ្មី​ ត្រូវរលាយបាត់​រូបរាង​ដូច​ជា​អំបិល​ត្រូវទឹក​អីចឹង​។

យ៉ាងណាក៏ដោយ​ ការសម្រេចរបស់ព្រឹទ្ធសភា​មិនមែន​ជា​ជោគជ័យ​ដ៏ត្រចះត្រចង់​ខ្លាំង​ណាស់ណា​ឡើយ​សម្រាប់​លោកត្រាំ​។ ហេតុអ្វី​?

ការដែល​ព្រឹទ្ធ​សភា​អាមេរិក ​បាន​សម្រេច​ឲ្យ​លោក​ដូណាល់ ត្រាំ ​រួច​ខ្លួនលើ​បទ​ចោទប្រកាន់ គឺគ្រាន់​តែ​ជោគជ័យ​មួយផ្នែក​ប៉ុណ្ណោះ​ ពីព្រោះថា​រួចទោស​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើហិង្សាក៏ពិតមែន​ តែលោក​អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ​ នៅត្រូវ​ប្រឈម​មុខ​នឹង​បទចោទ​ប្រកាន់​ជាច្រើនទៀត។

គួរជ្រាបដែរ​ថា​បទចោទប្រកាន់​ផ្សេងទៀត​ដែល​លោកត្រាំ​ កំពុងប្រឈមគឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណីក្លែងបន្លំពន្ធ​ និងការ​បោកប្រាស់​លើ​រឿង​ធានារ៉ាប់រង​ជាដើម​។ ដូច្នោះហើយ​ បើ​លោក​ដូណាល់​ ត្រាំ​ អាច​រួច​ខ្លួន​ផុតទោស​ពីបទ​ចោទប្រកាន់​ទាំងអស់​ទើបគេ​អាច​ចាត់​ទុក​ថា​វា​ជា​ជោគជ័យ​មួយ​ដ៏ត្រចះត្រចង់បំផុត​សម្រាប់រូប​លោក​។

តើ​សេចក្តី​សម្រេច​របស់​ព្រឹទ្ធសភា​អាមេរិក​មាន​អត្ថន័យ​យ៉ាងណា​សម្រាប់​លោក​បៃដិន​?

ទាក់ទងរឿងនេះ​ ជាដំបូង​គេគួរ​ដឹងថា​ លោកចូ បៃដិន ​ដែលជា​អ្នក​ប្រជាធិបតេយ្យ​មួយរូប​និង​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក​ មិនគាំទ្រ​ឡើយតាំង​ពីដំបូង​អឺយម្ល៉េះ​ចំពោះ​ដំណើរ​ការ​ទម្លាក់​តំណែង​លោកដូណាល់ ត្រាំ​ ទាំងតក់ក្រហល់​។ សម្រាប់​លោកបៃដិន​ ការ​ចោទប្រកាន់​ទម្លាក់​លោកត្រាំ​ចេញពី​តំណែង​នៅ​គឺជារឿង​អាច​នឹងធ្វើឲ្យ​មាន​ការប្រេះឆា​បាក់បែក​កាន់តែខ្លាំង​នៅក្នុង​សង្គម​ជាតិ​អាមេរិក​។

យ៉ាងណាក៏ដោយ​ សម្រាប់​លោក​ចូ បៃដិន​ បើទោះ​បី​ជា​លោក​ត្រាំ​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​​ក៏​ដោយ​ក៏​នីតិវិធី​ដកតំណែងលោក​នេះ បាន​បង្ហាញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ផុយ​ស្រួយមួយទៅហើយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

ដោយឡែក​ បើ​យោងទៅតាម​សម្តី​របស់​មន្ត្រី​សេតវិមាន​អាមេរិក​ដែល​មាន​ចុះផ្សាយ​នៅក្នុង​សារ​ព័ត៌មាន BBC លោកចូ បៃដិន​ មិនដែលបាន​តាមដាន​ឡើយ​រឿង​ពាក់ព័ន្ធនឹង​នីតិវិធី​ចោទ​ប្រកាន់​ទម្លាក់​លោក​ត្រាំ​ពី​តំណែង​។ ក្នុងអំឡុងពេលនៃ​ដំណើរការ​ជំនុំជម្រះ​ទោស​លោកត្រាំ​ លោកបៃដិន គិតតែ​ពី​ដោះស្រាយ​បញ្ហាជាច្រើន​ទាក់ទងនឹង​ជំងឺ​រាតត្បាត​កូវីដ១៩​ និងការ​ជួយស្រោច​ស្រង់​ប្រទេស​ពីវិបត្តិសេដ្ឋកិច្ច​ដែលជា​ចំណុច​អាទិភាព​របស់​រដ្ឋបាល​អាមេរិក​ថ្មី​។

ជាចុងបញ្ចប់នេះ​គួរបញ្ជាក់ជូនដែរថា​ បន្ទាបពី​បាន​បញ្ចប់​នីតិវិធី​ដកតំណែងអតីត​ប្រធានាធិបតីលោក​ដូណាល់ ត្រាំ ព្រឹទ្ធ​សភានឹងត្រូវ​បន្តការងារសំខាន់​ផ្សេងទៀត សម្រាប់​ប្រទេសអាមេរិកទាំងមូល​។ ក្នុងនោះ​រួមមាន​ការ​បញ្ជាក់​អំពី​ការ​តែងតាំង​មន្ត្រី​ថ្មី​ក្នុង​ជួរ​រដ្ឋបាល​លោកបៃដិន​ និង​ត្រូវ​ពិនិត្យ​មើលផងដែរ​លើគោលនយោបាយ​ថ្មីរបស់លោកចូ បៃដិន​ ខណៈ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដោះស្រាយ​ទល់នឹង​បញ្ហា​កូវីដ​ និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែលកំពុងកើតមាន​នៅក្នុងប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ