អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រីអិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡាជាស្រ្តីទី១ និងជាជនជាតិអាហ្រ្វិកទី១ ទទួលតំណែងប្រធាន WTO

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ចន្ទ ទី១៥ កុម្ភៈ លោកស្រី​អិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា​ដែល​ជា​ជនជាតិ​នីហ្សេរីយ៉ា​បាន​ជាប់ឆ្នោត​ជា​អគ្គនាយិកា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ហៅកាត់​ជា​ភាសា​អង់គ្លេស WTO។ តាម​ការ​គ្រោង​ទុក លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​នឹង​ចូល​កាន់​តំណែង​មួយ​នេះ​នៅ​ខែ​មីនា​ខាង​មុខ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​ទទួល​បាន​តំណែង​ជា​អគ្គនាយិកា WTOរបស់​លោកស្រី អូកុនហ្យូ អ៊ីវ៉េឡា​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ។ តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០២០ ពោល​ក្រោយ​ការ​លា​ចុះ​ពី​តំណែង​ប្រធាន WTOរបស់​លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ WTOបាន​កំព្រា​អាណាព្យាបាល​មក​ដល់​សព្វថ្ងៃ។

លោកស្រីអិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា អគ្គនាយិកាថ្មី​នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក
លោកស្រីអិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា អគ្គនាយិកាថ្មី​នៃ​អង្គការពាណិជ្ជកម្ម​ពិភពលោក AP - Jean-christophe Bott
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៦៦ឆ្នាំ និង​ជា​ជនជាតិ​នីហ្សេរីយ៉ា លោកស្រី​អិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា​មាន​សញ្ញាប័ត្រ​ចេញ​ពី​សកលវិទ្យាល័យ​អាមេរិក Harvard និង Massachusetts។ នៅ​ក្នុង​ប្រទេស​កំណើត លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ធ្លាប់​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចំនួន ២ដង និង​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រយៈពេល ២ខែ។ នៅ​លើ​ឆាកអន្តរជាតិ លោកស្រី​ធ្លាប់​កាន់​តំណែង​ជា​អនុប្រធាន​ធនាគារពិភពលោក។ ដូច្នេះ អគ្គនាយិកា​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ជនជាតិ​នីហ្សេរីយ៉ា​រូប​នេះ​មាន​សមត្ថភាព និង​បទពិសោធន៍​ពេញ​ខ្លួន។

អ្វី​ជា​ការ​កត់សម្គាល់ នេះ​ជា​លើកទី១ ដែល​តំណែង​របស់ WTOបាន​ធ្លាក់​ទៅ​លើ​ស្រ្តី ហើយ​ក៏​ជា​លើកទី១ ដែល​តំណែង​មួយ​នេះ​បាន​ធ្លាក់​ទៅ​លើ​ជនជាតិ​អាហ្រ្វិក។ គួរ​បញ្ជាក់​ថា តាំង​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៩៥ មក​ដល់​សព្វថ្ងៃ អ្នក​ដឹកនាំ​ទាំង ៦នាក់​សុទ្ធ​តែ​បុរស​ទាំង​អស់​ក្នុង​នោះ មាន​ជនជាតិ​អឺរ៉ុប​ចំនួន ៣នាក់ ជនជាតិ​នូវែលសេឡង់​ម្នាក់ ជនជាតិ​ថៃ​ម្នាក់ និង​ចុង​ក្រោយ​ជា​ជនជាតិ​ប្រេស៊ីល​លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ។ លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ​បាន​លា​ចុះ​ពី​តំណែង​ប្រធាន WTO កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ    ២០២០ ដោយ​មូលហេតុ​គ្រួសារ។

សំណុំរឿង​អាទិភាព​របស់​លោកស្រី​លោកស្រី​អិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា​

ការ​ទទួល​បាន​តំណែង​ជា​អគ្គនាយិកា​របស់​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល WTO កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។ មាន​កិច្ចការ​ច្រើន​រាប់​មិន​អស់​ដែល​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ត្រូវ​ធ្វើ​ដោយ​ចាប់​ផ្តើម​ដំបូង​ពី​ការ​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​លើ​ស្ថាប័ន​ពាណិជ្ជកម្ម​អន្តរជាតិ។ គេ​អាច​និយាយ​បាន​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ពិការ​មួយ​ចំហៀង​ខ្លួន ហើយ​ប្រព័ន្ធ​ពហុភាគីនិយម​កំពុង​ជួប​វិបត្តិ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សម័យ​កូវីដ១៩។

លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​បាន​កំណត់​យក​សំណុំរឿងអាទិភាព​ចំនួន ៣ ក្នុង​ចំណោម​សំណុំរឿង​អាទិភាព​ជា​ច្រើន​ដែល​លោកស្រី​ត្រៀម​ដោះស្រាយ​ជា​បន្ទាន់​នៅ​ក្នុង​ពេល​កាន់​តំណែង​រយៈ ១០០ថ្ងៃ​ខាងមុខ។ ទី១ ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ជំងឺ​កូវីដ១៩ ដោយ​ផ្តោត​នៅ​លើ​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច មាន​ន័យ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​សកល​ដែល​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩។ ទី២ ផ្តល់សន្ទុះ​ជា​ថ្មី​លើ​កិច្ចចរចា​ស្តីពី​ឧបត្ថម្ភធន​ក្នុង​វិស័យ​នេសាទ​ដែល​បាន​អូសបន្លាយ ២០ឆ្នាំ និង​អាទិភាព​ទី៣ ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​ជាប់គាំង។

គួរ​បញ្ជាក់​ថា ប្រព័ន្ធដោះស្រាយ​វិវាទ​នេះ​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ជាន់ឈ្លី បិទខ្ទប់​នៅ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន។ លោក​ត្រាំ​បាន​បដិសេធ​មិន​បន្ត​អាណត្តិ​របស់​ក្រុម​ចៅក្រម​នៅ​ផ្ទៃក្នុង WTO ដែល​មាន​តួនាទី​ជំនុំជម្រះ​លើ​ក្តីក្តាំ​ពាណិជ្ជកម្ម​រវាង​ប្រទេស និង​ប្រទេស។ គួរ​រម្លឹក​ថា គោលការណ៍​ដើម​របស់ WTO គឺ​គាំទ្រ និង​លើក​ស្ទួយ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជា​លក្ខណៈ​ពហុភាគី។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ គោលការណ៍​ពហុភាគីនិយម​ត្រូវ​បាន​ជាន់​ឈ្លី និង​ត្រូវ​បាន​ដាក់​ជំនួស​វិញ​ដោយ​គំនិត​អាត្មានិយម។

កិច្ចចរចា​ជា​លក្ខណៈ​អន្តរជាតិ និង​ពហុភាគី​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​កិច្ចចរចា​រវាង​ប្រទេស និង​ប្រទេស ឬ​មួយ​រវាង​តំបន់ និង​តំបន់។ លែង​មាន​ទៀត​ឡើយ​នូវ​សាមគ្គីភាព​ជា​លក្ខណៈ​អន្តរជាតិ ហើយ​វិបត្តិ​កូវីដ១៩ ជា​វិញ្ញាសារ​មួយ​ដែល​បញ្ជាក់​ពី​ភាព​អាត្មានិយម​របស់​ប្រទេស​មួយ​ចំនួន​ដើម្បី​រស់​ខ្លួន​ឯង ពិសេស​ក្នុង​រឿង​វ៉ាក់សាំង និង​សម្ភារៈបរិក្ខារពេទ្យ។

ផ្លូវ​ដែល​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ

គេ​ពិបាក​វាយតម្លៃ​លើ​សមត្ថភាព​របស់​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡានៅ​ពេល​ដែល​លោកស្រី​មិន​ទាន់​ទាំង​កាន់​តំណែង​ផង។ មាន​ការ​លើក​ឡើង​ថា លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​គ្មាន​ជំនាញ​ពាណិជ្ជកម្ម​ទេ។ តែ​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ធ្លាប់​បាន​លើក​ឡើង​តាំង​ពី​មុន​ជាប់ឆ្នោត​ថា បើ​លោកស្រី​ទទួល​បាន​តំណែង​ជា​អគ្គនាយិកា WTO ក៏​ដោយសារ​តែ​សមត្ថភាព​របស់​លោកស្រី ពោល​មិនមែន​ដោយសារ​ដើមកំណើត ឬ​ពណ៌សម្បុរ​របស់​លោកស្រី​ទេ។ អ្វី​ដែល​សំខាន់ លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ត្រូវ​ស្តារ​មុខមាត់ និង​លើក​តម្លៃ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឡើង​វិញ​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​សមាជិក​ទាំង​អស់​មាន​ទំនុក​ចិត្ត​លើ WTO ជា​ថ្មី។

ទំនុកចិត្ត​ដែល​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ត្រូវ​ធ្វើ​នេះ​មិនមែន​មាន​ត្រឹម​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ឬ​មួយ​ក៏​រវាង​សហរដ្ឋអាមេរិក និង​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ធ្វើ​ឡើង​រវាង​ក្រុម​ប្រទេស​អភិវឌ្ឍ និង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។ អ្វី​ដែល​ច្បាស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ និង​ផ្តល់​ជំនឿ​ទុកចិត្ត​ឡើង​វិញ​ដល់​ប្រទេស​សមាជិក​ទាំង​អស់ ហើយ​អ្វី​ដែល​ច្បាស់ ការ​ឡើង​កាន់​តំណែង​ប្រធាន WTO របស់​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​អាច​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​នេះ​ងើប​ផុត​ពី​វិបត្តិ។ តែ​ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​នេះ​បាន ផ្លូវ​ដែល​លោកស្រី​អូកុនហ្យូ អ៊ីវ៉េឡា​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ