អានតួអត្ថបទ
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

តើនរណានឹងក្លាយជាប្រមុខអង្គការពាណិជ្ជកម្មពិភពលោកថ្មី ? ជនជាតិអឺរ៉ុបឬអាហ្វ្រិក ?

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជ្រើសរើស​អគ្គនាយក​អង្គការ​ថ្មី​ នៅ​ថ្ងៃ​ចន្ទទី ៨​មិថុនា២០២០ សម្រាប់​មក​ជំនួស​អគ្គនាយកចាស់។ អគ្គនាយក​កំពុង​កាន់​តំណែង​លោក​​ រ៉ូប៊ែរតូ អាហ្សេវេដូ Roberto Azevedoជាតិ​ប្រេស៊ីល ​បាន​សុំ​​លាលែង​ចេញ​ពី​តំណែង​ចាប់​ពី​ចុង​ខែ​សីហា​ទៅ ពោល​គឺ​មួយ​ឆ្នាំ​គត់​មុន​ចប់​អាណត្តិ។ បេក្ខជន​អាច​មក​​ដាក់​ពាក្យ​​ចាប់​ពី​​ថ្ងៃចន្ទ​ទី ៨ មិថុនា​រហូត​ដល់​ថ្ងៃទី ៧​កក្កដា ២០២០។ ​​ប្រភព​សារព័ត៌មាន​លើក​និយាយ​ច្រើន​អំពី​​បេក្ខជន​មក​ពី អាហ្វ្រិក​និង​អឺរ៉ុប។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្តើម​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​មក​ជំនួស​លោក​ Roberto Azevedo ដែល​សុំ​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃទី ៣១​សីហា ២០២០
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្តើម​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​មក​ជំនួស​លោក​ Roberto Azevedo ដែល​សុំ​លាលែង​ចេញ​ពី​តំណែង​នៅ​ថ្ងៃទី ៣១​សីហា ២០២០ AFP/File
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ការ​ជ្រើសរើស​ប្រមុខ​ដឹកនាំ​អង្គការពាណិជ្ជកម្មពិភពលោក មិន​រំពឹង​លើ​​ប្រព័ន្ធ​ឆ្លាស់​វេន វិល​​ម្តង​ឱ្យបេក្ខជន​មក​ពី​​ទ្វីប​នេះ​ ម្តងឱ្យ​​ទ្វីប​នោះ​​ធ្វើ​ជា​ប្រធានក៏​ដោយ​ ក៏​ទ្វីប​អាហ្វ្រិក​ហាក់​មាន​សង្ឃឹម​ថា​​បេក្ខជន​ខ្លួននឹង​​បាន​ឡើង​កាន់​តួនាទី​នេះ​ជា​លើក​ទី​មួយ។ គ្រាន់​តែ​ថា​ពេលនេះ​​អាហ្វ្រិក​ពុំ​ទាន់​សម្រេច​ព្រមព្រៀង​គ្នា​ រក​ឃើញ​​បេក្ខជន​តែម្នាក់​​គត់​សម្រាប់​តំណាង​ទ្វីប​នៅ​ឡើយ​ទេ។

អាហ្វ្រិក​កំពុង​រារែក​លើ​បេក្ខជន​បេក្ខនារី​ជា​ច្រើន​រូប មាន​អាទិ៍​ អតីត​ប្រមុខ​ការទូត​អេហ្ស៊ីប លោក អាមីដ មាំដូ Hamid Mamdouh ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​អង្គការ​តាំង​ពីយូរ ​ឬក៏​រូប​លោក អេឡ័រ ឡាអ៊ូរ៉ូ Eloi Laourou ជាតិ​បេណាំង ជា​ឯកអគ្គរដ្ឋ​ទូតបេណាំង​ប្រចាំ​អង្គការ​សហប្រជាជាតិ ឬ​លោកស្រី អាមីណា ម៉ូហាម៉េដ Amina Mohamed ជាតិ​កេនយ៉ា ដែលធ្លាប់​​​ប្រជែង​នឹងលោក​អាហ្សេវេដូ ​កាលពី​ឆ្នាំ​២០១៣។​ ចំណែក​នីហ្សេរីយ៉ា​វិញ បែរ​ជា​ស្នើ​បេក្ខ​ជន​ម្នាក់​ផ្សេង​ទៀត ដោយ​ឈប់​​គាំទ្រ​បេក្ខភាព​លោកស្រី​ យូណូវ ហ្វ្រេដេរិក អាហ្កះ​ Yonov Frederick Agah ដែល​ជា​អគ្គនាយករង​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ស្រាប់​ទៅវិញ។ សហភាព​អាហ្វ្រិក​សង្ឃឹម​ថា​នឹង​អាច​សម្រេច​កំណត់​បេក្ខជន​របស់​ទ្វីប​បាន​នៅ​មុខ​ខែ​កក្កដា។

​អាហ្វ្រិក​មិន​ដែល​ធ្លាប់​បាន​តួនាទី​ជា​មេដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សោះ​ ប៉ុន្តែ​​សំឡេង​ជា​ច្រើន​ស្រែក​ទាមទារ​ចង់​បាន​ប្រមុខ​ដឹកនាំ​មក​ពី​ប្រទេស​អភិវឌ្ឍន៍​ជាង ដើម្បី​ឱ្យ​ជា​​ការ​ផ្លាស់​ប្តូរពិតៗ​​ឆ្លាស់​​ជាមួយនឹង​ចាក​ចេញ​របស់​ប្រេស៊ីល​​។

ក្នុង​ន័យ​នេះ​មាន​បេក្ខភាព​មក​ពី​អឺរ៉ុប​ច្រើន​កំពុង​រសាត់​ក្នុង​ប្រព័ន្ធ​ឃោសនា​ ដូច​ជា ឈ្មោះលោក ហ្វីល ហូហ្កង់ Phil Hogan ឧត្តម​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ជាតិ​អៀរឡង់ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ហូឡង់ លោក Sigrid Kaag រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អេស្ប៉ាញលោកស្រី Arancha Gonzalez។ សហភាព​អឺរ៉ុប​នឹង​សម្រេច​នៅ​ថ្ងៃ​អង្គារ​ថា​គួរ​មាន​បេក្ខជន​តែ​ម្នាក់​តំណាង​អឺរ៉ុប​យ៉ាងណា។

សូម​បញ្ជាក់​ថា អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទី​៦ លោក​ រ៉ូប៊ែរតូ អាហ្សេវេដូ ​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង មុន​អាណត្តិ និង​ក្នុង​ពេល​ពិភពលោក​កំពុង​លង់​ក្នុង​វិបត្តិ​កូរ៉ូណាវីរុស ក្រោម​ហេតុ​ផល​គ្រួសារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ