អានតួអត្ថបទ
សង្គ្រាមពាណិជ្ជកម្ម

អង្គការពាណិជ្ជកម្ម​ពិភពលោក​ ​ថា​ពន្ធ​​អាមេរិក​លើ​ទំនិញចិន​ មិនស្រប​នឹង​វិធានពាណិជ្ជកម្ម​អន្តរជាតិ

ការដាក់ទណ្ឌកម្ម​ចិន​ដោយ​យកពន្ធបន្ថែម​ពី​លើ​ទំនិញ​ចិន ដែល​ដើម​ហេតុ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​ពីរ ជា​ទង្វើ​មិន​សមស្រប​ទៅ​នឹង​វិធាន​​ពាណិជ្ជកម្មអន្តរជាតិ​ទេ។ នេះ​បើ​តាមការអារកាត់​សេចក្តី​របស់​​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​បាន​ផ្តល់​អនុសាសន៍​ឱ្យ​សហរដ្ឋ​អាមេរិក​សម្រប​ខ្លួន​តាម​ច្បាប់​អន្តរជាតិ។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា​អាមេរិក​ធ្វើ​សមស្រប​តាម​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា​អាមេរិក​ធ្វើ​សមស្រប​តាម​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃអង្គារ​ទី ១៥កញ្ញា​ម្សិលមិញ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ផ្តល់​សាលក្រម​ តប​ទៅ​នឹង​បណ្តឹង​របស់​ប៉េកាំង កាលពី​ឆ្នាំ​២០១៨ ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិកដែល​បាន​សម្រេច​យក​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ចិន ក្នុង​ទំហំ​សរុប​ ជាង ២០០ ០០០​លាន​ដុល្លារ។

នៅក្នុង​សេចក្តី​សម្រេចកម្រាស​៧២ទំព័រ អង្គការបាន​សន្និដ្ឋាន​ថា វិធានការ​របស់​អាមេរិក​ចំពោះ​ចិន មិន​ស្រប​​នឹង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិទេ។ អង្គការ​បាន​​លម្អិត​ទៀត​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​សេចក្តី បំភ្លឺ​ គ្រប់គ្រាន់ និង​មូលហេតុ​សមស្រប ដែល​ត្រូវ​​យក​ពន្ធបន្ថែម​​ពី​លើ​ផលិតផល​ចិន​ទេ។ ​ ​អាមេរិក​គួរ​តែ​ធ្វើ​អ្វី​ឱ្យ​ត្រូវ​តាមច្បាប់​និង​កាតព្វកិច្ច។ តែអង្គការក៏​បាន​​លើកទឹក​ចិត្ត​​ឱ្យភាគី​ទាំង​ពីរ បន្ត​ប្រឹង​ប្រែង​រក​ដោះស្រាយរួម។

“ជា​សេចក្តីសម្រេច​ដ៏ត្រឹមត្រូវ ! សង្ឃឹម​ថា​អាមេរិក​នឹង​គោរព​តាមយ៉ាង​ពេញ​លេញ ​​សេចក្តី​សម្រេច របស់​ក្រុម​អ្នកជំនាញ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក”។ នេះ​ជា​ប្រតិកម្ម​របស់​ចិន តាមរយៈ​​​​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម។

សហរដ្ឋ​អាមេរិក​ ដែលចាត់​ទុក​អង្គការ​ថា​គ្មាន​សម្មត្ថភាព​​បញ្ចប់​សកម្មភាពរកស៊ី​ខុសច្បាប់​របស់​ចិន ​ក៏បាន​ចេញសេចក្តី​ថ្លែងការណ៍មួយ​ភ្លាម​ដែរ “​ថ្វី​បើ​​ក្រុម​អ្នក​ជំនាញ មាន​ភស្តុតាង​ជាច្រើនពី​​អាមេរិក​ ស្តីពី សកម្មភាព​លួច​កម្មសិទ្ធិបញ្ញា របស់​ចិន​ ហើយ​ក៏​ដោយ ក៏​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​តែ​​ផ្តល់​ឱកាស​ឱ្យ​អ្នក​ខុស​ទៀត”។ ​

ភាគី​ទាំង​ពីរ អាច​ធ្វើ​ឧទ្ធរណ៍​ប្រឆាំ​ង​នឹងសេចក្តី​សម្រេច​នេះ​បាន ប៉ុន្តែ​អង្គការ​មិនអាច​បំពេញ​ការងារ​បាន​ទេ ដោយ​គ្មាន​ចៅក្រមគ្រប់គ្រាន់។ ហើយ​ម្យ៉ាងទៀត​ សម្រាប់​​រដ្ឋបាល​លោក​ដូណាល់ ត្រាំ អង្គការ​ពាណិជ្ជកម្ម​​ លម្អៀង គ្មាន​សមត្ថភាព​។ សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឱ្យ​រំលាយរៀប​ចំអង្គការ​ឡើង​វិញ និង​បាន​គំរាម​ដក​ខ្លួន​​ចេញ​ពី អង្គការ​នេះ ព្រមទាំង​បាន​ខ្ទប់​ តាំង​ពី​ខែ​ធ្នូ​មក មិន​ឱ្យ​មាន​ការ​តែង​តាំង​ចៅក្រមទេ។ ក្នុង​ពេលរង់​ចាំ ចិន ព្រមទាំង​បណ្តា​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត មានអាទិ៍​សហភាពអឺរ៉ុប បាន​ដាក់​ឱ្យ​ដំណើរការ​តុលាការ​បណ្តោះ​អាសន្ន​មួយ គ្រាន់​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្មអន្តរជាតិ​ផ្សេងៗ។

​អង្គការ​ពាណិជ្ជកម្មមិន​បានចេញ​ស្តី​អ្វី​ទាក់ទង​​នឹងសេចក្តី​សម្រេច​ចិត្ត​របស់​ចិន​​ដំឡើង​ពន្ធ​លើទំនិញ​អាមេរិក​ទេ ព្រោះ​អាមេរិក​មិន​បាន​ប្តឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ