អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វេសប៊ុក​សម្រេច​បិទគណនី​ទាំងអស់​ដែលមានជាប់ពាក់ព័ន្ធ​នឹង​របបសឹកភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សម្រេច​បិទ​រាល់​គណនី ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ជាប់​ទាក់ទង​កងទ័ព​ភូមា នៅក្រោម​ហេតុផល​ថា របបសឹកភូមា​បាន​ប្រើ​អំពើហិង្សា ធ្ងន់ធ្ងរ​ទៅលើ​បាតុករ ទាមទារ​លទ្ធិប្រជាធិបតេយ្យ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​អាមេរិកាំង ចេញផ្សាយ​នៅ ថ្ងៃ​ព្រហស្បតិ៍នេះ។ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សម្រេច​បិទ​ចោល​គណនី​ហ្វេសប៊ុក​របស់​កងទ័ព​ដែលនៅសេសសល់ នៅបន្ទាប់​ពី​បាន​បិទ​ទំព័រផ្សាយព័ត៌មាន​ដ៏សំខាន់ របស់​កងទ័ព​ភូមា កាលពី សប្តាហ៍មុន។

ទាហាន​ភូមា ដែល​ដាក់ពង្រាយ​នៅ ទីក្រុង​រ៉ង់ហ្គូន ក្រោយ​ថ្ងៃរដ្ឋប្រហារ​របស់​កងទ័ព​ភូមា នៅថ្ងៃ​ទី ៤​កុម្ភៈ ២០២១
ទាហាន​ភូមា ដែល​ដាក់ពង្រាយ​នៅ ទីក្រុង​រ៉ង់ហ្គូន ក្រោយ​ថ្ងៃរដ្ឋប្រហារ​របស់​កងទ័ព​ភូមា នៅថ្ងៃ​ទី ៤​កុម្ភៈ ២០២១ REUTERS - Stringer .
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅថ្ងៃ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​សម្រេច ហាមឃាត់ លែង​ឲ្យ​កងទ័ព​ភូមា​អាច​ប្រើ​បណ្តាញ​សង្គម ហ្វេសប៊ុក និង​Instagram របស់ខ្លួន ចាប់តាំង​ពី ថ្ងៃ​ព្រហស្បតិ៍​នេះតទៅ។ ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​សម្រេច​បិទ​ទំព័រ គណនី​របស់​កងទ័ព​ភូមា គឺ របប​សឹក​ភូមា​បាន​ប្រើ​អំពើ​ហិង្សា ធ្ងន់ធ្ងរ​ទៅលើ​បាតុករ ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា។

ហ្វេសប៊ុកបាន​លើកឡើងថា ព្រឹត្តិការណ៍​ដែលកើតឡើង នៅក្រោយ​រដ្ឋប្រហារ​យោធា​នៅភូមា ជាពិសេស ការបង្រ្កាប​ហិង្សា ទៅលើ​បាតុករ​ភូមា ជាហេតុផល​សំខាន់​ដែល​ជំរុញ​ឲ្យ​ហ្វេសប៊ុក​សម្រេច​បិទ​ទាំងស្រុង និង​ជារៀងរហូត រាល់​គណនី ទំព័រ​ហ្វេសប៊ុក ដែល​ជាប់ពាក់ព័ន្ធ​នឹង​កងទ័ព​ភូមា។ គណនី​ដែល​ហ្វេសប៊ុក សម្រេច​បិទ​នៅថ្ងៃ នេះ មាន​គណនី របស់​កងទ័ព​ជើងអាកាស កងទ័ព​ជើងទឹក ហើយ​និង​ក្រសួងការពារ​ជាតិ​ភូមា។ ក្រុមហ៊ុន​ពាណិជ្ជកម្ម ដែល​មាន​ជាប់ទាក់ទង​នឹង​កងទ័ព​ភូមា ក៏​ត្រូវ​ហាម​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទំព័រ​ហ្វេសប៊ុកដែរ។

នៅមុន សម្រេច​បិទ​គណនី​របស់​កងទ័ពភូមា ដែល​នៅសេសសល់ ហ្វេសប៊ុក ធ្លាប់​បាន​បិទ​ទំព័រហ្វេសប៊ុកជាច្រើន​ ដែល​មាន​តាំងពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន  ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ភូមា។ នៅ សប្តាហ៍មុន ហ្វេសប៊ុក បាន​សម្រេច​បិទ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ថា True News ដែល​កងទ័ព​ភូមា​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ផ្សព្វផ្សាយ​រហូត​មក ពី​វិធានការ ឬ​សារព្រមាន ដល់​អ្នកដែល​ហ៊ាន​ធ្វើ​បាតុកម្ម នៅ​ក្រោយ​រដ្ឋប្រហារ ជាដើម។ ហ្វេសប៊ុក​បាន​សម្រេច​បិទ ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ព័ត៌មាន​របស់កងទ័ពភូមា ឈ្មោះ True News  ក៏ព្រោះថា True News  ផ្សព្វផ្សាយ​ថា មានភាព​មិន​ប្រក្រតី ការបន្លំ នៅក្នុង​ការបោះឆ្នោត ដែលជាហេតុផលសំខាន់​ធ្វើ​ឲ្យកងទ័ព​ត្រូវ​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​លោកស្រី​អ៊ុងសាន ស៊ូជី។

ចាប់តាំង​ពីកើតមាន​រដ្ឋប្រហារ ហ្វេសប៊ុក​បាន​សម្រេច​បិទ​គណនី​ហ្វេសប៊ុក របស់​ទូរទស្សន៍ ឬ កាសែតគ្រប់គ្រង​ដោយ​កងទ័ព​ភូមា ដែលដើរតួនាទី​សំខាន់ ក្នុង​ការផ្សព្វផ្សាយ​ឃោសនា​បុព្វហេតុ​ធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព​ភូមា។

ប៉ុន្តែ យ៉ាងណាក៏ដោយ ទំព័ហ្វេសប៊ុក របស់​ស្ថាប័ន​ដែល​គ្រប់គ្រង​ដោយ​របបសឹក ដូចជា​ក្រសួង​អប់រំ ឬ​ក្រសួង​សុខាភិបាល គឺ​មិនត្រូវ​ប៉ះពាល់ ដោយ​វិធានការ​បិទ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​លើកនេះទេ។

តើវិធានការ​របស់​ហ្វេសប៊ុក​នឹង​អាច​ប៉ះពាល់​ដល់​កងទ័ព​ភូមា

នៅ​ភូមា ពាក្យថា អ៊ីនធ័រនែត គឺមានន័យថា ហ្វេសប៊ុក។ នៅប្រទេស​ដែល​ទើបផ្តើម​បើក​ឲ្យ​មាន​ការប្រើ​អ៊ីនធ័រនែតទូលំទូលាយ នៅ​ឆ្នាំ ២០១៣ ហ្វេសប៊ុក​បាន​គ្របដណ្តប់​បណ្តាញទំនាក់ទំនងភាគច្រើន នៅ​ភូមា។ ហ្វេសប៊ុក​ត្រូវ​គេ​ប្រើ​គ្រប់កន្លែង គ្រប់ពេលវេលា និង​សម្រាប់​គ្រប់រឿង មិនថា សម្រាប់​ទាក់ទង ឬ​ទទួល​ព័ត៌មាន​នានា។ ប្រជាជន​ភូមា​ភាគច្រើន​សុទ្ធតែ​ប្រើ​ហ្វេសប៊ុក សម្រាប់​តភ្ជាប់​ជាមួយ​ពិភពលោក​ខាងក្រៅ។

សូម្បី​កងទ័ព​ភូមា ក៏បាន​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នេះដែរ សម្រាប់​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្តាច់មុខ​របស់ខ្លួន។

ប៉ុន្តែ កងទ័ព ភូមា​ត្រូវ​បាន​ផាត់ចេញ បន្តិចម្តងៗ ពីបណ្តាញ​សង្គម ហ្វេសប៊ុក គឺ តាំង​ពី​កើតមាន រឿង​អំពើហិង្សា​ទៅលើ​ជនជាតិ​រូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាឃីន នៅ​ឆ្នាំ​២០១៧ម្ល៉េះ។ នៅ​ឆ្នាំ ២០១៨ ហ្វេសប៊ុក​បាន​លុប​ចោល​គណនី​ហ្វេសប៊ុក​របស់​មេទ័ព​ភូមា លោក​មីន អ៊ុងឡាំង នៅក្រោយ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចោទប្រកាន់​លោក​ថា ជាអ្នកទទួល​ខុសត្រូវ​ម្នាក់​នៃ​អំពើ​ប្រល័យពូជសាសន៍ ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ទំព័រ​ហ្វេសប៊ុក​របស់​ថ្នាក់ដឹកនាំ​យោធា​ភូមា​ជាច្រើន​រូបផ្សេងទៀត ក៏ត្រូវ​បាន​បិទ​ជាបន្តបន្ទាប់ដែរ។ មេទ័ព​ភូមា និង​មន្រ្តីជាន់ខ្ពស់​ភូមា​ផ្សេងទៀត លែង​មាន​គណនី ហ្វេសប៊ុក​ផ្ទាល់ខ្លួន តាំង​ពី​ច្រើន​ឆ្នាំមកហើយ ប៉ុន្តែ ពួកគេ​នៅ​តែ​អាច​បង្កើត​គណនី​បន្លំ​ឈ្មោះ ផ្សេងទៀត ឬ​ប្រើ​ស្ថាប័ន​កងទ័ព​សម្រាប់ បង្កើតគណនី​ហ្វេសប៊ុក ដើម្បី​ផ្សព្វផ្សាយ​ការងារ ស្នាដៃ​របស់​កងទ័ព​ភូមា។

ដូច្នេះ បើ​សិន ហ្វេសប៊ុក សម្រេច​បិទ​ទាំងស្រុង គ្រប់​គណនី​ហ្វេសប៊ុក ដែលមានជាប់ទាក់ទង នឹង​កងទ័ព​ភូមា នោះ កងទ័ព​ភូមា បា្រកដជា​បាត់បង់​មធ្យោបាយ ផ្សព្វផ្សាយ​ដ៏សំខាន់​មួយ​របស់ខ្លួន​មិនខាន។ អ្វីដែល​គេ​បារម្ភ​នៅពេលនេះ គឺ​ថា របបសឹក​ភូមា​អាច​សងសឹក​វិញ ពោល​គឺ​បិទ​មិន​ឲ្យ​ប្រើហ្វេសប៊ុក​ក្នុង​ប្រទេស​ភូមា ដូចដែល​ធ្លាប់កើតមាន​នៅ ប្រទេស​ចិន។ រឿងនេះ​ប្រហែល​អាច​ទៅរួច ព្រោះថា នៅ​ក្រោយរដ្ឋប្រហារ​យោធា ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​ប្រជាជន​បះបោរ ប្រកូកប្រកាស​តាម​ហ្វេសប៊ុក ឲ្យ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម របបសឹក​ភូមា​បាន​កាត់ផ្តាច់​អ៊ីនធ័រនែត ជាញយដង និង​បាន​បិទមួយរយៈ​បណ្តាញ​សង្គម ដែលនៅក្នុងនោះ​មានផងដែរ ហ្វេសប៊ុក។ ប៉ុន្តែ បើសិន​របបសឹក​ភូមា​សងសឹក​បិទ​ហ្វេសប៊ុក​វិញ នោះ​ប្រជាជន​ភូមា​ក៏​នៅតែ​រក​មធ្យោបាយ ដើម្បី​ទាក់ទង​គ្នា​បានដែរ។ ទីណា មានការគាបសង្កត់ ទីនោះ មានការរើបំរះ។ ជាក់ស្តែង នៅក្រោយ យោធា​ផ្តាច់អ៊ីនធ័រនែត ជាច្រើន​ថ្ងៃ និង​បិទ​ហ្វេសប៊ុក សកម្មជន​ជា​ច្រើន​បាន​ចូល​ទៅ ភ្ជាប់​បណ្តាញ VPNដើម្បី​អាច​ចូល​ទៅ​ប្រើ​ហ្វេសប៊ុក ​ប្រើ​បណ្តាញ ទូរស័ព្ទ ទាក់ទង​គ្នា ឬ ប្រើ​មធ្យោបាយ​ចាស់បុរាណ ដោយ​ចុះ ថ្នល់​ជួបមុខ​គ្នាតែម្តង ដើម្បី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ ដោយ​មិនចាំបាច់​ត្រូវការ​ហ្វេសប៊ុក ឬ​អ៊ីនធ័រនែត​អ្វីនោះទេ។

ហេតុអ្វី ហ្វេសប៊ុក​ទើប​តែ​មក​សម្រេច ចាត់​វិធានការ នៅពេលនេះ?

ដោយ​ប្រកាស​បិទរាល់​គណនី​ហ្វេសប៊ុក ដែលមានជាប់ទាក់ទង របបសឹកភូមា ក្រុមហ៊ុន​អាមេរិកាំង​ហ្វេសប៊ុក​ហាក់​ប្រកាន់ជំហរ នៅ​ខាង ប្រជាជន​ភូមា​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង រដ្ឋប្រហារ ថ្ងៃទី ១​កុម្ភៈ។ ហ្វេសប៊ុក​ធ្វើ​ដូច្នេះ គឺ​ដើម្បីជៀសវាង ជាន់ដានចាស់ នៅពេល​ហ្វេសប៊ុក​ត្រូវ​រងការចោទប្រកាន់​ថា ស្ពឹកស្រពន់ ឬ​បាន​ចូលរួម ផ្សព្វផ្សាយ​ឲ្យ​មាន​អំពើហិង្សា ការស្អប់ រើសអើង នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន នៅក្នុង​អំឡុង វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ត្រូវ​ដឹងថា គឺ​នៅលើ​បណ្តាញ​ហ្វេសប៊ុក ដែល​ប្រមុខសង្ឃ ជាតិ​និយម​ភូមា​បាន​បង្ហោះ​ផ្សាយ​ថា ក្មេងស្រីភូមា កាន់ពុទ្ធសាសនា​ត្រូវអ្នកកាន់​សាសនា​អ៊ីស្លាម​ចាប់រំលោភ។ ការបង្ហោះផ្សាយ​នៅពេលនោះ​បាន​បង្ក​ឲ្យ​ជម្លោះ សម្លាប់គ្នា​រវាង​សហគមន៍​សាសនា​ទាំងពីរ​នៅភូមា។ នៅ​ឆ្នាំ ២០១៧ ដល់​វេន​កងទ័ព​ភូមា ដែល​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក សម្រាប់​ផ្សព្វផ្សាយ ចោទប្រកាន់​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា ជា​ក្រុមគ្រោះថ្នាក់ ជា​ភេរវជន វាយប្រហារ​លើ​កងទ័ព និង​ប្រជាជន​ភូមា។ កងទ័ព​ភូមា​បាន​ផ្សព្វផ្សាយ​សារជាច្រើន​ដែល​មាន​លក្ខណៈ ញុះញង់ ឲ្យ​មាន​ការរើសអើង ស្អប់ និងការប្រព្រឹត្តិ​អំពើហិង្សា លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ប៉ុន្តែ កាលណោះ ហ្វេសប៊ុក​មិនបាន​ចាត់វិធានការ​អ្វីច្រើនទេ ដែលជាហេតុ​ធ្វើ​ឲ្យ​ហ្វេសប៊ុក​រងការរិះគន់​ខ្លាំង​មែនទែន ពី សហគមន៍​អន្តរជាតិ។ លើកនេះ ហ្វេសប៊ុក បាន​ឆាប់​សម្រេច​បិទ​រាល់គណនីហ្វេសប៊ុក​ទាំងអស់​ដែលមានជាប់ពាក់ព័ន្ធ​នឹង​កងទ័ព​ភូមា។ ប៉ុន្តែ សម្រាប់អ្នកជំនាញ​មួយចំនួន ចំណាត់ការ​របស់​ហ្វេសប៊ុក​នៅតែ​យឺតយ៉ាវ ព្រោះថា ហ្វេសប៊ុក​បាន​បណ្តោយ​ឲ្យប្រព័ន្ធផ្សព្វផ្សាយ​របស់​កងទ័ព ប្រើ​បណ្តាញ​សង្គម ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ជាច្រើន ទាក់ទង​នឹង​ការបោះឆ្នោត។ តិចឬ​ច្រើន ហ្វេសប៊ុក​បាន​ចូលរួម​ឲ្យ​មាន​ព្រឹត្តិការណ៍ ធ្វើ​រដ្ឋប្រហារ​នៅ​ភូមា ព្រោះថា នៅក្រោយ ផ្សព្វផ្សាយ​បំផុសបំផុល​នៅតាមបណ្តាញសង្គម​ហ្វេសប៊ុក ថា មាន​ការក្លែងបន្លំ​នៅក្នុង​ការបោះឆ្នោត កងទ័ព ក៏មាន​លេស ប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ រដ្ឋាភិបាល​លោកស្រី​អ៊ុងសាន ស៊ូជីតែម្តង។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ