អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

រដ្ឋសមាជិក​អឺរ៉ុប​៥ប្រទេស​ចង់​បើក​ប្រជុំ​រឿង​ចែកចាយ​ថ្នាំបង្ការ​មិន​ស្មើ​ភាព

ក្នុង​ពេល​ដែល​ក្រុម​ហ៊ុនអ្នក​​ផលិត ជាពិសេស​ក្រុមហ៊ុន​AstraZeneca ប្រកាស​ថា​នឹង​ប្រគល់​ថ្នាំ​បង្ការ​ឱ្យ​សហភាព​អឺរ៉ុប​យឺត​ជាង​ការ​គ្រោង​ទុក​ និង​តិច​ជា​ង​ការ​បញ្ជា​ទិញ​ អឺរ៉ុប​ប្រេះ​ឆា​គ្នាកាន់​តែខ្លាំង​រឿង​ចែកចាយ​ថ្នាំ​បង្ការ​មិនស្មើភាព។ នៅក្នុង​លិខិត​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ១៣​មីនា ២០២១ ប្រទេស​អូទ្រីស សាធារណរដ្ឋ​ឆែក ស្លូវេនី ប៊ុលហ្ការី និង​លេតូនី បាន​ស្រែកអំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​​បើក​ប្រជុំ​ ឱ្យ​បាន​លឿន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជជែក​អំពី​វិសមភាព​ដ៏​សម្បើម​នៃ​ការ​ចែក​ចាយថ្នាំ​បង្ការ។

ប្រមុខ​រដ្ឋាភិបាលអូទ្រីស លោក Sebastian Kurz ថា​មាន​វិសមភាព​ក្នុង​ការ​ចែកចាយ​ថ្នាំ​បង្ការ​នៅ​អឺរ៉ុប
ប្រមុខ​រដ្ឋាភិបាលអូទ្រីស លោក Sebastian Kurz ថា​មាន​វិសមភាព​ក្នុង​ការ​ចែកចាយ​ថ្នាំ​បង្ការ​នៅ​អឺរ៉ុប AP - Ronald Zak
ផ្សាយពាណិជ្ជកម្ម

​​ប្រមុខ​រដ្ឋាភិបាល​អូទ្រីស លោក Sebastian Kurz បាន​ចោទ​រដ្ឋជា​សមាជិកសហភាព​អឺរ៉ុប (ដោយ​មិន​បញ្ចេញ​ឈ្មោះ ​ប្រទេសដោយ​ចំៗ) ថា​បាន​លួច​ទៅ​ចរចា ​ ចុះកិច្ចសន្យា ដោយ​ស្ងាត់ៗ ជាមួយ​មន្ទីរពិសោធន៍​ ដើម្បី​បានថ្នាំបង្ការ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សមាជិក​សហភាពអឺរ៉ុប​ទទួល​បាន​ថ្នាំ បង្ការ​មិន​ស្មើ​គ្នា។

ជាមួយ​សមភាគី ឆែក ស្លូវេនី ប៊ុលហ្គារី និង​លេតូនី ប្រមុខ​រដ្ឋាភិបាល​អូទ្រីស​បាន​សរសេរ​លិខិតរួម​គ្នា ​ផ្ញើ​ជូន​លោក​ស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែននិងលោក​ ស្ហាល មីស្ហែលប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ ដោយ​អះអាង​ថា "ក្រុមហ៊ុន​ផលិតឱសថ ​​​ប្រគល់​ថ្នាំ​បង្ការ​ មក​រដ្ឋជា​សមាជិក​សហភាពអឺរ៉ុប​ មិន​ស្មើ​ភាព​គ្នា​ទេ។ ប្រសិន​បើ​នៅ​តែ​បន្តប្រព័ន្ធ​នេះ​ ​វិសមភាព​នៃការទទួល​ថ្នាំ​បង្ការ​នឹង​មាន​គម្លាត​កាន់​តែ​ខ្លាំង​នៅ​រដូវ​ក្តៅ​ខាងមុខ​ ដោយ​ប្រទេសខ្លះ​អាច​ចាក់​ថ្នាំបង្ការ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​មាន​ភាព​ស៊ាំ​សមូហភាព​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍ ឯប្រទេសខ្លះ​ទៀត​មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​អូស​ជើង។ ​ដូច្នេះ​អឺរ៉ុប​ត្រូវជួប​ជុំ​គ្នា​ជជែកអំពី​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់បំផុត"។ នេះ​ជា​ការទាមទារ​របស់​​ប្រមុខ​ដឹកនាំ​ប្រទេសទាំង​​៥។

លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​ទាំង​៥ ​បាន​ទៅប្រគល់​ដល់​ដៃ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​សហភាព​អឺរ៉ុបហើយ។ សម្រាប់​អឺរ៉ុប ​នៅ​ក្នុង​​ជំនួបកំពូល​អឺរ៉ុប​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៥-២៦​មីនា ២០២១​​ ការសម្របសម្រួល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺរាតត្បាត​កូវីដ១៩ គឺ​ជា​ចំណុច​ចំបង​ទី​មួយ នៃ​​របៀប​វារៈប្រជុំ​។ ប៉ុន្តែ​​សហភាព​អឺរ៉ុប​បាន​បដិសេធ​ជា​ស្រេច​ថា ការ​ចែកចាយ​និង​ចរចាចែកចាយ​​ថ្នាំ​បង្ការ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​តម្លាភាព​បំផុត។ ប្រទេស​ជា​សមាជិកនីមួយៗ​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ថា​ប្រទេស​ត្រូវ​ការ​ថ្នាំ​ណា​និង​ក្នុង​បរិមាណ​ណា។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អូទ្រីស​ផ្ទាល់​ក៏​បាន​ប្រកាស​នៅ​ក្នុង​វិទ្យុជាតិអូទ្រីស​​នាថ្ងៃ​សៅរ៍​ទី១៣​មីនា​នេះ អំពី​តម្លាភាព​នៃ​ការចរចា​ទទួល​ថ្នាំ​បង្ការ​កូវីដ​១៩​ដែរ។

សូម​បញ្ជាក់​ថា បើ​ប្រៀប​ទៅនឹង​សហរដ្ឋ​អាមេរិក អង់គ្លេស និង​អ៊ីស្រាអែល​​ អឺរ៉ុប​យឺតយ៉ាវ​និង​ជួប​ការ​លំបាក​ខ្លាំង​ខាង​ផ្គត់ផ្គង់​និង​ទទួល​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩ណាស់។ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​នៅ​អឺរ៉ុប​កំពុង​អូស​ជើង​ខ្លាំងហើយ ក្រុមហ៊ុន​ ​​Astrazeneca​បានប្រកាស​នៅថ្ងៃសៅរ៍​ទី ១៣ មីនា ២០២១ កាត់​បន្ថយ​បន្ថែម​ទៀត​បរិមាណថ្នាំ​បង្ការដែលត្រូវ​ប្រគល់​ទៅ​ឱ្យ​អឺរ៉ុប​ដោយ​លើក​ហេតុ​ផលថា​មាន​ជាប់​បម្រាម​នាំ​ចេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ