អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អំពើប្រល័យពូជសាសន៍រវ៉ាន់ដា៖លោកម៉ាក្រុងទទួលស្គាល់ពីការទទួលខុសត្រូវរបស់បារាំង តែមិនសុំទោស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា។ លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​បារាំង​ទី២ ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​រវ៉ាន់ដា តាំង​ពី​ក្រោយ​អំពើ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ឆ្នាំ ១៩៩៤។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨០០ ០០០នាក់​ដែល​ភាគច្រើន​ជា​ជាតិពិន្ធុ​ទូតស៊ី និង​ជាតិពិន្ធុ​ហ៊ូទូ​មិន​ជ្រុលនិយម។ ប្រធានាធិបតី​បារាំង​ចុង​ក្រោយ​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​រវ៉ាន់ដា គឺ​លោក​នីកូឡា សាកូហ្ស៊ី​ក្នុង​ឆ្នាំ ២០១០។ គួរ​រម្លឹក​ថា អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ជិត ៣០ឆ្នាំ​មុន​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុង​គីហ្គាលី និង​ក្រុង​ប៉ារីស​ពិបាក​មើល​មុខ​គ្នា​ចំ។ គឺ​ទើប​តែ​នៅ ៣ឆ្នាំ​ចុង​ក្រោយ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​មាន​ភាព​ធូរស្រាល​ឡើង​វិញ​បន្តិច។

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​សមភាគីរវ៉ាន់ដា​លោក​ប៉ូល កាហ្គាម៉េ ថ្ងៃទី២៧ ឧសភា ២០២១។
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​សមភាគីរវ៉ាន់ដា​លោក​ប៉ូល កាហ្គាម៉េ ថ្ងៃទី២៧ ឧសភា ២០២១។ AFP - LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជាតិពិន្ធុ​ទូតស៊ី​នៅ​រវ៉ាន់ដា​បាន​កើត​ឡើង​ក្នុង​ខែ​មេសា ឆ្នាំ ១៩៩៤។ តែ​ដើម្បី​អាច​យល់​ពី​ព្រឹត្តិការណ៍​មួយ​នេះ​បាន គេ​ត្រូវ​បក​ក្រោយ​មើល​ប្រវត្តិ​របស់​ប្រទេស​រវ៉ាន់ដា​នៅ​មុន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍។ មាន​សហគមន៍​ជាតិពិន្ធុ ៣ខុស​គ្នា​នៅ​រវ៉ាន់ដា គឺ​ហ៊ូទូ ទូតស៊ី និង​ត្វា។ នៅ​មុន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​ខែ​មេសា ឆ្នាំ ១៩៩៤ អំណាច​ស្ថិត​ក្នុង​ដៃ​ជាតិពិន្ធុ​ហ៊ូទូ​ដែល​ដឹកនំា​ដោយ​ប្រធានាធិបតី​លោក​យូវេណាល់ ហាយ៉ារីម៉ាណា។ តែ​រដ្ឋាភិបាល​របស់​លោក​ហាយ៉ារីម៉ាណា​បាន​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ក្រុមឧទ្ទាម​ជាតិពិន្ធុ​ទូតស៊ី​ដឹកនំា​ដោយ​លោក​ប៉ូល កាហ្គាមេ​ដែល​ជា​ប្រធានាធិបតី​រវ៉ាន់ដា​បច្ចុប្បន្ន។

ចំណែក​ប្រធានាធិបតី​បារាំង​ពេល​នោះ​ស្ថិត​ក្នុង​ដៃ​លោក​ហ្វ្រង់ស័រ មីតេរ៉ង់។ លោក​មីតេរ៉ង់​បាន​បញ្ជូន​ទ័ព​បារាំង​ទៅ​ជួយ​លោក​ហាយ៉ារីម៉ាណា​ដើម្បី​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​ទូតស៊ី​របស់​លោក​ប៉ូល កាហ្គាមេ។ ក្នុង​ឆ្នំា ១៩៩៣ កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​លោក​ហាយ៉ារីម៉ាណា និង​លោក​ប៉ូល កាហ្គាមេ​ដែល​ធានា​ឲ្យ​មាន​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ទូតស៊ី និង​ការ​បែងចែក​អំណាច​រវាង​ពួក​ហ៊ូទូ និង​ពួក​ទូតស៊ី។ តែ​បន្ទាប់​ពី​បារាំង​បាន​ដក​ទ័ព​ចេញ អ្វីៗ​បាន​ក្រឡាប់​ចាក់​ជា​ថ្មី​នៅ​ក្រោយ​ការ​ស្លាប់​របស់​លោក​ហាយ៉ារីម៉ាណា​នៅ​ក្នុង​អំពើភេរវកម្ម​វាយប្រហារ​លើ​យន្តហោះ​ដែល​លោក​កំពុង​ជិះ។

កាល​ណោះ ពួក​ហ៊ូទូ​ក៏​បាន​ចេញ​មុខ​សងសឹក​សម្លាប់​ពួក​ទូតស៊ី​ដោយ​មិន​រើស​មុខ​ចាប់​ពី​ថ្ងៃទី៧ មេសា ដល់​ខែ​កក្កដា ឆ្នាំ​១៩៩៤។ នៅ​ពេល​នោះ បារាំង​ក៏​បាន​បញ្ជូន​ទ័ព​ជា​ថ្មី​ទៅ​រវ៉ាន់ដា​ក្នុង​ខែ​មិថុនា ឆ្នំា ១៩៩៤។ តែ​សួរ​ថា បើ​ទ័ព​បារាំង​ទៅ​ដល់​ក្នុង​ខែ​មិថុនា ចុះ​ហេតុអ្វី​បាន​ជា​ទង្វើ​សម្លាប់​រង្គាល​បែរ​ជា​បន្ត​រហូត​ដល់​ខែ​កក្កដា​ទើប​ចប់?។ សម្រាប់​រវ៉ាន់ដា ទាហាន​បារំាង​បាន​ជួយ​គំាទ្រ​ពួក​ហ៊ូទូ​ឲ្យ​សម្លាប់​ពួក​ទូតស៊ី។ ចំណែក​ប្រធានាធិបតី​រវ៉ាន់ដា​លោក​ប៉ូល កាហ្គាមេ​ធ្លាប់​បាន​ចោទ​បារាំង​ក្នុង​ឆ្នាំ ២០១៩ ពី​បទ​មាន​ដៃប្រឡាក់​ឈាម​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ។ គឺ​ជា​បទចោទ​ប្រកាន់​មួយ​ដែល​បារាំង​បន្ត​ច្រានចោល ហើយ​ព្រឹត្តិការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុង​គីហ្គាលី និង​ក្រុង​ប៉ារីស​ពិបាក​មើល​មុខ​គ្នា​ចំ​មក​ដល់​សព្វថ្ងៃ។

យុទ្ធសាស្រ្ត​របស់​លោក​ម៉ាក្រុង​ក្នុង​ការ​ស្តារ​ទំនាក់ទំនង​រវាង​បារាំង និង​រវ៉ាន់ដា

លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី​បារាំង​ទី២ ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​រវ៉ាន់ដា បន្ទាប់​ពី​អតីត​ប្រធានាធិបតី​លោក​នីកូឡា សាកូហ្ស៊ី​កាល​ពី​ខែ​កុម្ភៈ ឆ្នំា ២០១០។ នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​សាកូហ្ស៊ី ទំនាក់ទំនង​រវាង​ក្រុង​គីហ្គាលី និង​ក្រុង​ប៉ារីស​ក៏​បាន​ស្គាល់​ភាព​ធូរស្រាល​បន្តិច​ដែរ។ ធូរស្រាល​ក៏​ដោយសារ​តែ​លោក​សាកូហ្ស៊ី​បាន​ថ្លែង​ទទួល​ស្គាល់​នា​ពេល​នោះ​ពី​កំហុស​នយោបាយ និង​កំហុសឆ្គង​ធ្ងន់ធ្ងន់​របស់​បារាំង​ពាក់ព័ន្ធ​នឹង​អំពើប្រល័យ​ពូជសាសន៍​រវ៉ាន់ដា។ ពិត​ណាស់ ពាក្យពេចន៍​នេះ​របស់​លោក​សាកូហ្ស៊ី​មិនមែន​ជា​ការ​ចង់​បាន​របស់​រវ៉ាន់ដា​ទេ តែ​វា​គ្រាន់​បើ​ជាង​ការ​បិទមាត់​មិន​និយាយ​អ្វី​ទាំង​អស់​របស់​បារាំង។

បន្ទាប់​ពី​លោក​សាកូហ្ស៊ី ទំនាក់ទំនង​រវាង​រវ៉ាន់ដា និង​បារាំង​បាន​ឡើង​តានតឹង​ជា​ថ្មី​នៅ​ក្នុង​ជំនាន់​អតីត​ប្រធានាធិបតី​បារាំង​លោក​ហ្រ្វង់ស័រ ហូឡង់។ តែ​សម្រាប់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង លោក​ម៉ាក្រុង​បាន​ព្យាយាម​រំកិល​បារាំង និង​រវ៉ាន់ដា​ឲ្យ​ខិត​រក​គ្នា​បន្តិចម្តងៗ​តាំង​ពី​លោក​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៧។ យុទ្ធសាស្រ្ត​របស់​លោក​ម៉ាក្រុង​ជាមួយ​ប្រធានាធិបតី​រវ៉ាន់ដា​លើ​ប៉ូល កាហ្គាម៉េ​បាន​ផ្តោត​លើ​គ្រប់​វិស័យ មាន​ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការទូត។ ជាក់ស្តែង លោក​ម៉ាក្រុង​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោក​កាហ្គាម៉េ​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​សហភាពអាហ្រ្វិក។ ក្នុង​ឆ្នាំ ២០១៨ ក្រុង​ប៉ារីស​បាន​គាំទ្រ​បេក្ខភាព​រដ្ឋមន្រ្តី​ការបរទេស​រវ៉ាន់ដា​ជា​ប្រធាន​អង្គការ​នៃ​ក្រុមប្រទេស​ប្រើ​ភាសា​បារាំង។

បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៩​នា​ឱកាស​ខួប ២៥ឆ្នាំ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា លោក​ម៉ាក្រុង​បាន​ប្រកាស​ពី​ការ​ពង្រឹង​ប្រព័ន្ធ​តុលាការ និង​ប៉ូលិស​ដើម្បី​កាត់​ទោស​ជនសង្ស័យ​ក្នុង​អំពើប្រល័យពូជសាសន៍​ដែល​កំពុង​ភៀសខ្លួន​រស់ក្នុង​ទឹកដី​បារាំង។ អ្វី​ដែល​ពិសេស​ជាង​នេះ​ក្នុង​ឆ្នាំ ២០១៩ ដដែល លោក​ម៉ាក្រុង​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​អ្នកប្រវត្តិសាស្រ្ត​ដើម្បី​ស៊ើបអង្កេត​ពី​តួនាទី​របស់​បារាំង​នៅ​ក្នុង​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា។ ២ ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី៧ មេសា ឆ្នាំ ២០២១ គណៈកម្មការ​អ្នកប្រវត្តិសាស្រ្ត​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​សន្និដ្នាន​ថា បារាំង​មាន​ការ​ទទួល​ខុស​ត្រូវ​លើសលុប​លើ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា។

លោក​ម៉ាក្រុង​ទទួល​ស្គាល់​ថា បារាំង​មាន​ការ​ទទួល​ខុស​ត្រូវ តែ​មិន​សមគំនិត

ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​នៅ​រវ៉ាន់ដា​ពេល​នេះ​នៅ​មិន​ទាន់​ជា​ការ​បោះ​ជំហាន​ទៅ​បិទបញ្ចប់​ទាំង​ស្រុង​នូវ​ទំនាក់ទំនង​អាប់អួរ​រវាង​បារាំង និង​រវ៉ាន់​ជិត ៣០ឆ្នាំ​កន្លង​ទៅ​ទេ។ តែ​គេ​អាច​និយាយ​ថា ទំនាក់ទំនង​រវាង​ក្រុង​គីហ្គាលី និង​ក្រុង​ប៉ារីស​កំពុង​ស្ថិត​លើ​ផ្លូវ​ដែល​មិន​សូវ​រលាក់​ដូច​មុន។ ពិត​ណាស់ វត្តមាន​របស់​លោក​ម៉ាក្រុង​លើ​ទឹកដី​រវ៉ាន់ដា​ពេល​នេះ​ពិត​ជា​និមិត្តរូប និង​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​កាន់​តែ​ជិត​រវាង​បារាំង និង​រវ៉ាន់ដា។ តែ​វា​ហាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ឲ្យ​រវ៉ាន់ដា​អាច​បំភ្លេច​រឿង​អតីតកាល​បាន​នៅ​ឡើយ​ទេ។ តាម​ពិត​ទៅ និង​អ្វី​ដែល​រវ៉ាន់ដា​ចង់​បាន គឺ​ការ​សុំទោស​ជា​ផ្លូវការ​របស់​បារាំង​ចំពោះ​ព្រឹត្តិការណ៍​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ឆ្នាំ ១៩៩៤។

ទីបំផុត និង​ខុស​ពី​ក្តីរង់ចាំ​របស់​ប្រជាជន​រវ៉ាន់ដា លោក​ម៉ាក្រុង​ក៏​មិន​បាន​ថ្លែង​សុំទោស​ក្នុង​នាម​បារាំង​ចំពោះ​អំពើប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ជិត ៣០ឆ្នាំ​មុន​ទេ។ លោក​ម៉ាក្រុង​បាន​ត្រឹម​ថ្លែង​ថា លោក​ទទួល​ស្គាល់​ពី​ការ​ទទួល​ខុស​ត្រូវ​ធំធេង​របស់​បារាំង​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍ និង​ថា បារាំង​មិន​បាន​សមគំនិត​ទេ។ ឃ្លាឃ្លោង​ដែល​លោក​ម៉ាក្រុង​បាន​ប្រើ​នេះ​ក៏​មាន​ន័យ​ស្រដៀង​នឹង​ឃ្លាឃ្លោង​ដែល​អតីត​ប្រធានាធិបតី​បារាំង​លោក​សាកូហ្ស៊ី​បាន​ប្រើ​កាល​ពី ១០ឆ្នាំ​មុន​ដែល​ថា បារាំង​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា។

ផ្ទុយទៅ​វិញ លោកម៉ាក្រុង​ចង់​ឲ្យ​ជនរងគ្រោះក្នុង​អំពើ​ប្រល័យពូជសាសន៍លើកលែង​ទោស​ឲ្យ​បារាំង​ដែល​មិន​បាន​ជួយ​បញ្ជៀស​អំពើប្រល័យពូជសាសន៍។ បន្ទាប់​មក លោក​ម៉ាក្រុង​បាន​លើក​ឡើង​ពី​កាតព្វកិច្ច​របស់​បារាំង​ដែល​មាន​តួនាទី​មួយ ប្រវត្តិសាស្រ្ត​មួយ និង​ការ​ទទួល​ខុសត្រូវ​នយោបាយ​មួយ​ចំពោះ​រវ៉ាន់ដា។ តាម​លោក​ម៉ាក្រុង បារាំង​មាន​កាតព្វកិច្ច​ហ៊ាន​ប្រឈម​នឹង​ប្រវត្តិសាស្រ្ត និង​មាន​ចំណែក​ទទួល​ស្គាល់​លើ​ការ​ឈឺចាប់​របស់​ប្រជាជន​រវ៉ាន់ដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ