អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កាតា​រៀប​ចំ​ការ​បោះ​ឆ្នោត​លើក​ទី​១​និង​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កាតា​កំពុង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​តាម​រយៈ​ការ​បោះឆ្នោតសភា​ជ្រើសរើស​ក្រុម​ប្រឹក្សា​ស៊ូរ៉ា​ជា​លើក​ដំបូង​នៅថ្ងៃ​សៅរ៍​ ទី២​ តុលា​ ឆ្នាំ២០២១​នេះ​។ ការ​បោះឆ្នោត​នីតិកាល​ទី១​នៅកាតា​គឺជា​ជា​ព្រឹត្តិការណ៍​មិនធ្លាប់​មាន​ពីមុន​មកនោះទេ​ក្នុង​ប្រវត្តិ​នៃ​រដ្ឋ​អារ៉ាប់​ និង​ជា​ព្រឹត្តិការណ៍​មួយ​បង្ហាញ​ពី​និមិត្ត​រូប​នៃ​លទ្ធិប្រជាធិបតេយ្យ​។

កាតារៀបចំការបោះឆ្នោតលើកទី១ជាប្រវត្តិសាស្ត្រនៅថ្ងៃសៅរ៍ ទី២ តុលា ឆ្នាំ២០២១នេះ។
កាតារៀបចំការបោះឆ្នោតលើកទី១ជាប្រវត្តិសាស្ត្រនៅថ្ងៃសៅរ៍ ទី២ តុលា ឆ្នាំ២០២១នេះ។ REUTERS - IBRAHEEM AL OMARI
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោតសភា​ជា​ប្រវត្តិសាស្ត្រ​នៅកាតា

នៅថ្ងៃសៅរ៍​ ទី២​ តុលា​នេះ​ ប្រទេស​កាតា​បាន​រៀប​ចំ​ការ​បោះឆ្នោត​សភា​នីតិកាលទី ១​ ដើម្បី​ជ្រើសរើស​សមាជិកសភា​ ឬ​សមាជិក​ក្រុម​ប្រឹក្សា​ស៊ូរ៉ា​។ ការ​បោះឆ្នោតនៅ​កាតា​នេះ​គឺ​ជា​ព្រឹត្តិការណ៍​មិន​ធ្លាប់​មានទាល់តែសោះ​ក្នុង​ប្រវត្តិ​នៃ​រដ្ឋ​អារ៉ាប់​ពីមុនមក​។

ការរៀបចំ​បោះឆ្នោត​គឺ​ជា​ឱកាស​បើកឲ្យ​ប្រជាពលរដ្ឋ​កាតា​អាច​ជ្រើសរើស​តំណាង​សមាជិកក្រុមប្រឹក្សាស៊ូរ៉ា​​ (Shura Council) ចំនួន​ ៣០ រូប​ក្នុង​ចំណោម​សមាជិក​សរុបទាំង​ ៤៥ រូប​។ មេដឹកនាំ​ដែល​កំពុង​តែកាន់​អំណាចនៅកាតា​នឹង​បន្ត​តែង​តាំង​សមាជិក​ ១៥ រូបទៀត​ដែល​នៅ​សេសសល់​ពី​ក្រុមប្រឹក្សានេះ​។

ជាការ​គួរឲ្យ​កត់​សម្គាល់​ ក្នុង​ចំណោម​អ្នក​ឈរ​ឈ្មោះ​ក៏មាន​បេក្ខភាព​ជាស្ត្រី​ផងដែរ​ដែល​ជា​ហេតុនាំឲ្យ​ប្រជាពល​រដ្ឋកាតា​មាន​ក្តីរីករាយ​និង​មោទកភាព​ជាខ្លាំង​។ មាន​ស្ត្រី​ចំនួន​ ២៨ នាក់​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ប្រមាណ​ ២៨៤ នាក់ដែល​បាន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅតាម​មណ្ឌលនានា​នៅទីតាំង​ខេត្ត​ក្រុង​ចំនួន​ ៣០ ក្នុង​ប្រទេស​កាតា​។

មណ្ឌល​បោះឆ្នោត​នានា​បាន​ចាប់​បើក​នៅ​វេលា​ម៉ោង​ ៥ សកល​ និង​បិទវិញ​នៅម៉ោង​១៥ សកល​ ដោយ​បុរស​និងស្ត្រីកាតា​ត្រូវ​ចូល​ទីតាំង​ដាច់​ដោយ​ឡែក​ពីគ្នា​ដើម្បី​បោះឆ្នោត​។ ចំណែកលទ្ធផលនៃការបោះឆ្នោត​វិញ​ គេរំពឹងថា​នឹង​ចេញ​នៅថ្ងៃ​សៅរ៍​នេះ​ដែរ​។

កាល​ពីពេលថ្មីៗនេះ​ ឧប​នាយករដ្ឋមន្ត្រី​កាតា​លោក អាល់ថានី (Sheikh Mohammed bin Abdulrahman al-Thani) បាន​និយាយថា​ការ​បោះឆ្នោតជាលើកដំបូង​នេះ​គឺជា​ការ​ដក​ពិសោធន៍ថ្មី​មួយ​សម្រាប់​កាតា​។ ក្រៅពីនេះ​លោកក៏បានរំឭកដែរ​កុំឲ្យ​ក្រុមប្រឹក្សា​ស៊ូរ៉ា​រំពឹង​ទទួល​បាន​តួនាទី​ឬ​អំណាច​ពេញលេញ​ទាំងស្រុង​នៅសភា​ជាពិសេស​នៅឆ្នាំ​ដំបូង​ដែល​ជា​វេលា​អ្វីៗ​ទើប​តែចាប់​ផ្តើម​ដំណើរការ​។

តើ​ក្រុម​ប្រឹក្សា​ស៊ូរ៉ា​មាន​តួនាទី​អ្វីខ្លះ​ក្នុង​ឆាក​នយោបាយ​កាតា​?

កាល​ខែឧសភា​កន្លងទៅ​ គណៈ​រដ្ឋមន្រ្តី​កាតា​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​សមាជិក​ក្រុមប្រឹក្សាស៊ូរ៉ា​។ ក្រុមប្រឹក្សានេះ​ នឹង​ទទួល​បាន​អំណាច​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​របស់កាតា​តាមរយៈ​ការបោះឆ្នោត​ដែល​ប្រព្រឹត្តធ្វើទៅជាលើកទី១​ នៅថ្ងៃ​សៅរ៍​នេះ​។

ក្រុមប្រឹក្សាស៊ូរ៉ា​គ្មាន​សិទ្ធិអំណាច​គ្រប់គ្រង​លើ​វិស័យ​ការពារ​សន្តិសុខ​ និង​គោល​នយោបាយ​វិនិយោគ​របស់ប្រទេសឡើយ​ តែ​វា​មាន​សិទ្ធិ​អំណាច​អាច​បណ្តេញ​រដ្ឋមន្ត្រី​ស្នើបង្កើតច្បាប់​ និង​អនុម័ត​ឬបដិសេធ​ចំពោះគម្រោង​ថវិកាជាតិ​របស់​ប្រទេស​។ ក៏ប៉ុន្តែ​មេដឹកនាំ​កាតា​ ស្ហៃ​ តាម៊ីម​ (Sheikh Tamim) នៅតែ​​អាច​មាន​អំណាចកំពូល​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ សមាជិកក្រុមប្រឹក្សាស៊ូរ៉ាបាន​។

ក្រៅពីនេះ​ ក្រុម​ប្រឹក្សាស៊ូរ៉ា​ក៏នឹងក្លាយជា​អ្នក​តំណាងឲ្យ​ប្រទេស​កាតា​នៅក្នុង​សមាគម​សភានានា​ និង​ក្នុង​អង្គការអន្តរជាតិ​ជាច្រើន​ទៀត​ដូចជា​ សហភាព​អន្តរ​សភា​អារ៉ាប់​ សភាអារ៉ាប់​ និង​សហភាពសភា​នៃ​ប្រទេស​ជា​សមាជិក​អូអាយស៊ី​ (OIC)។

អនុ​លោ​មតាម​ក្រឹត្យលេខ​ ៣៧ នៃឆ្នាំ ២០២១​ ប្រទេសកាតា​ត្រូវបានបែងចែក​ជា​ ៣០ មណ្ឌល​បោះឆ្នោត​ ដោយប្រជាជន​កាតា​នឹង​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​តំណាង​ម្នាក់​ៗសម្រាប់មណ្ឌល​នីមួយ​ៗ។

សមាជិក​ក្រុមប្រឹក្សាស៊ូរ៉ា​ អាច​បញ្ចប់​អាណត្តិដឹកនាំ​របស់ខ្លួន​ក្នុង​ករណី​ទទួល​មរណភាព​ មាន​ពិការភាព​ ផុតកំណត់​សមាជិកភាព​លាលែងពីតំណែង​ត្រូវបាន​បញ្ចប់​សមាជិកភាព​ឬ​ដោយសារ​មាន​ការ​រំលាយ​ក្រុមប្រឹក្សាស៊ូរ៉ា​ចោលតែម្តង​។

តាមពិតទៅ​ការ​រៀបចំ​ការ​បោះឆ្នោតសភាត្រូវ​បាន​អនុម័ត​នៅក្នុង​ការធ្វើប្រជាមតិមួយតាំង​ពីឆ្នាំ ២០០៣​មកម្ល៉េះ​ ប៉ុន្តែ​វា​ត្រូវ​បាន​ពន្យារពេល​ម្តងហើយម្តងទៀត​ ក្រោយហេតុផល"ផល​ប្រយោជន៍​ជាតិ"​។ ហើយ​នៅទីបំផុតទៅ​ការ​បោះឆ្នោតមួយ​បាន​លេច​រូបរាងឡើង​នៅខណៈ​ដែល​ប្រទេសកាតា​កំពុង​ត្រៀមខ្លួន​រៀបចំធ្វើជាម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​ដែល​នឹង​ចាប់ផ្តើម​នា​វិច្ឆិកា​ ឆ្នាំ​ ២០២២ខាងមុខ​។

ក្រុម​អ្នក​សង្កេតការណ៍​និយាយថា​រដ្ឋអំណាចកាតា​បាន​ពិចារណា​រៀបចំការបោះឆ្នោត​មុន​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពិភពលោក​អំពី​ចំណុច​វិជ្ជមាន​របស់​ខ្លួន​។

តើការ​បោះឆ្នោត​អាច​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅកាតា​?

ការ​រៀបចំបោះឆ្នោត​ជាលើក​ដំបូង​ក្នុងប្រទេសកាតា​ត្រូវបាន​គេយល់ថា​ជា​ការ​បង្ហាញពី​និមិត្ត​រូប​នៃ​លទ្ធិប្រជាធិបតេយ្យ។​ ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាននិយាយថា​ការ​បោះឆ្នោតនេះ​មិន​អាច​ប្រែ​ក្លាយ​កាតា​ទៅជា​ប្រទេស​ប្រជាធិបតេយ្យ​បាន​នៅឡើយទេ​។ មួយវិញទៀត​ ការ​បោះឆ្នោត​នេះ​ក៏មិនអាច​នាំឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អំណាច​ពី​មេដឹកនាំ​ដែលកំពុងកាន់តំណែង​នៅ​រដ្ឋអារ៉ាប់​មួយនេះ​បានដែរ​។

ដូចបាន​បញ្ជាក់​មុននេះបន្តិច​រួចហើយអំពី​សិទ្ធិ​អំណាច​របស់​ក្រុម​ប្រឹក្សាស៊ូរ៉ា​ថាអាចបណ្តេញ​រដ្ឋមន្ត្រីបាន ​អាច​ស្នើបង្កើត​ច្បាប់ថ្មី​បាន​ និង​អាច​អនុម័ត​ឬក៏​បដិសេធ​ទាក់ទង​គម្រោង​ថវិកាជាតិ​របស់​ប្រទេស​បាន​។ ប៉ុន្តែ​នៅទីបំផុតទៅ​ មេដឹកនាំ​របស់​កាតា​នៅតែ​មាន​សិទ្ធិ​អំណាច​ផុតលេខ​ ពោល​គឺ​មានសិទ្ធិ​វ៉េតូ​ការ​សម្រេច​របស់​ក្រុមប្រឹក្សាស៊ូរ៉ា​បាន​ដដែល​។

យ៉ាងណាក៏ដោយ​ យ៉ាងហោច​គេអាចមើល​ឃើញថា​ការបោះឆ្នោតជា​លើក​ដំបូង​របស់​កាតា​នេះ​គឺជា​ការ​បោះជំហាន​មួយ​ទៅរក​ទិសដៅ​ប្រជាធិបតេយ្យ​។ ការ​រៀប​ចំ​ការ​បោះឆ្នោត​បាន​នាំ​កាតា​ឲ្យ​ដើរឆ្ពោះទៅ​រក​ប្រព័ន្ធ​អភិបាលកិច្ច​ដែល​មាន​តំណាងច្រើន​ ដោយ​មិន​ស្ថិតតែ​ក្នុង​កណ្តាប់ដៃបុគ្គល​ម្នាក់​ ឬ​ក្រុមអ្នក​មាន​អំណាច​មួយក្រុម​ណាមួយ​នោះទេ​។

គណបក្ស​នយោបាយ​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេសអារ៉ាប់​មួយ​នេះ​ តែយ៉ាងណាប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យចូលរួមបោះឆ្នោត​នៅក្នុងការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សាស៊ូរ៉ាបាន​។ ចំណែក​បេក្ខភាព​ជានារី​ក៏​មាន​មុខ​អាច​ឈរ​ឈ្មោះ​ប្រណាំង​ប្រជែង​ក្នុងការ​បោះឆ្នោតទៀត​ ដូច្នោះ​នេះ​គឺជា​សញ្ញា​ល្អ​មួយ​ហើយ​។

គួរ​បញ្ជាក់​ដែរថា​ ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​កាតា​ទាំងអស់​ មាន​ចំនួន​ប្រមាណ​ ២,៥ លាន។ ពួកគេភាគច្រើន​គឺជា​ជនបរទេស​និងគ្មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ​។ ជារួម ក្នុង​ចំណោមម​នុស្ស​ទាំង ២,៥ លានមាន​ពលរដ្ឋ​កាតាប្រមាណតែ​ ១០ % ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ