អានតួអត្ថបទ
កាតា

ប្រទេសកាតាអំពាវនាវឲ្យក្រុមប្រទេសអារ៉ាប់នៅឈូងសមុទ្រពែក្សមានកិច្ចសន្ទនាជាមួយប្រទេសអ៊ីរ៉ង់

នៅ​ថ្ងៃ​អង្គារ ទី១៩ មករា ប្រមុខ​ការទូត​នៃ​ប្រទេស​កាតា​លោក​អាល់ ថានី​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស​ផ្តើម​កិច្ចសន្ទនា​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ ការ​អំពាវនាវ​របស់​លោក​ថានី​បាន​ឡើង បន្ទាប់​ពី​កាតា និង​ក្រុម​ប្រទេសជិតខាង​របស់​កាតា​ចំនួន ៤ ទើប​បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ​នៅ​ដើម​ខែ​មករា ឆ្នាំ ២០២១ នេះ។ គួរ​រម្លឹក​ថា​អស់​រយៈពេល​ជាង ៣ឆ្នាំ ពោល​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ ដែល​ប្រទេស​កាតា​ត្រូវ​បាន​ប្រទេស​អារ៉ាប់​ចំនួន ៤ ព្យួរ​ទំនាក់ទំនង​ដោយសារ​កាតា​មាន​ទំនោរ​ខ្លាំង​រក​អ៊ីរ៉ង់។

ប្រមុខ​ការទូត​នៃ​ប្រទេស​កាតា​លោក cheikh Mohammed ben Abderrahman al-Thani.
ប្រមុខ​ការទូត​នៃ​ប្រទេស​កាតា​លោក cheikh Mohammed ben Abderrahman al-Thani. KARIM JAAFAR / AFP
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​យ៉ាង​ដូច​នេះ​របស់​ប្រមុខ​ការទូត​កាតា​លោក​អាល់ ថានី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ Bloomberg។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក​ថានី​ចង់​ឃើញ​ប្រទេស​អារ៉ាប់​ផ្សេង​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស​មាន​កិច្ចសន្ទនា​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ ទោះ​បី​ជា​លោក​ថានី​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា​ក្រៅ​ពី​កាតា​ខ្លួន​ឯង អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម អូម៉ង់ និង​កូវ៉ែត​ក៏​ជា​ប្រទេស​សមាជិក​ស្ថិត​ក្នុង​ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស​ដែរ។

តែ​អ្វី​ជា​ការ​កត់សម្គាល់ មាន​ប្រទេស​អារ៉ាប់​ចំនួន ៤ប្រទេស ក្នុង​នោះ​មាន ៣ប្រទេស​ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស គឺ​អារ៉ាប៊ីសាអូឌីត បារ៉ែន និង​អេមីរ៉ាតអារ៉ាប់រួម​បូក​នឹង​ប្រទេស​អេហ្ស៊ីប​មួយ​ទៀត​ធ្លាប់​បាន​ព្យួរ​ទំនាក់ទំនង​ជាមួយ​កាតា​អស់​រយៈពេល​ជាង ៣ឆ្នាំ ពោល​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៧។ អារ៉ាប៊ីសាអូឌីត​ដែល​ជា​មេក្លោង​បាន​ចោទ​កាតា​ពី​បទ​គាំទ្រ​នយោបាយ​អ៊ីរ៉ង់ ក្រុម​ភាតរអ៊ីស្លាម ឬ​គាំទ្រ​ភេរវនិយម។ គឺ​ទើប​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស​ក្នុង​ថ្ងៃទី៥ មករា ឆ្នាំ ២០២១ ថ្មីៗ​នេះ​ទេ​ដែល​កាតា និង​ប្រទេស​អារ៉ាប់​ទាំង ៤ បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ។

រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាល​បាន​សម្លឹង​ឃើញ​ការ​រួបរួម​របស់​រាជានិយម​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ជា​យុទ្ធសាស្រ្ត​មួយ​ដើម្បី​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​ពី​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក​របស់​អ៊ីរ៉ង់។ ដូច្នេះ​ការ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​គូប្រជែង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ទៅ​ល្អូកល្អឺន​ជាមួយ​អ៊ីរ៉ង់​ប្រហែល​ជា​ពិបាក​បន្តិច។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រមុខ​ការទូត​កាតា​លោក​អាល់ ថានី​បាន​គូសបញ្ជាក់​ថា កាតា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​កិច្ចសន្ទនា​ជាមួយ​អ៊ីរ៉ង់ បើ​មាន​ប្រទេស​ណា​មួយ​សុំ​ឲ្យ​ជួយ និង​គាំទ្រ​ចំពោះ​ប្រទេស​ដែល​ចង់​មាន​កិច្ចសន្ទនា​ជាមួយ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ