អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

COP២៦​៖ លោក​បៃដិន​រិះគន់​មេដឹកនាំ​ចិន​និង​រុស្ស៊ី​ចំពោះ​ការ​ខកខាន​ចូលរួម​កិច្ច​ប្រជុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​យប់​ថ្ងៃ​អង្គារ​ ២វិច្ឆិកាម្សិលមិញ​ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​ បាន​រិះគន់​មេដឹកនាំ​ចិន​ និង​រុស្ស៊ី​ដែល​អវត្តមាន​ក្នុង​សន្និសីទ​អាកាសធាតុ​ COP២៦។ សម្រាប់​លោក​បៃដិន​ ការ​ខាកខាន​មិន​បាន​ចូលរួម​កិច្ចប្រជុំ​របស់​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ​ គឺជាការ​ខកខាន​ក្នុងការ​បង្ហាញ​ភា​ពជា​អ្នកដឹកនាំ​លើបញ្ហា​ប្រែប្រួល​អាកាសធាតុ​។ តើ​លោកចូ​ បៃដិន​ និយាយ​អ្វីខ្លះ​ពី​មេដឹកនាំ​ចិន​ និង​រុស្ស៊ី​? តើ​មាន​អ្វីខ្លះទៀត​បាន​កើត​ឡើង​កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ​នៅឯ​កិច្ចប្រជុំ​ COP២៦​?

កាលពីយប់ថ្ងៃអង្គារ ទី២ វិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទ COP២៦ លោកបៃដិនរិះគន់មេដឹកនាំចិននិងរុស្ស៊ីចំពោះការខកខានចូលរួមកិច្ចប្រជុំដោយផ្ទាល់។
កាលពីយប់ថ្ងៃអង្គារ ទី២ វិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទ COP២៦ លោកបៃដិនរិះគន់មេដឹកនាំចិននិងរុស្ស៊ីចំពោះការខកខានចូលរួមកិច្ចប្រជុំដោយផ្ទាល់។ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​ បាន​រិះគន់យ៉ាង​ខ្លាំង​ចំពោះ​មេដឹកនាំ​ចិននិង​រុស្ស៊ីដែល​ខកខាន​មិនបានទៅ​ចូលរួម​ដោយផ្ទាល់​ក្នុង​កិច្ចប្រជុំ​កំពូល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិដែល​ហៅកាត់ថា COP២៦​។

តើលោកចូ​ បៃដិន​បាន​និយាយអ្វីខ្លះ​?

កាលពីយប់ថ្ងៃអង្គារ ទី២ វិច្ឆិកា​ម្សិលមិញ​ ក្នុងពេលថ្លែង​សុន្ទរកថា​នៅ​ឯ​សន្និសីទ​ COP២៦​ លោកបៃដិន​បាន​បញ្ជាក់ថា​អាកាសធាតុគឺជា​បញ្ហាដ៏ធំ​សម្បើមមួយ​ ហើយ​ការ​ជួប​ប្រជុំ​គ្នា​របស់​មេដឹកនាំពិភពលោកជាង១២០ ប្រទេស​ គឺ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុ​ថ្មី​ប្រកប​ដោយ​មហិច្ឆតា​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏ធំនៅចំពោះមុខនេះ​។

ក៏ប៉ុន្តែ​ ទាំងមេដឹកនាំចិន​លោក ស៊ី ជីនពីង និង​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន គ្មាន​វត្តមាន​នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុង Glasgow នោះទេ​។ លោក​ប្រធានាធិបតីអាមេរិកបានលើកឡើងថា​មេដឹកនាំនៃ​ប្រទេស​មហាអំណាចទាំងពីរ​មិន​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ឡើយ​។

ប្រធានាធិបតីអាមេរិក​បានចាប់ផ្តើម​ដោយការរិះគន់លោក​ស៊ីថាបាន​ធ្វើ​ខុស​ដែល​អវត្តមាន​ក្នុង​សន្និសីទ​អន្តរជាតិស្តីអំពី​អាកាសធាតុ​ដែលមានរយៈពេល ១៣ ថ្ងៃនេះ​។ លោក​បៃដិន ថា ចិនដែល​ព្យាយាម​បង្ហាញ​ពី​តួនាទី​ថ្មី​របស់ខ្លួនក្នុង​នាម​ជា​មេដឹកនាំ​ពិភព​លោក​តែ​បែរជាមិនមក​បង្ហាញខ្លួន​ក្នុងជំនួបកំពូលស្តីអំពី​អាកាសធាតុ​។ អាកាធាតុ​ដែល​ឥឡូវនេះ​គឺជា​រឿងសំខាន់បំផុត​តែមួយគត់​ដែល​ទទួលបានការចាប់​អារម្មណ៍​ពី​ពិភព​លោកទាំងមូល​។

ស្រដៀងគ្នានេះដែរ​ លោកចូ បៃដិន ក៏បានរិះគន់ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់​លោក​ពូទីន មិនទៅចូលរួមកិច្ចប្រជុំ​ COP២៦។ “បើអ្នក​មិនមក​ចូលរួម​កិច្ចប្រជុំផង​ តើអ្នក​អាច​នឹងអះអាងថា​ខ្លួន​អ្នក​មានភាពជាអ្នក​ដឹកនាំ​គំរូ​យ៉ាងម៉េច​កើតទៅ​?។ នេះ​គឺជា​សំណួរ​ដែលចោទ​ឡើង​ដោយ​លោកប្រធានាធិបតីអាមេរិក​។

ហេតុអ្វី​មេដឹកនាំ​ចិន​និងរុស្ស៊ី​មិនទៅ​ចូលរួម​សន្និសីទ COP២៦?

រហូតមកទល់ពេលនេះ ពុំ​មាន​ការ​បញ្ជាក់​ប្រាប់​ជា​ផ្លូវការនោះទេអំពី​មូលហេតុ​ដែល​លោក​ប្រធានាធិបតីចិនអវត្តមាន​ក្នុង​សន្និសីទ​អន្តរជាតិ​COP២៦​។ ក៏ប៉ុន្តែចាប់តាំងពីជំងឺកូវីដ​១៩ ផ្ទុះឡើង​វិញ​នៅក្នុ​ងប្រទេសចិនមក​ គេមិនបានឃើញ​លោកស៊ី ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​ឡើយ។

ចំណែក​នៅឯ​កិច្ចប្រជុំ​ COP២៦ វិញ លោក Xie Zhenhua បេសកជន​ពិសេស​ទទួលបន្ទុកផ្នែក​អាកាសធាតុ​របស់ចិន​បានឆ្លើយតប​ទៅកាន់អ្នក​សារព័ត៌មាន​ ដោយ​ច្រានចោល​នូវ​មន្ទិលសង្ស័យ​ថា​ចិនដែលជាប្រទេស​បញ្ចេញ​កាបូនិក​ដ៏ធំ​បំផុត​របស់​ពិភពលោក​នាពេលបច្ចុប្បន្ននេះ ធុញទ្រាន់ឬចង់គេចវេសនឹង​កាតព្វកិច្ច​ណាមួយក្នុងបុព្វហេតុអាកាសធាតុ​។

ដូចគ្នាចឹងដែរ​ គ្មានហេតុផលណាមួយត្រូវបានប្រកាសប្រាប់នោះទេចំពោះ​ការដែល​ប្រធានាធិបតីរុស្ស៊ី មិនទៅចូលរួមដោយផ្ទាល់ក្នុងសន្និសីទអាកាសធាតុរបស់អង្គការ​សហប្រជាជាតិ។

អ្វីដែលគេដឹងនាខណៈពេលនេះ​ គឺប្រទេសរស្ស៊ីក៏​កំពុងប្រឈមខ្លាំង​ណាស់​ដែរទៅនឹង​ការឆ្លងរីករាលដលនៃជំងឺកូវីដ​ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃ​កើនឡើង​ឥតឈប់​នៅមួយ​រយៈ​ពេលចុងក្រោយនេះ​។

ដោយឡែក​ កាលពីថ្ងៃអង្គារម្សិលមិញ​ តាមរយៈ​ការ​ថ្លែង​សារនៅក្នុងវីដេអូមួយ​ លោកពូទីនបានប្រាប់​មេដឹកនាំ​ជាង ១២០ ប្រទេស​ដែលមាន​វត្តមាន​ក្នុងកិច្ចប្រជុំ COP២៦ ថា​ព្រៃឈើ​ក្នុងទំហំ​ដ៏ធំ​របស់រុស្ស៊ី​នឹងជួយឲ្យម៉ូស្គូ​អាច​ធ្វើអព្យាក្រឹតកា​បោន​បាន​នៅឆ្នាំ ២០៦០​។

ក្រោយការ​លើកឡើង​ខាងលើ​ អ្នកជំនាញជាច្រើន​បានចោទសួរ​ពីការ​គណនាថា​តើ​ព្រៃឈើរបស់​រុស្សី​អាចស្រូបយកកាបោន​បាន​ប៉ុណ្ណា​ ជាពិសេស​បន្ទាប់ពីព្រៃឈើនៅទីនោះជាច្រើនត្រូវបានបំផ្លាញដោយភ្លើងឆេះនាពេលថ្មីៗនេះ។

តើ​មាន​អ្វី​ខ្លះទៀត​កើត​ឡើង​កាលថ្ងៃ​អង្គារម្សិលមិញ​នៅឯកិច្ចប្រជុំ COP២៦​?

ក្រោយ​ជួប​ប្រជុំ​គ្នា​រយៈពេល​ពីរ​ នៅថ្ងៃអង្គារម្សិលមិញ មេដឹកនាំពិភពលោកបាន​ប្តេជ្ញា​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ឆ្នាំ ២០៣០ ដើម្បី​ជួយ​ទប់ស្កាត់ការ​កើនឡើង​កម្តៅផែនដី​។ ការប្តេជ្ញានេះ​ទទួលបានការគាំទ្រ​ពីមេដឹកនាំតំណាងឲ្យ​ជាង​ ៨៥%​ នៃ​តំបន់​ព្រៃឈើ​នៅ​ទូទាំងពិភពលោក​។

ក្រៅពីនេះ​ លោកប្រធានាធិបតីអាមេរិក​លោកចូ បៃដិន ក៏បាន​ប្រកាស​ដាក់ចេញ​នូវផែនការ​កាត់​បន្ថយការបញ្ចេញឧស្ម័នមេតាន​ ដែលជា​ឧស្ម័នផ្ទះ​កញ្ចក់​ដ៏មានឥទ្ធិពល​ចំពោះ​ការ​កើន​ឡើង​កម្តៅផែនដី​ដែរ​។

ប្រទេសរាប់សិប​បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ ដោយពួកគេ​បានព្រមព្រៀងគ្នាធ្វើយ៉ាងណា​កាត់បន្ថយការបំភាយឧស្ម័នមេតានឲ្យ​បាន​ចំនួន ៣០% ក្នុងរយៈពេល១០ ឆ្នាំ ពោលគឺនៅឆ្នាំ ២០៣០ខាងមុខ​ដូចទៅនឹងការសន្យា​ចំពោះការ​បិទបញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើអីចឹងដែរ។

នៅក្នុង​គំនិត​ផ្តួចផ្តើម​ដាច់ដោយឡែកមួយទៀត​ សហរដ្ឋអាមេរិក​ អង់គ្លេស​ បារាំង​ និង​អាល្លឺម៉ង់​បានប្រកាសថា​ពួកគេ​នឹង​ផ្តល់ប្រាក់កម្ចី​ និងប្រាក់ជំនួយចំនួន​ ៨,៥ ពាន់លានដុល្លារ​ក្នុងរយៈពេល ៥ ឆ្នាំ​ដើម្បីជួយអាហ្រ្វិកខាងត្បូងឲ្យដកចេញនូវការ​ប្រើប្រាស់​ថាមពលបាន​មកពី​ធ្យូងថ្ម។ អាហ្វ្រិកខាងត្បូងនេះ​ គឺជាប្រទេស​ដែលផលិតថាមពលអគ្គិសនីប្រមាណ​ ៩០% ពីរោងចក្រប្រើធ្យូងថ្ម​។ ធ្យូងថ្ម​ ដែលជាប្រភពបញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេ​រហូត​ដល់ទៅ ៤០%​ បើប្រៀបធៀប​នឹង​ប្រេង (៣៩%) ឧស្ម័ន​ហ្គាស​ (១៩%)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ