អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​ចិន​និង​អាមេរិក បើកជំនួបកំពូល​ដើម្បី​ស្វែងយល់ជំហរគ្នា​ទៅវិញ ទៅមក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ជំនួបកំពូល​ អនឡាញ នៅ​ព្រឹកថ្ងៃ​អង្គារទី ១៦ វិច្ឆិកា ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​និង​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន បាន​ពិភាក្សាពី សំណុំរឿង​ចម្រូងចម្រាស​ជាច្រើន រវាង​ប្រទេសទាំងពីរ។ ប៉ុន្តែ ជំនួបកំពូល​តាមវីដេអូ រយៈពេលជាង ៣ម៉ោង​កន្លះ មិន​បាន​ផ្តល់​លទ្ធផលអ្វី​ធំដុំ​នោះទេ។ ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន នៅតែ​និយាយ​មិន​ចុះសម្រុងគ្នា ពី​បញ្ហា​កោះតៃវ៉ាន់។ តើមានប្រយោជន៍អ្វី ដែលត្រូវ​មានជំនួបកំពូល​អាមេរិក ចិន នៅពេលនេះ?

លោកប្រធានាធិបតី​ចូ បៃដិន លើកដៃស្វាគម​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​នៅក្នុង​ពេល​បើកជំនួបកំពូលអនឡាញ នៅថ្ងៃទី ១៦​វិច្ឆិកា ២០២១
លោកប្រធានាធិបតី​ចូ បៃដិន លើកដៃស្វាគម​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​នៅក្នុង​ពេល​បើកជំនួបកំពូលអនឡាញ នៅថ្ងៃទី ១៦​វិច្ឆិកា ២០២១ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​តាមអនឡាញ នៅថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន និង​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ជួបនិយាយ​គ្នា​ដល់​ទៅ​៣ម៉ោងកន្លះ។ ចាប់តាំង​ពី លោក​ចូ បៃដិន​បាន​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នេះ​ជាលើកទី​៣ ដែល​ប្រធានាធិបតី​អាមេរិក​បាន​ជួបនិយាយគ្នា។ ជំនួបពីរលើក​មុនៗ ធ្វើឡើង​តាមទូរស័ព្ទ​ប៉ុណ្ណោះ ចំណែក​ជំនួប​កំពូល ជាលើកទី​៣ ត្រូវ​ធ្វើ​តាម​វីដេអូ អនឡាញ បន្ទាប់ពី លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង​លែងធ្វើដំណើរ​ចេញក្រៅប្រទេស ជិត ២ឆ្នាំ ដោយសារ​តែ​វិបត្តិជំងឺកូវីដ​១៩។

ជំនួបកំពូល​នៅ​ថ្ងៃ​នេះ​ទៀតសោត ធ្វើឡើង​ក្នុង​បរិយាកាស​ធូរស្រាល ដោយ​គេឃើញ ប្រធានាធិបតី​អាមេរិកលោកចូ បៃដិន​ញញឹម ​លើកដៃ​ស្វាគម​ប្រធានាធិបតី​ចិន នៅក្នុង​សន្និសីទ​តាមវីដេអូ។ លោក​ចូ បៃដិន​បាន​និយាយ​ថា លោក​និង​លោកស៊ីជីនពីង តែងនិយាយ​ស្មោះទៅស្មោះមក ដោយ​ឥតមានលាក់លៀម​នោះទេ។ លោក​ប្រធានាធិបតី​ចិនវិញ បាន​និយាយ​ថា លោក​សប្បាយចិត្ត​ដែល​បាន​ជួប​មិត្តចាស់ លោក​ចូ បៃដិន និង​ថា ប្រទេស​ទាំងពីរ ត្រូវការ​កែលម្អឲ្យប្រសើរឡើង ​ផ្នែក​ទំនាក់ទំនង​រវាងគ្នា និង​ត្រូវ​ប្រឈម​បញ្ហា​រួមគ្នា។

ត្រលប់មកនិយាយ​ពី​ខ្លឹមសារ​នៃ​ជំនួបកំពូល​លើកនេះ​វិញម្តង។ តាម​សេតវិមាន ជំនួបតាមអនឡាញ រវាង​លោក​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន​មានរយៈពេល​ដល់​ទៅ​៣ម៉ោងកន្លះ គឺ​វែងជាង​ការព្រាងទុក។ តាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមានដដែល មេដឹកនាំ​អាមេរិក និង​ចិន បាន​ពិភាក្សា​ពី​បញ្ហា​ជាច្រើន ដែល​ជា​ចំណុច​ខ្ទាស់ ខ្វែងគំនិតគ្នា រវាង​ចិន និង​អាមេរិក។ ពី​ចំណែក លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន លោក​និយាយប្រាប់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ពី​ការព្រួយបារម្ភ​របស់អាមេរិក ដែល​ឃើញ មានការរំលោភសិទ្ធិមនុស្ស នៅទីក្រុង​ហុងកុង ទីបេ និង​ទៅលើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង។

នៅក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​វិញ ប្រធានាធិបតី​អាមេរិក​បាន​សង្កត់ធ្ងន់ ពី​នយោបាយ​របស់​អាមេរិក ដើម្បីការពារ​ជនជាតិអាមេរិក និង​ក្រុមហ៊ុន​អាមេរិក​ពី​ការធ្វើជំនួញ មិន​យុត្តិធម៌ របស់​រដ្ឋអំណាច​ចិន។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បាន​និយាយ​ប្រាប់​លោក​ចូ បៃដិន​ទៅវិញ​ថា អាមេរិក​ត្រូវឈប់​យក ហេតុផល ដើម្បីការពារ​សន្តិសុខ​ជាតិ មកធ្វើ​ជា​លេស ធ្វើ​បាប ដាក់គំនាប​ក្រុមហ៊ុន​ចិន។ ជាក់ស្តែង កាលពី​សប្តាហ៍​មុន​នេះ លោក​ចូ បៃដិន​ទើប​តែបាន​បញ្ជា​ឲ្យគេ​រឹតបន្តឹង​បន្ថែម​លើ​ការធ្វើជំនួញ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ដូច​យ៉ាង​ក្រុមហ៊ុន​Huawei ជាដើម។

ទាក់ទង​នឹង​ការលើកឡើង​របស់​លោក​ចូ បៃដិន ស្តីពីការរំលោភសិទ្ធិមនុស្ស​នៅ​ហុងកុង ទីបេ និង​ស៊ីនជាំង ប្រធានាធិបតី ចិន​បាន​ចោទប្រកាន់​អាមេរិក​ថា បាន​លូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​របស់​ចិន។

ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន នៅតែ​ខ្វែងគំនិតគ្នា ក្នុង​សំណុំ​រឿងតៃវ៉ាន់

មេដឹកនាំ​អាមេរិក និង​ចិន ចង់​ប្រើ​ជំនួបកំពូល​លើកនេះ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង រវាងប្រទេស​ទាំងពីរ ប៉ុន្តែ មេដឹកនាំ​ទាំងពីរ​ មិនអាច មិន​ប៉ះសំដី​គ្នា ដោយសារ​រឿង​កោះតៃវ៉ាន់​នោះទេ។ តាមប្រភព​មន្រ្តីសេតវិមាន ដែល​សុំ​មិន​បញ្ចេញឈ្មោះ សំណុំរឿង​តៃវ៉ាន់ ត្រូវ​បាន​មេដឹកនាំចិន និង​​អាមេរិក និយាយ​គ្នា​ច្រើន នៅក្នុង​ជំនួបកំពូល ដែលបាន​ពន្យារពេល​ដល់ទៅ ៣ម៉ោងកន្លះ។

នៅក្រោយ​ចប់​ជំនួបកំពូល កាសែត​ក្នុង​ស្រុក​ចិន​បាន​ចុះផ្សាយ ថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ព្រមាន​ប្រាប់​លោក​ចូ បៃដិន ថា ការលើកទឹកចិត្ត​ឲ្យ​តៃវ៉ាន់​ទាមទារ​ឯករាជ្យ គឺ​ប្រៀបដូចជា​ការលេងជាមួយភ្លើង។ ​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួរ លោក​​ប្រធានាធិបតី​ចិន បាន​និយាយ​ថា ជនជាតិ​អាមេរិក​មួយចំនួន​ប៉ុនប៉ង​ចង់​យក​តៃវ៉ាន់ ដើម្បី​ទប់ទល់ គ្រប់គ្រងចិន។ នេះជា​រឿង​ដ៏គ្រោះថ្នាក់ណាស់​ព្រោះថា ​អ្នកដែលលែង​ភ្លើង រមែង​ត្រូវ​រលាកភ្លើង។

តាម​សេតវិមាន លោក​ប្រធានាធិបតី ចូ បៃដិន បាន​និយាយ​ប្រាប់​ប្រធានាធិបតី​ចិន​ថា អាមេរិក​ប្រឆាំង​ដាច់ខាត​រាល់​ការប្រឹងប្រែង​ជាឯកតោភាគី ដើម្បី ផ្លាស់ប្តូរ ​Statut quo ឬ​ការប៉ុនប៉ង​ទាំងឡាយណា​ដើម្បី បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។

នៅត្រង់​ចំណុចនេះ ប្រធានាធិបតី​អាមេរិក​បាន​អំពាវនាវ​ឲ្យ​គេ​គោរព​Statut quo ពោល​គឺ​បច្ចុប្បន្ន​យ៉ាងម៉េច ទុក​ឲ្យ​វា​នៅដូច្នេះ​ដដែល។ សារ​របស់​អាមេរិក​មានន័យ​សម្រាប់​ទាំង​ចិន និង​តៃវ៉ាន់ ព្រោះថា ទៅតាម​Statut quo  អាមេរិក​គោរព​គោលការណ៍ ចិន​តែ​មួយ ហើយ ក៏មិនគាំទ្រ​ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យភាព។ ប៉ុន្តែ បើសិន​តៃវ៉ាន់​រងការវាយប្រហារ​ឈ្លានពាន នោះ អាមេរិក​នឹង​ចេញមុខ​ការពារ តៃវ៉ាន់ ទៅ​តាមច្បាប់ Taiwan relation act។ ច្បាប់ ដែល​អាមេរិក​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៧៩ នៅក្រោយ​អាមេរិក ត្រលប់ទៅ​ទទួល​ស្គាល់ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ចិន​ដីគោក) ហើយ​ទទួលស្គាល់ថា តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​​នៃ​​ប្រទេស​ចិន មិនមែន​ជា​រដ្ឋ​ឯករាជ្យ(នយោបាយ​ចិនមួយ)។

ដល់វេលា​ដែល​អាមេរិក និង​ចិន ត្រូវ​ត្រលប់មក​ចុះសម្រុង ធ្វើការ​ជាមួយគ្នា

សេតវិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា គ្មានលទ្ធផល​អ្វីធំដុំ​នៅក្រោយ​ជំនួបកំពូល​នៅថ្ងៃ​នៅថ្ងៃអង្គារ។ ទោះ​ជា​ជំនួបកំពូល គ្មាន​បាន​ផ្តល់​លទ្ធផល​ធំដុំអ្វីមែន ហើយ​មេដឹកនាំ​ទាំងពីរ​នៅតែ និយាយ​បន្ទោស​គ្នា​ទៅវិញ ទៅមក ដូច​មុន ប៉ុន្តែ ជំនួបកំពូល​លើកនេះ​សំខាន់ណាស់ សម្រាប់​ឲ្យ​ភាគី​ទាំងពីរ​អាច​និយាយ​បញ្ជាក់​គ្នា​ឲ្យ​បាន​ច្បាស់​ពីជំហរ​រៀងៗខ្លួន។

ឧទាហរណ៍ ក្នុង​សំណុំរឿង​តៃវ៉ាន់ ចិន ចង់​ដឹង​ច្បាស់​ពីជំហរ​របស់​អាមេរិក ថា តើ​អាមេរិក​គាំទ្រ​ឲ្យ​តៃវ៉ាន់​ឲ្យ​ប្រកាស​ឯករាជ្យ​ដែរឬទេ។ ការដឹងជំហរគ្នា​ទៅវិញ ទៅមក​យ៉ាងដូច្នេះ នឹង​ជួយ​ឲ្យ​ភាគី​ទាំងពីរ​អាច​ជៀសផុត​ពីការយល់ច្រលំគ្នា ការបង្កហេតុនានា ដែលឈាន​ទៅដល់​ការប្រឈមមុខ ផ្នែកអាវុធ​ណាមួយនៅ ក្នុង​តំបន់។

អាមេរិក​និង​ចិន​បាន​តានតឹង ដំឡើងសំឡេង​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ដោយសារ​សំណុំរឿងតៃវ៉ាន់។ ចិន​ដែល​បាន​សន្យា​រួបរួមជាមួយ​តៃវ៉ាន់ ទោះត្រូវ​ប្រើកម្លាំងយោធា បាន​បង្ហាញសាច់ដុំ ដោយ​បាន​បញ្ជូន​យន្តហោះ ចម្បាំង​ដ៏ច្រើនមិនធ្លាប់មាន​ឲ្យ​ទៅហោះរំលោភចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។ ដោយ​ចោទចិន​ថា បាន​បង្កើត​ភាពតានតឹង គំរាមកំហែង​កោះតៃវ៉ាន់ អាមេរិក ក៏​បាន​លក់សព្វាវុធ កាន់តែ​ច្រើន​ណាស់ដែរ ដើម្បី​ឲ្យ​តៃវ៉ាន់​ការពារ​ខ្លួនពីការឈ្លានពាន​ណាមួយ​របស់​ចិន។

គេ​ជឿថា ដោយ​សម្រេច​បើកជំនួបកំពូល​ជាមួយគ្នា​លើកនេះ ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​ចិន ប្រហែល​ជាយល់ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទាំងពីរ​មិនអាច​ចេះតែ​ឈ្លោះគ្នា ទៀតនោះទេ។ ប្រទេស​នីមួយៗ​សុទ្ធតែ​មាន​បញ្ហា​ផ្ទៃក្នុង។ ដូចជា​ចិន កំពុង​ជួបបញ្ហា​ខ្វះថាមពល និង​វិបត្តិហិរញ្ញវត្ថុ​បង្កដោយ​ក្រុមហ៊ុន អចលនទ្រព្យ។ ចំណែក​អាមេរិក​កំពុង មានសេដ្ឋកិច្ច​មិនសូវរឹងមាំ ដោយសារ​វិបត្តិកូវីដ។

ដូច្នេះ ជាជាង​ចំណាយ​ថាមពល​កម្លាំង ឈ្លោះគ្នា មេដឹកនាំ​ចិន និង​អាមេរិក គិតថា គេ​គួរ​ធ្វើការសហការគ្នា ដើម្បី ដោះស្រាយ​បញ្ហា​ដែលគេ​ប្រឈម​រួមគ្នា ដូចជា​បញ្ហា​អាកាសធាតុ និង​កង្វះថាមពល​ជាដើម។​

ប្រធានាធិបតីអាមេរិក​បាន​ប្រាប់​លោក​ស៊ី ជីនពីង​ហើយ​ថា ត្រូវតែ​មាន​ការប្រកួតប្រជែង ប៉ុន្តែ ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ​មិន​ត្រូវ​ប្រែក្លាយ​ទៅជា​ជម្លោះ ដោយ​ចេតនា ឬ​មិន​ដោយ​មិន​ចេតនា។ ប្រធានាធិបតី​ចិនបញ្ជាក់ថា ចិន និង​អាមេរិក ត្រូវ​ប្រឹង​ធ្វើ​ឲ្យ​ប្រសើរឡើង ផ្នែក​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ

ជារួម ក្រៅតែ​ពី​ចំណុច​ខ្វែងគំនិត​គ្នាខាងលើ ប្រធានាធិបតី អាមេរិក និង​ប្រធានាធិបតី​ចិន​បាន​ពិភាក្សា និង​សន្យា​ធ្វើការ​ជាមួយគ្នាក្នុង​សំណុំរឿង​ថាមពល និង​ការប្រែប្រួល​អាកាសធាតុ។ ការយល់ព្រមព្រៀង​ចុះសម្រុងគ្នា​រវាង​មហាអំនាច​សេដ្ឋកិច្ច​ទាំងពីរ​ជា​រឿងគួរឲ្យ​លើកទឹកចិត្ត សម្រាប់​ពិភពលោក ព្រោះថា នៅពេល​ មហាអំណាច​ទាំងពីរ​ឈ្លោះគ្នា ប្រទេស​ទាំងអស់ក្នុងពិភពលោក  រួមទាំង​អាមេរិក​និង​ចិន​ផងដែរ ដែល​ត្រូវ​ខាតបង់ប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ