អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូបៃដិន​អះអាងថា អាមេរិក​មាន​ផែនការ​ទប់ទល់កុំ​ឲ្យរុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ទី ៣ធ្នូថា អាមេរិក​នឹង​ការពារ​អ៊ុយក្រែន ក្នុងករណី​មាន​ការរំលោភឈ្លានពាន​ពីប្រទេស​រុស្ស៊ី។ ការចេញមុខ​មកបញ្ជាក់​របស់​ប្រធានាធិបតី អាមេរិក​ធ្វើឡើង​នៅក្រោយ កាសែត​អាមេរិក The Washington Post ដែល​ចុះផ្សាយ ឯកសារ​របស់​កងទ័ព​អាមេរិក​ដែល​បង្ហាញ ចលនា​កងទ័ព​រុស្ស៊ី​ជាង ១សែននាក់ នៅព្រំដែន​រុស្ស៊ី និងអ៊ុយក្រែន។ នៅចំពោះមុខ ចលនាទ័ព​ដ៏សម្បើម​របស់​រុស្ស៊ី រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ុយក្រែន​ព្រមានថា រុស្ស៊ី​នឹង​វាយចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ដើម​ឆ្នាំក្រោយ យ៉ាងយូរ​នៅ​ចុងខែ មករា។ តើ​អាមេរិក​នឹង​ចាត់វិធានការ​អ្វី​ខ្លះ ដើម្បីការពារ​អ៊ុយក្រែន ក្នុងករណី​វាយចូល​ឈ្លានពាន​របស់​រុស្ស៊ី? តើ​រុស្ស៊ី​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ដូចការភ័យខ្លាច និង​ព្រួយបារម្ភ​របស់​អ៊ុយក្រែន និង​ប្រទេស​លោកខាងលិច​ដែរឬទេ?

រូបភាពរបស់​ផ្កាយរណប​របស់​ក្រុមហ៊ុន​Maxar បង្ហាញ​រថពាសដែក រថយន្តយោធា​របស់កងទ័ពរុស្ស៊ី​ប្រមូលផ្តុំ​នៅ​ជាប់ព្រំដែន​រុស្ស៊ី អ៊ុយក្រែន នៅថ្ងៃទី ១​វិច្ឆិកា ២០២១
រូបភាពរបស់​ផ្កាយរណប​របស់​ក្រុមហ៊ុន​Maxar បង្ហាញ​រថពាសដែក រថយន្តយោធា​របស់កងទ័ពរុស្ស៊ី​ប្រមូលផ្តុំ​នៅ​ជាប់ព្រំដែន​រុស្ស៊ី អ៊ុយក្រែន នៅថ្ងៃទី ១​វិច្ឆិកា ២០២១ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ​បាន​និយាយ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ថា អាមេរិក​រៀបចំ​ផែនការ ដើម្បីការពារ​អ៊ុយក្រែន ក្នុងករណី​មានការវាយប្រហារ​ឈ្លានពាន​របស់​រុស្ស៊ី។ ឯកសារ​កងទ័ព​អាមេរិក ដែលដកស្រង់​ចុះផ្សាយ​របស់​កាសែត​អាមេរិក The Washington Post បាន​បញ្ជាក់​ការលើកឡើង​របស់​រដ្ឋមន្រ្តី​ការពារ​អ៊ុយក្រែន ដែល​ថា រុស្ស៊ី​បាន​ចល័តទ័ព​ក្នុង​ចំនួន​ដ៏ច្រើន នៅព្រំដែន អ៊ុយក្រែន រុស្ស៊ី។

តាម​កាសែត The Whasington Postដែលបាន​ដកស្រង់សំដី​របស់​មន្រ្តី​យោធា​អាមេរិក ដែលសុំ​មិនបញ្ចេញ​ឈ្មោះ នៅព្រំដែន រុស្ស៊ី អ៊ុយក្រែន រុស្ស៊ី​កំពុង​ត្រៀម​កងទ័ព​ជាង ១០០​កងពល ដែល​មាន​ទ័ព​ជាង ១សែន ៧ម៉ឺននាក់ រថក្រោះ គ្រាប់ផ្លោង និង​សម្ភារៈយោធា​ជាច្រើន​ទៀត។ ក្រសួងការពារ​ជាតិ​អ៊ុយក្រែន​អះអាង​ថា រុស្ស៊ី​ដែល​បាន​ប្រមូលផ្តុំ កងទ័ព ១សែននាក់ រួម​ជាមួយ រថពាសដែក ជាច្រើន​គ្រឿង នឹង​អាច​បើកការវាយលុក​ចូលឈ្លានពាន​អ៊ុយក្រែន នៅ​ដើមឆ្នាំក្រោយ ឬ​យ៉ាងយូរ​នៅ​ចុងខែ​មករា ឆ្នាំ ២០២២។

ម៉ូស្គូវិញ​បាន​បដិសេធ​ទាត់ចោល​ការលើកឡើង​របស់​អ៊ុយក្រែន និងប្រទេស​លោកខាងលិច។ សម្រាប់​អ្នកជំនាញ រុស្ស៊ី​បង្កើន​វត្តមានទ័ព​រហូត បង្កើត​ឲ្យ​ភាព​តានតឹង​ នៅព្រំដែន​អ៊ុយក្រែន គឺ​គ្មានអ្វី​ក្រៅតែ​ពីចង់​ដាក់សម្ពាធ ទាមទារចំណាប់អារម្មណ៍ និង​ធ្វើតេស្ត​សាកល្បង ប្រតិកម្ម​របស់​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក នោះទេ។ គេ​នៅចាំបានថា រុស្ស៊ី​ធ្លាប់​បាន​ប្រើ​យុទ្ធសាស្រ្ត​យោធា​នេះម្តងហើយ កាលពី​ខែ​មេសា​ឆ្នាំនេះ។ នៅទីបំផុត ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ក៏បាន​បើកជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​នៅ​ខែ មិថុនា។ នៅបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​បើកភ្លើងខៀវ មិន​រករឿង​បំពង់បង្ហូរ​ហ្គាស​រុស្ស៊ី​ទៅកាន់ទឹកដី​អឺរ៉ុប រុស្ស៊ី​ក៏បាន​សម្រេច​ដកកងទ័ព​ចេញពី​ព្រំដែន​អ៊ុយក្រែន​វិញ។

លើកនេះ រុស្ស៊ី​ក៏បាន​យុទ្ធសាស្រ្តដដែល ដោយ​បាន​បញ្ជូន​ទ័ព ដ៏ច្រើន​សម្បើម​ទៅកាន់​ព្រំដែន អ៊ុយក្រែន ព្រោះ​រុស្ស៊ី ទាមទារ​ចង់​ឲ្យ​អាមេរិក និងអង្គការ​អូតង់ សន្យា​ជា​ផ្លូវការ ​តាមផ្លូវច្បាប់ថា អូតង់​មិនត្រូវ​ពង្រីក​ដែនឥទ្ធិពល​សំដៅ​ភាគខាងកើត​អឺរ៉ុប ដែល​អាច​គំរាមកំហែង​ប្រទេស​រុស្ស៊ី។ អ្វីដែល​រុស្ស៊ី​ទាមទារ​ចង់បាន​ជាក់ស្តែង​ជាងគេ​បំផុត គឺ អូតង់ និង​អាមេរិក មិនត្រូវ​អ៊ុយក្រែន​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ ជា​ដាច់ខាត។

នៅមុនជួបប្រមុខការបរទេស​អាមេរិក នៅក្រៅក្របខ័ណ្ឌ​កិច្ចប្រជុំ​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅប្រទេស​ស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ធ្នូ រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក​Sergei Lavrov និយាយ​ថា វាដល់​ពេល​ហើយ​ដែល​ត្រូវប្រែក្លាយ​ពាក្យសំដី ឲ្យទៅជា ការ​ធានា ជាលាយលក្ខអក្សរ តាមផ្លូវច្បាប់។ រុស្ស៊ី​គ្រោង​នឹង​ដាក់សំណើ​ជាផ្លូវការដើម្បី​ទាមទារ​ឲ្យ​អូតង់​ឈប់​ពង្រីកដែនឥទ្ធិពល បែរឆ្ពោះទៅ​រកតំបន់​ភាគខាងកើត។

រុស្ស៊ី បាន​ដាក់​លក្ខខណ្ឌ​បែបនេះ បន្ទាប់ពី​អ៊ុយក្រែន បាន​បង្ហាញ​ចេតនា ចាក់ដាក់​ពាក្យ​​ចូល​ជា​សមាជិក​របស់អូតង់ ពោល​គឺ​ដើម្បី​បាន​ទទួលការការពារ​ពីអូតង់ ក្នុង​ករណី​មានការរំលោភឈ្លានពាន​ពីប្រទេស​រុស្ស៊ី។

នៅថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតីអាមេរិក​និយាយ​ថា លោកនឹង​មិន​ទទួល​យក​ខ្សែបន្ទាត់ក្រហម ខាងលើ ដែល​កំណត់​ទាមទារ​ដោយ​ប្រទេស​រុស្ស៊ី​នោះទេ។ ប៉ុន្តែ ជាមួយគ្នានោះ នៅក្នុង​ជំនួបជាមួយប្រធានាធិបតី អ៊ុយក្រែន កន្លងទៅ លោក​បៃដិន ក៏មិនបាននិយាយ​ធានា​បញ្ជាក់​អ៊ុយក្រែន ពីរឿង​ដាក់បញ្ចូល​អ៊ុយក្រែន​ជាសមាជិក​របស់​អូតង់នោះ​ដែរ។

តើ​លោក​ចូ បៃដិន​នឹង​អាច​បញ្ជូន​កងទ័ព​ទៅ​ជួយការពារ​អ៊ុយក្រែនដែរឬទេ?

គេមិនជឿថា លោក​ចូ បៃដិន ដែល បាន​សម្រេច​ដកកងទ័ព​អាមេរិក យ៉ាង​ប្រផិតប្រផើយបំផុត​រហូត​ធ្វើ​ឲ្យ​អាហ្វហ្កានីស្ថាន​ធ្លាក់​ក្នុង​ដៃ​របស់​ពួកតាលីបង់ មាន​គំនិត​ចង់បញ្ជូនទ័ព ទៅជួយការពារ​អ៊ុយក្រែន ក្នុងករណី​មាន​ការវាយឈ្លានពាន​ពីរុស្ស៊ីនោះទេ។ ប្រធានាធិបតី​អាមេរិក​នឹង​ប្រើការចរចា ផ្លូវទូត ដើម្បី​ឈាន​ទៅបញ្ចុះបញ្ចូល​រុស្ស៊ី ឲ្យ​ដកកងទ័ព​ចេញពីព្រំដែនអ៊ុយក្រែន។

នៅថ្ងៃ​ម្សិលមិញ លោក​ចូបៃដិនបាន​និយាយ​ថា លោក​បាន​ត្រៀម​ផែនការពេញលេញ​បំផុត​ដើម្បី​រារាំង​កុំ​ឲ្យ​រុស្ស៊ី​អាចបើកការវាយប្រហារ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។ ផែនការ​របស់​ប្រធានាធិបតី​ផ្តោតសំខាន់​ភាគច្រើន​លើ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី។

នៅក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី នៅប្រទេស​ស៊ុយអែត នៅ​សប្តាហ៍នេះ ប្រមុខការបរទេស​អាមេរិក​ផ្ទាល់​ក៏ធ្លាប់បាន​ព្រមាន​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី បើសិន​រុស្ស៊ីចូលឈ្លានពាន​អ៊ុយក្រែនមែននោះ។

តើអាចទៅរួច​ដែរឬទេ ដែល​រុស្ស៊ី​បញ្ជូនទ័ព ចូល​ឈ្លានពាន​អ៊ុយក្រែន?

រុស្ស៊ី​អាច​វាយចូល​ឈ្លានពាន​អ៊ុយក្រែន។ នេះ មិនមែន​ជារឿងថ្មីទេ។ រុស្ស៊ីបាន​ធ្វើរឿងនេះ​ ម្តងហើយ កាលពី​ឆ្នាំ ២០១៤ នៅពេល រុស្ស៊ី កាត់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន ដោយ​គ្មានអ្នកណា​បាន​រន្ទឹង​ទុកមុននោះទេ សូម្បីតែ​អ៊ុយក្រែន​ផ្ទាល់។

ចាប់តាំង​ពី​ឆ្នាំ ២០១៤ រុស្ស៊ី​ក៏ត្រូវ​អ៊ុយក្រែន និង​លោក​ខាងលិច ចោទប្រកាន់​នៅតែ​ចិញ្ចឹមសង្រ្គាម​នៅព្រំដែន​អ៊ុយក្រែន តាមរយៈ​ការជួយផ្គត់ផ្គង់​ថវិកា និង​សព្វាវុធ ជួយ ពួកឧទ្ទាម ​គាំទ្រ​រុស្ស៊ី ដែលកំពុង​ប្រយុទ្ធ​ទាមទារ​គ្រប់គ្រង​តំបន់​ពីរ​នៅ​ខាងកើត​អ៊ុយក្រែន។

សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ុយក្រែន រឿងរុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​ចូល​ទឹកដី​អ៊ុយក្រែន ជារឿង​ដែល​អាច​ទៅរួច ប៉ុន្តែ គេ​អាចបញ្ជៀសវា​កុំ​ឲ្យ​កើតឡើង​បាន​ដែរ។ រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ុយក្រែន បានអំពាវនាវ​ឲ្យអាមេរិក និង​អូតង់​ចាត់វិធានការ​បន្ទាន់​ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​រុស្ស៊ី​វាយប្រហារ​ទន្ទ្រានយក​ទឹកដី​អ៊ុយក្រែន​បាន​ដូច​កាលពី​ឆ្នាំ ២០១៤។

សម្រាប់អ្នកជំនាញ វិញ រុស្ស៊ី ធ្លាប់​បាន​កាត់យក​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន ដោយគ្មាន​ការវាយប្រហារ​បង្ហូរឈាម ព្រោះ​ដោយសារ​តែ​គ្មាន​អន្តរាគមន៍​យោធា​ពីប្រទេស​លោកខាងលិច។ ប៉ុន្តែ ខុសពី​៧ឆ្នាំមុន រុស្ស៊ី​មិនអាច​ចេះតែ​បញ្ជូន​ទ័ព​ចូលឈ្លានពាន​អ៊ុយក្រែន​នោះទេ។

រុស្ស៊ី​មិនអាច​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន​ដោយ​គ្មានហេតុផល ព្រោះបើធ្វើដូច្នេះ រុស្ស៊ី​ជាអ្នកខាតបង់​ច្រើនណាស់ដែរ។ ត្រូវ​ដឹងថា កងទ័ព​អ៊ុយក្រែន​សព្វថ្ងៃ មានធនធាន​សមត្ថភាព ខ្លាំងជាងមុន ដោយសារ​មានការគាំទ្រ ពី​អង់គ្លេស អាមេរិក កាណាដា និង​ប្រទេស​អឺរ៉ុប​ដទៃទៀត ដែល​បាន​ថ្កោលទោស​រុស្ស៊ី ដោយសារ​រឿង​កាត់យកទឹកដី​គ្រីមេ នៅ​ឆ្នាំ ២០១៤។

ការធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន មិនត្រឹមតែ​ធ្វើ​ឲ្យ​រុស្ស៊ី​ខាតបង់​អាយុជីវិត​កងទ័ព​រុស្ស៊ី​តែប៉ុណ្ណោះទេ ប៉ុន្តែ នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​ត្រូវ​ខាតបង់​សេដ្ឋកិច្ច ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ម្យ៉ាង​ការគ្រប់គ្រង តំបន់​អ៊ុយក្រែន ដែល​រុស្ស៊ី អាច​វាយចូលគ្រប់គ្រង នោះ នឹងធ្វើ​ឲ្យ​រុស្ស៊ី​ត្រូវ​ខាតបង់​ចំណាយ​ទាំង​កម្លាំងមនុស្ស និងថវិកាជាតិ​រុស្ស៊ី ដែលនោះមិនមែនជារឿង​ល្អឡើយ​សម្រាប់​មតិសាធារណៈជន​រុស្ស៊ី។

កំពូល​របស់​មេដឹកនាំ​រុស្ស៊ី និង​អាមេរិក​នឹង​អាច​ទៅកាត់បន្ថយ ភាពតានតឹង​យោធា?

អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង​បាន​បញ្ជាក់​ថា ជំនួបកំពូល​តាមវីដេអូ​រវាង​ប្រធានាធិបតី​រុស្ស៊ី និងប្រធានាធិបតី​អាមេរិក​នឹងអាចរៀបចំ​ឡើង​នៅ​សប្តាហ៍​ក្រោយ។ គេ​ដាក់​ក្តីសង្ឃឹមស្រុង​ទៅលើ​ជំនួបកំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​អាមេរិក នៅ​សប្តាហ៍ក្រោយនេះ ​ដើម្បីបន្ធូរបន្ថយភាពតានតឹង​នៅព្រំដែន​រុស្ស៊ី អ៊ុយក្រែន។ គេសង្ឃឹមថា មេដឹកនាំ​អាមេរិក និង​រុស្ស៊ី នឹង​ធ្វើ​សម្បទាន ដើម្បី បន្ធូរបន្ថយ​ភាពតានតឹង ដែល​ពួកគេ​ជាអ្នកបង្កើតឡើង។

រុស្ស៊ី​បាន​ដាក់ខ្សែបន្ទាត់​ក្រហម ដោយ​បាន​ទាមទារ​អូតង់ ឲ្យឈប់​បង្ខិត​វត្តមានយោធា​សំដៅ​ទិសខាងកើត ចូលទៅក្នុង​តំបន់ ដែល​ស្ថិតក្នុងដែនឥទ្ធិពល​របស់​រុស្ស៊ី។ រុស្ស៊ី បានទាមទារ​យ៉ាងដូច្នេះ នៅ​បន្ទាប់ពី​អូតង់ និង​អាមេរិក​បាន​រៀបចំ​ទៅធ្វើ​សមយុទ្ធ កាន់តែច្រើន ជាមួយ​ប្រទេស​ដែល​ជាប់ព្រំដែន​រុស្ស៊ី ដែលក្នុងនោះ​មាន​ប្រទេស​អ៊ុយក្រែន។

រុស្ស៊ី​វិញ ក៏ត្រូវ​បន្ធូរជំហរ​របស់ខ្លួនវិញដែរ។ ក្នុងនាមជាប្រទេស​អធិបតេយ្យភាព រុស្ស៊ី ក៏មិនអាច​ការកំហិត​ទាមទារ​មិន​ឲ្យ​អ៊ុយក្រែន ចូល​ជា​សមាជិក របស់​អូតង់ នោះដែរ។

អ៊ុយក្រែន​តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក Dmytro Kouleba បាន​និយាយ​ទាត់ចោល​ការទាមទារ​របស់​រុស្ស៊ី ដែល​ចង់​មានសន្យា​ការធានា​សន្តិសុខ ជាថ្នូរ​នឹងការបន្ធូរបន្ថយ​ភាពតានតឹង​នៅព្រំដែន​អ៊ុយក្រែន។ អ៊ុយក្រែន​បាន​ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​ប្រកាន់ជំហរ​ដូចអ៊ុយក្រែន  ព្រោះថា អ៊ុយក្រែន ក្នុងនាមជា​ប្រទេស​មានអធិបតេយ្យភាព ​មាន​សិទ្ធិ​សេរីភាព ចូល​ជា​សមាជិក​របស់អង្គការ​អន្តរជាតិ ដោយ​គ្មាន​រងការដាក់កំហិត​ពីបរទេស។

សម្រាប់ រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន ការចូលជាសមាជិក​របស់​អូតង់ និង​សហភាព​អឺរ៉ុប មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន និង​ថា អ៊ុយក្រែន នឹង​ចូលជា​សមាជិក​របស់​អូតង់ នៅថ្ងៃ​អនាគត បើទោះមានការប្រឆាំង​ពី​ប្រទេស​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ