អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​ប្រកាស​ដកទ័ពខ្លួន ចេញពី តំបន់នៅជិតព្រំដែនអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ រុស្ស៊ី​បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃសុក្រ​ទៅ គឺ ផ្តើម​ដក​ចេញ ទ័ព​ខ្លួន​ដែល​ផ្តុំ​យ៉ាង ច្រើន នៅ​ជិត​ព្រំដែន​អ៊ុយក្រែន និង នៅដែនដី​ឧបសម្ព័ន្ធ​គ្រីមេ ដ្បិតចាត់ទុក​ថា ចប់​សព្វគ្រប់ទៅហើយ លំហាត់សឹក ដែលជា វត្តមាន​យោធា​សែន​ធំធេង នាំ​ជាក្តី​ព្រួយបារម្ភ ដល់ បស្ចិមលោក និង ក្រុងគៀវ។

ទាហាន​រុស្ស៊ី ឡើង​យន្តហោះដើម្បី​ហាត់សម​លោតឆ័ត្រយោង នៅ​ថ្ងៃព្រហស្បតិ៍ទី ២២ មេសា ២០២១
ទាហាន​រុស្ស៊ី ឡើង​យន្តហោះដើម្បី​ហាត់សម​លោតឆ័ត្រយោង នៅ​ថ្ងៃព្រហស្បតិ៍ទី ២២ មេសា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ក្នុងលំហាត់នោះ កងទ័ពបានបង្ហាញសមត្ថភាព​ខ្លួន ធានា ការពារ​ប្រទេស​យ៉ាងកក់ក្តៅ។ ម៉្លោះ ហើយបានជា ខ្ញុំសម្រេច​បញ្ចប់​សកម្មភាព​ផ្ទៀងផ្ទាត់​មើល នៅតាម​យោធភូមិ​ខាងត្បូង និងខាងលិច ដែល ជាប់នឹង​ព្រំដែន​អ៊ុយក្រែន-សេចក្តីនេះ ប្រកាស ដោយ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Choigou  តាមរយៈសេចក្តីថ្លែងការណ៍​សមស្រប។

ដោយប្រមាណថា គោលដៅ​ទាំងអម្បាល់ម៉ាន នៃ​លំហាត់​ដ៏សំបើម​នេះ “ មាន​សម្រេចបានទាំងស្រុង” លោក Choigou បានបញ្ជា​ឲ្យ កងទ័ពវិល​ត្រឡប់​ទៅកាន់​បន្ទាយ ជាទីតាំង​អចិន្ត្រៃយ៍ របស់ខ្លួន​វិញ” ចាប់ពី ថ្ងៃ សុក្រ ២៣ មេសា។ ទាំង​ពួកទាហាន ដែលពង្រាយ នៅទឹកដី​គ្រីមេ ក៏វិលត្រឡប់​ទៅបន្ទាយ​វិញដែរ ចាប់  ពីឥឡូវ រហូតដល់ថ្ងៃ ទី ១ ឧសភា - លោក រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបន្ថែម។

ប៉ុន្មានម៉ោងមុន លោក Choigou បានអញ្ជើញ​ទៅកាន់ គ្រីមេ-ទៀបកោះ​ដែលត្រូវ​បានរុស្ស៊ី​ភ្ជាប់យក ក្នុងឆ្នាំ ២០១៤ ដើម្បីពិនិត្យមើលដោយផ្ទាល់ភ្នែក លំហាត់សឹក ចំពេលដែលភាពតានតឹងនៅត្រង់តំបន់នេះ  ឡើង ដល់កម្រិតកំពូល រវាងម្ខាងគឺ រុស្ស៊ី និង ម្ខាងទៀត គឺ ក្រុងគៀវ និង បស្ចិមលោក។  

តាមទិន្នន័យ​ក្រសួង​ការពារជាតិ​រុស្ស៊ី មាន​ដាក់ឲ្យ​សកម្ម​ក្នុង​លំហាត់សឹក​នេះ គឺ យោធា ១០.០០០ នាក់ , យន្ដហោះមួយចំនួន , នាវាចម្បាំង​ប្រមាណ ៤០ គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស និង ទ័ពឆ័ត្រ​យោង។

រុស្ស៊ី នា​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ បាន​បង្កើន​ចំនួន​លំហាត់សឹក ក្នុងសមុទ្រខ្មៅ និង​នៅទៀបកោះ​គ្រីមេ ក្រោយពី បានលាតទ័ពរាប់ម៉ឺននាក់អស់ ៣ សប្តាហ៍ នៅតាម​តំបន់​ជាប់​នឹង​ព្រំដែនអ៊ុយក្រែន ដែលជាមួយប្រទេសនេះ រុស្ស៊ី ចេញមុខ​ជាសត្រូវ​ដាក់គ្នា តាំងពីឆ្នាំ ២០១៤ មក។

ក្រុងគៀវ ដែលច្បាំង​នៅតំបន់​ខាងកើត​អ៊ុយក្រែន ទល់នឹង ពួកផ្តាច់ទឹកដី​រុស្ស៊ី​និយម បាន​ត្អូញថា ខ្លាចរុស្ស៊ី​លុកលុយ ចូលទៅ “ កំទេច” ប្រទេសខ្លួន។ ចំណែកម៉ូស្គូ តែង​អះអាង​ថា ខ្លួន” ឥតគំរាម​លើនរណា មួយ” ឡើយ ទាំងបរិហារ​អាក្រាត រាល់​តែ” អំពើបង្កហេតុ” ពីខាងក្រុងគៀវ និង សកម្មភាព”ពាំនាំ​ជាគ្រោះថ្នាក់” ដល់ព្រំដែនខ្លួន ពីខាងបក្ស​សម្ព័ន្ធអួតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ