អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប.៖លោកអង់តូនីញ៉ូ ហ្គូទែរស៍អំពាវនាវឲ្យថ្នាក់ដឹកនាំលីបង់រួមគ្នាបញ្ចប់វិបត្តិនយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី២២ ធ្នូ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បិទបញ្ចប់​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​លីបង់។ ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​នៅ​តំបន់​ដើមបូព៌ា​មួយ​នេះ​បាន និង​កំពុង​បន្ត​ផុងខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។ សព្វថ្ងៃ មាន​ប្រជាជន​លីបង់​ចំនួន ៨០% កំពុង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ។ ដើម្បី​ស្រោចស្រង់​លីបង់ លោក​អង់តូនីញ៉ូ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​លីបង់​មក​ពី​គ្រប់​និន្នាការ​សាសនា និង​នយោបាយ​រួម​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ និង​ផ្តើម​ធ្វើ​កំណែទម្រង់​ប្រទេស​ឲ្យ​បាន​ឆាប់​បំផុត។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍ (រូបឆ្វេង) និង​ប្រធានាធិបតី​លីបង់​លោក​ Michel Aoun។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍ (រូបឆ្វេង) និង​ប្រធានាធិបតី​លីបង់​លោក​ Michel Aoun។ - DALATI AND NOHRA/AFP
ផ្សាយពាណិជ្ជកម្ម

 

ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​របស់​ប្រមុខ​អង្គការ​ពិភពលោក លោក​អង់តូនីញ៉ូ ហ្គូទែរស៍​នៅ​ក្នុង​ប្រទេស​លីបង់​អត់​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ។ វត្តមាន​របស់​លោក​អង់តូនីញ៉ូ​នៅ​លីបង់​គ្រាន់​ជា​និមិត្តរូប​មួយ​ដើម្បី​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​មិន​បាន​ភ្លេច​លីបង់ និង​បាន​ត្រៀម​ខ្លួន​ដើម្បី​ជួយ​លីបង់​គ្រប់​ពេល។ មាន​ប្រធានរឿង​សំខាន់​ចំនួន ៣ ដែល​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​លើក​យក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​លីបង់ ទី១ ការ​ស៊ើបអង្កេត​ជុំវិញ​ការ​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បេរូ​កាល​ពី​ថ្ងៃទី៤ សីហា ឆ្នាំ ២០២០ ទី២ សន្តិសុខ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល និង​ទី៣ វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ដែល​លីបង់​កំពុង​ផុងខ្លួន​យ៉ាង​ជ្រៅ។

តែ​ជា​ថ្មី​ម្តង​ទៀត លោក​អង់តូនីញ៉ូ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​រឿង​ផ្ទុះ​នៅ​កំពង់ផែ។ ជា​ថ្មី​ម្តង​ទៀត លោក​អង់តូនីញ៉ូ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ​លីបង់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បិទបញ្ចប់​វិបត្តិ​នយោបាយ និង​រៀបចំ​ធ្វើ​កំណែទម្រង់​ដែល​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ប្រជាជន។ ជា​ថ្មី​ម្តង​ទៀត ប្រមុខ​អង្គការ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ខ្នះខ្នែង​ជួយ​លីបង់។ តែ​លោក​អង់តូនីញ៉ូ​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ការ​ខ្នះខ្នែង និង​ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ​តែ​មួយ​នៅ​មិន​គ្រប់គ្រាន់​ទេ ប្រសិន​បើ​លីបង់​ខ្លួន​ឯង​ឈរ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វី​សោះ​នោះ។

តាម​ពិត​ទៅ ការ​អំពាវនាវ និង​ការ​ជួយ​ឈឺ​ឆ្អាល​របស់​លោក​អង់តូនីញ៉ូ​ចំពោះ​លីបង់​មិនមែន​ជា​លើកទី១ ហើយ​ក៏​មិនមែន​មាន​តែ​លោក​ម្នាក់​ដែរ។ កន្លង​មក ពោល​តាំង​ពី​លីបង់​ធ្លាក់​ក្នុង​វិបត្តិ​ក្នុង​ឆ្នាំ ២០១៩ គេ​ឃើញ​មាន​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ព្រះអង្គម្ចាស់​បេន សាលម៉ាន ប្រធានាធិបតី​អាមេរិក​លោក​បៃដិន ពិសេស​គឺ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​លីបង់​ចំនួន ២ដង។ តែ​ទីបំផុត ស្ថានការណ៍​លីបង់​បែរ​ជា​កំពុង​ធ្លាក់​ដុនដាប​ទៅៗ ហៅ​លែង​ចង់​ឮ​ទៅ​វិញ។

អ្វី​ទៅ​ជា​ស្ថានការណ៍​សេដ្ឋកិច្ច​របស់​លីបង់​សព្វថ្ងៃ?

លីបង់​កំពុង​មាន​ស្ថានការណ៍​សេដ្ឋកិច្ច​អាក្រក់​ខ្លាំង​ជាង​គេ​មួយ​លើ​លោក​គិត​តាំង​ពី​ឆ្នាំ ១៨៥០ នេះ​ជា​ការ​បញ្ជាក់​របស់​ធនាគារពិភពលោក។ ក្នុង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផល​សរុបក្នុង​ស្រុក​សម្រាប់​ពលរដ្ឋ​លីបង់​ម្នាក់ៗ​បាន​ធ្លាក់​ចុះ​អស់ ៤០%។ ក្នុង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ ប្រាក់​លីវ​លីបង់​បាន​បាត់បង់​តម្លៃ​ជាង ៩២%។ តាំង​ពី​ដំណាច់​ឆ្នាំ ២០១៨ តម្លៃ​ម្ហូបអាហារ​បាន​ឡើង​ថ្លៃ​ជាង ២០០០% ហើយ​សព្វថ្ងៃ​នេះ មាន​ប្រជាជន​លីបង់​ចំនួន ៨០% កំពុង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ។ សព្វថ្ងៃ​នេះ ពលរដ្ឋ​លីបង់​ដែល​គ្មាន​ជម្រើស និង​គ្មាន​លទ្ធភាព​បាន​បន្ត​រស់​តាម​យថាកម្ម។ តែ​សម្រាប់​អ្នក​មាន​ជម្រើស និង​មាន​លទ្ធភាព​បាន​ចាក​ចេញ​ពី​ប្រទេស។

សព្វថ្ងៃ​នេះ និង​ដើម្បី​បន្ត​ចិញ្ចឹម​ប្រទេស រដ្ឋាភិបាល​បន្ត​ដក​លុយ​ពី​ហិប​បម្រុង​ទៅ​ចាយ។ គ្រាន់​តែ​ក្នុង​រយៈពេល ៤ខែ លុយ​បម្រុង​នៅ​ធនាគារ​កណ្តាល​ដែល​មាន ១៤ ០០០លានដុល្លារ​បាន​ធ្លាក់​នៅ​ត្រឹម ១២ ៥០០លានដុល្លារ និង​បន្ត​ធ្លាក់​ជា​បន្ត​ទៀត​នា​ពេល​ខាង​មុខ។ ការ​ចរចា​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF កំពុង​បន្ត​ធ្វើ​រវាង​ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នកទទួល​ខុសត្រូវ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាមួយ​លីបង់។ តែ​សេចក្តីសម្រេច​ធំៗ​នឹង​ត្រូវ​សម្រេច​ដោយ​រដ្ឋាភិបាល។ បញ្ហា​នៅ​ត្រង់​ថា អស់​ជាង ២ខែ​មក​ហើយ​ដែល​រដ្ឋាភិបាល​លីបង់​មិន​បាន​រួមប្រជុំ​ដោយសារ​តែ​មាន​ការ​ខ្វែង​គំនិត​នយោបាយ​ក្នុង​រឿង​ស៊ើបអង្កេត​លើ​ការ​ផ្ទុះ​នៅ​កំពង់ផែ​ក្រុង​បេរូត​កាល​ពី​ជាង ១ឆ្នាំ​មុន។

ក្រុម​អ្នក​ជំនាញ​ខ្លះ​បាន​មើល​ឃើញ​ថា មាន​តែ​ជំនួយ​អន្តរជាតិ​ក្នុង​ចំនួន​ច្រើន​ទើប​គេ​អាច​ស្រោចស្រង់​វិបត្តិ​លីបង់​បាន។ ចំណែក​ប្រធាន​ធនាគារកណ្តាល​លីបង់​លោក​សាឡាម៉េ​បាន​ប្រមើលមើល​ថា លីបង់​ត្រូវ​ការ​លុយ​ពី ១២ ០០០លាន​ទៅ ១៥ ០០០លានដុល្លារ។ សព្វថ្ងៃ​នេះ ចំណែក​លីបង់​នៅ IMF មាន​តែ ៤ ០០០លានដុល្លារ។ តែ​លោក​សាឡាម៉េ​សង្ឃឹម​ទទួល​បាន​ពី​ប្រទេស​ផ្សេង ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត។

តើ​ជា​កំហុស​របស់​អ្នក​ណា​ដែល​លីបង់​បាន​ធ្លាក់​ក្នុង​ស្ថាការណ៍​បែប​នេះ?

ថ្នាក់ដឹកនាំ​នយោបាយ​នៅ​លីបង់​សព្វថ្ងៃ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​វិបត្តិ​សព្វថ្ងៃ។ គួរ​បញ្ចាក់​ថា លីបង់​ជា​ប្រទេស​ដែល​មាន​សាសនា​ចម្រុះ តែ​មាន​សហគមន៍​សាសនា​តែ ៣គត់​ដែល​មាន​សម្លេង​ភាគច្រើន គឺ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត សហគមន៍​សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត និង​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។ តំាង​ពី​ទទួល​បាន​ឯករាជ្យ​ពី​បារំាង​ក្នុង​ឆ្នំា ១៩៤៣ គ្រប់​ភាគី​នយោបាយ​បាន​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញាជាតិ​មួយ​ក្នុង​ការ​បែងចែក​អំណាច​រវាង​សហគមន៍​សាសនា​ទំាង ៣។ តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត តំណែង​ប្រធាន​រដ្ឋសភា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស្ហ៊ីអ៊ីត និង​តំណែង​ប្រធានាធិបតី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។

គឺ​ការ​បែងចែក​អំណាច​ដោយ​ផ្អែក​លើ​និន្នាការ​សាសនា​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​លីបង់​ពិបាក​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​រលូន។ គឺ​ការ​ធ្វើ​នយោបាយ​ដោយ​ប្រកាន់​បក្សពួក​ដោយ​យក​សាសនា​ធ្វើ​ជា​មូលដ្ឋាន​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​នយោបាយ និង​សេដ្ឋកិច្ច​លីបង់​បន្ត​អូសជើង។ នេះ​ដោយ​នៅ​មិន​ទាន់​និយាយ​ដល់​រឿង​អំពើ​ពុករលួយ​ស៊ីរូងផ្ទៃក្នុង។ ដូច្នេះ​ជម្រើស​មាន​តែ​មួយ​គត់​សម្រាប់​លីបង់​ដើម្បី​ស្រោចស្រង់​វិបត្តិ គឺ​ការ​គិត​ប្រយោជន៍ជាតិ ប្រទេស និង​ប្រជាជន​ឲ្យ​ធំ​ជាង​ប្រយោជន៍​សាសនា និង​បក្សពួក។ ដរាប​ណា​លីបង់​នៅ​មិន​ទាន់​អាច​បោះ​ចោល​គំនិត​មួយ​នេះ​បាន​ទេ ដរាប​នោះ​ប្រទេស និង​ប្រជាជន​លីបង់​ប្រហែល​មិន​អាច​ជា​សះស្បើយ​នឹង​ជំងឺ​មហារីក​មួយ​នេះ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ