អានតួអត្ថបទ
លីបង់

វិបត្តិសេដ្ឋកិច្ច៖ លីបង់​ពង្រាយ​ទាហាន​នៅតាម​ស្ថានីយ៍​លក់ប្រេង

ជាប់កៀប​ដោយ​វិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់ លីបង់​បាន​ចាប់​ពង្រាយ​កងទ័ព នៅតាម​ស្ថានីយ៍​លក់ប្រេង នៅទូទាំងប្រទេស​កាលពីសៅរ៍ ទី ១៤​ខែ​សីហា ឆ្នាំ ២០២១។ លីបង់​ជួបវិបត្តិខ្វះប្រេង​ឥន្ធនៈ​ប្រើប្រាស់ នៅ​ក្រោយ ធនាគារ​កណ្តាល​ប្រកាស កាលពី​ថ្ងៃ​ពុធ ផ្អាក ការផ្គង់ផ្គង់​ប្រាក់ឧបត្ថម្ភ​សម្រាប់​ក្រុមហ៊ុន​នាំចូលប្រេង នៅលីបង់។

ទាហាន​លីបង់​ត្រូវ​ពង្រាយ​នៅ​ស្ថានីយ៍លក់ប្រេង ជាទី​ដែល​មានការប្រទាញប្រទង់​ ភាពតានតឹង​ ដោយសារ​តែ​ស្ថានីយ៍​អះអាងថា គ្មានប្រេងសម្រាប់លក់
ទាហាន​លីបង់​ត្រូវ​ពង្រាយ​នៅ​ស្ថានីយ៍លក់ប្រេង ជាទី​ដែល​មានការប្រទាញប្រទង់​ ភាពតានតឹង​ ដោយសារ​តែ​ស្ថានីយ៍​អះអាងថា គ្មានប្រេងសម្រាប់លក់ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ធនាគារកណ្តាល​លីបង់​បាន​សម្រេច​ផ្អាក ការផ្គត់ផ្គង់​ប្រាក់កម្ចី សម្រាប់​ការនាំចូលប្រេង ដើម្បី កាត់បន្ថយ​សម្ពាធ​លើ​កេស​ប្រាក់​បម្រុង​របស់​ធនាគារ។ តាម​ប្រធាន​ធនាគារកណ្តាល​លីបង់ ចាប់តាំង​ពី​លីបង់​ជួប​វិបត្តិ​សេដ្ឋកិច្ច ២ឆ្នាំ​មកនេះ (ពី​ឆ្នាំ ២០១៩) សាច់ប្រាក់​បម្រុង​របស់​ធនាគារកណ្តាល​​បាន​ថយចុះ អស់​៥០% ពី ៣០​ពាន់លាន​ដុល្លារ មកនៅ​ត្រឹម ប្រមាណ ១៤ពាន់លាន​ដុល្លារ។

ការសម្រេចចិត្ត​របស់​ធនាគារ​កណ្តាល​បាន​បង្ក​ឲ្យ​មានភាពវឹកវរ ចលាចល បន្ទាប់ពី​ស្ថានីយ៍លក់​ប្រេង​ជាច្រើន​បាន​បិទទ្វារ ក្នុង​ហេតុផល គ្មាន​ទុន ប្រាក់កម្ចី​គ្រប់គ្រាន់​ពី​ធនាគារ សម្រាប់​ទិញ នាំចូល​ប្រេង។

នៅថ្ងៃ​សៅរ៍ ប្រធានធនាគារកណ្តាល​លីបង់ លោក​រីយ៉ា សាឡាម៉េស Riad Salameh បាន​ចោទប្រកាន់ ដាក់បន្ទុក ក្រុមហ៊ុន​នាំចូលប្រេង និង​ស្ថានីយ៍លក់​ប្រេង ថា ជាអ្នកឆ្លៀតឱកាស កេង​យកប្រយោជន៍ពី​ប្រាក់ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ដើម្បី​ទិញស្តុកប្រេង សម្រាប់​លក់​ក្នុង​តម្លៃខ្ពស់ នៅផ្សារ​ងងឹត ឬ​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ស៊ីរី។ តាម​លោក​សាឡាម៉េស ប្រាក់កម្ចី ៨២០​លាន​ដុល្លារ អាច​ឲ្យ​គេ​នាំចូលប្រេង ក្នុងរយៈពេល ៣ខែ ប៉ុន្តែ ក្រុមហ៊ុន​អះអាង​ថា គេ​ប្រើបាន​តែ​១ខែ​ប៉ុណ្ណោះ។

នៅប៉ុន្មាន​សប្តាហ៍មកនេះ ស្ថានីយ៍ លក់ប្រេង ជាច្រើន​បាន​បិទទ្វារ ជាបន្តបន្ទាប់​ក្នុងលេស ថា គ្មានប្រេង​ក្នុង​ស្តុកទៀតនោះទេ។ នៅ​តាម​ស្ថានីយ៍មួយចំនួន​ដែលនៅ​បើកទ្វារនៅឡើយ ប្រជាជន​បាន​សម្រុក តកន្ទុយគ្នា ចូលទិញប្រេង ដោយសារ​ខ្លាច​ខ្វះប្រេងប្រើប្រាស់ ចំណែក ហាងទំនិញ និងក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ត្រូវ​បិទទ្វារ រហូត​ធ្វើ​ឲ្យ​លីបង់​មួយភាគធំ ត្រូវ​ដាច់ភ្លើង ធ្លាក់ក្នុង​ភាពងងឹតជាង ២០ម៉ោង ក្នុង​មួយថ្ងៃៗ។ ដោយសារ​តែ​រឿង​គ្មានប្រេង​លក់ ប្រជាជន​លីបង់បារម្ភផងដែរ ពី​ទំនិញឡើងថ្លៃ ក្នុង​ពេល​ដែល​ប្រាក់ផោន (Pound)​របស់​លីបង់​បាន​ថ្លាក់​ចុះ​ថ្លៃអស់ ៩០%។

នៅថ្ងៃ​សៅរ៍​ម្សិលមិញ ទាហាន​លីបង់​ត្រូវ​បាន​ដាក់ពង្រាយ​នៅតាម​ស្ថានីយ៍ លក់ប្រេង និង​ចាប់រឹបអូស​បាន​ប្រេង ជាច្រើន​ស៊ីទែន។ កងទ័ព​លីបង់​បាន​គំរាម​ក្រុមហ៊ុននាំចូលប្រេង និង​ស្ថានីយ៍ប្រេង​ឲ្យ​បើកទ្វារ លក់ប្រេង ធម្មតា​ឡើងវិញ បើមិនដូច្នេះទេ កងទ័ព​នឹងរឹបអូស​ប្រេង ដើម្បី​យក​ចែកចាយ​ដោយឥតគិតថ្លៃ ដល់​ប្រជាជន​លីបង់។

តាម​ធនាគារ​ពិភពលោក លីបង់កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ ជាងគេ​ក្នុង​ពិភពលោក ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​លីបង់​ជាង ៧៨%ធ្លាក់ខ្លួន រស់នៅក្រោមខ្សែបន្ទាត់​នៃ​ភាពក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ