អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មួយ​ឆ្នាំ​ក្រោយ​ការវាយលុក​ចូល​វិមាន​កាពីតូល អាមេរិក​នៅតែ​មិនទាន់​ជា ពីរបួស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី ៦​មករានេះ គឺ​មានរយៈពេល​មួយឆ្នាំគត់ ដែល​វិមានកាពីតូល​នៅទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​វាយចូល​លុកលុយ ដោយ​ក្រុមគាំទ្រ​លោក​ដូណាល់ ត្រាំ។ រូបភាព​ហេតុការណ៍​ចូលលុកលុយ​វិមានកាពីតូល​ដែលជា​ស្ថាប័ន​កំពូល របស់​អាមេរិក​បាន​ធ្វើឲ្យ​ពិភពលោក និង​ប្រជាជន​អាមេរិកាំង​ភ្ញាក់ផ្អើល និង​តក់ស្លុត។ តក់ស្លុត ព្រោះ​គេ​បានឃើញ រូបភាព​ដ៏អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​ស្តែង​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​អាមេរិក កំពុង​រង​ការគំរាមកំហែង ចំណែក​ការបែកបាក់គ្នា​ក្នុង​ចំណោម​ប្រជាជនអាមេរិកាំង មានកាន់តែខ្លាំងឡើង។

សកម្មជនគាំទ្រ​លោកដូណាល់ ត្រាំ សម្រុកវាយលុកចូលវិមានកាពីតូល ដើម្បី​រារាំង​កុំ​ឲ្យ​សភា​បោះឆ្នោត​បញ្ជាក់ជ័យជំនះ​របស់​លោកចូ បៃដិន ថ្ងៃទី ៦ មករា ឆ្នាំ ២០២១
សកម្មជនគាំទ្រ​លោកដូណាល់ ត្រាំ សម្រុកវាយលុកចូលវិមានកាពីតូល ដើម្បី​រារាំង​កុំ​ឲ្យ​សភា​បោះឆ្នោត​បញ្ជាក់ជ័យជំនះ​របស់​លោកចូ បៃដិន ថ្ងៃទី ៦ មករា ឆ្នាំ ២០២១ REUTERS - Leah Millis
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​រំលឹកខួប​១ឆ្នាំ នៃការវាយលុកចូល​វិមានកាពីតូល ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ត្រូវ​ថ្លែងសុន្ទរកថា ​ទម្លាក់កំហុស​លើ​អតីតប្រធានាធិបតី​ដូណាល់ ត្រាំ។ នេះ​បើតាម​ការគូសបញ្ជាក់​របស់​អ្នកនាំពាក្យ​សេតវិមាន លោកស្រី Jen Psaki។

នៅក្នុង​អត្ថបទ​សុន្ទរកថាដែល បាន​ធ្លាក់​ដល់​ដៃ​របស់​ក្រុមអ្នកកាសែត នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ លោក​ចូ បៃដិន​ត្រូវ​និយាយ​ថា អាមេរិក​នឹង​មិនព្រម​ឲ្យ​អំពើហិង្សានយោបាយ​កា្លយជាទម្លាប់ ធម្មតានោះទេ។

ចាប់តាំង​ពី​ចូលកាន់តំណែង ជា​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​កម្រ​នឹង​​លើកនិយាយ​ពី​ឈ្មោះ​របស់​លោក​ដូណាល់ ត្រាំ ដោយ​លោក​ផ្តោត​សំខាន់​តែ ទៅលើ​កម្មវិធី​នយោបាយ ដើម្បី​ស្រោចស្រង់អាមេរិក ដែលកំពុង​ជាប់លង់​ក្នុង​វិបត្តិកូវីដ និង​ជាពិសេស​សព្វថ្ងៃ គឺ​វិបត្តិអតិផរណា ដែល​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រជាជន​អាមេរិក។

ប៉ុន្តែ បើ​តាមអ្នកនាំពាក្យ​របស់​សេតវិមាន លោកស្រី Jen Psaki នៅក្នុង​សុន្ទរកថា នៅ​វិមាន​កាពីតូល ជាទី​ដែល​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ចូលវាយលុក​ដោយ​ហិង្សា ដើម្បី រារាំង​កុំ​ឲ្យ​លោក​អាច​ក្លាយ​ជា​ប្រធានាធិបតី អាមេរិក នោះ លោក​ចូ បៃដិន នឹង​ផ្តោតសំខាន់​លើ​ការទទួលខុសត្រូវ​ដ៏សំខាន់ របស់​លោកដូណាល់ត្រាំ លើ​ហេតុការណ៍​វាយលុកចូល​ដោយ​ហិង្សា ក្នុង​វិមាន​កាពីតូល កាល​ពី​១ឆ្នាំមុន។

ប្រធានាធិបតី​អាមេរិក​នឹងនិយាយ​សង្កត់ធ្ងន់​ពី​ការនិយាយ​ភូតកុហក ការនិយាយ​បន្លំបោកប្រាស់​របស់​លោកដូណាល់ ត្រាំ ដែល​បានជំរុញ​ឲ្យ​កើត​មាន​ហេតុការណ៍​វាយសម្រុកចូល​ឈ្លានពាន​ ដោយ​ហិង្សា នៅ​វិមាន​កាពីតូល ដែលជា​និមិត្តរូប​តំណាង​លទ្ធិប្រជាធិបតេយ្យអាមេរិក។

សម្រាប់​លោក​បៃដិន ការវាយលុក​ចូល​វិមានកាពីតូល ជា​លទ្ធផល​នៃ​ការដឹកនាំ​មិន​ល្អ​រយៈពេល​៤ឆ្នាំ​របស់​លោកដូណាល់ ត្រាំ។ ក្នុងកាលៈទេសៈ​ដែល​ប្រជាជន​អាមេរិក​កំពុង​បែកបាក់គ្នា​ខ្លាំង និង​លោក​ចូ បៃដិន​ធ្លាប់​បាន​ថ្លែងសារ ជំរុញ​ឲ្យ​ប្រជាជន​រួបរួមគ្នា​ឡើងវិញ ដើម្បី​ស្តារ ការពារ​លទ្ធិប្រជាធិបតេយ្យអាមេរិក​ដែល​កំពុង​រងការគំរាមកំហែង។

ប៉ុន្តែ សម្រាប់អ្នកតាមដាន​នយោបាយ លោក​ចូ បៃដិន​បាន​ផ្តល់សារៈសំខាន់​លើ​ថ្ងៃខួប​១ឆ្នាំ នៃ​ការវាយលុក​ចូល​វិមាន​កាពីតូល លើកនេះ ក៏ដោយសារ​តែ​ហេតុផល​នយោបាយ។

សមាជិកសំខាន់ៗ​របស់​បក្ស​សាធារណរដ្ឋ​ជាច្រើនរូប រាប់ទាំងប្រធានក្រុមបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​នឹង​បង្ហាញ​មុខ នៅថ្ងៃ​រំលឹកខួប​១ឆ្នាំ​នៃ​ការវាយលុកចូល​ដោយ​ហិង្សា​ក្នុងវិមាន​កាពីតូល។ យ៉ាងណាក៏ដោយ ប្រធានក្រុមបក្ស​សាធារណរដ្ឋ​ Mitch McConnell​បាន​ចោទប្រកាន់​បក្ស​ប្រជាធិបតេយ្យ​របស់​លោកចូ បៃដិន​ថា កំពុង​យកថ្ងៃ​ទី​៦​មករា មក​កេងចំណេញនយោបាយ។ បក្សសាធារណរដ្ឋ​បាននិយាយ​ចោទប្រកាន់ប្រធានាធិបតីអាមេរិកថា ដោយនិយាយ​សំខាន់​ពី​ការទទួលខុសត្រូវ​របស់​លោក​ដូណាល់ ត្រាំ ក្នុង​ហេតុការណ៍​វាយលុកចូល​វិមានកាពីតូល កាលពី​១ឆ្នាំមុន លោក​ចូ បៃដិន​ទំនងចង់​បង្វែរ​ចំណាប់​ប្រជាជន​អាមេរិក ក្នុង​កាលៈទេសៈ ដែល​រដ្ឋបាល​របស់​លោក​កំពុងធ្លាក់​កូដខ្លាំង រងការរិះគន់​ ដោយសារ​តែ​រឿងគ្រប់គ្រង​វិបត្តិកូវីដ វិបត្តិអតិផរណា។

ដោយ​ចោទទម្លាក់​កំហុស​ទៅលើ​លោកដូណាល់ ត្រាំដែលមកពីបក្ស​សាធារណរដ្ឋ លោក​ចូ បៃដិនសំឡឹង​ផលប្រយោជន៍​នយោបាយ នៅមុនការបោះឆ្នោត​សភា មុនពាក់កណ្តាល​អាណត្តិ ដែលត្រូវ​រៀបចំ​នៅ​ចុងឆ្នាំនេះ។ ម្យ៉ាង​លោក​ក៏​ចង់​រុញច្រាន​លោក​ដូណាល់ ត្រាំ ឲ្យ​ខ្ទាតចេញក្រៅ​រង្វង់​នយោបាយ ឃ្លាតឆ្ងាយពី​បក្សសាធារណរដ្ឋ ព្រោះ​លោក​ដឹងថា លោក​ដូណាល់ ត្រាំ នឹងទទួលបានការគាំទ្រនៅក្នុង​បក្ស​សាធារណរដ្ឋ ដើម្បី​អាច​ត្រលប់​មក​ប្រជែង​ជាមួយលោក នៅក្នុងការបោះឆ្នោត ប្រធានាធិបតី នៅ​៤ឆ្នាំ​ខាងមុខ។

ដោយ​បញ្ជាក់ថា លោក​ដូណាល់ ត្រាំ ជា​អ្នកនយោបាយដ៏គ្រោះថ្នាក់ គំរាមកំហែង​លទ្ធិប្រជាធិបេតយ្យ ដោយ​ញុះញង់​ឲ្យ​មានការវាយលុក​ចូល​វិមានកាពីតូល លោក​ចូ បៃដិន ចង់រំលឹកប្រាប់​ប្រជាជន​អាមេរិក ថា គេ​មិន​គួរ​យកខ្លួន​បៀត លោក​ដូណាល់ ត្រាំ​នោះទេ។ ប៉ូលិស​តាមរកចាប់ខ្លួន​ជនសង្ស័យ ជាង​២០០០នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ហេតុការណ៍​វាយលុកចូល វិមានកាពីតូល

ថ្ងៃ ទី​៦មករា ឆ្នាំ​មុន ជាថ្ងៃ​ដែល​សភាអាមេរិក​ត្រូវ​បោះឆ្នោត បញ្ជាក់ជោគជ័យ​របស់​លោក​ចូ បៃដិន ថា ជា​ប្រធានាធិបតីជាប់ឆ្នោត សម្រាប់​អាណត្តិថ្មី។ ប៉ុន្តែ នៅថ្ងៃនោះ នៅ​ប៉ុន្មានម៉ោង​មុន​ការបោះឆ្នោតនៅ​វិមានកាពីតូល លោកដូណាល់ ត្រាំ ដែលកាលណោះ នៅ​ជា​ប្រធានាធិបតី​អាមេរិក​នៅឡើយ បាន​បង្កើតការជួបជុំ​ក្រុមអ្នកគាំទ្រ​របស់​លោក​នៅ​មុខ​សេតវិមាន ដែល​នៅ​ក្នុង​នោះ លោក​ថ្លែងសាជាថ្មី ថា គេ​បាន​លួចសន្លឹកឆ្នោត​របស់​លោក ដែលគេ​ត្រូវតែ​ប្រយុទ្ធប្រឆាំង។ លោក​ដូណាល់ ត្រាំ ដែលមិនព្រម​ទទួលខ្លួន​ថា ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ចុងឆ្នាំ ២០២០ បាន​និយាយ​ប្រាប់​ឲ្យ​ក្រុមគាំទ្រ​របស់​លោកឲ្យ​ធ្វើដំណើរ​ទៅ​វិមាន​កាពីតូល ដើម្បី​រារាំង​កុំ​ឲ្យ​សភា​បោះឆ្នោត​បញ្ជាក់ជ័យជំនះ​របស់​លោក​ចូ បៃដិន។ នៅក្រោយ​ការប្រកាស​របស់​លោក​ដូណាល់ ត្រាំ សកម្មជន​គាំទ្រ​លោក រាប់ម៉ឺននាក់ បាន​បង្វែរ​ក្បួន​បាតុកម្ម និង​វាយ​សម្រុក​ចូល​វិមាន​កាពីតូល ក្នុង​ខណៈ ដែល​សមាជិកសភា ដែល​កំពុង​បោះឆ្នោត​បញ្ជាក់​ជ័យជំនះ​របស់​​លោក ចូបៃដិន ជា​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី។

មនុស្ស​៥នាក់ បាន​ស្លាប់ នៅក្នុង​ការប្រឈមមុខ ដាក់គ្នា រវាង​ប៉ូលិស កាពីតូល និង​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ដែលនៅក្នុងនោះ ៤នាក់​ជា​សកម្មជន​គាំទ្រ​លោកដូណាល់ ត្រាំ ចំណែក ប៉ូលិស​កាពីតូល​ជាង​១០០នាក់​រងរបួស នៅក្នុងហេតុការណ៍​វាយសម្រុក​ហិង្សា​របស់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ។

រហូតមកដល់ពេលនេះ ប៉ូលិស សហព័ន្ធអាមេរិក​បាន​ចាប់ខ្លួន​មនុស្ស ជាង​៧០០នាក់ ដែលជាប់ពាក់ព័ន្ធ​នឹង​ការវាយសម្រុកចូល ក្នុង​វិមានកាពីតូល កាល​ពី​ថ្ងៃទី ៦​មករា ឆ្នាំមុន។

តាម​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក លោក​Merrick Garland ប៉ូលិស​កំពុង​តាមរក​ចាប់​មនុស្ស​ជាង ២ពាន់នាក់ ដែល​ប៉ូលិស​សហព័ន្ធ FBI សង្ស័យថា មាន​ជាប់ពាក់ព័ន្ធ នឹង​ហេតុការណ៍ វាយលុក​ចូល​វិមាន​កាពីតូល ដែល​នៅក្នុង​នោះ មនុស្ស​ជាង ២០០នាក់ រងចោទប្រកាន់​ថា បាន​ប្រព្រឹត្តអំពើហិង្សា។

នៅ​សភាអ្នកតំណាងរាស្រ្ត គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចូ បៃដិន​ កំពុង​ស៊ើបអង្កេត ដើម្បី​ចង់ដឹង ថា តើ​ហេតុការណ៍​វាយលុកចូល​វិមាន​កាពីតូល អាច​ជា​ការរៀបចំ​ទុកជាមុន​របស់ក្រុមលោកដូណាល់ ត្រាំ​ដែរឬទេ។ ការស៊ើបអង្កេត​របស់​គណៈកម្មការ​សភា នៅប៉ុន្មានខែមកនេះ បាន​បង្ហាញ​ថា មាន​ការសន្មត់​មួយចំនួន​ដែលថា លោកដូណាល់ ត្រាំ និង​ទីប្រឹក្សា​ជាច្រើន​នាក់​របស់​លោក​បាន​ព្យាយាម​គ្រប់មធ្យោបាយ ដើម្បី ផ្លាស់ប្តូរ​លទ្ធផលឆ្នោត​ប្រធានាធិបតី តាមរយៈ ការញុះញង់​ឲ្យ​ក្រុមគាំទ្រ​របស់លោក ចូល​ទៅ​រំខាន រារាំង​កុំ​ឲ្យ​សភា បោះឆ្នោត បញ្ជាក់​ជ័យជំនះ​របស់​លោក​ចូ បៃដិន នៅ​វិមានកាពីតូល នៅថ្ងៃ​ទី ៦​មករា ឆ្នាំ ២០២១។

ប៉ុន្តែ រហូតមកដល់​ពេលនេះ កុប្បករ ដែល​ប៉ូលិស FBI បាន​ចាប់ខ្លួន និង​កំពុង​រកចាប់ខ្លួន សុទ្ធ​តែ​រងការ​ចោទប្រកាន់​ពីបទ​ប្រើ​អំពើហិង្សា ឬរំលោភចូល​ដោយ​ខុសច្បាប់​វិមានកាពីតូល ប៉ុន្តែ​គ្មាន​បទចោទប្រកាន់​ណាមួយ ដែលនិយាយ​ពីការឃុបឃិត វាយលុកចូល​វិមានកាពីតូល ដោយ​មាន​ការរៀបចំ​ទុកជាមុន​នោះទេ ពោល​គឺ​គ្មានបទចោទប្រកាន់​ណាមួយ​ដែល​បញ្ជាក់​ពី​ការញុះញង់ រៀបចំ​ដោយ​ក្រុមលោក​ដូណាល់​ត្រាំ​នោះទេ។

ដូណាល់ ត្រាំ នៅ​តែ​មាន​កូដប្រជាប្រិយភាព និង​បាន​ការគាំទ្រ​ក្នុងចំណោម​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ

ប្រជាជន​អាមេរិក​ប្រមាណ ៥៧%​វាយតម្លៃថា លោក​ដូណាល់ ត្រាំ មានការទទួលខុសត្រូវ​សំខាន់​មួយ​ក្នុងហេតុការណ៍ វាយសម្រុកចូល​វិមានកាពីតូល ប៉ុន្តែ ក្នុង​ចំណោម​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ មានមនុស្ស​តែ ២២%​ប៉ុណ្ណោះ ដែលជឿថា លោក​ដូណាល់ ត្រាំ អាច​ទទួលខុសត្រូវ​លើ​រឿងនេះ។ អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ ដល់​ទៅ ៦៨%​នៅតែ​ជឿថា លោក​ដូណាល់ ត្រាំ​ត្រូវគេ​លួចសន្លឹកឆ្នោត។

នៅ​មួយឆ្នាំ​ក្រោយ លោក​ដូណាល់ ត្រាំ នៅ​តែមិនផ្លាស់ប្តូរ​ជំហរ​របស់លោកដែរ។ នៅ​ថ្ងៃ​អង្គារ​លោក​នៅតែ​និយាយ​ថា មានការបន្លំលួចសន្លឹកឆ្នោត នោះបើទោះបីជា​គ្មានភស្តុតាង​ណាមួយ​មកបញ្ជាក់ក្តី។

តាមគម្រោង​ត្រូវ​ធ្វើ​សន្និសីទកាសែត នៅថ្ងៃ​ព្រហស្បតិ៍នេះដើម្បី ប្រជែង និយាយផ្ទាន់ជើង ​លោក​ប្រធានាធិបតី​ចូ  បៃដិន ប៉ុន្តែ លោក​បាន​សម្រេច​លុបចោល​ទៅវិញ ក្នុង​ហេតុផល​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​លំអៀង ហើយ​គណៈកម្មការ​ស៊ើបអង្កេត​របស់​សភា ថា មិន​យុត្តិធម៌ ​ដែល​ស្រាវជ្រាវ​រក​ចោទប្រកាន់​តែ​ក្រុមមនុស្ស​ស្និទ្ធ​នឹង​លោក។

មនុស្សជំនិត​លោកដូណាល់ ត្រាំ បានណែនាំ​ឲ្យ​លោក​ដូណាល់ ត្រាំ លុបចោល សន្និសីទ នៅថ្ងៃ​ខួប​១ឆ្នាំ​នៃ​ការវាយលុកចូល​វិមានកាពីតូល។ គេ​ជឿថា  សន្និសីទ​របស់​លោក​ដូណាល់ ត្រាំ​នឹង​អាច​ធ្វើ​ឲ្យ​លោក​ខាតបង់​សន្លឹកឆ្នោត ព្រោះថា សន្និសីទ​លើកនេះ នឹង​អាច​ទៅធ្វើ​ឲ្យ​មានកំហឹងពុះកញ្ច្រោល​សាជាថ្មី ក្នុង​ចំណោម​អ្នកគាំទ្រ​របស់​លោក ហើយ​ដែលនឹង ​ញុះញង់​បង្ក​ឲ្យ​មាន​អំពើហិង្សា​សាជាថ្មី។ ការដាក់ខ្លួនទាប មិនសូវ​ចេញមុខ ជា​ការល្អ ព្រោះថា លោក​ដូណាល់ ត្រាំ នៅតែ​មាន​កូដប្រជាប្រិយ​ក្នុងចំណោម​អ្នកគាំទ្រ ហើយ​លោក​នៅតែ​ជា​បុគ្គល​ដែលមានឥទ្ធិពល​លើ​អ្នកនយោបាយ​របស់​បក្ស​សាធារណរដ្ឋ។ លោកត្រូវ​នៅស្ងៀម តមសំដី កសាង​មុខមាត់ បើសិន​លោក​ចង់ ឈរឈ្មោះ​សាជាថ្មី សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី នៅ​៣ឆ្នាំ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ