អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

មួយ​ឆ្នាំក្រោយការវាយលុក​វិមានកាពីតូល ពលរដ្ឋ​អាមេរិកបន្ត​ព្រួយ​បារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ

មួយឆ្នាំក្រោយ​ការវាយលុក​ចូលក្នុង​វិមានកាពីតូល ដែល​ជា​រូបភាព​ដ៏​អាក្រក់​មួយ​មិនធ្លាប់​មានក្នុង​​ប្រវត្តិសាស្ត្រ​អាមេរិក​ ពលរដ្ឋ​អាមេរិក​នៅ​បន្ត​ព្រួយ​បារម្ភ​ខ្លាំងពី​លទ្ធិ​ប្រជាធិបតេយ្យ​អាមេរិក។ បើ​តាមការ​ស្ទង់​មតិ​ពីរ​ ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី ២​មករា២០២២ មួយ​ភាគ​បី​នៃ​ពលរដ្ឋអាមេរិកនៅ​តែគិត​ថា ជួន​កាល គេ​ត្រូវការ​ប្រើ​កម្លាំង (ប្រើ​អំពើ​ហិង្សា) ដើម្បីការពារ​ទស្សនៈ​និង​គំនិត​របស់​ពួកគេ។

មួយ​ឆ្នាំក្រោយការវាយលុក​វិមានកាពីតូល ពលរដ្ឋ​អាមេរិកបន្ត​ព្រួយ​បារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ.
មួយ​ឆ្នាំក្រោយការវាយលុក​វិមានកាពីតូល ពលរដ្ឋ​អាមេរិកបន្ត​ព្រួយ​បារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ. AP - John Minchillo
ផ្សាយពាណិជ្ជកម្ម

បើតាមការ​ស្ទង់​មតិ​រៀប​ចំ​ដោយ​ទូរទស្សន៍ CBS News ពីរ​ភាគ​បី​នៃ​ពលរដ្ឋ​អាមេរិក​​យល់​ថា លទ្ធិ​ប្រជាធិបតេយ្យអាមេរិក​បច្ចុប្បន្ន​​រង​ការគំរាមកំហែង​ខ្លាំង។ ហើយ​ការ​វាយ​លុក​ចូល​ក្នុង​វិមាន​ព្រឹទ្ធ​សភា កាពីតូល ដោយ​ក្រុម​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី ៦ មករា ២០២១ ជា​សញ្ញា​​បញ្ជាក់ឱ្យ​ឃើញ​​ថា អំពើ​ហិង្សា​កើន​ឡើង​​ជា​លំដាប់នៅ​អាមេរិក។

សម្រាប់​ពេល​នេះ មានពលរដ្ឋ​អាមេរិក​តែ​ប្រមាណ៥២%​ប៉ុណ្ណោះ ដែលនៅ​មានមោទនភាព​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​អាមេរិក។ ជា​ការ​ធ្លាក់​ចុះ​យ៉ាងខ្លាំងណាស់ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ ២០០២​ ដែលកាលណោះ​ ពលរដ្ឋ​អាមេរិកដល់​ទៅ​​​៩០% ​បានបង្ហាញមោទនភាព​ជាតិ។ នេះ​បើ​តាម​ការ​សិក្សា​របស់​ Washington Post សហការ​ជាមួយ​សកលវិទ្យា Maryland ។

ការ​ស្ទង់​មតិ​ទាំងពីរ​ ដែល​ចេញផ្សាយនៅ​​ថ្ងៃអាទិត្យ​ទី ២​មករា២០២២ បាន​បង្ហាញអំពី​មូលហេតុ​​ជាក់ស្តែង​នៃការព្រួយ​បារម្ភ​​របស់​ប្រជាពលរដ្ឋ​អាមេរិក​ ដែល​មាន​ពីរ​ចំណុច។ ​ទីមួយ ​ ជាង​មួយ​ភាគ​បី​នៃ​ពលរដ្ឋអាមេរិក (២៨%) នៅ​តែគិត​ថា ជួន​កាល គេ​ត្រូវការ​ប្រើ​កម្លាំង (ប្រើ​អំពើ​ហិង្សា) ដើម្បីការពារ​លទ្ធផលនៃ​ការ​បោះឆ្នោត។​ ទីពីរ ៣៤%​ ទង្វើ​​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​​ ជា​អំពើ​​សមហេតុសមផល​។

លទ្ធផលនៃ​ការ​ស្ទង់​មតិ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា សង្គម​អាមេរិក​ នៅ​តែ​មាន​ការ​បែងចែកនិង​ប្រេះ​ឆាខ្លាំង​ណាស់​។ ប្រធានាធិបតី​អាមេរិក លោក​ ចូ បៃដិន និង​លោកស្រី​អនុប្រធានាធិបតី ខាមាឡា ហារីស​ ដែលធ្លាប់​សន្យា​ផ្សះផ្សា​ជាតិ ត្រូវ​ថ្លែង​សុន្ទរកថា​ នៅ​ថ្ងៃព្រហស្បតិ៍​ទិ ៦ មករា ២០២២ ឱ្យ​​ចំ​ថ្ងៃខួប​នៃការ​វាយ​លុក​ចូល​វិមាន​កាពីតូល។

សូមបញ្ជាក់​ថា ពីរ​ភាគ​បី​នៃ​សកម្មជន​គាំទ្រ​លោកដូណាល់ ត្រាំ នៅ​តែ​ជឿ​ថា​ លោក ចូបៃដិន ជាប់​បោះឆ្នោត​ដោយ​មិន​ស្របច្បាប់ និង​​មានការលួច​បន្លំ​ ក្នុង​សម័យ​​ឆ្នោត​ប្រធានាធិបតី​​ឆ្នាំ ២០២០ ដូច​អ្វី​ដែល​អតីត​ប្រធានាធិបតី​ដូណាល់ត្រាំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់។ នៅ​ប៉ុន្មាន​នាទី​មុន​ការ​វាយលុក​ចូល​វិមាន​កាពីតូល លោក​ ដូណាល់ ត្រាំ ដែល​នៅ​មាន​ជាតួនាទីជា​ប្រធានាធិបតី​អាមេរិក​នៅ​ឡើយ បាន​ថ្លែង​ទៅ​កាន់​សកម្មជន​ នៅ​មុខ​សេតវិមានថា គេលួច​សន្លឹកឆ្នោត​លោក ដូច្នេះ​ត្រូវ​តែប្រយុទ្ធប្រឆាំង។ ហេតុ​ដូច្នេះហើយ​បាន​ជា​សកម្មជន​ទាំង​នោះ​បង្វែរក្បួនបាតុកម្ម​ចូល​ទៅ​វិមាន​កាពីតូល ដែល​កំពុង​បោះឆ្នោតបញ្ជាក់​​ជោគជ័យរបស់​​លោក ចូបៃដិន ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ