អានតួអត្ថបទ
សហរដ្ឋអាមេរិក-សព្វាវុធ

លោក​ចូបៃដិន ប្រកាស​វិធានការ ទប់ស្កាត់ ការរីកសាយអាវុធ នៅ​ទឹកដី​អាមេរិក

ប្រៀបធៀប​អំពើហិង្សា ដោយប្រើកាំភ្លើង ទៅនឹង​ជំងឺរាតត្បាត ដែលគេត្រូវ​បិទបញ្ចប់ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន បាន​ប្រកាស​វិធានការ​មួយចំនួន ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ នៅប្រទេស​អាមេរិក។ នៅក្រោយ​ការប្រកាស​របស់​ប្រធានាធិបតី តែប៉ុន្មាន​ម៉ោង ស្រាប់តែ កើត​មានការបាញ់ប្រហារ​មួយ នៅ​រដ្ឋតិចសាស់ ភាគខាងត្បូង អាមេរិក ដែលបាន​សម្លាប់មនុស្ស ១នាក់ និង​របួសធ្ងន់ ៤នាក់។

បុរសអាមេរិកាំងម្នាក់​មានកាំភ្លើងខ្លី​ជាប់ចង្កេះ នៅក្នុង​បាតុកម្ម​របស់​ក្រុមស្តាំនិយមជ្រុល​នៅអាមេរិក នៅថ្ងៃទី​១៤​មេសា ២០១៨ នៅរដ្ឋតិចសាស់
បុរសអាមេរិកាំងម្នាក់​មានកាំភ្លើងខ្លី​ជាប់ចង្កេះ នៅក្នុង​បាតុកម្ម​របស់​ក្រុមស្តាំនិយមជ្រុល​នៅអាមេរិក នៅថ្ងៃទី​១៤​មេសា ២០១៨ នៅរដ្ឋតិចសាស់ AP - Eric Gay
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាញ់សម្លាប់​មនុស្ស នៅរដ្ឋតិចសាស់ កាលពី​ថ្ងៃ​ម្សិលមិញ កើតឡើង នៅតែ​ប៉ុន្មាន​ម៉ោង ក្រោយ ដែល​លោក​ប្រធានាធិបតី ចូ បៃដិន ប្រកាស​ក្រឹត្យ​ចំនួន ៦ ដើម្បី ព្យាយាម គ្រប់គ្រង ការប្រើប្រាស់ និង ទប់ស្កាត់​ការរីកសាយភាយ​អាវុធ​នៅ​ទឹកដីអាមេរិក។

ដោយ​និយាយ​រិះគន់ ចាត់ទុក អំពើ​ហិង្សា តាមរយៈ ការប្រើ​កាំភ្លើង នៅ​អាមេរិក ថា ជាជំងឺរាតត្បាត ចំណែក ការបាញ់សម្លាប់មនុស្ស ជា​វិបត្តិសុខភាព​សាធារណៈ ប្រធានាធិបតី​អាមេរិក អំពាវនាវ ឲ្យគេ​ឈប់​គិត​តែ បន់ស្រន់ ប៉ុន្តែ ត្រូវធ្វើសកម្មភាព​ជាក់ស្តែង ដើម្បី ព្យាបាល​ដំបៅមួយនេះ។

នៅក្នុង​ចំណោម​វិធានការ​ទាំង ៦ ដែល​លោក​ចូ បៃដិន​បាន​ប្រកាស តាំង​ពី​សេតវិមាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ការស្នើ​ច្បាប់ ដើម្បី​បញ្ឈប់​ការរីកសាយភាយ​អាវុធខ្មោច ដែល​ជាអាវុធ កើតចេញ​ពីការផលិតច្នៃ ដោយ​ដៃ ឬ ដោយ​”ម៉ាស៊ីន​បោះពុម្ព”​ជាលក្ខណៈ​ឯកជន។ សេតវិមាន​បាន​សំដែងក្តីបារម្ភ​ពី​កើនឡើង​នៃ​អាវុធ​ប្រភេទ​នេះ ព្រោះ វា គ្មាន​ចុះលេខ ត្រឹមត្រូវ​តាមច្បាប់ ហើយ​ដែល​គេ​ពិបាក រកដាន​ចាប់ នៅក្រោយ កើតមាន បទឧក្រិដ្ឋកម្ម។

ទៅតាម​ក្រឹត្យ​ប្រធានាធិបតី គេ​នឹង​បង្កើតច្បាប់​ថ្មី ដើម្បី រឹតបន្តឹង ផងដែរ ការប្រើ​គ្រឿងបន្ទាប់បន្សំ សម្រាប់​ជួយទ្រ ទប់ លំនឹង​របស់​កាំភ្លើង ដែល​ខ្មាន់កាំភ្លើង ធ្លាប់​ប្រើ​ សម្រាប់​បាញ់សម្លាប់​មនុស្ស នៅ​រដ្ឋ​កូឡូរ៉ាដូ កាលពី​ខែមុន។

វិធានការ​ផ្សេងទៀត​របស់​ប្រធានាធិបតី អាមេរិក គឺ ជំរុញ គាំទ្រ ទីភ្នាក់ងារ​ដែល​ធ្វើការដោះស្រាយ​អំពើហិង្សា នៅក្នុង​សហគមន៍។ ​នៅថ្ងៃ​ព្រហស្បតិ៍ ក្រៅតែ​ពីប្រកាស បញ្ជា​ឲ្យ​គេ​ធ្វើរបាយការណ៍ ស្តីពី ចរាចរណ៍អាវុធ ​នៅអាមេរិកចាប់តាំង​ពី​ឆ្នាំ ២០០០ លោក​ប្រធានាធិបតី ចូ បៃដិន បាន​ឆ្លៀត​ឱកាស​ផងដែរ ប្រកាស​តែងតាំង លោក David Chipman ជា​ប្រធាន​ថ្មី​របស់ទីភ្នាក់ងារ សហព័ន្ធ ដើម្បី​គ្រប់គ្រង​អាវុធ​នៅអាមេរិក។ លោក​David Chipman នេះជា​សកម្មជន​ដែល​ទាមទារ​ឲ្យ​មាន​ច្បាប់ រឹតបន្តឹង ការទិញអាវុធ សម្រាប់​ការប្រើប្រាស់​ជាបុគ្គល។

នៅ​អាមេរិក ជាទី ដែល​ការកាន់កាប់​អាវុធ​ក្នុង​ដៃ ត្រូវ​ចាត់ទុក​ជា​សិទ្ធិសេរីភាព ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក វិធានការ​របស់​លោក​ចូ បៃដិន ជា​ការបោះជំហាន​មួយ​ដ៏តូច។ គណបក្ស​សាធារណរដ្ឋ​បាន​ប្តេជ្ញាហើយថា នឹង​ប្រើគ្រប់មធ្យោបាយ ដើម្បី​ការពារ​សិទ្ធិប្រើប្រាស់​អាវុធ​របស់​ពលរដ្ឋអាមេរិកាំង។

ដោយសារ​តែ​ជំហរ​ប្រឆាំង​របស់​បក្ស​សាធារណរដ្ឋ វិធានការ​គ្រប់គ្រង​អាវុធ របស់​លោក​ចូ បៃដិន មិនបាន​ដាក់បញ្ចូល ការហាម ប្រើប្រាស់​អាវុធ ពាក់កណ្តាល​ស្វ័យប្រវត្តិ AR-15 ដែល​ខ្មាន់កាំភ្លើង​ភាគច្រើន ប្រើ នៅក្នុង​ការបាញ់ប្រហារ​សម្លាប់មនុស្ស នៅកន្លែង​សាធារណៈ។

តាមវិបសៃតិ៍​បណ្ណាសារ ស្តីពី​អំពើហិង្សា ដោយសារ​កាំភ្លើង នៅ​ឆ្នាំ ២០២០ មនុស្ស​ជាង ៤០ ០០០នាក់ ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង នៅអាមេរិក។ ទោះបីជា​ការបាញ់ប្រហារ​សម្លាប់មនុស្ស ឧស្សាហ៍​កើតមាន នៅទឹកដី​អាមេរិក ប៉ុន្តែ ក្នុង​ចំណោម ពាក់កណ្តាល នៃ​មនុស្ស​ស្លាប់ដោយសារ​គ្រាប់កាំភ្លើង គឺ​ជា​អ្នកធ្វើអត្តឃាត។ 

ចាប់តាំង​ពី​ថ្ងៃទី ១​មករា ២០២១ មាន​មនុស្ស​ជាង១ម៉ឺននាក់ ដែល​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើងនៅអាមេរិក។ ទោះយ៉ាងនេះក្តី ប្រជាជន​អាមេរិកាំង​នៅតែឱបក្រសោប​ចង់ ទិញ កាន់កាប់អាវុធ​ក្នុង​ដៃ។ និន្នាការទៅទិញ​អាវុធ មាន​កាន់តែច្រើន ចាប់តាំង​ពីកើតមាន​វិបត្តិកូវីដ ភាពតានតឹង​នៅក្នុង​ការបោះឆ្នោត ហើយនិង បាតុកម្ម​ប្រឆាំង ការរើសអើងពូជសាសន៍ កាលពី​ឆ្នាំ ២០២០​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ