អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉ាក់សាំងបង្ការកូវីដ៖ នៅទីបំផុតកីឡាករ​វាយកូនបាល់ លោក​ចូកូវីកត្រូវ​បណ្តេញ​ចេញពីទឹកដី​អូស្ត្រាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងភាគប្តឹងផ្តល់គ្នា​រវាង​រដ្ឋាភិបាលអូស្ត្រាលី និង​កីឡាករជើងឯកពិភពលោក​​ខាង​កូនបាល់ ដែលភាសា​អង់គ្លេស​ហៅថា Tennis បាន​បិទបញ្ចប់ បន្ទាប់​ពី​តុលាការ​អូស្ត្រាលី បាន​សម្រេច​នៅ​ថ្ងៃ​អាទិត្យទី ១៦ មករា ទាត់ចោល​បណ្តឹងតវ៉ា របស់កីឡាករវាយកូនបាល់ ជើងឯកពិភព លោក ណូវ៉ាក់ ចូកូវីក (Novak Djokovic) ​ដែលទើបត្រូវ​រដ្ឋាភិបាល​អូស្ត្រាលី លុបចោល​ទិដ្ឋាការ​ចូលអូស្ត្រាលី​ ជាលើកទី២។ នៅក្រោយ​ការសម្រេច​របស់​តុលាការ​អូស្ត្រាលី កីឡាករជើងឯកពិភពលោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អូស្ត្រាលី និង​មិនអាច​ចូលរួម​ក្នុងការប្រកួតវាយកូនបាល់អន្តរជាតិ Australian Open ដែលត្រូវ​បើកចាប់ផ្តើម​នៅថ្ងៃចន្ទស្អែក ទី ១៧មករា។ តាម​អំណះអំណាង​របស់​រដ្ឋាភិបាល​អូស្ត្រាលី កីឡាករ ណូវ៉ាក់ ចូកូវីក ដែល​មិនបាន​ចាក់វ៉ាក់សាំង បង្ការកូវីដ អាចជា​គ្រោះថ្នាក់​សម្រាប់​សុខភាព​សាធារណៈ​នៅ​អូស្ត្រាលី។

កីឡាករជាតិស៊ែប៊ី លោក​ណូវ៉ាក់ ចូកូវីក ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី​បណ្តេញចេញពី​អូស្ត្រាលី ដោយសារ​បញ្ហា​ចម្រូងចម្រាស​មិន​ចាក់វ៉ាក់សាំង ពោល​គឺ​នៅមួយថ្ងៃ​មុន​បើកការប្រកួត​កីឡា​វាយកូនបាល់ ដែល​ចូកូវីក​ធ្លាប់​បាន​ឈ្នះ ទទួលពានរង្វាន់ ៩លើកមកហើយ។
កីឡាករជាតិស៊ែប៊ី លោក​ណូវ៉ាក់ ចូកូវីក ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី​បណ្តេញចេញពី​អូស្ត្រាលី ដោយសារ​បញ្ហា​ចម្រូងចម្រាស​មិន​ចាក់វ៉ាក់សាំង ពោល​គឺ​នៅមួយថ្ងៃ​មុន​បើកការប្រកួត​កីឡា​វាយកូនបាល់ ដែល​ចូកូវីក​ធ្លាប់​បាន​ឈ្នះ ទទួលពានរង្វាន់ ៩លើកមកហើយ។ AP - Kelly Defina
ផ្សាយពាណិជ្ជកម្ម

តុលាការ​អូស្ត្រាលី នៅថ្ងៃ​អាទិត្យ​នេះ​បាន​សម្រេច​ទាត់ចោល​បណ្តឹងតវ៉ា​របស់ណូវ៉ាក់ ចូកូវីក កីឡាករជើងឯកពិភពលោក ខាងវាយកូនបាល់ ដែល​ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលីសម្រេច​​លុបចោល​ទិដ្ឋាការចូល​ទឹកដីអូស្ត្រាលី ជាលើកទី​២ កាលពីថ្ងៃទី​១៤មករា។ នៅ​១០ថ្ងៃមកនេះ វត្តមាន​របស់​កីឡាករជាតិស៊ែរប៊ី ដើម្បីចូលរួម​ក្នុងការប្រកួត​កីឡាវាយកូនបាល់​អន្តរជាតិ Australia Open នៅអូស្រ្តាលី បាន​បង្ក​ឲ្យ​មាន​សង្រ្គាម​ប៉ាកា និង​ទាក់ទាញ​ចំណាប់អារម្មណ៍ច្រើន​ពីសាធារណជន​មិនថា នៅ​អូស្ត្រាលី និង​នៅ​ប្រទេស​ស៊ែរប៊ី។ ការសម្រេច​របស់​តុលាការ​អូស្ត្រាលីត្រូវ​បាន​ចុះផ្សាយ​ព្រោងព្រាត ដោយ​ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ។

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃអាទិត្យ កីឡាករ​សញ្ជាតិ​ស៊ែរប៊ី​បាន​សំដែងការខកចិត្តពន់ពេក​នឹងការសម្រេចចិត្ត​របស់​តុលាការ ប៉ុន្តែ លោក​យល់​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​អូស្ត្រាលី ដើម្បីចាកចេញពី​អូស្ត្រាលី។ នៅថ្ងៃ​អាទិត្យ​ដដែល នៅក្រោយ​ចាញ់ក្តីក្តាំនៅតុលាការ កីឡាករ​ចូកូវីក​បានធ្វើដំណើរ​ចាកចេញ​ពីអូស្ត្រាលី ពោល​គឺ​នៅតែ​មួយថ្ងៃ​មុន ដែលលោកត្រូវ​ចូលរួម​ក្នុងការប្រកួត​កីឡាវាយកូនបាល់ Tennis នៅថ្ងៃ​ចន្ទទី ១៧​មករា។

ការសម្រេច​របស់​តុលាការ​អូស្ត្រាលី មិនទទួល​យកបណ្តឹង​តវ៉ា​របស់​កីឡាករ ស៊ែរប៊ី បានធ្វើ​បង្ក​ឲ្យមតិរិះគន់​ជាពិសេស រដ្ឋាភិបាល​ស៊ែរប៊ី។ សម្រាប់​ប្រធានាធិបតី ស៊ែរប៊ី ការសម្រេច​របស់ រដ្ឋាភិបាល​អូស្ត្រាលី នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលីខូច​ស្អុយឈ្មោះ។ ចំណែក​គណៈកម្មការអូឡាំពិក​ស៊ែរប៊ី​បានចាត់ទុកការសម្រេច​របស់​តុលាការ​អូស្ត្រាលី​ថា ជារឿង​អាស្រូវដ៏ធំមួយ។ នៅរដ្ឋធានីប៊ែលក្រាត ប្រជាជន​ស៊ែរប៊ី​ជាច្រើន​ពាន់នាក់​បានធ្វើ​បាតុកម្ម​ប្រឆាំង​ការបណ្តេញ​កីឡាករ ចូកូវីក ពីប្រទេស​អូស្ត្រាលី។

សំណុំរឿង​ប្តឹងផ្តល់​រវាង​កីឡាករវាយកូនបាល់​ពិភពលោក លោក​ណូវ៉ាក់ ចូកូវីក និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​ក្លាយជា​រឿងភាគមួយ ដែលមនុស្សជាច្រើន​បាន​តាមដាន​១០ថ្ងៃ​មកហើយ មិនថាអ្នកនោះជាអ្នកដែលគាំទ្រ ចូលចិត្ត កីឡាវាយកូនបាល់ ឬ​អ្នកនោះជាអ្នក​ដែល​មិនធ្លាប់​ស្គាល់ កីឡាករ​នេះ​ពីមុនមក។ ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​វិញ ​សរសេរ​ចុះផ្សាយ​ច្រើន ព្រោះ​អាច​ថា សំណុំរឿង​នេះ មាន​ជាប់ទាក់ទង​នឹង​លោក​ណូវ៉ាក់ ចូកូវីក ដែលជា​កីឡាករជើងឯក​ពិភពលោក ដ៏ល្បី ខាងវាយកូនបាល់ ដែលភាសា​បារាំងហៅថា​Tennis។ ម្យ៉ាង​គេតាមដាន​ចុះផ្សាយ​និយាយ​ពីរឿងនេះ ព្រោះ​វាទាក់ទង​នឹង​ការសម្រេចចិត្ត​ដ៏ចម្រូងចម្រាស​មួយ ស្តី​រឿង​ចាក់វ៉ាក់សាំង​បង្កាកូវីដ។

សូមរំលឹកថា កីឡាករ ស៊ែរប៊ី បានធ្វើដំណើរ​ទៅ​ទីក្រុង​មែលប៊ន នៅថ្ងៃ​ទី ៦​មករា ដើម្បីចូលរួម​ក្នុងការប្រកួត​កីឡា​វាយកូនបាល់ ​Australia open។ ប៉ុន្តែ លោកត្រូវ​បាន​ប៉ូលិស​អន្តោប្រវេសន៍​ចាប់ឃុំខ្លួន​នៅព្រលាន​យន្តហោះ​ក្នុង​ហេតុផលថា លោក​មិនបាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ។ រឿងនេះ​បាន​ធ្វើ​ឲ្យគេចាប់អារម្មណ៍គ្រប់គ្នា ព្រោះថា បើទោះបី​ជាមិនបាន​ចាក់វ៉ាក់សាំង បង្ការកូវីដ ដែលជា​ការតម្រូវ​របស់​រដ្ឋាភិបាលអូស្ត្រាលី​សម្រាប់​ជនបរទេស ប៉ុន្តែ លោក​ចូកូវីក​នៅតែ​បាន​ទទួល​សិទ្ធិ​លើកលែង ពិសេស សម្រាប់ ​ចូលទឹកដី​អូស្ត្រាលី។ ​មេធាវី របស់លោក​ចូកូវីក បាននិយាយ​ការពារ​ថា បើទោះ​លោក​ចូកូវីក​មិនបានចាក់វ៉ាក់សាំង ប៉ុន្តែ លោក​បានទទួល​សិទ្ធិលើកលែង ដោយមកពីលោក​ធ្លាប់​បាន​ឆ្លងមេរោគកូវីដ។ នៅដើមសប្តាហ៍នេះ តុលាការ​អូស្ត្រាលី​បាន​សម្រេច​ឲ្យ​គេ​ដោះលែងលោកចូកូវីក ប៉ុន្តែ នៅទីបំផុត នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍​អូស្ត្រាលី​បាន​សម្រេចចិត្ត លុប​ចោល​ជា​លើកទី២ ទិដ្ឋការចូលទឹកដីអូស្ត្រាលី របស់​កីឡាករ Tennisជាតិស៊ែប ដែលត្រូវ​ប្រឈម​នឹង​ការបណ្តេញចេញពីអូស្ត្រាលី។

រដ្ឋាភិបាលអូស្ត្រាលី៖ លោក​ចូកូវីក ជាគ្រោះថ្នាក់​សម្រាប់​សុខភាព​ប្រជាជនអូស្ត្រាលី

នៅក្នុង​អំណះអំណាង​ទៅកាន់​តុលាការ​នៅថ្ងៃអាទិត្យ​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បាន​លើកហតុផលថា គេ​សម្រេច​លុបចោល​ទិដ្ឋាការ​របស់​កីឡាករ ចូកូវីក ក្នុង ហេតុផល​ប្រយោជន៍ សុខភាពសាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម។

ដើម្បី​ដកហូត​ទិដ្ឋាការ​ពី​កីឡាករ Tennis លោក​ចូកូវីក រដ្ឋមន្រ្តីអន្តោប្រវេសន៍​អូស្ត្រាលី លោក​Alex Hawke បានលើកឡើង​ពីហេតុផល គ្រោះថ្នាក់​សុខភាព សាធារណៈ ដែលអាច​បង្កឡើង​ដោយ​លោក​ចូកូវីក។

រដ្ឋាភិបាល​អូស្ត្រាលី បាន​លើកឡើង​ពីទឡ្ហីករណ៍ថា កីឡាករ​ស៊ែរប៊ី​បាន​និយាយ​មិនច្បាស់លាស់ ទាក់ទង​នឹង​ការប្រកាស​​ពីរឿង​ឆ្លងកូវីដ នៅក្នុង​ក្រដាសស្នាម​សុំ​ទិដ្ឋាការ និង​បាន​ភូតកុហក ពីកន្លែង​ផ្លាស់ទី មុន​ចូល​ទឹកដី អូស្ត្រាលី។ តាម​កាសែត​ក្នុងស្រុក​អូស្ត្រាលី នៅពេល​សួរថា តើ​លោកមានបានធ្វើដំណើរ​ទៅណាខ្លះ នៅក្នុង​រយៈពេល ១៤​ថ្ងៃ​ចុងក្រោយ មុន​នឹង​ធ្វើដំណើរ​មក​អូស្ត្រាលី កីឡាករ​ចូកូវីក​បាន​គូសឆ្លើយថា អត់ទេ។ ប៉ុន្តែ រូបថត​នៅក្នុង​បណ្តាញ​សង្គម​ដែល​កីឡាករ​ផ្ទាល់​ធ្លាប់​បាន​បង្ហោះកន្លងមក បង្ហាញថា លោក​ចូកូវីដ បាន​ធ្វើដំណើរ​រវាង​ប្រទេស​កំណើត​របស់​លោក គឺស៊ែរប៊ី និង​អេស្ប៉ាញ មុន​ធ្វើដំណើរ​មក​អូស្ត្រាលី។

ម្យ៉ាង​កីឡាករ​ដឹងថា ខ្លួនធ្វើតេស្តឃើញ វិជ្ជមាន​កូវីដ កាលពីថ្ងៃទី ១៦​ធ្នូ ប៉ុន្តែ នៅតែ​ចូលរួម​ក្នុង​កម្មវិធី​កីឡា​ផ្សេងទៀត ដោយ​គ្មាន​រក្សា​គម្លាត ពាក់ម៉ាស។ រូបភាព​ទាំងអស់នេះ មិនបាន​បង្ហាញ​គំរូ​ល្អ និង​ការទទួលខុសត្រូវ ទេ នៅក្នុង​កាលៈទេសៈ​ដែល​ជំងឺកូវីដ​កំពុង ឆ្លងរាលដាលខ្លាំងនៅពេលនេះ។ នេះបើតាម​អំណះអំណាង​របស់​រដ្ឋមន្រ្តីក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី។

នៅអូស្ត្រាលី ជាពិសេស​នៅទីក្រុងវិចតូរីយ៉ា ជាទី​ដែលមានការប្រកួត កីឡាវាយកូនបាល់ Australia Open ករណីឆ្លងកូវីដ​បាន​កើនឡើង ដល់​ជាង​មួយពាន់​នាក់​ក្នុង​មួយថ្ងៃ។ អំណះអំណាងសំខាន់​មួយទៀតរបស់​រដ្ឋាភិបាល គឺថា បើ​គេ​អនុញ្ញាត​ឲ្យ​លោក​ចូកូវីក ដែល​មិនបាន​ចាក់វ៉ាក់សាំង ចូល​អូស្ត្រាលី នោះ រដ្ឋមន្រ្តីអូស្ត្រាលី បារម្ភខ្លាចថា លោក​ចូកូវីក ដែលធ្លាប់​បង្ហាញជំហរ​ប្រឆាំង​វ៉ាក់សាំង​កន្លងមក នឹង​អាច​ទាក់ទាញ​មនុស្ស​ជាច្រើន​នៅអូស្ត្រាលី​ឲ្យ​ងើប​បះបោរ​ប្រឆាំង​ការចាក់វ៉ាក់សាំង នៅអូស្ត្រាលី។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​សង្កត់ធ្ងន់ថា ជំហរ​ប្រឆាំង​វ៉ាក់សាំង​របស់​លោក​ចូកូវីក ឬ​ការដែលលោក​មិនព្រមចាក់វ៉ាក់សាំង នឹង​អាច​ជំរុញ​ឲ្យ​ប្រជាជន​អូស្ត្រាលី លែង​ចង់​ទៅ ចាក់វ៉ាក់សាំង​ ដូសជំរុញ។

ករណីរបស់​ចូកូវីក មាន​ជាប់ទាក់ទង​នឹង​រឿងនយោបាយ​នៅអូស្ត្រាលី?

សម្រាប់មេធាវី​របស់​កីឡាករ ចូកូវីក ការលើកឡើង​របស់​រដ្ឋាភិបាលអូស្ត្រាលី គឺ​គ្មានសមហេតុផល ទាល់តែសោះ។ គ្រាន់តែ​មិនបាន​ចាក់វ៉ាក់សាំង ប៉ុន្តែ លោក​ចូកូវីក​មិនមែន​គ្រោះថ្នាក់​សម្រាប់​សុខភាព​ប្រជាជន​អូស្ត្រាលី​នោះទេ។ ករណី​របស់​លោក​ចូកូវីក​បាន​រំលឹក​ឲ្យ​គេ​គិត​ឡើងវិញ ពី សិទ្ធិសេរីភាព ការប្រកួតកីឡា ហើយនិង​សុខភាព​សាធារណៈ ក្នុងកាលៈទេសៈកូវីដ។

តើ​ឯណាទៅ​ការគោរព​សិទ្ធិមនុស្ស។ តើ​ការឆ្លងរាតត្បាត​ជំងឺកូវីដ​សព្វថ្ងៃ ជា​កំហុស​របស់​អ្នក​ដែល​មិនចាក់ ​វ៉ាក់សាំង ឬ​យ៉ាងណា? តើការដោះស្រាយ​វិបត្តិកូវីដ ជា​ទំនួលខុសត្រូវ​របស់​រដ្ឋាភិបាល ឬ​របស់​អ្នកមិនបាន​ចាក់វ៉ាក់សាំង? ទាំងនេះ​ជា​សំណួរ​ដែល​គេត្រូវ​ចោទសួរឲ្យឡើងវិញ។

មួយវិញទៀត អ្វីដែល​គេ​ឆ្ងល់​ខ្លាំងក្នុងករណី​របស់​កីឡាករចូកូវីក​នោះ គឺ​ថា ហេតុអ្វី​បាន​កីឡាករ​ចូកូវីក​បានទទួល​ទិដ្ឋាការ​តាំងពីដំបូងទី​ឲ្យចូល​ទឹកដី​អូស្ត្រាលី។ ហេតុអ្វីបាន​ជា​រដ្ឋាភិបាល​អូស្ត្រាលី​ទើបមក​ស្រែកអន្តរាគមន៍ ប្តូរចិត្ត លែងទទួល​ស្គាល់​ករណី​លើកលែង​របស់​កីឡាករ​ចូកូវីក នៅពេល​កីឡាករ​បាន​ចូលទឹកដី​អូស្ត្រាលីរួចហើយនោះ ?

សម្រាប់​អ្នកវិភាគមួយចំនួន រឿងចម្រូងចម្រាស​លើកនេះ មានជាប់ក្លិន​នយោបាយ ព្រោះថា នៅប៉ុន្មានខែ​ខាងមុខ អូស្ត្រាលី​នឹងមាន​ការបោះឆ្នោត សភា រើស​រដ្ឋាភិបាល​ថ្មី។ គេជឿថា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន​បានប្រែក្រឡាស់ ជំហរ​របស់ខ្លួន នៅពេលនេះ ក៏ដោយសារ​តែ​មាន​មតិប្រឆាំង​កាន់តែ​ច្រើន នឹង​រឿង​ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​កីឡាករ ដែលមិនបាន​ចាក់វ៉ាក់សាំង បានទទួល​សិទ្ធិលើកលែង​ចូលទឹកដី​អូស្ត្រាលី។ នៅអូស្ត្រាលី ប្រជាជន​ជាង ៩០ភាគរយបាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ និងត្រូវ​រស់នៅ ក្នុង​ប្រទេស​មួយ ដែល​អនុវត្ត​វិធានការ​រឹតត្បិត​តឹងតែងបំផុត សម្រាប់​ការផ្លាស់ទី។ ដូច្នេះ នៅពេល​ឃើញ មានករណីលើកលែង សម្រាប់​ឥស្សរជន កីឡាករ ល្បីៗ អ្នកមាន ប្រជាជន​អូស្ត្រាលី ដែលធ្លាប់​រស់នៅក្រោម​ការរឹតត្បិត​របស់​រដ្ឋាភិបាល​កន្លងមក ប្រាកដ​ជា​មិន​សប្បាយចិត្ត និង​បានរិះគន់​រដ្ឋាភិបាល​ថា លំអៀង ផ្តល់សិទ្ធិ​ទៅ​ឲ្យតែ​អ្នកល្បី អ្នកមាន។ រដ្ឋាភិបាល​របស់​លោក​ម៉ូរីសុន​សព្វថ្ងៃ រងការរិះគន់​ខ្លាំងណាស់។ បើសិន លោក​នាយករដ្ឋមន្រ្តី ម៉ូរីសុននៅតែ​បណ្តោយ​ឲ្យ​កីឡាករ​ចូកូវីក​បន្តស្ថិតនៅ អូស្ត្រាលី នោះលោក​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​សំឡេងគាំទ្រ នៅក្នុង​ការបោះឆ្នោត នៅប៉ុន្មានខែ​ខាងមុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ