អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​ចាប់ផើ្តម​បាញ់សាកល្បងមីស៊ីល​ដែលមាន​កម្លាំងខ្លាំង ដូចកាលពីឆ្នាំ ២០១៧

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យ ទី ៣០​មករា កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីល​ដ៏មានកម្លាំងខ្លាំង​មិនធ្លាប់មាន នៅក្នុង​រយៈពេល៥ឆ្នាំចុងក្រោយនេះ។ គិត​ចាប់តាំង​ពី​ដើម​ខែ​មករា នេះជា​លើកទី​៧​ដែល​របបកុម្មុយនិស្ត​ព្យុងយ៉ាង​បាញ់​សាកល្បងសមត្ថភាព​មីស៊ីល​របស់ខ្លួន។ ការបាញ់​សាកល្បង​មីស៊ីល​ជាច្រើនលើក យ៉ាងដូច្នេះ សបញ្ជាក់​ពី​ការអភិវឌ្ឍ​សមត្ថភាព​ផលិត​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ក្នុងខណៈពេល​ដែល​ការចរចា​ស្តីពីអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​ជាប់គាំង។ ដោយ​បាញ់​មីស៊ីល​ដែលមាន​កម្លាំង​ខ្លាំង នៅថ្ងៃ​អាទិត្យនេះ តើ​កូរ៉េខាងជើង​ចង់​បញ្ជូន​សញ្ញាអ្វីទៅ​ពិភពលោក?

រូបភាពចងក្រង​បញ្ចូលគ្នា​ដែលបង្ហាញ​ការបាញ់សាកល្បងមីស៊ីលរបស់​កូរ៉េខាងជើង ជាបន្តបន្ទាប់គ្នា រហូត​ដល់ទៅ ៧លើក​ក្នុង​ខែ​មករា​២០២២
រូបភាពចងក្រង​បញ្ចូលគ្នា​ដែលបង្ហាញ​ការបាញ់សាកល្បងមីស៊ីលរបស់​កូរ៉េខាងជើង ជាបន្តបន្ទាប់គ្នា រហូត​ដល់ទៅ ៧លើក​ក្នុង​ខែ​មករា​២០២២ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង បានប្រតិកម្ម​ថ្កោលទោស​កូរ៉េខាងជើងដែលបាន​បាញ់សាកល្បង​មីស៊ីល នៅ​ព្រឹកថ្ងៃ​អាទិត្យនេះ។ ចាប់ពីដើម​ខែ​មករា នេះជា​លើកទី​៧ ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​របស់ខ្លួន។

នៅក្នុង​ការបាញ់​សាកល្បងមីស៊ីល​៦​លើក​កន្លង​មក មាន​ផងដែរ ការបាញ់​មីស៊ីល​អ៊ីពែរសូនិក ដែលជា​មីស៊ីល​ហោះលឿនជាង​សំឡេង ដល់​ទៅ​៥ដង។ ក៏ប៉ុន្តែ មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​នៅ​ព្រឹកថ្ងៃ​អាទិត្យនេះ គឺ​មាន​កម្លាំងខ្លាំង​ជាង​មីស៊ីលមុនៗ។

ជាក់ស្តែង មីស៊ីល​ដែលកូរ៉េខាងជើង​ធ្លាប់​បាន​បាញ់​សាកល្បង​កាលពី​ពាក់កណ្តាលខែនេះ ដែល​ជប៉ុន និងកូរ៉េខាងត្បូង​វាយតម្លៃ​ថា ជា​មីស៊ីល​បាលីស្ទិក គឺ​ហោះបាន​ ៣៨០គីឡូម៉ែត្រ​ក្នុង​រយៈកម្ពស់​អតិបរមា​ ៤២ គីឡូម៉ែត្រ។ ប៉ុន្តែ មីស៊ីលនៅថ្ងៃ​អាទិត្យ​នេះ បាន​ហោះទៅក្នុង​អាកាស ក្នុងកំពស់ ២០០០គីឡូម៉ែត្រ និង​ហោះបាន​ចម្ងាយ ៨០០គីឡូម៉ែត្រ​សម្រាប់​រយៈពេល ៣០នាទី។

តាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង វាអាច​ជា​មីស៊ីលបាលីស្ទិក​ចម្ងាយមធ្យម ដែល​កូរ៉េខាងជើង មិនធ្លាប់បាញ់​សាកល្បង​ទេ នៅ​៥ឆ្នាំមកនេះ។ ការបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក ចម្ងាយមធ្យម ឬ​ចម្ងាយឆ្ងាយ របស់​កូរ៉េខាងជើង ធ្លាប់​កើតឡើង ចុងក្រោយ​បំផុត នៅ​ឆ្នាំ ២០១៧ នៅក្នុង​បរិបទដ៏តានតឹង​ខ្លាំង​រវាង​កូរ៉េខាងជើង និង​អាមេរិក។

សម្រាប់​អ្នកជំនាញ មីស៊ីលបាលីស្ទិក​ដែល​កូរ៉េខាងជើង​បាញ់សាកល្បង​នៅថ្ងៃ​នេះ ស្រដៀងគ្នា​នឹង​មីស៊ីល​ Hwasong-12 (IRBM) ដែល​កូរ៉េខាងជើង​ធ្លាប់​បាញ់ នៅ​ឆ្នាំ ២០១៧។ គេវាយតម្លៃថា មីស៊ីល​បាលីស្ទិក​ចម្ងាយមធ្យម Hwasong-12 (IRBM) មាន​សមត្ថភាព អាច​វាយប្រហារ​ទឹកដី​កោះ Guam របស់​អាមេរិក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ដោយសារ​តែ​ហេតុហ្នឹងហើយ បាន​ជា​អាមេរិក ចេញមុខ​ថ្កោលទោស​ខ្លាំងជាងគេ និង​ចាត់ទុក​សកម្មភាព​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង​ថា ជា​ការរំលោភសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែលបាន​ហាមកូរ៉េខាងជើង​មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីលបាលីស្ទិក។

មេដឹកនាំ​កូរ៉េខាងជើង​ធ្លាប់បាន​គំរាម​ថា នឹងធ្វើ​តេស្តសាកល្បង​ឡើងវិញ មីស៊ីលផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ និង​ មីស៊ីល​បាលីស្ទីក​ចម្ងាយ​ឆ្ងាយ

នៅក្នុង​កិច្ចប្រជុំ​នយោបាយ របស់​បក្ស​ពលករ​កាលពី​ថ្ងៃទី ២០​មករា​កន្លងមក មេដឹកនាំ​កូរ៉េខាងជើង បាន​បញ្ជា​ឲ្យ​ការិយាល័យ​នយោបាយ​ នៃ​គណកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តិ​កូរ៉េខាងជើង សិក្សា​ពី​លទ្ធភាព សាកល្បង​អាវុធ​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ បន្ទាប់ពីបាន​ផ្អាក​អស់​រយៈពេល ៥ឆ្នាំ។

នៅដើមឆ្នាំ​២០១៨ កូរ៉េខាងជើង​បាន​ប្រកាស​ផ្អាក​ដោយខ្លួន ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក ដើម្បី​បើកផ្លូវចរចាការទូត​ជាមួយ​អាមេរិក ក្រោម​អាណត្តិរបស់លោកដូណាល់ត្រាំ។ ប៉ុន្តែ នៅក្រោយ ជំនួប ទ្វេភាគី ដល់ទៅ​៣លើក​ជាមួយ​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បរាជ័យ ដោយមិនអាច​ឈាន​ទៅ​ដល់​ការដកទណ្ឌកម្ម ដែលជា​ការទាមទារ​របស់កូរ៉េខាងជើង កូរ៉េខាងជើង បាន​ត្រលប់​មក​សាកល្បង​ជាបន្តបន្ទាប់ មីស៊ីល​របស់ខ្លួន នៅឆ្នាំ ២០១៩ ប៉ុន្តែ មិនមែនជា​មីស៊ីល​បាលីស្ទិក ដែលមានកម្លាំងខ្លាំង ដូចថ្ងៃ អាទិត្យ។

ដោយបាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ឡើងវិញ គេជឿថា កូរ៉េខាងជើង​កំពុង​ត្រលប់​ទៅ​បង្កើតភាព​តានតឹង​ដូចកាលពី​ឆ្នាំ ២០១៧ ដែលនៅពេលនោះ កូរ៉េខាងជើង​បាន​បោះជំហាន​លឿនមែនទែន ក្នុង​ផ្នែក​បច្ចេកវិទ្យា ផលិត​មីស៊ីល បាលីស្ទិក​ និង​អាវុធ​នុយក្លេអ៊ែរ។ នៅ​ឆ្នាំ ២០១៧ កូរ៉េខាងជើង បាន​ប្រកាស​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ បន្ទាប់ពី បាន​បាញ់​សាកល្បង​ដោយជោគជ័យ មីស៊ីលបាលីស្ទិក ដែល​មានសមត្ថភាព​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ កាលណោះ កូរ៉េខាងជើង អះអាងថា មីស៊ីល​បាលីស្ទិក​ចម្ងាយឆ្ងាយ​របស់ខ្លួន គឺ​អាច​មានសមត្ថភាព​ទៅ​កម្ទេច​រដ្ឋធានី​វ៉ាស៊ីនតោន​របស់​អាមេរិក​ទៀតផង។ ប៉ុន្តែ ការបាញ់សាកល្បង​មីស៊ីល និងនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើងនៅឆ្នាំ ២០១៧ បានធ្វើ​ឲ្យ​កូរ៉េខាងជើង​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាលើកទី​១០​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ហេតុផលនៅពីក្រោយ​ការបាញ់​សាកល្បងមីស៊ីលបាលីស្ទិក​របស់កូរ៉េខាងជើង

មានហេតុផល​ច្រើនយ៉ាង​ដែលអាច​ធ្វើ​ឲ្យកូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​ដល់​ទៅ ៧ដង ក្នុងរយៈពេល​១ខែ ហើយ​ចុងក្រោយ គឺ​ជា​អាច​ជា​មីស៊ីល​បាលីស្ទិក ដែល​ហាមប្រាម​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ដោយបង្កើនការបាញ់​មីស៊ីល​ញឹកញាប់​មែនទែន កូរ៉េខាងជើង​ពិតណាស់ ចង់ដាក់​សម្ពាធ​ឲ្យ​អាមេរិក​ត្រលប់​មក​ចរចា និង​បន្ធូរបន្ថយ​ការទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង។ កូរ៉េខាងជើង​មិនត្រឹម​តែ​ដាក់សម្ពាធ​លើ​អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ សំដៅផងដែរ ប្រទេស​ផ្សេងទៀត ដូចជាកូរ៉េខាងត្បូង និង​ចិន ដែលជា​សម្ព័ន្ធមិត្ត​តែមួយ​របស់​កូរ៉េខាងជើង។ ជាក់ស្តែង កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល ដើម្បី​បង្កើនភាពតានតឹង​នៅក្នុង​តំបន់ នៅ​តែ ១សប្តាហ៍​មុន ការប្រកួតកីឡាអូឡាំពិក​រដូវរងា ដែលមាន​ចិន​ធ្វើជាម្ចាស់ផ្ទះ។ កូរ៉េខាងជើង​អាច​ផ្តល់សញ្ញា​ទៅ​សម្ព័ន្ធមិត្ត​ចិន​ថា ត្រូវ​ជួយគិតគូរ ជំរុញ​ឲ្យ​កូរ៉េខាងជើង​អាច​រួចផុត​ពីទណ្ឌកម្ម​ដែល​កំពុង​កៀប សង្កត់ ដង្ហើម​សេដ្ឋកិច្ច​របស់កូរ៉េខាងជើង។

ម្យ៉ាងទៀត កូរ៉េខាងជើង​បាញ់​សាកល្បងមីស៊ីល​ដែលមាន​កម្លាំងខ្លាំង ដូចដែលខ្លួន បានធ្វើ​កាលពី​៥ឆ្នាំមុន គឺ​ដើម្បី​ដាក់​សម្ពាធ​សាជាថ្មី​លើ​ប្រជាជន អ្នកនយោបាយ​របស់​កូរ៉េខាងត្បូង ដែលត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប៉ុន្មានខែ​ខាងមុខ។

កូរ៉េខាងជើង ចង់​ផ្ញើសារ​ទៅកាន់​អាមេរិក និង​សហគមន៍​អន្តរជាតិ​ឲ្យបានដឹងថា ថ្វីត្បិត​សេដ្ឋកិច្ច​កូរ៉េខាងជើង ចុះទន់ខ្សោយ ប្រជាជន​ជួបគ្រោះអត់ឃ្លាន ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច ប៉ុន្តែ គេ​មិនអាចយកលេស​វិបត្តិ​ដឹកនាំ​នយោបាយ​ក្នុងស្រុក​ដើម្បី​ផ្តួលរំលំ​របបកុម្មុយនិស្ត។ ការប៉ុនប៉ង​បែបនេះ គឺ​គ្រោះថ្នាក់ណាស់ ជាមួយ​កូរ៉េខាងជើង ដែលមាន​អាវុធ​នុយក្លេអ៊ែរ។

មួយវិញទៀត បើមើល​ឲ្យស៊ីជម្រៅជាងនេះទៀត មហិច្ឆតា​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង មិនមានត្រឹម​ ទាមទារ​ឲ្យ​គេ​ដកទណ្ឌកម្មសេដ្ឋកិច្ច​ពីខ្លួនតែប៉ុណ្ណោះទេ។ ការសាកល្បង​សាជា​ថ្មី មីស៊ីលបាលីស្ទីក ក៏ជា​ឱកាស​បង្ហាញ​សមត្ថភាព បច្ចេកវិទ្យា​ផលិត​សព្វាវុធ​របស់​កូរ៉េខាងជើង សម្រាប់​អតិថិជន​ទាំងឡាយណា ដែលចាប់អារម្មណ៍ សព្វាវុធ​របស់​កូរ៉េខាងជើង។

ហេតុផល​ចុងក្រោយ​ដែល​ធ្វើឲ្យ​កូរ៉េខាងជើង​បង្កើន​ការសាកល្បង​មីស៊ីលបន្តបន្ទាប់គ្នា គឺ​ដើម្បី​បញ្ចុះបញ្ចូល​មតិក្នុងស្រុក ឲ្យជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​របស់លោកគីម ជីងអ៊ុន នៅ​ចំពោះមុខ​ការដាក់សម្ពាធ ការដាក់ទណ្ឌកម្ម​ពីអន្តរជាតិ។ របបកុម្មុយនិស្ត ព្យុងយ៉ាង​អាច​ចង់បង្ហាញ​ទៅ​ប្រជាជន​របស់ខ្លួនថា ទោះ កូរ៉េខាងជើង​ជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច ប្រជាជនជួបការលំបាក គ្រោះអត់ឃ្លាន មែន ប៉ុន្តែ រដ្ឋអំណាច​កូរ៉េខាងជើង​បាន​ព្យាយាម ផលិត​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​បាលីស្ទីកទាល់តែបានដើម្បី​ការពារ​អធិបតេយ្យភាព ​ការពារខ្លួន ពី​ការឈ្លានពាន ពីបរទេស ដែលនេះគឺជា​មោទនភាព ខ្លាំង​ណាស់​សម្រាប់ប្រជាជន​កូរ៉េខាងជើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ