អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

១ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​យោធាភូមា៖ ជម្លោះប្រដាប់អាវុធ ការដាក់ទណ្ឌកម្ម ការរត់ភៀសខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ១​កុម្ភៈ ជាថ្ងៃ​ខួបគម្រប់មួយឆ្នាំគត់​នៃរដ្ឋប្រហារ​នៅភូមា។ នៅមួយឆ្នាំមកនេះ រដ្ឋប្រហារ​របស់​មេដឹកនាំ​យោធា ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី ស៊ូជី​បាន​បង្ក​ឲ្យ​មាន​ភាពវឹកវរពេញប្រទេស។ នៅថ្ងៃនេះ ដើម្បី​គម្រប់​ខួប​១ឆ្នាំ ដែល​ពួកយោធា​ចូល​ប្លន់អំណាច​ពីរដ្ឋាភិបាល​ស៊ីវិល ប្រជាជន​ភូមា​បាន​ចូលរួម​ធ្វើ​កូដកម្ម ប្រឆាំង​របបសឹក​តាមរយៈ ការស្ថិតនៅ​ស្ងៀមស្ងាត់ មិនធ្វើអ្វីទាំងអស់ មិនធ្វើការ​ហើយ​ក៏មិន​បើក​ហាងអាជីវកម្ម​លក់ដូរទំនិញ។

បាតុករ​រត់គេច​ពីផ្សែងហូរទឹកភ្នែកដែលកងទ័ព​បាញ់បំបែក​បាតុករ​ប្រឆាំង​រដ្ឋប្រហារយោធា​នៅភូមា នៅថ្ងៃទី ១​មីនា ២០២១
បាតុករ​រត់គេច​ពីផ្សែងហូរទឹកភ្នែកដែលកងទ័ព​បាញ់បំបែក​បាតុករ​ប្រឆាំង​រដ្ឋប្រហារយោធា​នៅភូមា នៅថ្ងៃទី ១​មីនា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃខួប​១ឆ្នាំ​នៃ​ការធ្វើរដ្ឋប្រហារ​យោធា​នៅភូមា ប្រជាជន​ភូមា​បាន​សំដែង​ការប្រឆាំង​របបសឹកភូមា តាមរយៈ ការប្រកាន់​ជំហរ នៅស្ងាត់ស្ងៀម។ ការនៅ​ស្ងាត់ស្ងៀម​ដែល​របបសឹក​ចាត់ទុក​ជា​បទឧក្រិដ្ឋ​ក្បត់ជាតិ នឹង​អាច​ធ្វើ​ឲ្យ​អ្នកប្រព្រឹត្ត​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត។

ចាប់តាំង​ពីថ្ងៃ​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ការបង្រ្កាប និង​តាមប្រមាញ់​សម្លាប់​ដ៏ហិង្សា របស់​កងទ័ព ទៅលើ​បាតុករ បានធ្វើ​ឲ្យមាន​មនុស្សស្លាប់​ជាង ១៥០០នាក់​ក្នុងរយៈពេល​១ឆ្នាំមកនេះ។ នេះបើតាម​ការវាយតម្លៃ​របស់​ក្រុមអ្នកសង្កេតការណ៍ក្នុងស្រុកភូមា។

ថ្ងៃធ្វើរដ្ឋប្រហារ

នៅ​ចុងខែ​មករា ដើម​ឆ្នាំ ២០២១ អ្នកនាំពាក្យ​របស់​កងទ័ព ចេញមុខ​ព្រមាន​ប្តឹងរដ្ឋាភិបាល​របស់លោកស្រី អ៊ុងសាន ស៊ូជី ដោយ​លើកឡើង​ពីភាពមិនប្រក្រតី​នៅក្នុងការបោះឆ្នោត​កាលពី​ចុងឆ្នាំ ២០២០។ ពីរ បីថ្ងៃ​ក្រោយ គឺ​នៅថ្ងៃទី ១ កុម្ភៈ កងទ័ព​បានធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាលស៊ីវិល និង​ចាប់លោកស្រី អ៊ុងសាន ស៊ូជី​ដាក់ឃុំ នៅកន្លែង​សម្ងាត់មួយ។ ជាបន្តបន្ទាប់ មន្រ្តីរដ្ឋាភិបាល​ជាច្រើន​រូប​ត្រូវ​ចាប់ខ្លួន។ ក្រោយមក កងទ័ព​បានចេញ​មុខ​អះអាងថា ​លោកស្រី អ៊ុងសាន ស៊ូជី ត្រូវចាប់ឃុំខ្លួន ក្នុង​បទចោទប្រកាន់ នាំចូល អាមកូម​ខុសច្បាប់។

នៅ​៩ថ្ងៃ​ក្រោយមេដឹកនាំ​យោធា​ភូមា​ធ្វើរដ្ឋប្រហារ ប្រជាជន​ភូមា ពេញប្រទេស​បាន​ចុះថ្នល់​ធ្វើបាតុកម្ម។ នៅថ្ងៃ​នោះហើយ ដែល​កើតមាន កូដកម្ម ការធ្វើពហិកា មិនស្តាប់បង្គាប់ ក្នុង​ចំណោម​មន្រ្តីរដ្ឋការ និស្សិត និង​ប្រជាជន​ភូមា​ជាទូទៅ ដើម្បី​តវ៉ា​ប្រឆាំង នឹង​ការបង្រ្កាប​ដ៏ហិង្សា របស់កងទ័ព។ នៅថ្ងៃ​ទី​១០​កុម្ភៈ អាមេរិក​បាន​ចេញមុខ​មុនគេ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​មេដឹកនាំ​យោធា ភូមា គឺ​លោក​មីន អ៊ុងឡាំង ដែលជាអ្នកនាំមុខ​ធ្វើ​រដ្ឋប្រហារ។ នៅពេលនោះ ពាក្យប្តឹង​ចោទប្រកាន់​លោកស្រី អ៊ុងសាន ស៊ូជី បានចេញមកបណ្តើរៗ ដែលមាន​តាំង​ពីការញុះញង់​ឲ្យមានការបះបោរ ប្រព្រឹត្តអំពើពុករលួយ លួចបន្លំ​សន្លឹកឆ្នោត​ជាដើម។

ពាក្យ​ចោទប្រកាន់​ដែល​អាច​ធ្វើ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី​ប្រឈម​នឹង​ការជាប់ទោស​ពន្ធនាគារ​ជាច្រើនឆ្នាំ បានធ្វើ​ឲ្យ​ប្រជាជន​ភូមា ផ្ទុះកំហឹង​នឹង​ចុះថ្នល់​ធ្វើបាតុកម្ម​សឹង​រាល់ថ្ងៃ។ ប៉ុន្តែ នៅក្រោយ​ការបង្រ្កាបដោយប្រើ​គ្រាប់កាំភ្លើងពិត និង​ការតាមចាប់ខ្លួន អ្នកដែលចូលរួម​ក្នុងបាតុកម្ម​បាន​ជំរុញ ឲ្យ​ពលរដ្ឋ​ភូមា​កាន់តែ​ច្រើន​ដែល​ស្អប់​ប្រឆាំង​រដ្ឋប្រហារ ទៅចូលរួម​ក្នុង​កងកម្លាំង​ការពារ​ប្រជាជន ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ស្រមោល ដែលប្រមូលផ្តុំ​ដោយ​អតីត​មន្រ្តីរដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី។

នៅមួយថ្ងៃ​ខួប​១ឆ្នាំ​នៃ​រដ្ឋប្រហារ កងទ័ពភូមា​បាន​ចោទប្រកាន់​លោកស្រី អ៊ុងសាន ស៊ូជី​មួយបទល្មើសទៀត គឺ​ដាក់សម្ពាធ​លើ​គណៈកម្មការរៀបចំការបោះឆ្នោតភូមា។ រងការចោទប្រកាន់​ថា បាននាំចូល​អាយកូម​ខុសច្បាប់ និង​ញុះញង់​ឲ្យ​មានការបះបោរ អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា លោកស្រី អ៊ុងសាន ស៊ូជី​ត្រូវ​បាន​តុលាការ​របបសឹក​កាត់ទោស​ឲ្យជាប់ពន្ធនាគារ សរុប ៦ឆ្នាំ។

មួយឆ្នាំ​មកនេះ ស្ថានការណ៍​នៅភូមា​នៅតែ​អាក្រក់ គ្មានវិវឌ្ឍទៅមុខ

សហគមន៍អន្តរជាតិ​មិនអាច​ជួយដោះស្រាយ​វិបត្តិភូមា ក៏ដោយសារ​តែ​មានការបែកបាក់គ្នា មិនថា នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​នៅ​សមាគមអាស៊ាន។ ជាក់ស្តែង ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​ថ្កោលទោស​រដ្ឋប្រហារយោធា​នៅភូមា ប៉ុន្តែ ដោយសារ​តែ​គ្មាន​សំឡេង​ស្រុះគ្នា រវាង​សមាជិក​ទាំង​១៥ ក្រុមប្រឹក្សា ក៏មិនបាន​ចាត់វិធានការ​ខ្លាំងប្រឆាំង​របបសឹកភូមា។ មានឧទាហរណ៍មួយ អង្គការ​ការពារសិទ្ធិមនុស្ស និង​រដ្ឋាភិបាល​ស្រមោល​ភូមា​បានទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ ចេញច្បាប់​ហាមឃាត់​កុំ​ឲ្យ​មានការលក់ និង​នាំចូល​អាវុធ​ទៅ​ភូមា ក្នុងហេតុផលថា កងទ័ព​ភូមា​យកសព្វាវុធ​ទៅ​សម្លាប់​ក្រុមអ្នកប្រឆាំង។ ប៉ុន្តែ ក្រុមប្រឹក្សា​សន្តិសុខ​បានត្រឹមតែ​ចេញ​សេចក្តីសម្រេច អំពាវនាវ ដោយ​គ្មាន​ការចាប់បង្ខំនោះទេ។ ក្រុមប្រឹក្សា​សន្តិសុខ​មិនអាច​ធ្វើអ្វី​ខ្លាំង ប្រឆាំង​មេដឹកនាំ​យោធាភូមា ក៏ដោយសារ​តែ មាន​រុស្ស៊ី និង​ចិន មានសិទ្ធិវេតូ​ប្រឆាំង។ រុស្ស៊ី ប្រឆាំង មិនឲ្យ​មាន​សេចក្តីសម្រេច​ស្តីពីការហាម​នាំចូលអាវុធ​ទៅភូមា ព្រោះរុស្ស៊ីផ្ទាល់ជាអ្នកលក់អាវុធ​សំខាន់​ឲ្យកងទ័ព។

អាស៊ានវិញ​ធ្លាប់​បាន​ខ្នះខ្នែង ដើម្បី​រកដំណោះស្រាយ ដែរ​ដូចជា​ជំរុញ​ឲ្យ​មេដឹកនាំ​យោធាភូមា​យល់ព្រមព្រៀង​អនុវត្ត​ផែនការចង្អុលទិស ៥ចំណុច ប៉ុន្តែ មេដឹកនាំ​ភូមា រហូតមកដល់​ពេលនេះ នៅតែ​មិនព្រមអនុវត្ត ដោយនៅប្រឆាំង​ដាច់ខាត មិនឲ្យគេ​ចូលជួប លោកស្រី​អ៊ុងសាន ស៊ូជី។ សមាជិក​របស់​អាស៊ាន​មានជំហរ​មិនដូចគ្នា។ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចង់​ឲ្យគេ​ផាត់​មេដឹកនាំ​យោធា​ភូមា​ក្នុងកិច្ចប្រជុំ​អាស៊ាន បន្តទៀត ប៉ុន្តែ ប្រទេស​ផ្សេងទៀត​មិនយល់​ឃើញ​ដូច្នេះទេ។ នៅក្នុងជំនួប​តាមវីដេអូជាមួយ​នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន ប្រមុខរដ្ឋាភិបាល​សិង្ហបុរី​បាន​អំពាវនាវថា ដើម្បី​ដោះស្រាយវិបត្តិភូមា មេដឹកនាំ​កម្ពុជា​គួរ​ជួបពិភាក្សា​ជាមួយ​គ្រប់ភាគី​នយោបាយ​របស់​ភូមា ដែលនៅក្នុងនោះ មានផងដែរ​មានលោកស្រី​អ៊ុងសាន ស៊ូជី។

នៅពេលទទួល​ជួប​នាយករដ្ឋមន្រ្តី​កម្ពុជា នៅភូមា កាលពីថ្ងៃទី ៧​មករា ឆ្នាំ ២០២២ មេដឹកនាំ​របបសឹក លោកមីន អ៊ុងឡាំង បាន​សន្យា​អនុវត្តបទឈប់បាញ់​រហូត​ដល់​ចុងឆ្នាំ ២០២២។ ប៉ុន្តែ ការសន្យា​មានតែ​នៅលើ​មាត់ ព្រោះ​នៅ​ទីតាំង​ជាក់ស្តែង កងទ័ព​នៅបន្ត​បើកការវាយប្រហារ​តាមផ្លុវអាកាស​ទៅលើ​ភូមិ​ទីក្រុង ដែល​កងទ័ព​វាយតម្លៃថា ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុមប្រឆាំង​ប្រដាប់អាវុធ។

អាមេរិកដាក់ទណ្ឌកម្ម ចំណែក​អង្គការ​សហប្រជាជាតិប្រកាស​បើកការស៊ើបអង្កេត​លើករណី​ប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

នៅថ្ងៃ​ខួប​១ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​នៅភូមា ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក​អង់គ្លេស កាណាដា បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចធ្ងន់ៗ​លើ​របបសឹកភូមា។

ជាក់ស្តែង នៅថ្ងៃ​ខួប​១ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​នៅភូមា អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើមន្រ្តី​ភូមា ៩នាក់ ដែលក្នុងនោះ មាន​ប្រធានតុលាការ​កំពូល រដ្ឋអាជ្ញា និង​រដ្ឋមន្រ្តីប្រឆាំង​អំពើពុករលួយ​របស់​របបសឹក។ ក្រុមហ៊ុន​២ផ្សេងទៀត ដែល​ជាអ្នកចរចា ទិញ នាំចូលអាវុធ ឲ្យកងទ័ព​ភូមា ក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្ម​របស់​ក្រសួងថវិកាអាមេរិកដែរ។

ដើម្បី​បញ្ជាក់ប្រាប់ទៅ មេដឹកនាំ​យោធា​ភូមា អ្វីដែលកើតឡើង​នៅភូមា គឺជារឿងរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកការស៊ើបអង្កេត​នៅភូមាបាន​ប្រកាស​នៅថ្ងៃ​អង្គារ​ទី ១​កុម្ភៈ​នេះ​ថា គេ​បាន​បើកការស៊ើបអង្កេត​ទៅលើ​ករណី​ប្រព្រឹត្តិឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅភូមា។ មានន័យថា កងទ័ព​ដែលមានជាប់ពាក់ព័ន្ធ​នឹង​ការបង្រ្កាបដ៏ហិង្សា​ ការសម្លាប់រង្គាល ទៅលើ​ប្រជាជន​ស៊ីវិល ​នៅភូមា តាំង​ពីថ្ងៃ​ធ្វើរដ្ឋប្រហារ នឹង​អាច​ប្រឈម​នឹង​ការកាត់ទោស ពីបទប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ​នៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​នៅទីក្រុង​ឡាអេ។

នៅ​ធ្នូ កងទ័ព​ភូមា​បាន​រងការចោទប្រកាន់​ថា​បាន​សម្លាប់ និង​ដុតសាកសព​ប្រជាជន​ស៊ីវិល​ជាង ៣០នាក់ ដែល​នៅក្នុងនោះ មាន ២នាក់ ជាបុគ្គលិក​អង្គការ​ដើម្បី​កុមារ Save The Childrens។ សោកនាដកម្ម​សម្លាប់​ប្រជាជន​ស៊ីវិល បាន​កើតឡើង នៅ​រដ្ឋ​កាយ៉ា ជាទី ដែល​កងទ័ព​កំពុងបើកប្រតិបត្តិការ​វាយប្រហារ​ទៅលើ​កងជីវពល​ពលរដ្ឋ ដែលជា​សមាជិកប្រដាប់អាវុធ​របស់​កងកម្លាំងការពារប្រជាជន​របស់​រដ្ឋាភិបាល​ស្រមោល។

មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចោទប្រកាន់កងទ័ព​ភូមា​ពីបទប្រល័យពូជសាសន៍ ក្នុង​រឿង​បង្រ្កាប ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ក្នុង​រដ្ឋរ៉ាឃីន កាលពី​ឆ្នាំ ២០១៧។

ការបង្រ្កាប របស់​កងទ័ពរឹតតែ​បណ្តុះគំនិត​ប្រឆាំង​ក្នុង​ចិត្តប្រជាជនភូមា

នៅពេល​បើកការបង្រ្កាបទៅលើ​បាតុករ​ដែលស្រុះគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ យោធាភូមា​មិនបាន​រំពឹង​ថា ចលនាប្រឆាំង​របបសឹក មានភាពអត់ធ្ងន់ តស៊ូ​នឹង​ការដាក់គំនាប ការបង្រ្កាបដ៏ហិង្សា​នោះទេ។

ខុសពី​បដិវត្តន៍និស្សិត ​កាលពីថ្ងៃទី ៨ ខែ ៨​ឆ្នាំ ១៩៨៨ ចលនា​ប្រឆាំង​នឹង​កងទ័ពភូមា​លើកនេះ មាន​ទំហំធំធេង ផ្ទុះឡើង​នៅពេញប្រទេស។ លើកនេះ គឺ​គ្រប់​ប្រជាជន​ភូមា គ្រប់ស្រទាប់ជាន់ថ្នាក់ ស្រុះគ្នា ងើបតវ៉ា​ប្រឆាំង រដ្ឋប្រហារ​របស់មេដឹកនាំយោធាភូមា។ ទោះ កងទ័ព​មាន​កម្លាំង មាន​មធ្យោបាយ សព្វាវុធ​ច្រើន​ប៉ុណ្ណា ក៏មិនអាច​បំផ្លាញ បណ្តាញ​របស់​ក្រុមប្រឆាំងដែល​កាន់តែ​ចាក់ឬស ​បានដែរ ព្រោះ​ពួកគេ​ទាំងនោះចេញ​ទៅ​កាន់អាវុធ ប្រឆាំង​នឹង​កងទ័ព ដោយ​មិនខ្លាចស្លាប់ ដោយមកពី​ទឹកចិត្ត​ផុស ពីក្នុង​ខ្លួន  នៅក្រោយ ពួកគេ​ឆ្អែតឆ្អន់​នឹង​រដ្ឋប្រហារ​របស់​ពួកយោធា ដើម្បី​កាន់អំណាច ជាច្រើនទសវត្សរ៍មកនេះ។ ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ ក្រុមជីវពល​ពលរដ្ឋ បានទទួល​ការគាំទ្រ ផ្នែក​អាវុធ និងការបណ្តុះបណ្តាល ពី​ខាង​ក្រុមឧទ្ទាមជនជាតិភាគតិច កាន់តែច្រើន ដូចជា​ពួក​កាឈីន ការ៉ែន ដែលធ្លាប់​ជា​គូសត្រូវ​របស់​កងទ័ព​កន្លងមក។ ការប្រឈម​ផ្នែកអាវុធ ការប្រយុទ្ធជាមួយ​កងទ័ព​លើកនេះ​គឺ​ជា​ឱកាស​តែមួយគត់ ដើម្បី ប្រាប់ទៅកងទ័ព​ថា ប្រជាជន​ប្រឆាំង មិន​ឲ្យ​កងទ័ព​មាន​សិទ្ធិ​ធ្វើព្យុះ ធ្វើភ្លៀង ដើម្បី​ក្រាញ​កាន់អំណាច​ដឹកនាំ​ភូមា ដូចមុនៗ​ទៀតនោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ