អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ភូមា៖ សាកសពមនុស្ស​ជាង​​៣០នាក់ ឆេះ​ខ្លោច​ក្នុង​រថយន្ត ដែល​គេ​ជឿ​ថា​ជា​ស្នាដៃ​របស់​កងទ័ព

កាលពីថ្ងៃសៅរ៍ទី​២៥ធ្នូ នៅរដ្ឋកាយ៉ាហ ភាគខាងកើតប្រទេសភូមា គេបានប្រទះឃើញ​សាកសពមនុស្ស ចំនួនជាង​៣០នាក់​ ដែល​ឆេះខ្លោច​​នៅ​ក្នុង​រថយន្ត​ជាច្រើនគ្រឿង។ អង្គការ Myanmar Witness បានលើកឡើងថា គឺទាហានជាតិភូមា ដែលបានធ្វើសកម្មភាព សម្លាប់អ្នកដំណើរនៅក្នុងរថយន្តទាំងនេះ មុននឹងដុតកំទេចចោល ដោយឥតធម៌មេត្តា។

រថយន្ត​កាមីញ៉ុង​ និងរថយន្តដឹកអ្នកដំណើរ យ៉ាងហោច៣គ្រឿងដែលឆេះ ជា​មួយសាកសពមនុស្សជាង​៣០នាក់ នៅចំណុច​ស្រុក Hpruso រដ្ឋកាយ៉ាហ ប្រទេសភូមា ថ្ងៃទី២៥ធ្នូ​២០២១
រថយន្ត​កាមីញ៉ុង​ និងរថយន្តដឹកអ្នកដំណើរ យ៉ាងហោច៣គ្រឿងដែលឆេះ ជា​មួយសាកសពមនុស្សជាង​៣០នាក់ នៅចំណុច​ស្រុក Hpruso រដ្ឋកាយ៉ាហ ប្រទេសភូមា ថ្ងៃទី២៥ធ្នូ​២០២១ AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសោរ៍ទី២៥ធ្នូ​ រូបថតជាច្រើនសន្លឹក ត្រូវបាន​គេបង្ហោះតៗគ្នា នៅតាមបណ្តាញសង្គមនៅភូមា ដែលគេឃើញរថយន្តដឹកអ្នកដំណើរ ចំនួន​យ៉ាងហោច៣គ្រឿង បានឆេះសល់តែគ្រោងឆ្អឹងដែក។ ហេតុការណ៍​បានកើតឡើង នៅស្រុក ​Hpruso រដ្ឋកាយ៉ាហ (Kayah) ជារដ្ឋភាគខាងកើតភូមា ជាប់ព្រំដែនខេត្តមែហុងសន ប្រទេសថៃ។

ក្រុមប្រដាប់អាវុដឈ្មោះ កម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រឆាំងរបបសិកភូមា នៅក្នុងរដ្ឋកាយ៉ាហ​នេះ បានអះអាងថា សមាជិកខ្លួន បាន​ប្រទះឃើញរថយន្តឆេះទាំងនេះ នៅព្រឹកថ្ងៃសៅរ៍ទី២៥ធ្នូ ដោយ​ក្នុងរថយន្តទាំងនោះ គេបាន​ឃើញលលាដ៍ក្បាលមនុស្ស យ៉ាចហោច​២៧​នាក់។ ដោយសារតែសាកសពឆេះខ្លោចខ្លាំងពេក​ ធ្វើឲ្យ​គេមិនអាចដឹងចំនួន ​ថាមានសាកសពមនុស្ស ប៉ុន្មាននោះទេ។

ដោយឡែក ផ្អែកតាមប្រភពពីអង្គការ Myanmar Witness បានឲ្យដឹងថា គឺមានមនុស្សចំនួន​៣៥នាក់ បានស្លាប់ នៅក្នុងហេតុការណ៍នេះ ដោយ​ក្នុងនោះ មានទាំងស្ត្រីនិងកុមារផងដែរ។ អង្គការនេះ បាន​អះអាងថា គឺក្រុមកងទ័ពជាតិភូមា ដែលបានធ្វើសកម្មភាពព្រៃផ្សៃនេះ កាលពីថ្ងៃទី​២៤ធ្នូ។

អ្នកយកព័ត៌មានបារាំងAFP ប្រចាំនៅភូមាបានទទួលការបំភ្លឺ ពីលោក Zaw Min Tun អ្នកនាំពាក្យរបបសិកភូមា ដោយ​លោកម្នាក់នេះ បានបញ្ជាក់ថា ពិតជាមានករណីផ្ទុះអាវុធមែន នៅចំណុចស្រុក ​Hpruso ក្នុង​រដ្ឋកាយ៉ាហ កាលពីថ្ងៃសុក្រទី​២៤ធ្នូ។ អ្នកនាំពាក្យ​រូបនេះ បានអះអាងថា ការផ្ទុះអាវុធនេះ បានកើតឡើងបន្ទាប់ពី​កម្លាំងកងទ័ពភូមា បានព្យាយាមឃាត់រថយន្តដឹកអ្នកដំណើរ ដែលគួរឲ្យសង្ស័យ។ ដោយ​មិនលំអិតឲ្យ​បានច្បាស់ អ្នកនាំពាក្យរូបនេះ លើកឡើងថា កងទ័ពបានបាញ់និងបណ្តាលឲ្យស្លាប់មនុស្សមួយចំនួន ក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា ភូមាបានធ្លាក់ទៅក្នុងភាពវឹកវរនយោបាយ និង​អន្តិសុខជាខ្លាំង បន្ទាប់ពីកងទ័ព បានធ្វើ​រដ្ឋប្រហារយោធា នៅថ្ងៃទី​១កុម្ភៈ ឆ្នាំ២០២១។ ក្រុមឧទ្ទាមជនជាតិភាគតិច និង​ក្រុមប្រដាប់អាវុធជាច្រើនក្រុម បានប្រកាសប្តេជ្ញាតតាំង ជាមួយនឹងការវិលត្រលប់មកវិញ នៃរបបសិកផ្តាច់ការ។ យោងតាមអង្គការសមាគមជួយអ្នកទោសនយោបាយភូមា (AAPP) គិតមកត្រឹមពេលនេះ មានប្រជាជនស្លូត​ត្រង់​ប្រមាណ​១៣០០នាក់ហើយ ដែលបានស្លាប់ ដោយការបង្ក្រាប​បាតុកម្ម និង​ករណី​ផ្ទុះអាវុធផ្សេងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ