អានតួអត្ថបទ
ភូមា

អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ស៊ើបអង្កេតលើករណីដុតសម្លាប់ប្រជាជនស៊ីវិលនៅភូមា

អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកផ្នែក​មនុស្សធម៌ បាន​សំដែង​ក្តីរន្ធត់ នៅក្រោយ​មាន​សេចក្តីរាយការណ៍ ដ៏គួរ​ឲ្យជឿជាក់​ដែល​ថា ប្រជាជនស៊ីវិល យ៉ាងតិច ៣៥នាក់ ត្រូវ​បាន​ដុតសម្លាប់ នៅភាគខាងកើត​ប្រទេសភូមា។ នៅថ្ងៃសៅរ៍ទី​២៥​ធ្នូ ២០២១ គេ​បាន​ប្រទះឃើញ សាកសព​មនុស្សជាង​៣០នាក់ ឆេះខ្លោច នៅ​ក្នុង​រថយន្ត ជាច្រើន​គ្រឿង ដែល​អង្គការ​ក្នុងស្រុក​ភូមា​ចោទប្រកាន់ថា ជា​ស្នាដៃ​ដុតកម្ទេច​របស់​កងទ័ពភូមា។

រូបថតផ្តល់​ដោយ​កងទ័ពការ៉ែន​នៅភូមា​បង្ហាញ​រថយន្ត​ដែល​ដុតឆេះខ្លោចជាមួយ​សាកសព​មនុស្ស​ជាង​៣០នាក់​ដែល​អង្គការ​Myanmar Witness ជឿថា ជាស្នាដៃ​របស់​កងទ័ពភូមា កាលពីថ្ងៃសុក្រទី ២៤​ធ្នូ ២០២១
រូបថតផ្តល់​ដោយ​កងទ័ពការ៉ែន​នៅភូមា​បង្ហាញ​រថយន្ត​ដែល​ដុតឆេះខ្លោចជាមួយ​សាកសព​មនុស្ស​ជាង​៣០នាក់​ដែល​អង្គការ​Myanmar Witness ជឿថា ជាស្នាដៃ​របស់​កងទ័ពភូមា កាលពីថ្ងៃសុក្រទី ២៤​ធ្នូ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក កិច្ចការមនុស្សធម៌ លោក ម៉ារតាំង គ្រីហ្វ៊ី បាន​សំដែងការតក់ស្លុត​នៅចំពោះមុខ​ហេតុការណ៍ ដុតសម្លាប់​មនុស្ស នៅរដ្ឋកាយ៉ា Kayah ភាគខាងកើត ប្រទេស​ភូមា។ សម្រាប់លោក​ម៉ារតាំង គ្រីហ្វី​​ ព័ត៌មាន​សម្លាប់​ប្រជាជន​ស៊ីវិល ភូមា ដែល​នៅក្នុង​នោះ យ៉ាងហោច​មាន​ម្នាក់​ជា​កុមារ ជា​ព័ត៌មាន​គួរឲ្យ​ជឿជាក់។

កាលពី​ថ្ងៃ​សៅរ៍ រូបថត​ជាច្រើន​សន្លឹក ដែល​បង្ហោះ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម បាន​បង្ហាញ រថយន្ត​ដឹកអ្នកដំណើរពីរគ្រឿង និងរថយន្ត​ធុនធ្ងន់​មួយគ្រឿង​ឆេះ​ សល់​តែ​គ្រោងឆ្អឹងដែក។ កងកម្លាំង​ការពារ​ប្រជាជន ដែល​ជា​ក្រុមប្រដាប់អាវុធ ប្រឆាំង​របបសឹកភូមា បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា នៅក្រោយ​ធ្វើដំណើរ​ទៅដល់​កន្លែងកើតហេតុ ពួកគេ​បាន​ប្រទះឃើញ សាកសព​មនុស្ស​២៧នាក់ ដែល​ដុតឆេះ ខ្លោច នៅក្នុង​រថយន្ត​ដឹកអ្នកដំណើរ​២គ្រឿង។

ដោយផ្អែក​លើ​សាក្សី និង​កាសែត​ក្នុងស្រុក អង្គការ​ក្នុងស្រុកភូមាមួយឈ្មោះ Myanmar Witness បាន​បញ្ជាក់ថា មនុស្ស​៣៥នាក់ ដែលក្នុងនោះ មាន​ទាំង​ស្ត្រី និងកុមារ ត្រូវ​បាន​សម្លាប់ និង​ដុតឆេះខ្លោច នៅក្នុង​ហេតុការណ៍ កាលពី​ថ្ងៃសុក្រ។ តាម​អង្គការ​ខាងលើ សកម្មភាព​ដុតសម្លាប់មនុស្ស​យ៉ាងព្រៃផ្សៃ ជា​ស្នាដៃ​របស់​កងទ័ពភូមា។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​នៅថ្ងៃ​អាទិត្យ​ម្សិលមិញ អគ្គលេខាធិការរង​របស់អង្គការសហប្រជាជាតិ បាន​និយាយ​ ថ្កោលទោស ហេតុការណ៍​ដុតសម្លាប់ប្រជាជន​ស៊ីវិល និង​បាន​ទាមទារ​ឲ្យអាជ្ញាធរ​ភូមា បើកការស៊ើបអង្កេត​បន្ទាន់ និង​មាន​តម្លាភាព។

របបសឹកភូមា​នៅ​មិន​ទាន់ អត្ថាធិប្បាយអ្វីទាក់ទង​នឹង​ហេតុការណ៍ ដែលកើតឡើង​នៅរដ្ឋ​កាយ៉ា​នៅឡើយទេ។ ប៉ុន្តែ កាសែត​កងទ័ពភូមា ដែល​មិនបាន​បញ្ជាក់​ពីវត្តមាន​ប្រជាជន​ស៊ីវិល​សោះនោះ បាន​ចុះផ្សាយ​ថា កងទ័ព​បាន​បាញ់សម្លាប់​ភេរវជន​ប្រដាប់អាវុធ​មួយចំនួន កាលពី​ថ្ងៃ​សុក្រ។

អ្នកនាំពាក្យ​កងទ័ពភូមាវិញ ដែលទីភ្នាក់ងារព័ត៌មាន​បារាំង AFP​បាន​សាកសួរ​សម្ភាសន៍ធ្លាប់​បាន​ទទួលស្គាល់​ថា មានការផ្ទុះអាវុធ នៅ​រដ្ឋកាយ៉ា នៅក្រោយ កងទ័ព​ព្យាយាម​ស្ទាក់ចាប់រថយន្ត គួរឲ្យសង្ស័យជាច្រើនគ្រឿង។

អង្គការ​អង់គ្លេស Save The Children វិញ​បាន​បញ្ជាក់​ថា បុគ្គលិក​ពីរ​រូប ដែល​ធ្វើដំណើរ​ត្រលប់​មកពី​បំពេញ​បេសកកម្ម នៅក្នុង​តំបន់នោះ បាន​បាត់ខ្លួន ចំណែក​រថយន្ត​របស់ពួកគេ ត្រូវ​ដុតបំផ្លាញ នៅក្នុង​ហេតុការណ៍​កាលពី​ថ្ងៃ​សុក្រ។

នៅក្នុង​សេចក្តីថ្លែងការណ៍ អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ ឲ្យកងទ័ពភូមា និង​គ្រប់ក្រុមប្រដាប់អាវុធ​នៅភូមា ចាត់វិធានការបន្ទាន់​ដើម្បីការពារ​ជីវិត​ប្រជាជនស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ