អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមប្រឆាំងក្រុមភេរវនិយម៖ បន្ទាប់ពីអាមេរិកដកទ័ព ពី​អាហ្វហ្កានីស្ថាន បារាំង​ដកទ័ព​ចេញ​ពីម៉ាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្រោយទំនាក់ទំនង​រកាំរកូស​ជាមួយ​របបសឹកម៉ាលី បារាំង​និង​ប្រទេស​ដៃគូ​នៅអឺរ៉ុប​បាន​សម្រេច​ជាផ្លូវការ​ដកទ័ព​ចេញពីប្រទេស​ម៉ាលី។ នៅក្នុង​សន្និសីទ​កាសែត នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ទី ១៧ កុម្ភៈ ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ថា ការដកកងទ័ព​បារាំង អឺរ៉ុប និងកាណាដា ចេញពី​ប្រទេស​ម៉ាលី ត្រូវចាប់ផ្តើម ពីពេលនេះ ទៅ​ប៉ុន្មានខែ​ខាងមុខ។ សម្រាប់​អ្នកនាំពាក្យ​របស់​បេសកកម្ម​ក្រុមមួកខៀវ នៃ​អង្គការសហប្រជាជាតិ ការដកកងទ័ព​បារាំង ចេញពី​ម៉ាលី នឹងអាច​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ការងារ​របស់​ក្រុមមួកខៀវ នៅ​ប្រទេស​ម៉ាលី

ទាហាន​បារាំង​ធ្វើប្រតិបត្តិការ​យោធា​នៅម៉ាលី ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​បារកាន សម្រាប់ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម នៅ​តំបន់​សាហ៊ែលអាហ្វ្រិក។ បារាំង​និង​អឺរ៉ុប​ប្រកាស​ដកទ័ព​ចេញពីម៉ាលី នៅបន្ទាប់ពី របបសឹកម៉ាលី​ធ្វើរដ្ឋប្រហារ និង​បដិសេធ​មិន​រៀបចំការបោះឆ្នោត​នៅ​ឆ្នាំ​២០២២
ទាហាន​បារាំង​ធ្វើប្រតិបត្តិការ​យោធា​នៅម៉ាលី ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​បារកាន សម្រាប់ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម នៅ​តំបន់​សាហ៊ែលអាហ្វ្រិក។ បារាំង​និង​អឺរ៉ុប​ប្រកាស​ដកទ័ព​ចេញពីម៉ាលី នៅបន្ទាប់ពី របបសឹកម៉ាលី​ធ្វើរដ្ឋប្រហារ និង​បដិសេធ​មិន​រៀបចំការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

បារាំង​និង​ប្រទេស​អឺរ៉ុប​ដៃគូ រួមជាមួយ​កាណាដា បាន​ចេញ​សេចក្តីថ្លែងការណ៍រួម នៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បី​ប្រកាស​ជាផ្លូវការ ការដកទ័ព​របស់ខ្លួន ចេញ​ពី​ប្រទេស​ម៉ាលី។ បារាំង​រួមជាមួយ​ប្រទេស​ដៃគូ​នៅអឺរ៉ុប​សម្រេច​ដកទ័ព​ចេញពី​ម៉ាលី។ នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល បារាំង ដែល​ដឹកនាំ​ប្រតិបត្តិការ​កងទ័ព​អឺរ៉ុប សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ តំបន់​សាហ៊ែល នៅទឹកដីអាហ្វ្រិក បាន​ពន្លយ​ឲ្យដឹង​រួចហើយ ​ពី​ការដកទ័ព​ចេញពី​ប្រទេស​ម៉ាលី។ បារាំងសម្រេច​ដកទ័ពចេញពីម៉ាលី នៅបន្ទាប់ពី​របបសឹក​ម៉ាលី បណ្តេញ ឯកអគ្គរដ្ឋទូត​បារាំង កាលពីចុងខែ​មករា នៅក្រោយ រដ្ឋមន្រ្តីការបរទេស​បារាំង ចាត់ទុក​ការកាន់អំណាច​ខុសច្បាប់​របស់​កងទ័ព​នៅម៉ាលី។

ភាពរកាំរកូស រវាង​បារាំង និង​ម៉ាលី កើតឡើង​ដោយសារ​បារាំង បាន​ដំឡើង​សំឡេង​រិះគន់ កងទ័ពម៉ាលី ដែល​បានធ្វើរដ្ឋប្រហារ ដល់​ទៅ​២ដង ហើយ​បដិសេធ​មិន​ព្រម​រៀបចំ​ការបោះឆ្នោតជ្រើសរើស​រដ្ឋាភិបាល​ស៊ីវិល នៅ​ចុងខែ​កុម្ភៈ នេះ ប៉ុន្តែ បែរជា​លើកពេល​ទៅធ្វើ នៅ​ឆ្នាំ ២០២៥​ទៅវិញ។ មួយវិញ ទៀត បារាំង​ក៏ចាប់អន់ចិត្ត ថ្នាំងថ្នាក់ ដែល​ឃើញ​របបសឹក​ម៉ាលី​ចាប់ដៃ សហការ​ជាមួយ​ទាហាន​ស៊ីឈ្នួល រុស្ស៊ី របស់ក្រុមហ៊ុន​Wagner ដែល​បារាំងចោទប្រកាន់​ថា កំពុង​ពង្រាយវត្តមាន​ក្នុងទឹកដី ម៉ាលី ដើម្បី​ការពារ​កន្លែង​អាជីវកម្មរ៉ែ ដែលជាផលប្រយោជន៍​ជំនួញរបស់ខ្លួន ពោល​គឺ​ផ្ទុយពី​បេសកកម្ម​របស់​កងទ័ពបារាំង ដែលមាន​ទិសដៅ ​វាយបណ្តេញ ក្រុមភេរវនិយម​ចេញពីទឹកដី​ម៉ាលី។

នៅក្នុង​រឿង​ដកទ័ពចេញពីម៉ាលី ផ្ទុយពី​អាមេរិក​ដែល​ប្រកាស​ដកទ័ពចេញពី​អាហ្វហ្កានីស្ថាន ​ដោយ​អត្តនោម័ត គ្មាន​ពិភាក្សា​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត បារាំង​មិន​ចង់​ឲ្យ​គេ​ចោទថា ខ្លួន​ធ្វើការ​ផ្តាច់មុខ​តែម្នាក់ឯង​នៅ ម៉ាលី​នោះទេ។ នៅមុន​សម្រេច​ដកទ័ព​ពីម៉ាលី បារាំង បាន​ពិភាក្សា ជាប់ជានិច្ច ​ជាមួយ​ប្រទេស​ដៃគូ ក្នុង​តំបន់អាហ្វ្រិក និង​ជាពិសេស បណ្តាប្រទេស​អឺរ៉ុប ក៏ដូចជា​កាណាដា ដែល​បានចូលរួម​ជាមួយ​បារាំង ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម នៅ​តំបន់សាហ៊ែល។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ជាផ្លូវការ នៅថ្ងៃ​នេះ បារាំង និង​ប្រទេស​ដៃគូ​អឺរ៉ុប​បាន​ពន្យល់​ថា ដោយសារ​តែ​ជួប​ឧបសគ្គ​ច្រើនយ៉ាង ដែល​បង្កឡើង​ដោយរបបសឹកម៉ាលី កាណាដា បណ្តាប្រទេស​នៅអឺរ៉ុប ដែល​ចូលរួម​ក្នុង​កងកម្លាំង Takuba និងធ្វើការ​ជាមួយ​ប្រតិបត្តិការ បារកាន​របស់​បារាំង​បាន​សម្រេចចិត្ត​ដកកងទ័ព​របស់ខ្លួន​ចេញពីម៉ាលី។ សម្រាប់​ក្រុមប្រទេស​លោកខាងលិច លក្ខខណ្ឌ​នៅប្រទេស​ម៉ាលី សព្វថ្ងៃនេះ មិនអនុញ្ញាត​ឲ្យ​គេ​ប្រយុទ្ធប្រឆាំងក្រុមភេរនិយម​ដោយ​មានប្រសិទ្ធិភាព​ ជោគជ័យ​នោះទេ។ ដូច្នេះ គេ​សម្រេច​ដកទ័ព និងមធ្យោបាយយោធា​ផ្សេងទៀត ដែលគេ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ាលី។

បារាំង​នឹង​អឺរ៉ុប ដកទ័ពចេញពីម៉ាលី  តើប្រតិបត្តិការ​បាកកាន របស់​បារាំង ដែលដាក់បញ្ចូល​ម៉ាលីផងដែរ នឹង​ប្រែក្លាយ ទៅជា​យ៉ាង​ណា?

សព្វថ្ងៃនេះ បារាំង​ពង្រាយ​កងទ័ពរបស់ខ្លួន ប្រមាណ ៤៦០០នាក់ នៅតំបន់​សាហ៊ែល សម្រាប់ ប្រតិបត្តិការ​បារកាន និង​មួយចំនួន សម្រាប់​ប្រតិបត្តិការក្រុម​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោមទាហាន​បារាំង ៤៣០០នាក់ ដែល​ធ្វើការ​សម្រាប់​ប្រតិបត្តិការ​បារកាន នៅ​តំបន់​សាហ៊ែល​អាហ្វ្រិក មាន​២៥០០នាក់ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅប្រទេសម៉ាលី។

តាមបញ្ជាការដ្ឋាន​ទ័ព​បារាំង នៅពេល​បារាំង ដកទ័ព​ចេញ​ពីម៉ាលី ចប់សព្វគ្រប់  ចំនួន​ទ័ព​របស់​បារាំង សម្រាប់​ប្រតិបត្តិការ​បារកាន ដែលបាន​បារាំង​បានរួមសហការ​ជាមួយ​ប្រទេស​អាហ្វ្រិក​៥ នៅ​តំបន់សាហ៊ែល​នឹង​ធ្លាក់ថយចុះ មក​នៅ​ត្រឹម ប្រមាណ ៣ពាន់នាក់។

ជារួម ទោះបារាំង និង​ប្រទេស​ដៃគូ​អឺរ៉ុប​ដកទ័ព​ចេញពី​ម៉ាលី ប៉ុន្តែ ប្រតិបត្តិការ​បារកាន និង​Tokuba របស់​ទ័ពអឺរ៉ុប សម្រាប់​ប្រយុទ្ធប្រឆាំង នឹង​ក្រុមភេរវនិយម​នៅទឹកដីអាហ្វ្រិក នៅតែបន្តទៅមុខ។ គេ​លែង​ធ្វើ​ប្រតិបត្តិការ​ទ័ព​ក្នុងទឹកដី​ម៉ាលី ដូចមុន ប៉ុន្តែ ប្រតិបត្តិការ​បារកាន របស់​បារាំង និង​អឺរ៉ុប​នឹង​នៅ​បន្ត​មាន​នៅ​ប្រទេស​អាហ្វ្រិក​៤ផ្សេងទៀតនៅ​តំបន់​សាហ៊ែល​អាហ្រ្វិក ដែល​ធ្លាប់​បាន​សហការ​ជាមួយ​បារាំង រហូតមក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ក្រុមអាល់កៃដា នៅទឹកដី​អាហ្វ្រិក ដែលមាន​ដូចជា​នីហ្សេ ម៉ូរីតានី ឆាដ និង​បៀរគីណាហ្វាសូជាដើម។

ដោយសារ​ដកទ័ព​ចេញពី​​ម៉ាលី ប្រតិបត្តិការ​បារកាន​របស់​បារាំង និង​អឺរ៉ុប សម្រាប់​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម​នៅអាហ្វ្រិក អាច​ផ្លាស់ប្តូរ​ទម្រង់ថ្មី ដោយ​នឹង​អាច​ទៅ​ប្រមូលផ្តុំ​កម្លាំង​នៅប្រទេស​ជិតខាង​ម៉ាលី ដូចជា​នៅ​នីហ្សេជាដើម ពោលគឺ​ដើម្បីបន្ទុចបង្អាក់​កុំឲ្យក្រុមជីហាត​អ៊ីស្លាមជ្រុលនិយម និង​ក្រុមអាល់កៃដា ពង្រីកដែន​ឥទ្ធិពល​របស់ខ្លួន ទៅក្នុង​តំបន់អាហ្វ្រិកា​ខាងលិច។

ម្យ៉ាង ដោយ​កាត់បន្ថយ​វត្តមានទ័ពជើងគោក ​នៅទឹកដីអាហ្វ្រិក បារាំង​អាច​ពិចារណា​ប្រើ​មធ្យោបាយ​វាយប្រហារ​ពីលើ​អាកាស​ដូចជា​យន្តហោះដ្រូន ដែល​អាមេរិក កំពុង​ប្រើ​ក្នុង​ទឹកដីស៊ីរី ឬ​យេម៉ែន ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមអាល់កៃដា ឬ​ក្រុមជីហាត​ភេរវនិយម។

គ្មាន​ទាហាន​បារាំង និង​ទាហាន​អឺរ៉ុប នៅចាំជួយ តើ​របបសឹក​ម៉ាលី មាន​សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ក្រុមភេរវនិយម?

បារាំង​ដកទ័ពចេញពីម៉ាលី ធ្វើ​ឲ្យគេ​នឹកឃើញ​ទៅដល់អាមេរិក​ដែល​ដកកងទ័ព​ដោយ​ប្រថុចញ៉ុច​បំផុត ពី​អាហ្វហ្កានីស្ថាន កាលពី​ពាក់កណ្តាល​ឆ្នាំមុន។

នៅប៉ុន្មានខែ​ក្រោយ​អាមេរិក​ដកទ័ពចេញពីអាហ្វហ្កានីស្ថាន នៅក្រោយ​សង្រ្គាម ២០ឆ្នាំ​ប្រយុទ្ធប្រឆាំង​ពួកតាលីបង់ ដែលអាមេរិក​ចោទថា​គាំទ្រក្រុមអាល់កៃដា បារាំង​ដកទ័ព​ចេញពីម៉ាលី ជាទី​ដែល​បារាំង​បាន​បើកប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅតំបន់សាហ៊ែល ៩ឆ្នាំមកនេះ។ ចង់​ឬ​មិនចង់ រឿង​នេះបាន​សបញ្ជាក់​សាជាថ្មី ថា ប្រទេស​លោក​ខាង​លិច បរាជ័យ ក្នុង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន នៅ​ទឹកដី​បរទេស។

ការដកទ័ព​របស់​អាមេរិក ចេញពី​អាហ្វហ្កានីស្ថាន និង​ការដកទ័ព​របស់​បារាំង ចេញពីម៉ាលី ក៏អាច​ជា​សញ្ញា​លើកទឹកចិត្ត​ផងដែរ ក្រុម​ជីហាត​ជ្រុលនិយម ក្រុមភេរវនិយម ឲ្យ​នៅតែ​មាន​ការអត់ធ្មត់ ដើម្បី​វាយឆ្មក់​ចូល​វាតទី​ទឹកដី នៅតាម​តំបន់​ដែល​ពួកគេ​ចង់បាន ព្រោះថា នៅទីបំផុត​កងកម្លាំង​បរទេស មិនអាច​ឈរជើង​នៅ​យូរជារៀងរហូត ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយមនោះទេ។ នៅម៉ាលី ប្រតិបត្តិការ​បារកាន​របស់​បារាំង​បាន​សម្លាប់​មេដឹកនាំ​ចលនា​ភេរវនិយម​សំខាន់ៗ​ជាច្រើនរូប និង​បាន​វាយបណ្តេញ បោសសម្អាត​ក្រុមភេរវនិយម​ចេញពីតំបន់​ជាច្រើន ប៉ុន្តែ ជាទូទៅ រដ្ឋាភិបាល​ម៉ាលី ក៏ដូចជា​កងទ័ពម៉ាលី គ្មាន​សមត្ថភាព​ទៅគ្រប់គ្រង​ធានាសន្តិសុខ ឲ្យ​តំបន់ ​ដែល​កងទ័ព​បារាំង បោសសម្អាតអស់ពីក្រុមភេរវនិយមនោះទេ។

ដោយសារ​តែ​គ្មាន​សមត្ថភាព មធ្យោបាយ​គ្រប់គ្រាន់​ដើម្បីគ្រប់គ្រង​ទឹកដី​ម៉ាលី គេ​បារម្ភ​ថា ម៉ាលី​នឹង​ធ្លាក់​ក្នុង​អសន្តិសុខ សាជាថ្មី ដោយសារ​ការវាយប្រហារ​របស់​ពួកជីហាត បណ្តាញ​អាល់កៃដា​នៅអាហ្វ្រិក នៅក្រោយ បារាំង​ដកកងទ័ពចេញពីម៉ាលី។ របបសឹក​ម៉ាលី សព្វថ្ងៃ​បាន​រត់ទៅ​ពឹងក្រុមទាហានស៊ីឈ្នួល​រុស្ស៊ី ពិតមែន ប៉ុន្តែ ក្រុមនេះ មាន​ទិសដៅ​តែមួយគត់ គឺ​ការងារ​ប្រយោជន៍​សេដ្ឋកិច្ចរបស់​ក្រុមហ៊ុន​រុស្ស៊ី​នៅម៉ាលីតែប៉ុណ្ណោះ។

ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី​នឹង​មិន​ទៅ​ចំណាយ​កម្លាំង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ដែលវាយប្រហារ​គំរាមកំហែង​សន្តិសុខ​របស់​ប្រជាជន​ម៉ាលីនោះទេ។ ដូច​ប្រធានាធិបតីបារាំង​បាន​លើកឡើង​នៅថ្ងៃ​នេះ​អីចឹង។ របបសឹក​ម៉ាលី​បាន​រត់ទៅពឹងជំនួយ ទាហាន​ស៊ីឈ្នួលរុស្ស៊ី គឺ​គ្រាន់តែ​ដើម្បី​ការពារ ក្រាញអំណាច​របស់ខ្លួន នៅម៉ាលី ពោលគឺមិនបាន​គិត​ដល់​សុខសុវត្ថិភាព សន្តិសុខ​របស់​ប្រជាជន​ម៉ាលី​ជាទូទៅនោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ