អានតួអត្ថបទ
អ៊ុយក្រែន

សង្រ្គាមអ៊ុយក្រែន៖ប្រមុខរដ្ឋាភិបាលអឺរ៉ុបចំនួន ៣ប្រទេសបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ

ខណៈ​ដែល​សង្រ្គាម​នៅ​អ៊ុយក្រែន​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​មក​ពី ៣ប្រទេស គឺ​ប៉ូឡូញ សាធារណរដ្ឋ​ឆែក និង​ស្លូវេនី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​កៀវ​នា​ថ្ងៃ​អង្គារ ទី១៥ មីនា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អឺរ៉ុប​ដល់​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន​នៅ​ចំពោះ​មុខ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ តាំង​ពី​រុស្ស៊ី​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ក្នុង​ថ្ងៃទី២៤ កុម្ភៈ​មក នេះ​ជា​លើកទី១ ដែល​មាន​ក្រុម​មេដឹកនាំ​បរទេស​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កៀវ។

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki AFP - GEERT VANDEN WIJNGAERT
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ ឆែក និង​ស្លូវេនី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កៀវ​ដោយ​ជិះ​រថភ្លើង​ចេញ​ពី​ប្រទេស​ប៉ូឡូញ។ នាយក​ខុទ្ទកាល័យ​នៃ​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​បាន​បញ្ជាក់​ថា រថភ្លើង​ដែល​ដឹក​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​ទាំង ៣រូប​រួម​ទាំង​ក្រុម​គណៈប្រតិភូ​បាន​បរ​ឆ្លង​កាត់​ព្រំដែន​ប៉ូឡូញ និង​អ៊ុយក្រែន​នៅ​វេលា​ម៉ោង ៨ព្រឹក​ម៉ោង​ក្នុង​ប្រទេស​ប៉ូឡូញ។ នាយក​ខុទ្ទកាល័យ​នៃ​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ដំណើរ​ទៅ​កាន់​ទីក្រុង​កៀវ​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ូឡូញ សាធារណរដ្ឋ​ឆែក និង​ស្លូវេនី​បាន​ធ្វើ​ឡើង​តាម​ការ​សម្រេចចិត្ត​រួម​គ្នា​នា​ឱកាស​ជំនួបកំពូល​អឺរ៉ុប​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារាំង​កាល​ពី​សប្តាហ៍​កន្លង​ទៅ។

« នៅ​ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​សម្រាប់​ពិភពលោក វា​ជា​កាតព្វកិច្ច​របស់​យើង​ដែល​ត្រូវ​រួម​សាមគ្គី​គ្នា។ មិនមែន​សម្រាប់​តែ​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អនាគត​របស់​កូនៗ​យើង​ដែល​សក្តិសម​នឹង​រស់នៅ​ក្នុងពិភពលោក​មួយ​ដែល​គ្មាន​អំណាច​ផ្តាច់ការ និង​ការ​ជិះជាន់ » នេះ​សំណេរ​របស់​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​លោក Mateusz Morawiecki នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក។ ទន្ទឹម​គ្នា​នេះ លោក Mateusz Morawiecki បាន​ចាត់​ទុក​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ជា​ទង្វើ​ឈ្លានពាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ៊ុយក្រែន។ « ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​ទាំង ៣រូប​មាន​គោលដៅ​បញ្ជាក់​ពី​ការ​គាំទ្រ​ពេញលេញ​របស់​សហភាព​អឺរ៉ុប​ចំពោះ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​អ៊ុយក្រែន » នេះ​ជា​ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តី​ឆែក​លោក Petr Fiala។

ដំណើរ​ទៅ​កាន់​ទីក្រុង​កៀវ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ប៉ូឡូញ ឆែក និង​ស្លូវេនី​ធ្វើ​ឡើង ខណៈ​ដែល​ទីក្រុង​រដ្ឋបាល​អ៊ុយក្រែន​មួយ​នេះ​កំពុង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល និង​ការ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី។ គួរ​បញ្ជាក់​ថា តាំង​ពី​រុស្ស៊ី​បើក​ការ​វាយប្រហារ​លើ​អ៊ុយក្រែន​ក្នុង​ថ្ងៃទី២៤ កុម្ភៈ នេះ​ជា​លើកទី១ ដែល​មាន​ក្រុម​មេដឹកនាំ​បរទេស​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កៀវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ