អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្រីលង្កា៖​តើប្រទេសអាស៊ីខាងត្បូង​មួយនេះ​កំពុងផ្តើមភ្លក់រសជាតិបដិវត្តន៍អារ៉ាប់ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នា​យប់​ថ្ងៃ​សុក្រ ទី១ មេសា។ ទន្ទឹម​គ្នា​នេះ លោក​រ៉ាយ៉ាប៉ាក់សា​ក៏​បាន​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​នៅ​តាម​ទីក្រុង​ធំៗ​ដើម្បី​ទប់​នឹង​កំណើន​បាតុកម្ម​របស់​ប្រជាជន។ គួរ​បញ្ជាក់​ថា ប្រជាជន​ស្រីលង្កា​ជា​ច្រើន​រយ ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ ពិសេស​ការ​ខ្វះ​ប្រេងសាំង ថ្នាំពេទ្យ និង​អាហារ​បរិភោគ។ តែ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា បាតុកម្ម​ពេល​នេះ​បាន​ដឹក​នាំ​ដោយ​ក្រុម​អ្នកជ្រុលនិយម​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍អារ៉ាប់​ក្នុង​គោលដៅ​រំលំ​រដ្ឋាភិបាល​សព្វថ្ងៃ។

តើប្រទេសស្រីលង្កា​កំពុងផ្តើមភ្លួករសជាតិបដិវត្តន៍អារ៉ាប់ឬ?
តើប្រទេសស្រីលង្កា​កំពុងផ្តើមភ្លួករសជាតិបដិវត្តន៍អារ៉ាប់ឬ? AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន និង​ការ​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​ជា​រឿង​ចាំ​បាច់ និង​ជា​កាតព្វកិច្ច​មួយ​ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ រួម​ទាំង​រក្សា​ការ​ផ្គត់ផ្គង់ និង​សេវាសំខាន់ៗ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ ពោល​មុន​នឹង​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន លោក​រ៉ាយ៉ាប៉ាក់សា​ក៏​បាន​ប្រើ​កងទ័ព​ឲ្យ​ជួយ​ការពារ​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ស្ថានីយ៍​ប្រេងឥន្ធនៈ។ មួយ​វិញ​ទៀត កងទ័ព​មាន​តួនាទី​ត្រឹម​ជួយ​គាំទ្រ​កម្លាំង​ប៉ូលិស ពោល​មិន​អាច​ធ្វើ​សកម្មភាព​តែ​ឯង​បាន​ទេ។ តែ​នៅ​ថ្ងៃ​សៅរ៍ ទី២ មេសា លោក​រ៉ាយ៉ាប៉ាក់សា​បាន​ដាក់​ពង្រាយ​ទាហាន​កាន់​តែ​ច្រើន និង​បាន​ប្រគល់​អំណាច​កាន់​តែ​ធំ​ឲ្យ​ទាហាន​ក្នុង​ការ​ធ្វើ​សកម្មភាព​ទប់ទល់​នឹង​ក្រុម​បាតុករ។

តាម​លោក​រ៉ាយ៉ាប៉ាក់សា ទាហាន​មាន​សិទ្ធិ​ចាប់​ខ្លួន និង​ដាក់​គុក​ជន​សង្ស័យ​ទាំង​អស់​ដោយ​មិន​រើស​មុខ។ ការ​ប្រគល់​អំណាច​ទូលំទូលាយ​ឲ្យ​កងទ័ព​ពេល​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ស្ថានការណ៍​ហាក់​កំពុង​បន្ត​ពុះកញ្ជ្រោល​កាន់​តែ​ខ្លាំង។ ទោះ​បី​ជា​ប្រទេស​ស្ថិត​ក្រោម​ស្ថានភាព​អាសន្នភាព និង​មាន​ការ​ដាក់​ពង្រាយ​ទាហាន​កាន់​តែ​ច្រើន​ក៏​ប្រជាជន​បន្ត​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ ទី២ មេសា និង​បន្ត​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី៣ មេសា។ « វា​ល្មម​ដល់​ពេល​ដែល​រ៉ាយ៉ាប៉ាក់សា​ចុះ​ចេញ​ពី​តំណែង » នេះ​ជា​ឃ្លា​ដែល​មាន​សរសេរ​នៅ​លើ​បដា​របស់​បាតកុរ​ម្នាក់។ « មាន​អំពើ​ពុករលួយ​គ្រប់គ្រាន់ ត្រឡប់​ទៅ​ផ្ទះ​ឯង​វិញ​ទៅ ហ្គោតាបាយ៉ា » នេះ​ជា​សម្រែក​របស់​បាតុករ​ម្នាក់​ទៀត។

គួរ​រម្លឹក​ថា​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ មីនា មាន​បាតុករ​ជា​ច្រើន​រយនាក់​បាន​ព្យាយាម​សម្រុក​ចូល​ផ្ទះ​របស់​ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា។

រូបភាព​នៃ​ការ​ផ្ទុះ​កំហឹង​នៅ​ស្រីលង្កា​ជា​បដិវត្តន៍អារ៉ាប់?

រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ក្រុម​ភេរវជន​ស្ថិត​នៅ​ពី​ក្រោយ​ក្រុម​បាតុករ។ ចំណែក​ការិយាល័យ​ប្រធានាធិបតី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា បាតុកម្ម​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ មីនា​បាន​រៀបចំ​ដោយ​ក្រុម​ជ្រុលនិយម​ដែល​អំពាវនាវ​ឲ្យ​មាន​បដិវត្តអារ៉ាប់។ តើ​គេ​អាច​និយាយ​បាន​ទេ​ថា អ្វី​ដែល​កំពុង​ផ្ទុះ​នៅ​ស្រីលង្កា​ពេល​នេះ​ជា​រូបភាព​នៃ​បដិវត្តអារ៉ាប់?។ ពិត​ជា​អាច​និយាយ​បាន ព្រោះ​ដើមចម​នៃ​ការ​ផ្ទុះ​បដិវត្តអារ៉ាប់​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​កាល​ពី​ជាង ១០ឆ្នាំ​មុន គឺ​កើត​ចេញ​ពី​កំហឹង​របស់​ប្រជាជន​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ និង​អំពើ​ពុករលួយ​របស់​ថ្នាក់ដឹកនាំ។

ស្រីលង្កា​ដែល​មាន​ប្រជាជន​រស់នៅ​ចំនួន ២២លាននាក់​កំពុង​ស្គាល់​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងន់ ពិសេស​ខ្វះ​ស្បៀងអាហារ​ចាំបាច់ ថ្នាំពេទ្យ និង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់។ តម្លៃ​ទំនិញ​គ្រប់​សព្វ​សារពើ​ឡើង​ថ្លៃ​ខ្ពស់ ហើយ​អត្រា​អតិផរណា​កំពុង​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ជាប់​គ្នា ពិសេស​ឡើង​ជាង ១៨% ក្នុង​ខែ​មីនា​កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​កូឡុំបូ។ គួរ​បញ្ជាក់​ថា វិស័យ​ទេសចរណ៍ និង​ការ​ផ្ញើ​លុយ​ទៅ​ឲ្យ​បងប្អូន​ពី​បរទេស​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ស្រីលង្កា។ តែ​ប្រភពចំណូល​ទាំង​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​សម័យ​វិបត្តិ​កូវីដ១៩។

មួយ​វិញ​ទៀត​ក្នុង​ឆ្នាំ ២០២០ រដ្ឋាភិបាល​បាន​ដាក់​ការ​ហាម​នាំ​ចូល​ពី​បរទេស​ក្នុង​គោលដៅ​សន្សំ​រូបិយបណ្ណ​បរទេស​សម្រាប់​ទុក​សង​ទៅ​ម្ចាស់បំណុល​បរទេស ពិសេស​ចិន និង​ឥណ្ឌា។ គេ​អាច​និយាយ​បាន​ថា ប្រទេស​អាស៊ីខាងត្បូង​មួយ​នេះ​កំពុង​ឆ្លង​កាត់​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៤៨។

បំណុល​លើ​បំណុល

តាម​ក្រុម​សេដ្ឋវិទូ វិបត្តិ​សេដ្ឋកិច្ច​ដែល​ស្រីលង្កា​កំពុង​ជួប​ប្រទះ​ពេល​នេះ​ជា​រឿង​ដែល​គេ​បាន​រង់ចាំ ឬ​ជា​រឿង​ដែល​មិន​អាច​គេ​ផុត។ ពិត​ណាស់ គេ​អាច​ទម្លាក់​កំហុស​មួយ​ចំណែក​លើ​វិបត្តិ​កូវីដ១៩ ដែល​បាន​ធ្វើ​ឲ្យ​ស្រីលង្កា​បាត់​ចំណូល​ជា​មូលដ្ឋាន​ពី​អ្នក​ទេសចរណ៍​បរទេស និង​បាត់​ចំណូល​ពី​ពលរដ្ឋ​ស្រីលង្កា​រស់នៅ​បរទេស​ដែល​តែង​ផ្ញើ​លុយ​ទៅ​ឲ្យ​បងប្អូន ក្រុម​គ្រួសារ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុម​សេដ្ឋវិទូ​បាន​សម្លឹង​ឃើញ​ពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ល្អ​របស់​រដ្ឋាភិបាល គំនរ​ប្រាក់បំណុល​បរទេស​កាន់​តែ​ច្រើន​ឡើងៗ និង​ការ​កាត់​បន្ថយ​ពន្ធ​មិន​ចំ​គោលដៅ។

ក្នុង​មួយ​ឆ្នាំៗ ស្រីលង្កា​ត្រូវ​សង​បំណុល​បរទេស​ប្រមាណ ៧ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន ស្រីលង្កា​ជាប់​ប្រាក់​បំណុល​សរុប​៥១ពាន់លាន​ដុល្លារ​ដែល​មួយ​ភាគ​ធំ​ខ្ចី​ពី​ចិន។ អ្វី​ដែល​ក្រុម​អ្នក​ជំនាញ​បារម្ភ​ខ្លាំង គឺ​ការ​ដែល​ស្រីលង្កា​លែង​មាន​លទ្ធភាព​សងបំណុល​គេ។ តែ​នៅ​ចំពោះ​មុខ​ពេល​នេះ រដ្ឋាភិបាល​បាន​ថ្លែង​ពី​ការ​ព្យាយាម​រក​ជំនួយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ចង់​ខ្ចី​លុយ​បន្ថែម​ពី​ចិន និង​ពី​ឥណ្ឌា។ បើ​តាម​មើល​ទៅ រដ្ឋាភិបាល​ហាក់​គ្មាន​ជម្រើស​អ្វី​​ផ្សេង​ក្រៅ​ពី​រក​ខ្ចី​លុយ​ថែម​ដើម្បី​សង​បំណុល​គេ។ រូបភាព​នេះ​ជា​ការ​បន្ថែម​បំណុល​លើ​បំណុល។ តើ​មាន​ថ្ងៃ​ដែល​ស្រីលង្កា​អាច​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ពេល​នេះ​ដែរ ឬ​ទេ?។

ប្រហែល​ជា​ពិបាក​បន្តិច ហើយ​ប្រធានាធិបតី រួម​ទាំង​រដ្ឋាភិបាល​ក៏​បាន​ដឹង​ច្បាស់​ណាស់​លើ​បញ្ហា​នេះ។ ដូច្នេះ​ពេល​នេះ បាតុកម្ម​អាច​នឹង​មាន និង​បន្ត​មាន​កាន់​តែ​ខ្លាំង​ដោយ​គេ​មិន​ដឹង​ថា វា​នឹង​ត្រូវ​ចប់​តាម​របៀប​ណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន អំណាច​របស់​ប្រធានាធិបតី​លោក​ហ្គោតាបាយ៉ា រ៉ាយ៉ាប៉ាក់សា​កំពុង​ប្រឈម​នឹង​ហានិភ័យ ពិសេស​ត្រកូល​រ៉ាយ៉ាប៉ាក់សា​តែ​ម្តង ព្រោះ​បង​ប្រុស​របស់​ប្រធានាធិបតី​កាន់​តំណែង​នាយករដ្ឋមន្ត្រី ប្អូន​ប្រុស​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បងប្រុស​ច្បង​កាន់​តំណែង​រដ្ឋមន្ត្រី​កសិកម្ម និង​ក្មួយ​ប្រុស​ម្នាក់​ទទួល​បន្ទុក​ផ្នែក​កីឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ