អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើលោកពូទីន​នឹង​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរតាក់ទិក នៅក្នុង​សង្រ្គាម​អ៊ុយក្រែនដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​ដែល​សង្រ្គាម​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​ ៥២ថ្ងៃ​នា​ថ្ងៃសៅរ៍​នេះ ព័ត៌មាន​ស្តីពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ របស់​រុស្ស៊ី កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ។ នៅក្នុងបទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិកាំង CNN កាលពីថ្ងៃ​សុក្រ ប្រធានា​ធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បានបញ្ជាក់​ការលើកឡើង​របស់​ប្រធាន​ទីភ្នាក់ងារស៊ើបការណ៍អាមេរិក​ដែលថា ប្រឈម​នឹង​បរាជ័យ​របស់​រុស្ស៊ី​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន លោក​ពូទីន​នឹងអាច​សម្រេចចិត្ត​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ តើ​លោក​ពូទីន​អាចនឹង​ហ៊ាន​​ប្រើអាវុធនុយក្លេរអ៊ែរដែរឬ​ទេ និង​ថា តើរុស្ស៊ី​នឹង​ទទួល​​ផលវិបាកអ្វី​ខ្លះ បើ​ពូទីន​សម្រេច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​​​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន?

ក្បួនព្យុហយាត្រា​ទ័ព​រុស្ស៊ី​បង្ហាញ មីស៊ីល​អន្តរទ្វីប​ដែល​អាចមាន​សមត្ថភាព​ផ្ទុកក្បាលគ្រាប់នុយក្លេអែរ។ រូបថត​នៅថ្ងៃ​ទី​២៤​មិថុនា ២០២០ នៅ​ទីលាន​ក្រហម​ក្នុងទីក្រុង​ម៉ូស្គូ
ក្បួនព្យុហយាត្រា​ទ័ព​រុស្ស៊ី​បង្ហាញ មីស៊ីល​អន្តរទ្វីប​ដែល​អាចមាន​សមត្ថភាព​ផ្ទុកក្បាលគ្រាប់នុយក្លេអែរ។ រូបថត​នៅថ្ងៃ​ទី​២៤​មិថុនា ២០២០ នៅ​ទីលាន​ក្រហម​ក្នុងទីក្រុង​ម៉ូស្គូ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ីបានធ្វើដូចសំដីព្រមានរបស់ខ្លួន​ដែលថា នឹង​បង្កើន​ការវាយប្រហារ​ទៅលើ​អ៊ុយក្រែន នៅក្រោយ​រុស្ស៊ី បាត់បង់​នាវាចម្បាំង​ដ៏​សំខាន់​របស់ខ្លួន នៅ​សមុទ្រខ្មៅ។ នៅ​ថ្ងៃ​សៅរ៍ទី ១៦ មេសា កងទ័ព​រុស្ស៊ី​បាន​បាញ់បំផ្លាញ រោងចក្រយោធាថ្មីមួយទៀត​របស់​អ៊ុយក្រែន នៅក្បែរ​រដ្ឋធានី​កៀវ។ កាលពី​ថ្ងៃ​សុក្រ ក្រសួងការពារ​រុស្ស៊ី​បាន​អះអាងថា គេ​បាន​បាញ់​បំផ្លាញ រោងចក្រ​ផលិត​មីស៊ីល​ប្រឆាំង​នាវាចម្បាំង ឈ្មោះ Neptune។ មីស៊ីល​Neptune ដែល​កងទ័ព​អ៊ុយក្រែន​អះអាងថា គេបាន​ប្រើ​សម្រាប់​បាញ់​បំផ្លាញ នាវាចម្បាំង​Moskva របស់​រុស្ស៊ី ដែលបាន​លិច​ចូល​ទៅ​ក្នុង​ទឹក កាលពី​ថ្ងៃ​ព្រហស្បតិ៍។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក CNN ដែលគេដកស្រង់ មក​ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍ទី​១៦ មេសា ប្រធានាធិបតី អ៊ុយក្រែន លោក​ហ្សេឡេនស្គី បាន​និយាយ​បន្ទរ​ការព្រមាន​របស់​ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក​ដែលថា ប្រឈម​នឹង​ការខាតបង់ផ្នែក​យោធានៅក្នុង​សង្រ្គាមអ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ីនឹង​អាចយកជម្រើស​ប្រើអាវុធ​នុយក្លេអ៊ែរ នៅក្នុង​សង្រ្គាមអ៊ុយក្រែន។

ក្តីបារម្ភ​ដែលថា រុស្ស៊ី​នឹង​អាច​ប្រើ​អាវុធនុយក្លេអ៊ែរ មាន​កាន់តែខ្លាំងឡើង។ នៅ​សប្តាហ៍នេះ រុស្ស៊ី​បាន​ព្រមាន​អាមេរិក​រួចហើយ ពី​ផលវិបាក​ធ្ងន់ធ្ងរ បន្ទាប់ពី​អាមេរិក​បង្កើន​ការផ្តល់អាវុធ​ធុនធ្ងន់​ទៅ​ឲ្យកងទ័ពអ៊ុយក្រែន។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ បញ្ជូន​កងទ័ព​ឲ្យចូល​ឈ្លានពាន​អ៊ុយក្រែន លោកប្រធានាធិបតី​រុស្ស៊ី ផ្ទាល់ ធ្លាប់​បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី ប្រុងជើងការ​អាវុធ​នុយក្លេអ៊ែរ ក្នុងហេតុថា ប្រទេស​លោកខាងលិច កំពុង​ចាត់វិធានការខ្លាំង​ប្រឆាំង​នឹង​រុស្ស៊ី ដែល​បើកប្រតិបត្តិការ​សឹក នៅ​អ៊ុយក្រែន។

គេ​វាយតម្លៃថា ការប្រកាស​របស់​លោកពូទីន កាលពី​ជាង ១ខែមុន គឺ​អាច​ជា​យុទ្ធសាស្រ្ត​គំរាមតែ​ប៉ុណ្ណោះ ពោលគឺ ដើម្បី​កុំ​ឲ្យ​ប្រទេស​លោកខាងលិច លូកដៃ អន្តរាគម ជួយ​អ៊ុយក្រែន ព្រោះថា បើជួយ​អ៊ុយក្រែន គឺមានន័យស្មើ​ប្រកាស​សង្រ្គាមជាមួយ​រុស្ស៊ី និង​អាច​ផ្ទុះ​សង្រ្គាមនុយក្លេអ៊ែរ។

ប៉ុន្តែ ដោយសារ​សង្រ្គាម​អ៊ុយក្រែន ចេះតែ​អូសបន្លាយ  ដោយ​កងទ័ពរុស្ស៊ីមិន អាច​វាយបំបាក់អ៊ុយក្រែន ផ្ទុយទៅវិញ គឺ កំពុង​ប្រឈម នឹង​ការខាតបង់យោធាធ្ងន់ធ្ងរ ជាពិសេស​នៅក្រោយ នាវាចម្បាំង​Moskvaរបស់រុស្ស៊ី ត្រូវលិចលង់​កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយសារ​ការវាយប្រហារ​របស់​គ្រាប់មីស៊ីល​អ៊ុយក្រែន យ៉ាងដូច្នេះ លទ្ធភាព​ដែល​រុស្ស៊ី អាចយក​ជម្រើស ប្រើ​អាវុធនុយក្លេអ៊ែរ​នៅ​ក្នុង​សង្រ្គាមអ៊ុយក្រែន គឺ​មាន​កាន់តែ​ច្រើន។ តាម​អ្នកជំនាញខាង​ស៊ើបការណ៍សម្ងាត់ រុស្ស៊ី​បាន​បោះបង់ចោល​មនោគមវិជ្ជា​សូវៀត ដោយ​ងាក​មកប្រើមនោគមវិជ្ជារុស្ស៊ី នោះ គឺ​ការប្រើ​អាវុធនុយក្លេអ៊ែរ សម្រាប់​ជម្រើសចុងក្រោយបំផុត។

ប្រធានទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់អាមេរិក CIA លោក William Burns កំពុង​បារម្ភ​ថា ដោយសារ​តែចាញ់ បង់ខាតផ្នែក​យោធា​ច្រើនពេក​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន លោក​ពូទីន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រុស្ស៊ីនឹង​អាចសម្រេចចិត្ត​ប្រើ​អាវុធនុយក្លេអ៊ែរ​តាក់ទិក នៅក្នុង​សង្រ្គាមអ៊ុយក្រែន។ លោក​Pavel Luzin មកពី​ក្រុមអ្នកវិភាគ​ឈ្មោះ Riddle ដែលមាន​មូលដ្ឋាន នៅទីក្រុង​ម៉ូស្គូ​និយាយ​ថា រុស្ស៊ី​អាច​ប្រើអាវុធនុយក្លេអ៊ែរ តាក់ទិក នៅក្នុង​សមរភូមិ ក្នុង​គោលដៅ បំបាក់​ស្មារតី ធ្វើឲ្យគូសត្រូវ​ឈប់​ប្រយុទ្ធ និង​ប្រកាស​លើក​ទង់ជ័យស តែម្តង។

អ្វីទៅ ជា​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក?

អាវុធ​នុយក្លេអ៊ែរតាក់ទិកខុសពី​អាវុធនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​ត្រង់ថា វា​មាន​ទំហំតូចជាង​។ ជាទូទៅ គ្រាប់បែកនុយក្លេអ៊ែរ​តាក់ទិកត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​ប្រើ​ក្នុង​សមរភូមិប្រយុទ្ធ និង​ក្នុង​រយៈចម្ងាយ​តិច ជាង ៥ពាន់​គីឡូម៉ែត្រ។ ចំណែក​គ្រាប់នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​វិញ ភាគច្រើន​គឺ​គេផ្ទុក​នៅ​លើ​មីស៊ីល​អន្តរទ្វីប សម្រាប់​បាញ់​ចេញ​ទៅ​ទីកន្លែង​ឆ្ងាយៗ។

សព្វថ្ងៃនេះ រុស្ស៊ី​បាន​ពង្រាយ​មីស៊ីល​ដែល​មាន​ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ​ចំនួន ១៥៨៨ មីស៊ីល ដែលនៅក្នុង ចំនួន ៨១២​ដើម​បាញ់ចេញពីដីម ៥៧៦ដើម​បាញ់ចេញ​ពី​នាវាមុជទឹក និង​២០០គ្រាប់ នៅក្នុង​យន្តហោះទម្លាក់គ្រាប់បែក។

ចំណុចមួយទៀត ដែលខ្ញុំ​ចង់បញ្ជាក់ ទោះ​គ្រាប់បែក​នុយក្លេអ៊ែរ​តាក់ទិក​អាច​គេ​ប្រើសម្រាប់​ចម្ងាយជិត ឬ ក្នុង​សមរភូមិ ប៉ុន្តែ មិនប្រាកដថា វាមានកម្លាំងបំផ្លាញ​តិច​ជាង គ្រាប់បែកនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​នោះទេ។ វា​បង្កមហន្តរាយ សម្លាប់មនុស្ស​ដូចតែគ្នា។

គេ​បាន​វាយតម្លៃហើយថា គ្រាប់បែក​នុយក្លេអ៊ែរ ដែលប្រទេស​មហាអំនាច​កំពុង​មាន​ក្នុង​សព្វថ្ងៃនេះ គឺ​មាន​កម្លាំងបំផ្លាញ សម្លាប់​មនុស្ស​ខ្លាំងមែនទែន គឺ​ខ្លាំងជាង ការទម្លាក់គ្រាប់បែក​របស់អាមេរិក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា នៅ​សម័យសង្រ្កាម​លោកលើកទី២​ទៅទៀត។ នៅឆ្នាំ​១៩៤៥ គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក មាន​ផ្ទុក​ជាតិផ្ទុះ តែ ១៥គីឡូតោន​តែប៉ុណ្ណោះ ប៉ុន្តែ វា​បានបង្ក​ការខូចខាត​ដ៏ធំធេង។ ចុះ​ទម្រាប់គ្រាប់បែក​នុយក្លេអ៊ែរ​សព្វថ្ងៃ ដែល​ផ្ទុកសារធាតុផ្ទុះ​ដល់​១០០ គីឡូតោននោះ តើ​វា​នឹង​បង្ក​មហន្តរាយ​សម្លាប់ជីវិត​មនុស្ស​ប៉ុណ្ណា?

នឹងមាន​ផលវិបាកអ្វី បើសិន​លោក​ពូទីន​សម្រេច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន?

ប្រើ​អាវុធ​នុយក្លេអ៊ែរ តាក់ទិក អាច​​ជាជម្រើស​ចុងក្រោយ របស់រុស្ស៊ី ដើម្បី វាយ​បំបាក់​កងទ័ព​អ៊ុយក្រែន និង​ព្រមាន​កុំ​ឲ្យអាមេរិក និង​​អូតង់ លូកដៃ​ចូល​ក្នុង​សង្រ្គាម អ៊ុយក្រែន។ ប៉ុន្តែ មិនមែន​មានន័យថា រុស្ស៊ី នឹង​ឈ្នះ​សង្រ្គាម​ទាំងស្រុង​នោះទេ។ ផ្ទុយទៅវិញ វា​បង្កគ្រោះមហន្តរាយ សម្លាប់ជីវិត​ដ៏ធ្ងន់ធ្ងរ ដែល​នឹង​អាច​ទាញទម្លាក់​រុស្ស៊ី​របស់​លោក​ពូទីន ឲ្យ​ជួបរឿង​អាក្រក់ៗ​ច្រើនយ៉ាង។ ទី១ លោកពូទីន​ត្រូវអាម៉ាស់ បាត់បង់ប្រជាប្រិយ នៅចំពោះមុខ​ប្រជាជន​រុស្ស៊ី ព្រោះថា ការប្រើអាវុធនុយក្លេអ៊ែរ​សបញ្ជាក់ថា ផែនការយោធា​របស់លោក នៅអ៊ុយក្រែន ជួបបរាជ័យ។ ទី ២ ការប្រើអាវុធ​ប្រល័យលោក ទៅលើ​ប្រទេស​មួយ​ដែលខ្លួន​កំពុង​ឈ្លានពាន នឹង​អាច​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ឯកោ នៅឆាកអន្តរជាតិ បាត់បង់​ទំនុកចិត្ត​ពីប្រទេស ដែល​នៅគាំទ្រ​រុស្ស៊ី ចុងក្រោយ ដូចជា​ចិន និង​ឥណ្ឌា។

អាវុធ​នុយក្លែអ៊ែរ ត្រូវបង្កើត​សម្រាប់​ទប់ទល់​នឹងកុំ​ឲ្យ​កើតមាន​សង្រ្គាមនុយក្លេអ៊ែរ។ បើសិន​រុស្ស៊ីហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បីសម្លាប់មនុស្សនៅ​ប្រទេស​ដែលខ្លួន​ឈ្លានពាន ប៉ុន្តែ មិនមែន​ដើម្បីការពារខ្លួន ពីការវាយប្រហារ​របស់​អ្នកដទៃ នោះ​រុស្ស៊ី​នឹង​អាច​ទាក់ទាញ រឿងអាក្រក់​ដាក់ខ្លួន។ សហគមន៍អន្តរជាតិ​នឹង​អាច​រួមសំឡេង​គ្នា តែមួយ ប្រតិកម្ម​តបវិញ ដោយ​មិនបណ្តោយ​ឲ្យ​រុស្ស៊ី ប្រើអាវុធ​នុយក្លេអ៊ែរ សម្លាប់​មនុស្ស ដូច​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​នោះទេ។ អាមេរិក​មាន​គ្រាប់បែកនុយក្លេអ៊ែរ​តាក់ទិក ឈ្មោះ B16 ដែលអាច​ផ្ទុកសារធាតុ​ផ្ទុះ ពី ០,៣​ទៅ ១០០គីឡូតោន។ ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទនេះ ត្រូវ​អាមេរិក​ដាក់បន្តុប​នៅលើមីស៊ីល ជាង ២០០ដើម ដែលនៅក្នុងនោះ ជាង​១០០​ដើម ត្រូវគេ​ដាក់ពង្រាយ​នៅទឹកដីអឺរ៉ុប។ នោះហើយ ជាក្តី​បារម្ភដែលថា នឹង​អាច​កើតមាន​សង្រ្គាម​លោក​លើកទី៣ សង្រ្គាម​នុយក្លេអ៊ែរ បំផ្លាញ​មនុស្ស​ជាតិ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ