អានតួអត្ថបទ
UN-រុស្ស៊ី-អ៊ុយក្រែន

មហា​សន្និបាត​​អង្គការ​សហ​ប្រ​ជា​ជាតិ​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ជជែក​ពី​សង្គ្រាម​អ៊ុយក្រែន

រុស្ស៊ី និង​អ៊ុយក្រែន​ជួប​ចរចា​គ្នា​នៅ​ព្រំដែន​បេឡារុសនា​ថ្ងៃ​ចន្ទ​ ២៨​កុម្ភៈ​នេះ​ដែល​ជា​ថ្ងៃ​ទី​៥​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​។ ក្នុង​ពេល​ជាមួយគ្នានេះ​ ក្រុមប្រឹក្សា​សន្តិសុខ​បាន​កោះ​ប្រជុំ​បន្ទាន់​​ទៅតាម​សំណើ​របស់​បារាំងដើម្បី​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់ និង​អាច​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​អ៊ុយក្រែន។ ចំណែកមហាសន្និបាត​អង្គការ​សហប្រជាជាតិ​វិញក៏​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ដ៏​កម្រ​មួយ​ដែរដើម្បី​ពិភាក្សា​ថាតើត្រូវថ្កោលទោសរុស្ស៊ីដែល​ចូល​ឈ្លានពាន​អ៊ុយក្រែន​ឬយ៉ាងណា​?

មហាសន្និបាតអង្គការសហប្រជាជាតិបើកកិច្ចប្រជុំវិសាមញ្ញពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែននៅថ្ងៃនេះ ទី២៨ កុម្ភៈ ឆ្នាំ២០២២នេះ។
មហាសន្និបាតអង្គការសហប្រជាជាតិបើកកិច្ចប្រជុំវិសាមញ្ញពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែននៅថ្ងៃនេះ ទី២៨ កុម្ភៈ ឆ្នាំ២០២២នេះ។ REUTERS - DAVID DEE DELGADO
ផ្សាយពាណិជ្ជកម្ម

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ដើម្បី​ជជែក​ពី​វិបត្តិ​អ៊ុយក្រែន

សង្គ្រាម​នៅអ៊ុយក្រែន​ដែល​បាន​ចាប់​ផ្ទុះ​ឡើងកាល​ពី​ថ្ងៃទី​ ២៤កុម្ភៈ ឆ្នាំ២០២២​ កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​ដ៏ក្តៅគគុក​ដែល​ពិភពលោក​កំពុងតែ​បើក​ភ្នែក​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទីបំផុត​។

នៅថ្ងៃចន្ទ​នេះ​ ​គណៈប្រតិភូរុស្ស៊ី​និងអ៊ុយក្រែន​ជួប​ចរចាគ្នា​ជាលើក​ដំបូង​ក្រោយ​ការ​ផ្ទុះ​សង្គ្រាម​ រីឯក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​វិញបាន​កោះ​ប្រជុំ​បន្ទាន់​ទៅតាម​សំណើ​របស់​ប្រទេស​បារាំង​ដើម្បី​ទាមទារ​ឲ្យ​មាន​បទ​ឈប់បាញ់​និង​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក៏​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ដ៏​កម្រ​មួយ​ដើម្បី​ជជែក​អំពី​វិបត្តិ​អ៊ុយក្រែន​។ កម្មវត្ថុ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​សម្រេច​ថាគួរ​តែ​ថ្កោលទោស​ការវាយប្រហារ​របស់ទីក្រុង​មូស្គូ​លើ​អ៊ុយក្រែន​ដែរ​ឬយ៉ាងណា​? និង​មួយ​ទៀត​គឺដើម្បី​ទាមទារ​ឲ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​សឹករបស់​ខ្លួន​ជា​បន្ទាន់​។

នេះ​គឺជា​លើកទី ១១​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ​ដែល​សម័យ​ប្រជុំ​បន្ទាន់​បែប​នេះ​ត្រូវបាន​រៀបចំ​ឡើង​។ កិច្ចប្រជុំ​ក៏​កម្រ​របស់​មហាសន្និបាតអង្គការ​សហប្រជាជាតិ​ស្តីអំពី​ជម្លោះនៅ​អ៊ុយក្រែន​នឹង​ចាប់​ផ្តើម​នៅវេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃចន្ទនេះ ម៉ោង​នៅក្នុង​ទីក្រុង​ញូវយ៉កនៃសហរដ្ឋអាមេរិក​ (ម៉ោង​១០​យប់​នៅក្នុង​ប្រទេស​ខ្មែរ) ជាមួយ​នឹង​សុន្ទរកថា​របស់​ប្រធានសភា​លោក​ Abdulla Shahid និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ហ្គូទែរស៍​។

នៅក្នុង​កិច្ច​ប្រជុំនេះ​ សមាជិក​ទាំងអស់​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ចំនួន​ ១៩៣ ប្រទេស​នឹង​ត្រូវ​សម្រេចចិត្ត​ថាតើ​ពួកគេ​គាំទ្រ​ឬមិនគាំទ្រ​លើ​សេចក្តី​សម្រេច​ឲ្យ​ថ្កោល​ទោស​រុស្ស៊ី​ដែល​ចូល​វាយ​ឈ្លានពាន​អ៊ុយក្រែន​។

តើ​UN​អាច​នឹង​ចេញ​សេចក្តី​សម្រេច​ថ្កោល​ទោស​រុស្ស៊ី​បានទេ?

គួររំឭកថា​ កិច្ចប្រជុំវិសាមញ្ញនៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅពេលនេះ​បាន​កើតឡើង​ នៅបន្ទាប់ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែលកាលពីថ្ងៃយប់​ថ្ងៃ​សុក្រ​ទី ២៥​ កុម្ភៈបានទទួល​បរាជ័យ​មិនអាច​ចេញ​សេចក្តីសម្រេច​ថ្កោលទោស​រុស្ស៊ីចំពោះការឈា្លនពាន​លើ​អ៊ុយក្រែន​បាន​ ដោយសារ​រុស្ស៊ី​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង។

កាលណោះ​ ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍និង​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​ទាំង​១៥​ប្រទេស មាន​១១ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​ តែ៣​ប្រទេស​បាន​បោះឆ្នោត​អនុប្បវាទ​។ ប្រទេស​ទាំងបី​នោះសុទ្ធតែជាអ្នកដែល​មានទំនាក់ទំនងល្អជាមួយរុស្ស៊ី​គឺ​ចិន ឥណ្ឌា និង​អេមីរ៉ាត​អារ៉ាប់​រួម​។

ក្នុងករណី​ដែល​សមាជិកអចិន្ត្រៃយ៍ទាំង៥​ រួមមាន​សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង និងចិន​ ប្រើសិទ្ធិវេតូប្រឆាំងនឹងការធ្វើសកម្មភាព​រួមគ្នា​ដើម្បីរក្សាសន្តិភាព​ពិភពលោក នោះសមាជិកក្រុមប្រឹក្សាសន្តិសុខ​ អាចមានសិទ្ធិ​ស្នើឲ្យ​មហាសន្និបាត​អង្គការ​សហប្រជាជាតិបើកសម័យប្រជុំពិសេសមួយបាន​ដូចជា​កិច្ចប្រជុំ​នៅថ្ងៃនេះ​អីចឹង​។

សម្រាប់​កិច្ច​ប្រជុំវិសាមញ្ញានេះ​ ទោះបី​ប្រទេស​រួមមាន​ស៊ីរី​ ចិន​ គុយបា​ និងឥណ្ឌា​ត្រូវ​បាន​គេ​រំពឹងថា​នឹងបោះឆ្នោត​គាំទ្រ​រុស្ស៊ី​ ឬបោះឆ្នោតអនុប្បវាទក្តី​ ក៏​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​សំឡេង​គាំទ្រ​លើស​ពី​ ១០០ សំឡេង​ឡើង​ទៅ​ដើម្បី​ឈានទៅ​ចេញ​សេចក្តី​សម្រេច​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែន​ និង​ដើម្បី​ទាមទារឲ្យ​រុស្ស៊ី​ដក​ថយ​កងទ័ព​ចេញ​ជាបន្ទាន់​។

ក្នុងករណី​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ នោះ​សេចក្តី​ប្រកាស​ថ្កោលទោស​រុស្ស៊ី​ទំនងជា​នឹងអាច​ចេញជា​ផ្លូវការ​បាន​នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ។​

កិច្ចចរចា​រវាងរុស្ស៊ីនិងអ៊ុយក្រែន

នៅ​ថ្ងៃចន្ទះនេះ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​គួរ​ឲ្យកត់​សម្គាល់​ចំនួន​ ៣ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ដូចបាន​បញ្ជាក់មុននេះ​បន្តិច​រួច​ហើយ​ដែលទី១ នោះគឺ​កិច្ច​ប្រជុំ​បន្ទាន់​ស្តី​អំពី​ស្ថានភាព​មនុស្សធម៌​ក្នុង​ប្រទេស​អ៊ុយក្រែន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​គ្រោង​បើក​នៅ​យប់នេះ​។ ទី២​ កិច្ចប្រជុំវិសាមញ្ញពិភាក្សាពីសង្គ្រាមអ៊ុយក្រែន​របស់​មហាសន្និបាតអង្គការ​សហប្រជាជាតិ និងទី​៣​ចុងក្រោយគេ​គឺ​ជំនួប​ចរចា​រវាង​គណៈប្រតិភូ​រស្ស៊ី និងអ៊ុយក្រែននៅឯ​ព្រំដែន​បេឡារុស​។

យោងតាមព័ត៌មាន​ដែល​ទើប​ធ្លាក់មកមុននេះបន្តិច​ បេឡារុស​ដែលជា​ម្ចាស់​អ្នក​រៀប​ចំ​ជំនួប​ខាង​លើ​និយាយថា​ខ្លួន​បានរៀបចំ​ទីតាំង​ប្រជុំ​រួចរាល់អស់​ហើយ​ ហើយ​កិច្ចចរចា​នឹង​ចាប់​ផ្តើម​ភ្លាម​តែម្តង​នៅ​ពេល​ដែល​គណៈប្រតិភូ​នៃ​ភាគីជម្លោះទាំងពីរ​ទៅ​ដល់​បន្ទប់​ប្រជុំ​។

មានសេចក្តី​រាយការណ៍ថា​គណៈប្រតិភូ​របស់​អ៊ុយក្រែន​បាន​ទៅដល់​ព្រំដែន​ជាប់​ប្រទេស​បេឡារុស​ហើយ​ដើម្បី​ពិភាក្សា​ជាមួយ​តំណាង​អ្នក​ចរចា​របស់​រុស្ស៊ី​នៅថ្ងៃ​ទីប្រាំ​នៃ​ការ​វាយលុក​របស់​វិមាន​ក្រឹមឡាំង​។

ជាការ​គួរឲ្យ​កត់​សម្គាល់​ ទាំង​រុស្ស៊ី​និង​អ៊ុយក្រែន​សុទ្ធតែ​បាន​បង្ហាញ​ពី​ចេតនា​ចង់​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នឹង​គ្នា​ឲ្យ​បាន​ឆាប់​។ ខាង​អ៊ុយក្រែន​បាន​បញ្ជាក់​ពី​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ​ជាមួយរស្ស៊ី​ និង​បាន​ទាមទារឲ្យ​រុស្ស៊ី​ដកកងទ័ព​ខ្លួន​ចេញពី​ទឹកដី​អ៊ុយក្រែន​នៅ​ថ្ងៃចន្ទ​នេះ​តែម្តង​។

ចំណែក​ ខាងរុស្ស៊ីវិញ​ក៏ចង់​ឈាន​ទៅសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​អ៊ុយក្រែន​ដើម្បី​បញ្ចប់​ជម្លោះ​នឹងគ្នាដែរ​។ នេះ​បើតាម​ការលើកឡើង​របស់​តំណាង​អ្នក​ចរចា​នៃ​វិមាន​ក្រេម​ឡាំង​។

នៅ​ខណៈពេល​នេះ​ គេនៅ​មិនទាន់ដឹង​នៅឡើយ​នោះទេ​អំពី​លទ្ធផល​នៃ​កិច្ចចរចា​ខាងលើ​ ហើយ​ពិភពលោក​ក៏កំពុង​ទន្ទឹង​រង់ចាំមើល​យ៉ាងអន្ទះសា​ដែរ​ថាតើ​កិច្ច​ចរចា​រវាង​ភាគី​រុស៊្សី​និង​អ៊ុយក្រែន​ទទួល​លទ្ធផល​យ៉ាងណានោះ​។ តែយ៉ាងណា​គេសង្ឃឹមថា​កិច្ចចរចា​រវាងរុស្ស៊ី និងអ៊ុយក្រែន​នឹងទទួល​បាន​លទ្ធផល​វិជ្ជមាន​ដើម្បី​ឈាន​ទៅ​បញ្ចៀស​សង្គ្រាម​ និង​បញ្ចប់​ការ​បាត់បង់ជីវិតមនុស្ស​ ព្រមទាំង​បញ្ចប់​វិបត្តិជនភៀស​ខ្លួន​ដែល​កំពុង​រីករាលដាល​ខ្លាំង​។

យ៉ាង​ហោចណាស់​មានជនស៊ីវិល​ជាង​ ១០០ក្នុងនោះមាន​កុមារ៧​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ុយក្រែន តាំងពីរុស្ស៊ីបើកការវាយប្រហារ៥ ថ្ងៃមកនេះ។ ក្រៅពីនេះ មាន​មនុស្សជាងកន្លះលាននាក់ហើយ​ដែលបានរត់ភៀសខ្លួនចេញ​ពី​អ៊ុយក្រែន​ទៅកាន់​ប្រទេសអឺរ៉ុបជិតខាង។ នេះបើតាមការបញ្ជាក់របស់​ប្រធាន​ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស UN ដោយថែមទាំងព្រមានទៀតថាចំនួនមនុស្សស្លាប់និងជនភៀស​ខ្លួននឹង​កើនឡើង​ខ្លាំង​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ