អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-អ៊ុយក្រែន

អាមេរិក​ថ្កោល​ទោស​ការ​ប្រកាស​របស់​លោក​ពូទីន​ឲ្យ​ប្រុង​ជើង​ការ​“អាវុធ​នុយ​ក្លេ​អ៊ែរ​”

នៅ​ល្ងាចថ្ងៃ​អាទិត្យ​ ២៧កុម្ភៈ​ ខណៈ​អ៊ុយក្រែននិង​រុស្ស៊ី​​ព្រមព្រៀង​គ្នា​បើក​កិច្ចចរចា​ជា​លើក​ដំបូង​នៅព្រំដែន​បេឡារុស​ លោក​ពូទីនបាន​ប្រកាស​បញ្ជា​ឲ្យ​ប្រមុខ​ការពារជាតិ​រុស្ស៊ី​ប្រុងជើងព្រួល​អាវុធនុយក្លេអ៊ែរ​ឲ្យ​បាន​ខ្ពស់​។ ភ្លាមៗនោះ​ អាមេរិក​និង​អង្គការ​អូតង់​បាន​​បរិហារ​សម្តីរបស់​លោកពូទីន​នេះថាមាន​គ្រោះថ្នាក់និង​មិន​អាច​ទទួល​យកបាន​ឡើយ។

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ​ ពូទីន។
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ​ ពូទីន។ © Sputnik/Aleksey Nikolskyi/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

បទ​បញ្ជា​របស់​លោកពូទីន​មិនមែន​មានន័យថា​ប្រទេស​រុស្ស៊ី​មាន​បំណង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ ប៉ុន្តែ​អាមេរិក​បាន​បរិហារ​ថ្កោលទោស​ទង្វើ​របស់​លោកពូទីននេះ​ថា​​ជា​ការ​ដុតបញ្ឆេះឲ្យ​វិបត្តិ​​កាន់តែឡើងកម្តៅឡើង​ និង​មិន​អាច​ទទួល​យកបានសោះ​ឡើយ​។

“នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ដែល​គេ​បាន​ឃើញ​ពី​លោក​ប្រធានាធិបតី​ពូទីន​ តាមរយៈ​ជម្លោះ​នៅ​អ៊ុយក្រែន​។ វា​ជា​ការ​គំរាម​កំហែង​មួយ​ក្នុង​គោលបំណង​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី”។ នេះ​គឺជា​សម្តី​របស់​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​អ្នកស្រី​ ជែន សាគីដែល​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ ABC ឆ្លើយតប​នឹង​សំណួររបស់​អ្នក​សារព័ត៌មាន​។

មន្ត្រី​ជាន់ខ្ពស់​អាមេរិកម្នាក់​នៅ​មន្ទីរបញ្ចកោណ​ បាន​ហៅ​ចំណាត់ការ​របស់​ក្រុងមូស្គូនេះថាជាការ​បង្កើនភាពតានតឹង​ ប៉ុន្តែមិន​បាននិយាយនោះ​ថា​តើអាមេរិក​នឹង​ឆ្លើយតប​ទៅនឹង​ការ​ប្រកាស​របស់​វិមាន​ក្រេមឡាំងនេះឬយ៉ាងណា​។ មិនខុសគ្នានេះដែរ​ ប្រមុខអង្គការអូតង់​លោក យែន ស្តុលទែនប៊ែរ បាន​និយាយ​នៅល្ងាច​ថ្ងៃអាទិត្យថា​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​ពូទីនឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​ស្ថិតក្នុងការ​ប្រុងប្រយ័ត្នខ្ពស់​គឺជាគ្រោះថ្នាក់មួយ​ និង​ជាការ​គ្មាន​ទំនួល​ទទួលខុសត្រូវ​។

គួរបញ្ជាក់ថា​ ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេលំដាប់​ទីពីររបស់​ពិភព​លោក និងមានឃ្លាំង​ផ្ទុកមីស៊ីល​បាលីស្ទិកដ៏ធំ​ដែល​បង្កើតបានជា​ឆ្អឹងខ្នង​ដ៏រឹងមាំនៃ​កង​កម្លាំង​ការពារ​របស់​ប្រទេស​។

លោកប្រធានាធិបតីពូទីន​ និយាយថា​លោក​បានបញ្ជាឲ្យមាន​ប្រុងជើងការ ​“អាវុធនុយក្លេ​អ៊ែរ”ខ្ពស់​ ដោយហេតុ​ក្រុម​ប្រទេសលោកខាងលិច​កំពុង​ចាត់វិធានការ​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ក្រោយរុស្ស៊ី​បើកប្រតិបត្តិការ​សឹក​លើ​អ៊ុយក្រែន​។

ងាកមកទីក្រុងវ៉ាស៊ីនតានវិញ ​មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់បាន​បដិសេធ​មិន​និយាយនោះ​ទេ​ថា​តើ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​អាមេរិក​ដែលជាកម្លាំងធំជាងគេបំផុត​លើលោក​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ឬក៏អត់នោះ​។ តែមន្ត្រីអាមេរិកដដែលនេះនិយាយថាអាមេរិក​នៅតែ​មាន​ទំនុកចិត្ត​លើសមត្ថភាព​របស់ខ្លួន​ក្នុងការការពារ​ខ្លួនឯង ​សម្ព័ន្ធមិត្ត​និង​ប្រទេស​ដៃគូ​របស់​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ